ប្រទេសថៃបានរអិលកាន់តែជ្រៅទៅរកវិបត្តិនយោបាយកាលពីថ្ងៃព្រហស្បតិ៍ ពេលដែលការបោះឆ្នោតលើកចុងក្រោយដើម្បីជ្រើសតាំងនាយករដ្ឋមន្ត្រីម្នាក់ត្រូវបានលើកពេល ដោយធ្វើឲ្យព្រះរាជាណាចក្រនេះគ្មានមេដឹកនាំឬរដ្ឋាភិបាលថ្មី មួយថ្ងៃក្រោយពីគណបក្សឈ្នះការបោះឆ្នោតគឺ គណបក្សឆ្ពោះទៅមុខ (Move Forward Party) ត្រូវបានដកចេញពីសម្ព័ន្ធភាពរបស់ខ្លួនផ្ទាល់ ដោយញ៉ាំងឲ្យមានការចោទប្រកាន់ថាជាអំពើក្បត់។
ការបោះឆ្នោតត្រូវបានគ្រោងធ្វើនៅថ្ងៃសុក្រ ទី ៤ ខែសីហានេះ។
ភាពមិនប្រាកដប្រជាខាងនយោបាយនេះកើតឡើង ៣ខែ ក្រោយពីគណបក្សឆ្ពោះទៅមុខបានឈ្នះអាសនៈច្រើនជាងគេ ក្នុងការបោះឆ្នោតដែលសាធារណជនបានបដិសេធដាច់អហង្ការនូវរដ្ឋាភិបាលចងសម្ព័ន្ធជាមួយយោធារបស់អតីតឧត្តមសេនីយ៍ Prayuth Chan-ocha។
ពលរដ្ឋថៃជាង ១៤ លាននាក់បានបោះឆ្នោតឲ្យគណបក្សឆ្ពោះទៅមុខនិងគោលនយោបាយដាច់ខាតរបស់បក្សនេះក្នុងការកាត់ផ្តាច់ក្រុមយោធាចេញពីអំណាច បំបែកការគ្រប់គ្រងសេដ្ឋកិច្ចផ្តាច់មុខ និងកែប្រែច្បាប់ប្រមាថព្រះមហាក្សត្រ ដែលដាក់ទោសព្រហ្មទណ្ឌចំពោះការរិះគន់រាជានិយមដ៏មានអំណាច។
តែគណបក្សនេះបានធ្វើឲ្យរង្គោះរង្គើដល់ស្ថាប័នរាជវង្ស ដែលបានរារាំងមិនឲ្យបក្សនេះឡើងកាន់អំណាច។
កាលពីពាក់កណ្តាលខែកក្កដា បេក្ខជននាយករដ្ឋមន្ត្រីពីគណបក្សឆ្ពោះទៅមុខគឺលោក Pita Limjaroenrat ត្រូវបានបោះឆ្នោតទម្លាក់ក្នុងរដ្ឋសភា ដោយព្រឹទ្ធសភាដែលត្រូវបានតែងតាំងដោយក្រុមយោធា។ ក្រោយមក បេក្ខជនរូបនេះក៏ត្រូវបានបដិសេធមិនឲ្យឈរឈ្មោះសម្រាប់ការបោះឆ្នោតម្តងទៀត។
ការណ៍នេះបើកផ្លូវឲ្យគណបក្សលំដាប់លេខរៀងទី ២ គឺបក្ស Pheu Thai ដែលធ្លាប់ជាបក្សនយោបាយដែលមិនអាចផ្តួលបានរបស់អតីតនាយករដ្ឋមន្ត្រី Thaksin Shinawatra ដែលបាននិរទេសខ្លួនដោយខ្លួនឯង ដាក់បេក្ខជនសម្រាប់តំណែងនាយករដ្ឋមន្ត្រី ទោះបីជាបក្សនេះទទួលបានលទ្ធផលឆ្នោតអន់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនក៏ដោយ។
គណបក្ស Pheu Thai បាននិយាយកាលពីថ្ងៃពុធថា ខ្លួននឹងដឹកនាំសម្ព័ន្ធភាពមួយដោយគ្មានគណបក្សឆ្ពោះទៅមុខ ដែលកាន់តែលែងរាក់ទាក់ជាមួយអ្នកមានអំណាចចាស់វស្សាដែលគ្របលើនយោបាយថៃ។
ការណ៍នេះបានបង្កើនភាពភ័យខ្លាចថា គណបក្ស Pheu Thai ដែលធ្លាប់ជាជើងឯកគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលមានសមាជិក «ក្រុមអាវក្រហម» រាប់សិបនាក់បានស្លាប់ ដើម្បីការពាររដ្ឋាភិបាល Shinawatra នោះ ឥឡូវនឹងចងសម្ព័ន្ធភាពជាមួយគណបក្សអភិរក្សនិយមវិញដដែល ដែលបានគ្រប់គ្រងប្រទេសអស់ ៩ ឆ្នាំមកនេះ៕