ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Pita អ្នកនយោបាយថៃដ៏ប្រជាប្រិយ រួចពីការចោទប្រកាន់ដើម្បីវិលត្រឡប់មកកាន់រដ្ឋសភាវិញ


អតីតបេក្ខជនប្រធានាធិបតី​ថៃរបស់​គណបក្ស​ Move Forward លោក Pita Limjaroenrat ត្រូវបាន​អម​ដោយ​អ្នក​សារព័ត៌មាន នៅខាង​ក្រៅ​តុលាការ​រដ្ឋធម្មនុញ្ញថៃ នៅទីក្រុង​បាងកក ប្រទេស​ថៃ កាលថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០២៤។
អតីតបេក្ខជនប្រធានាធិបតី​ថៃរបស់​គណបក្ស​ Move Forward លោក Pita Limjaroenrat ត្រូវបាន​អម​ដោយ​អ្នក​សារព័ត៌មាន នៅខាង​ក្រៅ​តុលាការ​រដ្ឋធម្មនុញ្ញថៃ នៅទីក្រុង​បាងកក ប្រទេស​ថៃ កាលថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០២៤។

កាលពី​ថ្ងៃ​ពុធ​នេះ តុលាការថៃមួយ​បាន​សម្រេច​ថា ​លោក Pita Limjaroenrat អ្ននយោបាយដែល​មានប្រជាប្រិយភាព​ជាង​គេរបស់ប្រទេសថៃ មិនបានរំលោភ​លើ​បទបញ្ញត្តិ​នៃការបោះឆ្នោត​ ដោយសារ​ការ​មានភាគ​ហ៊ុន​ក្នុងបណ្តាញ​ព័ត៌មាននៅ​ពេល​លោកកាន់តំណែង​នោះទេ។​ សេចក្តីសម្រេច​របស់​តុលាការ​នេះ​បាន​ធ្វើ​ឱ្យលោក Pita រួច​ផុតពីការចោទប្រកាន់ ហើយ​អាចឱ្យ​លោកដឹកនាំ​គណបក្ស​ឆ្ពោះទៅ​មុខ (Move Forward Party) ដែល​ជាបក្សកែទម្រង់​និយម​របស់ប្រទេស​ថៃ។

លោក​ Pita អាយុ​៤៣ឆ្នាំ បានប្រឈម​នឹងការហាមប្រាម​មិន​ឱ្យ​ធ្វើនយោបាយ​និង​អាច​ជាប់ឃុំ​ក្នុង​ពន្ធនាគារ ដោយ​សារលោកមានភាគ​ហ៊ុននៅ​ក្នុងក្រុមហ៊ុន​បណ្តាញ​សារព័ត៌មាន ​ដែល​លែងដំណើរការ​មួយមាន​ឈ្មោះថា​ iTV។ តាមរយៈច្បាប់​ថៃ វាជា​ការ​ខុស​ច្បាប់នៅ​ពេល​ដែល​អ្នក​នយោបាយ​មានជាប់ពាក់ព័ន្ធនឹង​ធុរកិច្ចបណ្តាញ​សារព័ត៌មាន ​នៅ​ពេល​ឈរឈ្មោះ​សម្រាប់​តំណែង​ក្នុង​ជួរ​រដ្ឋាភិបាល។

គណបក្ស​របស់លោកថា ​ករណីនេះពាក់ព័ន្ធ​នឹង​រឿង​នយោបាយដោយសារ​តែ​អ្នក​នយោបាយរាជា​និយមបាន​រារាំង​លោក Pita មិន​ឲ្យ​បាន​កាន់​តំណែងជា​នាយក​រដ្ឋមន្ត្រី ក្រោយ​គណបក្ស​ឆ្ពោះទៅមុខបានទទួល​អាសនៈច្រើន​បំផុតនៅក្នុង​ការបោះឆ្នោត​ជាតិ​ ​កាលពី​ខែឧសភា​ ឆ្នាំ ២០២៣។​

លោកចៅក្រម Punya Udchachon បាននិយាយថា​ iTV «មិនបាន​ធ្វើប្រតិបត្តិការជា​ក្រុមហ៊ុន​បណ្តាញ​សារព័ត៌មានទេ‍» នៅពេល​លោក Pita ឈរឈ្មោះសម្រាប់​ការ​បោះឆ្នោត ហើយ​«មាន​ភាគហ៊ុន មិន​មែន​ជា​ការរំលោភច្បាប់ទេ ... ដូច្នេះឋានៈលោក​ជាសមាជិករដ្ឋសភា​មិនត្រូវ​បានបញ្ឈប់​ឡើយ‍»។

