សមាជិកទាំង ៨ គណបក្សនៃសម្ព័ន្ធភាពគណបក្សប្រឆាំងនៅក្នុងប្រទេសថៃ ដែលបានឈ្នះអាសនៈភាគច្រើននៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី ១៤ ខែឧសភាកន្លងទៅនេះ បានយល់ព្រមជាផ្លូវការក្នុងការធ្វើការជាមួយគ្នា ដោយបានដាក់បញ្ជូលគោលនយោបាយថ្មីរបស់ពួកគេ ខណៈពេលដែលពួកគេទន្ទឹងរង់ចាំដឹកនាំរដ្ឋាភិបាលថ្មីក្នុងប្រទេសថៃ។
ក្រោមការដឹកនាំរបស់គណបក្ស Move Forward គណបក្សនយោបាយនានាបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាដែលមានលក្ខខណ្ឌចំនួន ២៣ ចំណុចដែលពួកគេចង់អនុវត្ត ដែលក្នុងនោះរួមមានទាំងក្រុមការងារដើម្បីដោះស្រាយទស្សនៈខុសគ្នាក្នុងចំណោមគណបក្សទាំង ៨ ផងដែរ។
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរបស់សម្ព័ន្ធភាពគណបក្សប្រឆាំងនេះបានធ្វើឡើងចំខួបលើកទី ៩ នៃរដ្ឋប្រហារយោធាឆ្នាំ ២០១៤ នៅក្នុងប្រទេសថៃ។
ការប្រកាសអំពីអនុស្សរណៈនៃការយោគយល់គ្នា
នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីរសៀលថ្ងៃចន្ទទី ២២ ខែឧសភានៅសណ្ឋាគារ Conrad ក្នុងទីក្រុងបាងកក មេដឹកនាំគណបក្ស Move Forward លោក Pita Limjaroenrat បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ រួមជាមួយនឹងមេដឹកនាំនៃគណបក្សចំនួន ៧ ទៀតដែលជាសមាជិកសម្ព័ន្ធភាពគណបក្សប្រឆាំង ដោយបានកំណត់នូវគោលនយោបាយចំនួន ២៣ ចំណុចដែលពួកគេបានព្រមព្រៀងគ្នាដើម្បីសម្រេចឱ្យបាន។ លោក Limjaroenrat បានហៅការចរចានេះថាជា «ការចាប់ផ្តើមប្រកបដោយផ្លែផ្កា ទូលំទូលាយ និងដ៏ល្អមួយ»។
លោក Limjaroenrat បានប្រាប់អ្នកសារព័ត៌មានថា៖ «ថ្ងៃនេះជាការបង្កើតនិងការចាប់ផ្តើមដ៏ល្អមួយ ដែលយើងត្រូវធ្វើការរួមគ្នាឆ្ពោះទៅមុខដើម្បីប្រកាសអំពីគោលនយោបាយរបស់យើង បន្ទាប់ពីខ្ញុំក្លាយជានាយករដ្ឋមន្ត្រី ដូច្នេះថ្ងៃនេះគ្រាន់តែជាជំហានដំបូងតែប៉ុណ្ណោះ។ មានជំហានបន្ទាប់ភ្លាមៗជាច្រើនទៀតដែលនឹងត្រូវធ្វើតាមក្រោយ ហើយករណីនេះអាចជាការបង្ហាញឱ្យឃើញបន្ដិចបន្តួចថែមទៀតថាតើការផ្លាស់ប្តូរនឹងកើតឡើងដោយរបៀបណា»។
គណបក្សផ្សេងទៀតក្នុងសម្ព័ន្ធភាពគណបក្សប្រឆាំងនេះរួមមានគណបក្ស Pheu Thai គណបក្ស Prachachat គណបក្ស Thai Sang Thai គណបក្ស Seri Ruam Thai គណបក្ស Fair គណបក្ស Pue Thai Rumphlang និងគណបក្ស Plung Sungkom Mai។
