រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាកាលពីថ្ងៃទី ១០ ខែកុម្ភៈកន្លងទៅនេះ បានចាប់ផ្ដើមអនុវត្តជាលើកដំបូងបង្អស់នូវច្បាប់កាតព្វកិច្ចយោធាដែលមានអាយុកាលមួយទសវត្សរ៍របស់ប្រទេសមីយ៉ាន់ម៉ា។ ច្បាប់នេះ ដែលបានចូលជាធរមានភ្លាមៗ នឹងតម្រូវឱ្យពលរដ្ឋបុរសនិងស្ត្រីចូលបម្រើកងទ័ពយ៉ាងតិច ២ ឆ្នាំ ប្រសិនបើត្រូវបានកោះហៅ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
ការប្រកាសអំពីវិធានការនេះតាមទូរទស្សន៍រដ្ឋគឺស្មើនឹងការទទួលស្គាល់ដ៏ធំមួយទោះបីមិនបានបង្ហើបក៏ដោយថា យោធាមីយ៉ាន់ម៉ាកំពុងប្រឹងប្រែងយ៉ាងត្រដាបត្រដួសនៅក្នុងការទប់ទល់នឹងការបះបោររបស់ក្រុមតស៊ូប្រដាប់អាវុធនៅទូទាំងប្រទេសប្រឆាំងនឹងការដឹកនាំរបស់ខ្លួន។
នៅក្រោមច្បាប់សេវាយោធាប្រជាជន (People's Military Service Law) ឆ្នាំ ២០១០ ដែលបានអនុម័តនៅក្រោមរដ្ឋាភិបាលយោធាពីមុន គឺបុរសអាយុពី ១៨ ដល់ ៤៥ ឆ្នាំ និងស្ត្រីអាយុពី ១៨ ដល់ ៣៥ ឆ្នាំអាចត្រូវបានកេណ្ឌឱ្យចូលបម្រីកងទ័ពរយៈពេល ២ ឆ្នាំ និងអាចពន្យារបន្ថែមរហូតដល់ទៅ ៥ ឆ្នាំក្នុងអំឡុងពេលមានស្ថានការណ៍បន្ទាន់ថ្នាក់ជាតិ។
ក្រុមប្រឹក្សាយោធាដឹកនាំប្រទេសមីយ៉ាន់ម៉ានៅពេលបច្ចុប្បន្ន ដែលហៅថាក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (State Administration Council) បានឡើងកាន់អំណាចនៅក្នុងឆ្នាំ ២០២១ បន្ទាប់ពីបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលដែលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់អ្នកស្រី Aung San Suu Kyi។
ច្បាប់កាតព្វកិច្ចយោធានេះត្រូវបានដាក់ឱ្យអនុវត្ត បន្ទាប់ពីយោធាបានជួបឧបសគ្គដ៏ធំបំផុតតាំងពីពេលដែលជម្លោះនៅទូទាំងប្រទេសបានផ្ទុះឡើងនៅក្រោយរដ្ឋប្រហារយោធាមក។ ការវាយប្រហារដ៏ភ្ញាក់ផ្អើលមួយដែលបានចាប់ផ្ដើមកាលពីខែតុលាឆ្នាំមុនដោយសម្ព័ន្ធភាពអង្គការជនជាតិភាគតិចប្រដាប់អាវុធបានដណ្ដើមកាន់កាប់ដែនដីមួយផ្នែកធំនៅភាគឦសានប្រទេសមីយ៉ាន់ម៉ាតាមបណ្ដោយព្រំដែនជាប់ប្រទេសចិនក្នុងរយៈពេលតិចជាង ៣ ខែ។
ឧបសគ្គនេះបានជំរុញទឹកចិត្តកងកម្លាំងតស៊ូនៅតាមផ្នែកផ្សេងៗនៃប្រទេសមីយ៉ាន់ម៉ាឱ្យចាប់ផ្ដើមវាយប្រហារផ្ទាល់ខ្លួនរបស់ពួកគេ។ កាលពីពេលថ្មីៗនេះ ការប្រយុទ្ធគ្នានៅក្នុងរដ្ឋ Rakhine នៅភាគខាងលិចបានបណ្ដាលឱ្យកងកម្លាំងសន្តិសុខរដ្ឋរាប់រយនាក់គេចចេញទៅកាន់ប្រទេសបង់ក្លាដែសដែលនៅជិតខាង។
យោធាមីយ៉ាន់ម៉ាប្រឈមនឹងសត្រូវពីរ។ សត្រូវទីមួយគឺកងកម្លាំងគាំទ្រលទ្ធិប្រជាធិបតេយ្យដែលត្រូវបានបង្កើតឡើងបន្ទាប់ពីយោធាបានឡើងកាន់អំណាច។ ហើយសត្រូវមួយទៀតគឺក្រុមប្រដាប់អាវុធជាតិសាសន៍ភាគតិចដែលមានការហ្វឹកហាត់និងបំពាក់អាវុធបានល្អ ដែលបានប្រយុទ្ធដើម្បីស្វ័យភាពប្រសើរជាងមុនអស់រយៈពេលរាប់ទសវត្សរ៍មកហើយ។ គេឃើញក្រុមតស៊ូទាំងពីរនេះមានសម្ព័ន្ធភាពជាមួយគ្នា។