ឧបសគ្គ​ទី ១

នេះជា​បញ្ហា​ផ្លូវ​ច្បាប់ធំ​ទី ១ ​ក្នុងបណ្តា​បញ្ហា​ផ្លូវ​ច្បាប់​ធំៗ​ពីរក្នុង​មួយ​សប្តាហ៍​សម្រាប់​គណបក្សឆ្ពោះទៅ​មុខ ​ដែល​និយម​កំណែទម្រង់។ ក្រុម​អ្នកកាន់​អំណាចរាជានិយមស្រឡាំងកាំង​ ដោយសារ​គណបក្ស​នេះ​ឈ្នះ​ឆ្នោតដោយ​បាន​ទទួល​អាសនៈ​ភាគច្រើននៅ​ក្នុង​ការបោះឆ្នោត​ជាតិ កាលពី​ឆ្នាំ​ ២០២៣ ​ដោយ​បានសន្យាថា ​នឹង​បំបែកធុរកិច្ច​ផ្តាច់មុខនិង​បង្កើត​សង្គម​មួយ​ដែល​មាន​សមភាព​ជាងមុន។

គណបក្ស​ឆ្ពោះទៅ​មុខ​អាច​ត្រូវបានរំលាយ ​ប្រសិនបើ​នៅថ្ងៃទី​៣១ ខែ​មករា តុលាការ​មួយទៀតសម្រេចប្រឆាំងនឹង​សំណើ​មួយ​ក្នុង​ចំណោមសំណើរ​សំខាន់ៗ​របស់គណបក្សនេះ ដោយ​ស្នើ​ឱ្យកែប្រែច្បាប់ស្តី​ពី​ការប្រមាថ​ព្រះ​ចេស្តា​ដែល​ដាក់ទោស​ជាប់ពន្ធនាគារ​ដល់អ្នក​រិះគន់​របបរាជាធិបតេយ្យនោះ។

មុនសេចក្តី​សម្រេច​នៅថ្ងៃ​ពុធ ​ទី២៤ ​ខែមករា លោក Pita បាន​ថ្លែង​ប្រាប់​ក្រុមអ្នកកាសែតថា ​លទ្ធផលអវិជ្ជមានមួយ​ជាការវាង​ផ្លូវ​នៃ​ការ​ធ្វើដំណើរ​វែង​ឆ្ងាយដើម្បី​កែទម្រង់ប្រទេស​ថៃ។

លោកបានថ្លែង​ថា៖ ​«ទោះជា​មាន​សាលក្រមនៅថ្ងៃនេះ​បែបណា​ក៏​ដោយ ក៏​យើង​ធ្វើការ​ជូន​លោក​អ្នក ... យើងនឹង​បន្ត​ប្រយុទ្ធសម្រាប់​លោកអ្នក‍»។​

សម្រែក​អបអរ​សាទរថា ​«លោក Pita ​សម្រាប់​តំណែង​នាយក​រដ្ឋមន្ត្រី‍»​ មាន​លាន់​ឮឡើង​ពី​ក្រុម​អ្នកគាំទ្រ​គណបក្សឆ្ពោះទៅមុខ ដែលបានប្រមូល​ផ្តុំគ្នា​នៅ​ជិត​តុលាការ​នោះ​ នៅ​ពេលមាន​ការប្រកាសអំពី​សេចក្តី​សម្រេច​ជា​វិជ្ជមាន​នេះ។

លោក​ Sakon Kamtaerong ​អាយុ​៥៩ឆ្នាំ ជា​អ្នកគាំទ្រ​ម្នាក់​ដែល​ពាក់​ក្បាំង​មុខមាន​រូប​លោក Pita ​បាននិយាយ​ប្រាប់​វីអូអេ​ថា​៖​ «​ខ្ញុំ​សប្បាយ​ចិត្ត​ដោយ​ដឹង​ថា លោក​ Pita នឹង​វិលទៅកាន់​រដ្ឋសភាវិញ​ជា​បន្ទាន់។​ ប្រសិនបើ​ខ្ញុំ​អាច​ធ្វើបាន ខ្ញុំនឹង​អម​ដំណើរលោកទៅ​កាន់​រដ្ឋសភាដោយផ្ទាល់​នៅ​ថ្ងៃ​នេះ។ តែ​ខ្ញុំក៏ចង់ឱ្យអ្នក​ដែលធ្វើ​ឱ្យ​លោក​រង់ចាំ​យូរ ទទួលខុស​ត្រូវ​ដល់​ការណ៍នេះ​ដែរ‍»។