គណបក្ស Move Forward បានឈ្នះអាសនៈចំនួន ១៥២ នៅក្នុងការបោះឆ្នោត ដោយយកឈ្នះយ៉ាងងាយស្រួលលើគណបក្សអភិរក្សនិយមនិងគណបក្សដែលមានការគាំទ្រពីយោធា។ ខុសពីការយល់ឃើញដែលថាគណបក្ស Move Forward មានការគាំទ្រតែនៅក្នុងតំបន់ទីក្រុងដែលមាននិស្សិតមហាវិទ្យាល័យចុះឈ្មោះបោះឆ្នោតនៅក្នុងរាជធានីបាងកក គណបក្ស Move Forward បានឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដីក្នុងមូលដ្ឋានដោយគណបក្សនេះយកបានអាសនៈចំនួន ៣២ ក្នុងចំណោម ៣៣ តាមមណ្ឌលបោះឆ្នោត។
ប៉ុន្តែដោយសាររចនាសម្ព័ន្ធសភាថៃដែលមានសមាជិកចំនួន ៧៥០ នាក់ គេត្រូវការអាសនៈភាគច្រើនចំនួន ៣៧៦ ដើម្បីជ្រើសតាំងនាយករដ្ឋមន្ត្រីនិងបង្កើតរដ្ឋាភិបាលថ្មី។ ដោយសារតែគណបក្ស Move Forward មិនទទួលបានអាសនៈគ្រប់គ្រាន់ដើម្បីឈ្នះដាច់ សម្ព័ន្ធភាពនេះត្រូវបានបង្កើតឡើង។ គណបក្ស ៧ ផ្សេងទៀតនៅក្នុងសម្ព័ន្ធភាពនេះនឹងបន្ថែមអាសនៈចំនួន ១៦១ ទៀត ដែលធ្វើឱ្យអាសនៈសរុបមានចំនួន ៣១៣ នៅក្នុងរដ្ឋាភិបាលថ្មី។
គោលនយោបាយ ២៣ ចំណុចនៅក្នុងអនុស្សរណៈនៃការយោគយល់គ្នា
បន្ទាប់ពីមានការពិភាក្សារបស់សម្ព័ន្ធភាពរវាងគណបក្ស Move Forward និងគណបក្សផ្សេងទៀតនៅក្រោយការបោះឆ្នោតមក ការចុះហត្ថលេខាកាលពីថ្ងៃចន្ទទី ២២ ខែឧសភា មានសារៈសំខាន់ ដោយសារវាត្រូវបានចាត់ទុកថាជាកំណត់ត្រាមួយដែលនាំមកនូវការទទួលខុសត្រូវ។
អនុស្សរណៈនៃការយោគយល់គ្នានេះចែងថា គ្រប់ភាគីទាំងអស់យល់ព្រមមិនប៉ះពាល់ដល់ឋានៈរបស់ប្រទេសថៃក្នុងនាមជារដ្ឋប្រជាធិបតេយ្យនៅក្រោមរបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ ឬមិនប៉ះពាល់ដល់ឋានៈរបស់របបរាជាធិបតេយ្យផ្ទាល់។
ក្នុងបញ្ជីគោលនយោបាយទាំង ២៣ ចំណុច ការផ្តោតសំខាន់គឺការស្តារលទ្ធិប្រជាធិបតេយ្យ ការព្រាងរដ្ឋធម្មនុញ្ញថ្មី ការអនុម័តច្បាប់សមភាពអាពាហ៍ពិពាហ៍ ការកែទម្រង់ស្ថាប័នប៉ូលិស យោធា និងដំណើរការយុត្តិធម៌ ការស្តារសេដ្ឋកិច្ចឱ្យរស់ឡើងវិញ និងការប្រឆាំងនឹងអំពើពុករលួយ។ សម្ព័ន្ធភាពគណបក្សប្រឆាំងនេះក៏សង្ឃឹមផងដែរថានឹងស្ដារតួនាទីភូមិសាស្ត្រនយោបាយរបស់ប្រទេសថៃឡើងវិញ និងបញ្ចប់ «ការទូតបែបស្ងៀមស្ងាត់» របស់ខ្លួន។
