ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សហ​ប្រជាជាតិ​ថ្កោលទោស​ការ​បង្ក្រាប​ដែល​កំពុង​កើន​ឡើង​នៅ​ក្នុង​ប្រទេស​ថៃ


មេដឹកនាំបាតុកម្មពាក់អាវចេញក្បាលពោះនិងបង្ហាញស្នាមញញឹម និងម្រាមដៃបីដាក់នៅមុខហាងលក់សំលៀកបំពាក់ «ម្ចាស់ក្សត្រីថៃ Sirivannavari» នៅឯផ្សារទំនើប Siam Paragon ខណៈពួកគេតវ៉ាប្រឆាំងនឹងរាជានិយមនៅទីក្រុងបាងកកថ្ងៃទី ២០ ខែធ្នូឆ្នាំ ២០២០។ (Reuters)
មេដឹកនាំបាតុកម្មពាក់អាវចេញក្បាលពោះនិងបង្ហាញស្នាមញញឹម និងម្រាមដៃបីដាក់នៅមុខហាងលក់សំលៀកបំពាក់ «ម្ចាស់ក្សត្រីថៃ Sirivannavari» នៅឯផ្សារទំនើប Siam Paragon ខណៈពួកគេតវ៉ាប្រឆាំងនឹងរាជានិយមនៅទីក្រុងបាងកកថ្ងៃទី ២០ ខែធ្នូឆ្នាំ ២០២០។ (Reuters)

នៅ​ក្នុង​សប្តាហ៍​ថ្មីៗ​កន្លង​មក​នេះ​អាជ្ញាធរ​ថៃ​បាន​ចោទ​ប្រកាន់​អ្នក​តវ៉ា​យ៉ាង​ហោច​ណាស់​៣៥​នាក់​រួម​មាន​ទាំង​សិស្ស​អាយុ​១៦ឆ្នាំ​ផង​ដែរ​ពី​បទ​បរិហារកេរ្តិ៍រាជវង្ស​ថៃ។​អ្នក​នាំពាក្យ​នៃ​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​អ្នកស្រី​ Ravina Shamdasani ​និយាយ​ថា ការ​ចាប់​ខ្លួន​អនីតិជន​ជា​រឿង​គួរ​ឱ្យ​ព្រួយបារម្ភ​ជាពិសេស។​

អ្នកស្រី​ Shamdasani​ និយាយ​ថា ក្មេង​ប្រុស​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​ដោយសារ​អ្វីដែល​គេ​ហៅ​ថា​ការ​ចោទ​ប្រកាន់​ពី​បទ​ប្រមាថ​ព្រះ​មហាក្សត្រ​បន្ទាប់​ពី​ក្មេង​នេះ​ចូលរួម​ក្នុង​ការ​បង្ហាញ​ម៉ូដ​សម្លៀក​បំពាក់​មួយ​ដែល​ចម្អក​ឲ្យ​ម៉ូដ​សម្លៀក​បំពាក់​របស់រាជវង្ស។​បទ​ប្រមាថ​ព្រះ​មហាក្សត្រ​ជា​បទប្បញ្ញត្តិ​មួយ​នៅ​ក្នុង​ក្រម​ព្រហ្មទណ្ឌ​ថៃ ដែល​កំណត់​ទោស​ជាប់​ពន្ធនាគារ​ចាប់​ពី​៣​ឆ្នាំ​ទៅ​១៥​ឆ្នាំ​ចំពោះ​ការ​បរិហារ​កេរ្តិ៍ ប្រមាថ ​ឬ​គំរាម​កំហែង​ដល់​រាជវង្ស​ថៃ។​

អ្នកស្រី​ Shamdasani និយាយ​ថា​ការ​បង្ហាញ​ម៉ូដ​នោះ​ជា​ផ្នែក​នៃ​ការ​ប្រមូល​ផ្តុំ​របស់​សិស្សានុសិស្ស​ដែល​រៀបចំ​ឡើង​ជា​ផ្នែក​មួយ​នៃ​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​ដែល​បាន​ធ្វើ​ឡើង​អស់រយៈ​ពេល​៤​ខែ​ចុង​ក្រោយ​នេះ។​អ្នក​តវ៉ា​កំពុង​អំពាវនាវ​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ​រដ្ឋាភិបាល​និង​យោធា ​ព្រម​ទាំង​កំណែ​ទម្រង់​រាជានិយម។​

អ្នកស្រី​ Shamdasani ​និយាយ​ថា​សិស្សានុសិស្ស​និង​ក្មេង​ប្រុស​នោះ​គ្រាន់​តែ​អនុវត្ត​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​របស់​ពួកគេ​តែ​ប៉ុណ្ណោះ។​

អ្នកស្រី​ Shamdasani​ បាន​និយាយ​ថា៖​

«ដូច្នេះ​ប្រើប្រាស់​ច្បាប់​ដែល​កាត់ទោស​ដាក់​ពន្ធនាគារ​អតិបរិមា​១៥​ឆ្នាំ​ចំពោះ​បទល្មើស​ចំពោះ​ការ​បទ​ដក​ស្រង់​សម្តី​ដាច់​កំណាត់ៗ​មិន​ស្រប​តាម​កាតព្វកិច្ច​របស់​ថៃ​នៅ​ក្រោម​កតិកាសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នោះ​ទេ»។​

អ្នកស្រី​Shamdasani​ និយាយ​ថា​ថៃ​បន្ត​មិន​អើពើ​ចំពោះ​ការ​អំពាវនាវ​ម្តង​ហើយ​ម្តង​ទៀត​របស់​អង្គការ​ឃ្លាំមើល​របស់​អង្គការ​សហ​ប្រជាជាតិ​រួម​ទាំង​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​សុំឲ្យថៃ​ធ្វើច្បាប់​ព្រហ្មទណ្ឌ​របស់​ខ្លួន​ស្រប​នឹង​កាតព្វកិច្ច​ថៃ​នៅ​ក្រោម​សន្ធិ​សញ្ញា​អន្តរជាតិ។​

អ្នកស្រី ​Shamdasani​ បាន​និយាយថា៖

«វា​ជា​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​ដែល​ក្នុង​រយៈ​ពេល​២​ឆ្នាំ​មិន​មាន​ករណី​អ្វី​ទាល់​តែ​សោះប៉ុន្តែ​ស្រាប់​តែ​យើង​ឃើញ​មានករណី​ដ៏​ច្រើន​ហើយ​អ្វី​ដែល​គួរ​ឲ្យ​តក់ស្លក់​នោះ​គឺឥឡូវ​នេះ​មាន​បទ​ចោទ​អនីតិជន​ផង​ដែរ។​យើង​នៅ​តែ​មាន​ការ​ព្រួយ​បារម្ភ​ថាការ​ចោទ​ប្រកាន់​ព្រហ្មទណ្ឌ​ធ្ងន់​ធ្ងរ​ផ្សេងៗ​ទៀត​កំពុង​ត្រូវ​បាន​ធ្វើ​ឡើង​ប្រឆាំង​នឹង​អ្នក​តវ៉ា​ដែល​ចូលរួម​នៅ​ក្នុង​ការ​តវ៉ា​ដោយ​សន្តិវិធី​នៅ​ក្នុង​ប៉ុន្មាន​ខែ​កន្លង​មក​នេះ​រួម​ទាំង​ការ​ចោទប្រកាន់​ពី​ការ​បង្ក​ចលាចល​និង​បទល្មើស​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​ស្តីពី​បទល្មើស​កុំព្យូទ័រ​ផង​ដែរ»។​

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​បាន​លើក​ឡើង​ថា​ច្បាប់​នេះ​ផ្តល់​សិទ្ធិ​ដ៏​ទូលំទូលាយ​ដល់​រដ្ឋាភិបាល។​វិធាន​ការ​នេះ​ត្រូវ​បាន​គេ​ប្រើប្រាស់​ដើម្បី​បំបិទ​សំឡេង​ប្រឆាំងរដ្ឋាភិបាល​និង​រាជានិយម។​

ការិយាល័យ​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​នេះ​កំពុង​អំពាវនាវឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​ចោទ​ប្រកាន់​បទ​ព្រហ្មទណ្ឌ​លើ​ពលរដ្ឋ​ដែល​អនុវត្ត​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញមតិ និង​ការ​ជួបជុំ​ដោយ​សន្តិវិធី​របស់​ពួកគេ។​ការិយាល័យ​នេះ​និយាយ​ថា​ការ​ចាប់​ខ្លួន​ពលរដ្ឋ​ចំពោះ​ការ​អនុវត្ត​សិទ្ធិ​ទាំង​នេះ​ជា​ការ​ចាប់​ខ្លួន​ឬ​ការ​ឃាត់​ខ្លួន​តាម​ទំនើង​ចិត្ត​ដែល​ត្រូវ​បាន​ហាមឃាត់​ដោយ​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ៕

XS
SM
MD
LG