ការ​រស់រាន​មានជីវិត​នយោបាយ​របស់លោក Pita មានន័យ​ថា ​លោកអាចទទួលតំណែងជាមេដឹកនាំក្រុមប្រឆាំង​មកវិញ បន្ទាប់​ពីលោក​បានដកខ្លួន​ចេញ​ដោយ​រង់ចាំសេចក្តី​សម្រេចរបស់​តុលាការ។

លោក​ Chatree Choomchee ដែល​ជាអ្នករាជការ​ម្នាក់​ បាន​និយាយថា ​លោកសប្បាយចិត្តណាស់​ចំពោះ​ការវិលត្រឡប់​របស់​លោក Pita ​មកធ្វើនយោបាយ​វិញ។

លោក​បានថ្លែងថា៖ ​«នៅ​ពេលនេះ​ ចូរសង្ឃឹម​ថា គណបក្សឆ្ពោះទៅមុខ​ក៏​រស់រាន​មាន​ជីវិត​ដែរ‍»។

ឧបសគ្គ​ខាង​ផ្លូវ​ច្បាប់

ករណី​ប្រឆាំងនឹង​លោក Pita ​ត្រូវ​បាន​លើកឡើង​ដោយ​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​ក្នុង​ពេលខ្លី​ក្រោយ​ការបោះឆ្នោតជាតិ​ ​ដែលបានបង្ហាញ​ការ​គ្មាន​ប្រជាប្រិយភាព​ខ្លាំងរបស់​ក្រុម​ឧត្តមសេនីយ៍យោធា​កាន់តំណែង​នៅ​ពេល​នោះ។

ក្រុមឧត្តមសេនីយ៍​ទាំង​នេះ​បានធ្វើឱ្យមាន​ការមិនជិតស្និទ្ធជា​មួយក្រុមយុវជន​ ពលរដ្ឋ​រស់នៅ​តាម​ទី​ក្រុង​ ​តាម​ជនបទ និងក្រុមរាជានិយម​ខ្លះផង​ដែរ​ ដែល​បណ្តាល​ឱ្យ​អ្នកបោះឆ្នោត​រាប់លាន​នាក់​គាំទ្រ​គោលនយោបាយ​ថ្មី​ៗ​របស់​គណបក្សឆ្ពោះ​ទៅ​មុខ។

លោក Pita ​ដែល​បានសិក្សានៅ​សាកលវិទ្យាល័យ ​Harvard ​ហៀបបាន​កាន់​តំណែងជានាយក​រដ្ឋមន្ត្រីទៅ​ហើយ មុនបណ្តឹង​របស់​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត ដែល​បាន​នាំឱ្យ​មាន​ការព្យួរ​តំណែងរបស់លោកក្នុង​សភា កាលពី​ខែកក្កដា ឆ្នាំ ២០២៣។

ការណ៍នេះ​នាំឱ្យ​ព្រឹទ្ធសភាដែល​ត្រូវបាន​តែងតាំងដោយក្រុ​ម​អភិរក្សនិយម​ មាន​លេសដើម្បី​បោះឆ្នោត​ប្រឆាំង​នឹង​បេក្ខភាព​ជា​នាយក​រដ្ឋមន្ត្រី​របស់​លោក​ Pita ហើយ​គាំទ្រ​បេក្ខជន​ដែល​ពួកគេចូលចិត្តជំនួសវិញ។

លោក Srettha Thavisin ​មហា​សេដ្ឋី​អចលនទ្រព្យ​ អាយុ​៦១ឆ្នាំ បានលេចឡើង​ជា​នាយក​រដ្ឋមន្ត្រី​ ហើយ​លោក​បាន​បង្កើត​រដ្ឋាភិបាលចម្រុះ​មួយជាមួយក្រុម​ឥស្សរជននៃ​អតីត​រដ្ឋបាល​ តែ​គ្របដណ្តប់ភាគច្រើន​ដោយ​គណបក្ស Pheu Thai​ របស់​លោក។​