ការចាត់ទុកកញ្ឆាថាជាសារធាតុរឹតត្បិតឡើងវិញក៏ត្រូវបានដាក់បញ្ចូលនៅក្នុងបញ្ជីគោលនយោបាយនេះផងដែរ បើទោះបីជាប្រទេសថៃលែងចាត់ទុកការប្រើប្រាស់កញ្ឆាថាជារឿងខុសច្បាប់កាលពីខែមិថុនា ឆ្នាំ ២០២២ ក៏ដោយ។ ការបញ្ចប់ការកេណ្ឌទាហាននៅក្នុងប្រទេសថៃក៏ត្រូវបានលើកឡើងផងដែរ។ វាគឺជាការសន្យាមួយនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតកន្លងមករបស់គណបក្ស Move Forward។
ច្បាប់ប្រមាថព្រះមហាក្សត្រ
គោលនយោបាយមួយដែលគណបក្សនយោបាយមិនអាចឯកភាពគ្នាបានគឺការធ្វើវិសោធនកម្មច្បាប់ប្រមាថព្រះមហាក្សត្ររបស់ប្រទេសថៃ ដែលច្បាប់នេះដាក់ទណ្ឌកម្មអ្នកដែលរិះគន់របបរាជាធិបតេយ្យរបស់ថៃ។ ច្បាប់នេះមានចែងនៅក្នុងមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌថៃ និងដាក់ទោសជាប់ពន្ធនាគាររយៈពេលយូរចំពោះជនណាដែលប្រព្រឹត្តិល្មើស។ ការធ្វើវិសោធនកម្មច្បាប់នេះគឺជាការសន្យាដ៏សំខាន់មួយក្នុងយុទ្ធនាការឃោសនាបោះឆ្នោតកន្លងមករបស់គណបក្ស Move Forward។
គណបក្សយ៉ាងហោចណាស់ចំនួន ២ ក្នុងសម្ព័ន្ធភាពនេះបានលើកឡើងថា ពួកគេនឹងមិនគាំទ្រការធ្វើវិសោធនកម្មណាមួយលើរបបរាជាធិបតេយ្យនោះទេ ខណៈមេដឹកនាំគណបក្ស Pheu Thai លោក Cholnan Srikaew បានថ្លែងថា ការដកចំណុចនេះចេញពីអនុស្សរណៈនៃការយោគយល់គ្នានេះគឺដើម្បីបញ្ចៀសឧបសគ្គក្នុងការបង្កើតសម្ព័ន្ធភាពនេះ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងប្រទេសថៃ។
ប៉ុន្តែលោក Limjaroenrat បាននិយាយថា នៅពេលណាមួយ គណបក្ស Move Forward នឹងដាក់សំណើសុំឱ្យមានការកែប្រែច្បាប់ប្រមាថព្រះមហាក្សត្រនេះ។
លោកបានថ្លែងដូច្នេះថា៖ «ពាក់ព័ន្ធនឹងមាត្រា ១១២ នេះ ជំហររបស់យើងមិនមានការផ្លាស់ប្តូរនោះទេ។ មុនពេលបោះឆ្នោតនិងក្រោយពេលបោះឆ្នោត ខ្ញុំបានធ្វើបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយមួយចំនួនថាវាជារឿងមួយដែលគណបក្ស Move Forward បញ្ជាក់ថា ការធ្វើវិសោធនកម្មច្បាប់នេះត្រូវបន្តធ្វើ ហើយការដែលមានគណបក្សផ្សេងទៀតជាផ្នែកមួយនៃអនុស្សរណៈនៃការយោគយល់គ្នានេះនឹងមិនធ្វើឱ្យមានសម្ពាធនោះទេ។ ខ្ញុំគិតថា ពេលវេលាមិនទាន់មកដល់នោះឡើយ។ គណបក្ស Move Forward នឹងនៅតែស្នើធ្វើវិសោធនកម្មច្បាប់នេះតែឯង»។
ចលនាយុវជន
