ប្រទេសថៃកំពុងត្រៀមទប់ទល់លំហូរជនភៀសខ្លួនបន្ទាប់ពីរបបយោធាមីយ៉ាន់ម៉ាទើបបានប្រកាសប្រើច្បាប់កាតព្វកិច្ចយោធា។
អ្នកវិភាគនិយាយថា រដ្ឋាភិបាលថៃគួរដាក់អ្នកដែលភៀសខ្លួនពីមីយ៉ាន់ម៉ាទៅក្នុងតំបន់សុវត្ថិភាព។
កាលពីសប្តាហ៍មុន របបយោធារបស់ប្រទេសមីយ៉ាន់ម៉ាបានប្រកាសឲ្យប្រើច្បាប់ស្តីពីសេវាយោធាប្រជាជន ដែលមានន័យថាបុរសដែលមានអាយុពី ១៨ ទៅ ៤៥ ឆ្នាំ និងស្ត្រីដែលមានអាយុពី ១៨ ទៅ ៣៥ ឆ្នាំ អាចត្រូវជ្រើសរើសចូលបម្រើក្នុងកងកម្លាំងប្រដាប់អាវុធរយៈពេលពីរឆ្នាំដែលជាកាតព្វកិច្ចយោធា។ បុគ្គលិកមួយចំនួនដែលមានវិជ្ជាជីវៈឯកទេស ដូចជាវេជ្ជបណ្ឌិត និងវិស្វករ ត្រូវតែបម្រើជួរទ័ពរយៈពេលបីឆ្នាំ។ ក្នុងករណីប្រទេសមានគ្រាអាសន្ន សេវាយោធាអាចបន្តរហូតដល់ប្រាំឆ្នាំ។
យោធានិយាយថា បទបញ្ជាចូលបម្រើកងទ័ពគឺមានសារៈសំខាន់ដោយសារជម្លោះជាមួយក្រុមឧទ្ទាមក្នុងប្រទេស។
អ្នកវិភាគនិយាយថា រឿងនេះគឺដោយសារតែរបបយោធាប្រឈមនឹងការលំបាកជ្រើសរើសអ្នកចូលបម្រើទ័ពថ្មី ហើយកំពុងប្រឈមមុខនឹងបញ្ហាដ៏ធំបំផុតរបស់ខ្លួននៅលើសមរភូមិ។
សេចក្តីប្រកាសនៃកាតព្វកិច្ចយោធាបានចូលជាធរមាននៅថ្ងៃទី ១៣ ខែកុម្ភៈ ដោយរបបយោធាមីយ៉ាន់ម៉ាគ្រោងនឹងជ្រើសរើសមនុស្ស ៥.០០០ នាក់ ក្នុងមួយខែ ចាប់ពីខែមេសា ដោយគ្រោងកេណ្ឌទ័ពថ្មីចំនួន ៦០០.០០០ នាក់ ក្នុងមួយឆ្នាំ។
វីដេអូត្រូវបានផ្សព្វផ្សាយលើបណ្តាញសង្គមក្នុងប៉ុន្មានថ្ងៃថ្មីៗនេះបង្ហាញពីមនុស្សឈរជាជួរយ៉ាងវែង ដើម្បីដាក់ពាក្យសុំទិដ្ឋាការនៅស្ថានទូតថៃក្នុងទីក្រុងរ៉ង់ហ្គូន។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ស្ថានទូតថៃចេញសំបុត្រចំនួន ៤០០ ក្នុងមួយថ្ងៃ។
លោកស្រី Khin Ohmar ស្ថាបនិកអង្គការសិទ្ធិមនុស្ស Progressive Voice Myanmar និយាយថា យុវជនជាច្រើនកំពុងភៀសខ្លួនដើម្បីគេចពីកាតព្វកិច្ចយោធា។
លោកស្រីបាននិយាយថា៖ «យុវជនជាច្រើនកំពុងរត់គេចខ្លួនហើយ។ ពីការរាប់នៅតំបន់មួយឃើញមាន១ទៅ២រយនាក់ហើយ។ មនុស្សជាច្រើនត្រូវបានអាជ្ញាធរថៃចាប់ខ្លួននៅច្រកព្រំដែន»។
យ៉ាងហោចណាស់មានជនជាតិមីយ៉ាន់ម៉ាចំនួន ២៧ នាក់ ត្រូវបានចាប់ខ្លួនរួចហើយនៅក្នុងតំបន់ Tak ភាគខាងជើងប្រទេសថៃ ដោយក្រុមកិច្ចការព្រំដែនថៃ បន្ទាប់ពីមានការចោទប្រកាន់ថាបានឆ្លងដែនដោយខុសច្បាប់។ នេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Eleven Media Myanmar។
លោកស្រី Khin Ohmar ថ្លែងទៀតថា៖ «ថៃគួរធ្វើរឿងពីរ។ សម្រាប់ការឆ្លើយតបភ្លាមៗ ជំនួសឱ្យការចាប់ខ្លួន និងដាក់ពួកគេនៅក្នុងប៉ុស្តិ៍នគរបាល និងមណ្ឌលឃុំឃាំង គឺបើកតំបន់សុវត្ថិភាពបណ្តោះអាសន្ននៅខាងទឹកដីថៃ ដោយមានជំនួយពីអន្តរជាតិ អង្គការសហប្រជាជាតិ ហើយនឹងផ្តល់ការការពារ»។
លោកស្រី Khin Ohmar ថ្លែងបន្តទៀតថា៖ «រដ្ឋាភិបាលថៃគួរតែបញ្ចុះបញ្ចូលរបបយោធាមីយ៉ាន់ម៉ាឱ្យបញ្ឈប់រឿងនេះ។ ហើយក៏សូមអំពាវនាវដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឱ្យជួយ ខណៈដែលសកម្មភាពរបស់របបយោធាបានគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ដែលបណ្តាលមកពីយុទ្ធនាការភេរវកម្មរបស់ខ្លួននៅទូទាំងប្រទេស ដែលផ្តោតលើប្រជាជនស៊ីវិលដោយគ្មានមេត្តា ជាពិសេសការវាយប្រហារតាមអាកាស និងការបង្ខំឲ្យចូលបម្រើកងទ័ព»។
ប្រទេសមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពចលាចលចាប់តាំងពីរដ្ឋប្រហារយោធាខែកុម្ភៈ ឆ្នាំ ២០២១ ដែលត្រូវបានប្រឆាំងយ៉ាងខ្លាំងដោយប្រជាជនមីយ៉ាន់ម៉ា។ អ្នកនយោបាយដែលត្រូវបានបណ្តេញចេញ និងមេដឹកនាំក្នុងតំបន់បានបង្កើតរដ្ឋាភិបាលរួបរួមជាតិ ឬ NUG ខណៈពេលដែលការបង្រ្កាបដោយយោធាបានជំរុញឱ្យមានការតស៊ូប្រដាប់អាវុធពីក្រុមប្រឆាំង និងក្រុមជនជាតិភាគតិច។ ប្រទេសថៃ និងមីយ៉ាន់ម៉ា មានព្រំដែនជាប់គ្នា ២.៤១៤ គីឡូម៉ែត្រ ដែលអាចធ្វើឱ្យជនភៀសខ្លួនពី មីយ៉ាន់ម៉ា ឆ្លងកាត់ដោយសុវត្ថិភាពបាន។
សម្ព័ន្ធភាពនៃកងកម្លាំងប្រឆាំងនាពេលថ្មីៗនេះ បានចាប់ផ្តើមប្រតិបត្តិការវាយលុកដ៏ធំមួយ ដែលឃើញថាបានដណ្តើមកាន់កាប់ក្រុងរាប់សិប និងទីតាំងរាប់រយកន្លែងពីការគ្រប់គ្រងរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា។ រដ្ឋាភិបាលរួបរួមជាតិនិយាយថា ៦០% នៃប្រទេសមីយ៉ាន់ម៉ាឥឡូវនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងកម្លាំងប្រឆាំង។
លោក Tun Aung Shwe តំណាងប្រទេសអូស្ត្រាលីសម្រាប់រដ្ឋាភិបាលរួបរួមជាតិនិយាយថា ច្បាប់ស្តីពីកាតព្វកិច្ចយោធាបានធ្វើឲ្យយុវជនមីយ៉ាន់ម៉ាដែលរស់នៅក្នុងទីក្រុងស្វែងរកការការពារ។
លោកថ្លែងថា៖ «យុវជនក្នុងទីក្រុងឥឡូវកំពុងជ្រួលច្របល់ក្នុងការស្វែងរកកន្លែងជ្រកកោននៅក្នុងតំបន់រំដោះក្រោមការគ្រប់គ្រងដោយរដ្ឋាភិបាលរួបរួមជាតិនិងកម្លាំងប្រជាធិបតេយ្យ។ ជារឿងគួរឲ្យសោកស្តាយ យុវជនក្រីក្រជាច្រើន ត្រូវបានកេណ្ឌបញ្ចូលទៅបម្រើក្នុងជួរទ័ព ដោយមិនមានឆន្ទៈក្នុងការបម្រើជារបាំងកាណុងកាំភ្លើងនៅក្នុងជម្លោះជួរមុខ និងចំការមីនទេ»។