លោក​បាន​ប្រឹងប្រែងទាក់ទាញ​ទឹកចិត្តសាធារណជន ​ជាពិសេសក្រុមអ្នកបោះឆ្នោតឱ្យ​គណបក្ស​ឆ្ពោះទៅ​មុខ ​ដែល​និយាយ​ថា លោក​តំណាងសណ្តាប់ធ្នាប់​ចាស់​ ទោះបី​ជា​លោក​បាន​សន្យា​ថា​នឹង​ធ្វើឱ្យ​ប្រទេស​ថៃ​ទំនើប​ជាងមុន ​និង​ធ្វើឱ្យ​ប្រជារាស្ត្រ​គ្រប់គ្នា​មាន​ធនធាន​ច្រើន​ជាងមុន​ក៏ដោយ។

ក្រុមអ្នកកាន់អំណាចរាជានិយម​ផ្កាប់មុខ​របស់ប្រទេស​ថៃ​បាន​ចំណាយពេល​វេលា​ជិត​២០​ឆ្នាំ​ ដើម្បី​ទម្លាក់រដ្ឋាភិបាល​ជាប់ឆ្នោត​តាម​ប្រជា​ធិបតេយ្យ ដោយ​ធ្វើ​រដ្ឋប្រហារ​ឬប្រើ​អំណាច​របស់តុលាការ។

ក្រុម​អ្នក​ជំនាញ​និយាយ​ថា គណបក្ស​ឆ្ពោះទៅ​មុខ Move Forward ជា​ឧបសគ្គរយៈពេល​យូរធំ​បំផុតរបស់ក្រុម​រាជា​និយម ដោយសារ​ការអំពាវនាវ​ដ៏​មាន​ប្រជាប្រិយភាព​របស់​បក្ស​នេះដើម្បី​ធ្វើ​ឱ្យ​មាន​ការ​កែទម្រង់ស៊ីជម្រៅ​ដល់​ប្រព័ន្ធ​អំណាច​នៃ​ប្រទេស​ថៃ។

គណបក្សមួយមុនបក្សឆ្ពោះទៅមុខ គឺ​គណបក្សឆ្ពោះទៅអនាគត​ Future Forward និង​ស្ថាបនិក​បក្សនេះ​ត្រូវ​បាន​តុលាការ​ហាមប្រា​ម​កាលពី​ឆ្នាំ ២០២០ ​មិន​ឱ្យ​ធ្វើ​នយោបាយ ហើយការណ៍នេះ​បាន​បើក​ផ្លូវ​ឱ្យ​លោក Pita ​លេចឡើងជា​តារា​នយោបាយថ្មី​នៃប្រទេស​ថៃ។

ក្រុម​សមាជិកសភានៃ​គណបក្សឆ្ពោះទៅ​មុខ​ ​Move Forward ​ថ្លែង​ថា ក្រុម​អ្នកបោះឆ្នោតនៅ​ប្រទេស​ថៃ​ ជាពិសេស​ក្រុមយុវជន​ដែលបាន​ធំ​ដឹង​ក្តី​នៅពេល​រដ្ឋាភិបាល​យោធាឬ​រដ្ឋាភិបាលចាត់ចែង​ដោយ​ពួកយោធាកាន់អំណាច​ ធុញទ្រាន់នឹងកលល្បិច​របស់ក្រុម​អ្នក​កាន់អំណាច​ដែល​រារាំង​ដល់​កំណែ​ទម្រង់។

លោក Bhuntin Noumjerm​ សមាជិក​សភា​ក្រុង​បាងកក ​បាន​និយាយប្រាប់វីអូអេថា៖​ «ប្រសិន​បើ​គណបក្សយើង​ត្រូវបានរំលាយនៅ​សប្តាហ៍​ក្រោយ ​នោះនឹង​មានគណបក្ស​មួយ​ទៀត។ ​អ្នកអាច​សម្លាប់​មនុស្ស​ម្នាក់​បាន ​ប៉ុន្តែ​អ្នក​មិនអាច​សម្លាប់គំនិត​មួយ​បាន​ទេ។ ​ប្រជារាស្ត្រ​អស់ជំនឿ​លើ​ប្រព័ន្ធច្បាប់​ដដែល​របស់​យើង។ ដូច្នេះ​បើពួក​គេ​ចង់ធ្វើ​ឱ្យខ្លួនឯង​បាត់បង់​អំណាច​កាន់តែ​ខ្លាំង​ សូម​អញ្ជើញ​ចុះ»៕

ប្រែសម្រួល​ដោយ​លោក​ឈឹម​ សុមេធ

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG