ក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យថៃជាងមួយពាន់នាក់បាននាំគ្នាធ្វើបាតុកម្មនៅតាមផ្លូវបំបែកធំមួយនៅទីក្រុងបាងកកកាលពីថ្ងៃពុធ ដោយប្រឆាំងនឹងអាជ្ញាធរនៅក្នុងការជួបជុំដ៏ធំលើកដំបូងចាប់តាំងពីប៉ូលិសបានប្រើគ្រាប់កាំភ្លើងជ័របាញ់លើហ្វូងបាតុករកាលពីចុងសប្តាហ៍មក។
ចលនាបាតុកម្មនៅប្រទេសថៃបានចាប់ផ្តើមនៅខែកក្កដាដើម្បីអំពាវនាវឱ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី Prayut Chan-O-Cha លាលែងពីតំណែង និងតាក់តែងជាថ្មីនូវរដ្ឋធម្មនុញ្ញដែលចងក្រងដោយយោធា។
ប៉ុន្តែការទាមទារដ៏ចម្រូងចម្រាសបំផុតនោះគឺកំណែទម្រង់របបរាជាធិបតេយ្យដែលមិនអាចប៉ះពាល់បាន រួមទាំងការលុបចោលនូវច្បាប់បរិហារកេរ្តិ៍ព្រះមហាក្សត្រដែលមានចែងជាយូរមកហើយនៅក្នុងព្រះរាជាណាចក្រនេះផងដែរ។
រហូតមកដល់ពេលនេះ ក្រុមបាតុករ និងមេដឹកនាំនិស្សិតប្រមាណជាង ៧០ នាក់ត្រូវបានចោទប្រកាន់ពីបទប្រមាថរាជាធិបតេយ្យ ហើយបាតុករប្រហែល១២នាក់ទៀតត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារ។ ប្រសិនបើត្រូវបានផ្តន្ទាទោស ពួកគេប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល១៥ឆ្នាំសម្រាប់បទចោទនីមួយៗ។
នៅថ្ងៃពុធក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នានៅក្នុងសង្កាត់មួយ ដែលមានផ្សារធំៗនៅទីក្រុងបាងកក ដោយស្រែកថា «ដោះលែងមិត្តភក្តិរបស់យើង» និង«លុបបំបាត់ច្បាប់១១២» ដែលជាច្បាប់ប្រមាថព្រះមហាក្សត្រនៅក្នុងក្រមព្រហ្មទណ្ឌរបស់ប្រទេសថៃ។
ឆាកមួយនៅកណ្តាលថ្នល់មានបដាដ៏ធំមួយដែលសរសេរថា «កំណែទម្រង់រាជាធិបតេយ្យ» ខណៈបាតុករជាច្រើននាក់បានកាន់រូបថតអ្នកជាប់ឃុំឃាំង ហើយបិទជាប់នឹងស្លាកសញ្ញាផ្លូវ។
មានប៉ូលិសជាច្រើនរួមមានប៉ូលិសប្រឆាំងកុបកម្មផង កំពុងប្រមូលផ្ដុំគ្នានៅតំបន់ក្បែរនោះនាពេលព្រលប់៕