ច្បាប់កាតព្វកិច្ចយោធានេះបានចែងថា ជនណាដែលគេចពីកាតព្វកិច្ចនេះនឹងមានទោសជាប់ពន្ធនាគារពី ៣ ទៅ ៥ ឆ្នាំ និងរងការផាកពិន័យ។ បុព្វជិតគឺត្រូវបានលើកលែង រីឯមន្ត្រីរដ្ឋការនិងសិស្សនិស្សិតវិញអាចទទួលបានការពន្យារពេលបណ្ដោះអាសន្ន។
លោកឧត្តមសេនីយ៍ទោ Zaw Min Tun អ្នកនាំពាក្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយដែលបញ្ចាំងតាមទូរទស្សន៍រដ្ឋ MRTV ថា ច្បាប់នេះត្រូវបានអនុវត្តដោយសារស្ថានការណ៍បច្ចុប្បន្ននៅក្នុងប្រទេសមីយ៉ាន់ម៉ា។
លោកបាននិយាយថា ការដាក់ឱ្យអនុវត្តច្បាប់នេះអាចជួយបង្ការសង្គ្រាមតាមរយៈការបង្ហាញកម្លាំងឱ្យសត្រូវបានឃើញ។
លោក Zaw Min Tun បានថ្លែងដូច្នេះថា៖ «អ្វីដែលយើងចង់និយាយគឺថា ការទទួលខុសត្រូវផ្នែកការពារជាតិគឺមិនមែនជាការទទួលខុសត្រូវតែមួយគត់របស់ទាហាននោះទេ។ វាគឺជាការទទួលខុសត្រូវរបស់មនុស្សគ្រប់រូបនៅគ្រប់កន្លែងទាំងអស់នៅក្នុងប្រទេស។ សន្តិសុខជាតិគឺជាការទទួលខុសត្រូវរបស់មនុស្សគ្រប់រូប។ ហេតុដូចនេះហើយ ខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាឱ្យចូលបម្រីកងទ័ពដោយមោទនភាពនៅក្រោមច្បាប់សេវាយោធាប្រជាជនដែលបានអនុម័ត»។
កងកម្លាំងរបស់របបយោធាមីយ៉ាន់ម៉ាកាន់តែស្តួចស្តើងដោយសារការបះបោរកាលពីពេលថ្មីៗនេះរបស់ក្រុមតស៊ូប្រដាប់អាវុធ។ គេជឿថា ការធ្លាក់ចុះនេះគឺបណ្ដាលមកពីការស្លាប់និងរងរបួសនិងការរត់ចោលជួរ បើទោះបីជាគេមិនដឹងថាការធ្លាក់ចុះនេះមានទំហំប៉ុណ្ណាក៏ដោយ។
កាលពីខែកញ្ញាឆ្នាំមុន ក្រសួងការពារជាតិរបស់រដ្ឋាភិបាលរួមរួមជាតិ ដែលជាអង្គការនយោបាយនាំមុខនៃក្រុមតស៊ូដែលដើរតួជារដ្ឋាភិបាលស្រមោលរបស់មីយ៉ាន់ម៉ា បានបញ្ជាក់ថា ទាហានមីយ៉ាន់ម៉ាជាង ១៤.០០០ នាក់បានរត់ចោលជួរតាំងពីរដ្ឋប្រហារឆ្នាំ ២០២១ មក។
គេឃើញមានសេចក្ដីរាយការណ៍កាលពីពេលថ្មីៗនេះទាំងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនិងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយដែលមានទំនោរទៅរកក្រុមតស៊ូប្រឆាំងអំពីការបង្ខំជ្រើសរើសយុវជនក្មេងៗនៅតាមតំបន់ទីក្រុងឱ្យចូលបម្រីកងទ័ព។
ទស្សនាវដ្ដីព័ត៌មានអនឡាញ Frontier Myanmar បានរាយការណ៍កាលពីខែមករាថា៖ «ទោះបីជាទំហំនៃការជ្រើសរើសនេះមិនច្បាស់ក៏ដោយ ក៏គេឃើញមានសេចក្ដីរាយការណ៍នានាដែលចែកផ្សាយនៅលើបណ្ដាញសង្គមអនឡាញថា បុរសៗត្រូវបានគេឃុំឃាំងនិងបង្ខំឱ្យចូលបម្រីកងទ័ពសូម្បីតែនៅក្នុងទីក្រុងរ៉ង់ហ្គូនដែលជាបេះដូងពាណិជ្ជកម្មរបស់មីយ៉ាន់ម៉ាក៏ដោយ ដោយករណីនេះបានបង្កឱ្យមានការក្រឿនរំឭកកុំឱ្យចេញទៅក្រៅនៅពេលយប់នៅក្នុងទីក្រុងនោះ»។
ការធ្វើរដ្ឋប្រហារដណ្ដើមអំណាចរបស់យោធាមីយ៉ាន់ម៉ាកាលពីឆ្នាំ ២០២១ បានបណ្ដាលឱ្យមានការតវ៉ាអហិង្សានិងការមិនស្ដាប់បង្គាប់អាជ្ញាធរនៅទូទាំងប្រទេសមីយ៉ាន់ម៉ា។ ប៉ុន្តែ ការប្រឈមមុខដាក់គ្នាបានរីករាលដាលក្លាយជាអំពើហិង្សា បន្ទាប់ពីកងកម្លាំងសន្តិសុខបានប្រើកម្លាំងបែបប្រល័យលើក្រុមអ្នកតវ៉ា ដោយបណ្ដាលឱ្យឈានដល់ការបង្កើតក្រុមតស៊ូប្រដាប់អាវុធដែលមានការចាត់តាំងដែលក្លាយទៅជាសង្គ្រាមស៊ីវិល៕
ប្រែសម្រួលដោយលោក ភី សុភាដា
វេទិកាបញ្ចេញមតិ