ប្រទេសថៃជាប្រទេសដែលប្រជាជនមីយ៉ាន់ម៉ាដែលភៀសខ្លួនចេញពីជម្លោះទៅស្នាក់នៅ។ អង្គការឃ្លាំមើលសិទ្ធិមនុស្សបានរាយការណ៍កាលពីខែវិច្ឆិកាថា ជនភៀសខ្លួនមីយ៉ាន់ម៉ាប្រមាណ ៤៥.០០០ នាក់ បានចូលទៅក្នុងប្រទេសថៃចាប់តាំងពីរដ្ឋប្រហារយោធាកាលពីបីឆ្នាំមុន។
ប្រទេសថៃមិនមែនជាភាគីនៃអនុសញ្ញាជនភៀសខ្លួនឆ្នាំ ១៩៥១ ហើយមិនមានក្របខ័ណ្ឌច្បាប់ក្នុងស្រុកជាក់លាក់សម្រាប់ការការពារជនភៀសខ្លួននៅទីក្រុង និងអ្នកស្វែងរកសិទ្ធិជ្រកកោននោះទេ។
យ៉ាងណាមិញ ប្រទេសថៃបានផ្លាស់ប្តូរវិធីដោះស្រាយរបស់ខ្លួនចំពោះប្រទេសមីយ៉ាន់ម៉ា ហើយកំពុងដើរតួនាទីមនុស្សធម៌បន្ថែមទៀតចាប់តាំងពីរដ្ឋាភិបាលថ្មីរបស់ប្រទេសថៃចូលកាន់អំណាចកាលពីឆ្នាំមុន។ ឥឡូវនេះ ព្រះរាជាណាចក្រនេះស្ថិតនៅក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីលោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) នៃគណបក្សភឿថៃ ខណៈដែលមេទ័ពថ្មីនៃប្រទេសថៃ គឺលោកឧត្តមសេនីយ៍ Songwit Noonpakdee ត្រូវបានតែងតាំងកាលពីខែតុលា។
រដ្ឋមន្ត្រីការបរទេសថៃ លោក Parnpree Bahiddha-Nukara បាននិយាយកាលពីឆ្នាំមុនថា រដ្ឋាភិបាលត្រៀមខ្លួនជាស្រេចក្នុងការសាងសង់ជម្រកនៅតាមព្រំដែនថៃនិងមីយ៉ាន់ម៉ា ប្រសិនបើជម្លោះបង្ខំជនភៀសខ្លួនឱ្យហូរចូលមកប្រទេសថៃ។ លោកបានជួបជាមួយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីសប្តាហ៍មុន ដោយពិភាក្សាអំពីតម្រូវការក្នុងការដោះស្រាយវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ាបន្ថែមទៀត។
សេចក្តីថ្លែងការណ៍មួយពីការិយាល័យរបស់លោក Blinken បាននិយាយថា លោករដ្ឋមន្ត្រីការបរទេសអាមេរិក៖ «បានសង្កត់ធ្ងន់លើតម្រូវការជាបន្ទាន់ក្នុងការពង្រីកជំនួយមនុស្សធម៌ដល់ជនភៀសខ្លួន ...នៅក្នុងប្រទេសភូមា(មីយ៉ាន់ម៉ា)និង ...ដោះលែងអ្នកដែលត្រូវបានឃុំឃាំងដោយអយុត្តិធម៌ទាំងអស់ បញ្ចប់អំពើហិង្សា និងធ្វើឱ្យប្រទេសភូមាត្រឡប់ទៅលើផ្លូវទៅកាន់ អភិបាលកិច្ចស៊ីវិលតាមបែបប្រជាធិបតេយ្យ»។
លោក Parnpree ក៏បានទៅទស្សនាទីក្រុងព្រំដែន Mae Sot ក្នុងខែនេះ ដើម្បីបង្កើតច្រករបៀងមនុស្សធម៌ ខណៈដែលជម្លោះកាន់តែអាក្រក់ទៅៗ។ ប៉ុន្តែអ្នកជំនាញនិយាយថា ថៃចាំបាច់ត្រូវបញ្ចូលកម្លាំងប្រឆាំងរបស់មីយ៉ាន់ម៉ាក្នុងកិច្ចព្រមព្រៀងឆ្លងព្រំដែនណាមួយ។