កាលពីឆ្នាំ ២០២០ និងឆ្នាំ ២០២១ ប្រទេសថៃមានភាពច្របូកច្របល់ដោយសារការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល និងការតវ៉ាឱ្យមានកំណែទម្រង់របបរាជាធិបតេយ្យ ដែលភាគច្រើនដឹកនាំដោយយុវជនថៃ។ ការប៉ះទង្គិចគ្នាជាមួយប៉ូលិសគឺជារឿងធម្មតា ខណៈដែលបាតុករនិងសកម្មជនរាប់រយនាក់ត្រូវបានចាប់ខ្លួនក្រោមច្បាប់ប្រមាថព្រះមហាក្សត្រ។
យុវជនជាច្រើននាក់ក្នុងចំណោមសកម្មជនទាំងនោះបានបោះឆ្នោតឱ្យគណបក្ស Move Forward។
សេចក្ដីរាយការណ៍នានាបានបង្ហាញថា ចំនួនអ្នកចេញទៅបោះឆ្នោតមានចំនួនច្រើនជាង ៣៩ លាននាក់នៅក្នុងការបោះឆ្នោតទូទាំងប្រទេស ដែលស្មើនឹងជាង ៧៥% នៃចំនួនប្រជាជនថៃ។
ប្រជាជនថៃធ្វើការបោះឆ្នោតចំនួន ២ ផ្សេងគ្នាដើម្បីបង្កើតអាសនៈចំនួន ៥០០ នៅក្នុងសភាតំណាងរាស្រ្តថៃ ដោយជ្រើសរើសសមាជិកសភាតាមមណ្ឌលចំនួន ៤០០ អាសនៈតាមរយៈប្រព័ន្ធឯកត្តនាមគិតតាមមណ្ឌល និងសមាជិកសភាតាមបញ្ជីបេក្ខជនរបស់គណបក្សចំនួន ១០០ អាសនៈ។
ទោះជាយ៉ាងនេះក្តី ព្រឹទ្ធសភា ដែលមានសមាជិកចំនួន ២៥០ នាក់តែងតាំងដោយយោធាថៃ នៅតែមានឥទ្ធិពលខ្លាំងក្នុងការកំណត់ថាតើនរណានឹងត្រូវបានជ្រើសរើសជារដ្ឋាភិបាលបន្ទាប់។
ការបោះឆ្នោតមុនៗ
ក្នុងអំឡុងពេលនៃការបោះឆ្នោតសកលក្នុងឆ្នាំ ២០១៩ ព្រឹទ្ធសភាបានបោះឆ្នោតជាឯកច្ឆន្ទឱ្យនាយករដ្ឋមន្ត្រីបច្ចុប្បន្នគឺ លោក Prayuth Chan-ocha ទោះបីជាគណបក្ស Pheu Thai បានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតក៏ដោយ។
វាមានរយៈពេល ៩ ឆ្នាំហើយ ដែលកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤ លោក Prayuth ដែលជាឧត្ដមសេនីយ៍យោធានៅពេលនោះ បានដឹកនាំរដ្ឋប្រហារនៅក្នុងប្រទេសថៃ។ លោកបានក្លាយជាមេដឹកនាំចាប់តាំងពីពេលនោះមក។ ក្រោយការឡើងកាន់អំណាចរបស់លោក ប្រទេសថៃមានរដ្ឋធម្មនុញ្ញថ្មីមួយ និងមានការតែងតាំងសមាជិកព្រឹទ្ធសភាចំនួន ២៥០ នាក់ក្នុងឆ្នាំ២០១៧។ ព្រឹទ្ធសភាបច្ចុប្បន្នបានជួយឱ្យលោក Prayuth បន្តកាន់តំណែង។
សម្ព័ន្ធភាពថ្មីក្នុងប្រទេសថៃនេះសង្ឃឹមថា អាសនៈរួមគ្នារបស់ខ្លួនក្នុងជួររដ្ឋាភិបាលនឹងដាក់សម្ពាធលើព្រឹទ្ធសភាឱ្យបោះឆ្នោតគាំទ្រ។ គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃមានពេលរហូតដល់ ៦០ ថ្ងៃ ដើម្បីបញ្ជាក់ជាផ្លូវការនូវលទ្ធផលបោះឆ្នោតសកលក្នុងឆ្នាំនេះ មុនពេលព្រឹទ្ធសភាសម្រេចថា តើអ្នកណានឹងដឹកនាំរដ្ឋាភិបាល៕