លោក Phil Robertson នាយករងប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទិ្ធមនុស្សក៏បានអំពាវនាវឱ្យប្រទេសថៃទទួលជនជាតិភូមាដែលភៀសខ្លួន៖ «ប្រទេសថៃមានទាំងកាតព្វកិច្ចសិទ្ធិមនុស្ស និងមនុស្សធម៌ក្នុងការទទួលប្រជាជនភូមាដែលរត់គេចពីការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ រួមទាំងអ្នកដែលរត់គេចពី ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ ច្បាប់ស្តីពីកាតព្វកិច្ចយោធាដោយបង្ខំនៃរបបយោធាដែលហាក់ដូចជាមានបំណងបណ្តេញយុវជនចេញពីប្រទេស»។
លោកថ្លែងថា៖ «ពីយោធាដែលមានជំនាញស្រាប់ក្នុងការវាយប្រហារជាប្រព័ន្ធដល់ជនស៊ីវិលដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រស្នូលរបស់ខ្លួន ចលនាចុងក្រោយបំផុតរបស់របបយោធាដែលមិនមានប្រជាប្រិយភាពខ្ពស់ មើលទៅដូចជាបំភិតបំភ័យ និងការគ្រប់គ្រងលើយុវជនទូទាំងប្រទេសដោយគាបសង្កត់ពួកគេឲ្យចូលបម្រើយោធា។ រដ្ឋាភិបាល និងយោធាថៃ ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយរបបយោធា[មីយ៉ាន់ម៉ា]ហើយមានឆន្ទៈក្នុងកិច្ចប្រឹងប្រែងនេះផងដែរ ចាំបាច់ត្រូវគិតឡើងវិញ ព្រោះវាច្បាស់ណាស់យុទ្ធសាស្ត្ររបស់របបយោធា គឺបញ្ជូនយុវជនឆ្លងព្រំដែន ដើម្បីគេចចេញពីកាតព្វកិច្ចទ័ពដ៏ឃោរឃៅ»។
វិបត្តិនេះក៏បានមើលឃើញថា សេដ្ឋកិច្ចរបស់ប្រទេសមីយ៉ាន់ម៉ារងការលំបាកផងដែរ ដែលបានជំរុញឲ្យពលរដ្ឋមីយ៉ាន់ម៉ាស្វែងរកឱកាសផ្សេងទៀតនៅតាមព្រំដែនរបស់ខ្លួន។ យោងតាមរបាយការណ៍របស់ធនាគារពិភពលោកបានឱ្យដឹងថា មនុស្សរាប់លាននាក់គ្មានការងារធ្វើនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយសារសេដ្ឋកិច្ចរបស់ខ្លួនទាបជាង ១០% ធៀបនឹងឆ្នាំ ២០១៩ មុនពេលការរាតត្បាតជំងឺកូវីដ១៩។
សម្រាប់អ្នកខ្លះ ច្បាប់ស្តីពីកាតព្វកិច្ចយោធាគឺជាការប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជនក្នុងប្រទេសមីយ៉ាន់ម៉ា។
អ្នកស្រី Emilie Palamy Pradichit ស្ថាបនិកនៃមូលនិធិ Manushya ដែលជាអង្គការសិទ្ធិមនុស្សនៅទីក្រុងបាងកក បាននិយាយថា អ្នកស្រីបានទទួលពាក្យសុំការងារយ៉ាងច្របូកច្របល់ពីប្រជាជនក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីចៀសវាងការចូលបម្រើយោធា។
អ្នកស្រីថ្លែងថា៖ «យើងបានទទួលពាក្យសុំជាច្រើនពីប្រជាជនមីយ៉ាន់ម៉ានៅក្នុងការបើកឱកាសការងាររបស់យើង ភាគច្រើនគឺក្មេងជំនាន់ក្រោយ និងសហស្សវត្សរ៍នេះ ដែលប្រាប់យើងថាពួកគេត្រូវការចាកចេញ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។ ជារឿងខូចចិត្ត។ ក្នុងអំឡុងពេលដំណើរការសម្ភាស ពួកគេបាន សុំឱ្យយើងជួយពួកគេ ហើយថាពួកគេត្រូវការចេញពីភូមា»៕
ប្រែសម្រួលដោយលោកសុខ ខេមរា
វេទិកាបញ្ចេញមតិ