ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​បាតុករ​គាំទ្រ​ប្រជាធិបតេយ្យ​ដែល​ត្រូវ​ហៅ​ថា​«សិស្ស​អាក្រក់»​​វាយ​ប្រហារ​រដ្ឋាភិបាល​ថៃ​នៅ​​បាងកក


ក្រុម​អ្នក​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ថៃ​ដែល​ត្រូវ​បាន​ហៅ​ថា​«ក្រុម​​សិស្ស​អាក្រក់»​បាន​ធ្វើ​បាតុកម្ម​នៅ​​ទីក្រុង​បាងកក​កាល​ពី​យប់​ថ្ងៃ​សៅរ៍​កន្លង​ទៅ​ ដោយ​ពួក​គេ​បាន​ចំអក​រដ្ឋាភិបាល​រាជានិយម​នៃ​ប្រទេស​នេះ​ថា​ជា​«ដាយណូស័រ»។
ក្រុម​អ្នក​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ថៃ​ដែល​ត្រូវ​បាន​ហៅ​ថា​«ក្រុម​​សិស្ស​អាក្រក់»​បាន​ធ្វើ​បាតុកម្ម​នៅ​​ទីក្រុង​បាងកក​កាល​ពី​យប់​ថ្ងៃ​សៅរ៍​កន្លង​ទៅ​ ដោយ​ពួក​គេ​បាន​ចំអក​រដ្ឋាភិបាល​រាជានិយម​នៃ​ប្រទេស​នេះ​ថា​ជា​«ដាយណូស័រ»។

ក្រុម​អ្នក​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ថៃ​ដែល​ត្រូវ​បាន​ហៅ​ថា​«ក្រុមសិស្ស​អាក្រក់»បាន​គ្រប់​គ្រង​ចំណុច​ប្រសព្វ​នៅ​កណ្ដាល​ទីក្រុង​បាងកក​កាល​ពី​យប់​ថ្ងៃ​សៅរ៍​កន្លង​ទៅ​ ដោយ​ពួក​គេ​បាន​ចំអក​រដ្ឋាភិបាល​រាជានិយម​នៃ​ប្រទេស​នេះ​ថា​ជា​«ដាយណូស័រ» នៅ​ស្រប​ពេល​ដែលព្រះ​រាជាណាចក្រ​មួយ​នេះ​បាន​បែកបាក់​គ្នា​យ៉ាង​ជូរចត់​ទៅ​តាម​អាយុ នយោបាយ ហើយ​ឥរិយាបទ​លើ​របប​រាជានិយម​ ក៏​កំពុង​បោះ​ពួយ​ឆ្ពោះ​ទៅ​កាន់វិបត្តិ​កាន់​តែ​ធ្ងន់ធ្ងរ។

ពោង​រាង​ជា​បំណែក​អាច៍​ផ្កាយ​ដែល​សរសេរ​ពាក្យ​ថា«យុគ​ដាយណូស័រ»​បាន​លោត​ចុះ​លោត​ឡើង​នៅ​កន្លែង​ប្រមូល​ផ្ដុំ​គ្នា​នៃពួក​អ្នក​តវ៉ា​រាប់​ពាន់​នាក់​ដែល​កំពុង​រាំ​ច្រៀង​ក្នុង​សម្លៀកបំពាក់​ T-Rex រលុងៗ​ស្រប​ទៅ​តាម​ចង្វាក់​រ៉ែប​ដែល​មាន​ខ្លឹមសារ​ប្រឆាំង​នឹង​រដ្ឋភិបាល។ ទិដ្ឋភាព​ទាំង​នេះ​ត្រូវ​បាន​រៀប​ចំ​ដោយ​ក្រុម​សិស្សវិទ្យាល័យ​ដែល​ធុញថប់​នឹង​ប្រព័ន្ធ​អប់រំ​មួយ​ដែល​លើក​តម្កើង​តែ​ការ​សិក្សា​តាម​របៀប​ថា​តាម និង​ការ​គោរពតាម​ឋានានុក្រម​ដ៏​តឹងរឹង​របស់​ថៃ ជា​ជាង​ការ​លើក​តម្កើង​ការ​គិត​ដោយត្រិះរិះ​ពិចារណា។

បាតុករ​ម្នាក់​ឈ្មោះ ​Pimchanok Nongnual ​អាយុ​១៩​ឆ្នាំ និយាយ​ប្រាប់​វីអូអេ​ថា៖

«សត្វ​ដាយណូស័រ​គឺ​សំដៅ​ដល់​មន្ត្រី​រដ្ឋាភិបាល​ទាំង​នេះ​ដែល​មាន​អំណាច​ក្នុង​ការ​ធ្វើ​ការ​សម្រេច​ចិត្ត​លើ​ជីវិត​របស់​ពួក​យើង»។

សិស្ស Nongnual និយាយ​ថា៖

«ពួក​គេ​ជាប់​ជំពាក់​នឹង​ប្រពៃណី។ ពួក​គេ​ជា​មនុស្ស​អភិរក្ស​និយម ហួស​សម័យ និង​មិន​ចង់​ផ្លាស់​ប្ដូរ។ ពេល​វេលា​របស់​ពួក​គេ​អស់​ហើយ។ ពួក​គេ​ត្រូវ​តែ​ចុះ​ចេញ ហើយ​បើក​ផ្លូវ​ឲ្យ​មនុស្ស​ផ្សេង​ទៀត​ដែល​មាន​សមត្ថភាព​ជាង»។

ប្រទេស​ថៃ​ដែល​ជា​ព្រះរាជាណាចក្រ​មាន​ការ​ធ្វើ​រដ្ឋ​ប្រហារ​១៣​លើក​ក្នុង​រយៈ​ពេល​មិន​ដល់​មួយ​សតវត្សរ៍​នោះ បាន​មក​ដល់​ផ្លូវ​ទាល់​ច្រក​ម្ដង​ទៀត​ហើយ ​រយៈ​ពេល​៦​ឆ្នាំ​បន្ទាប់​ពី​ការ​ធ្វើ​រដ្ឋ​ប្រហារ​លើក​ចុង​ក្រោយ​ដែល​ថ្នាក់​ដឹកនាំ​ប្រទេស​នេះ​និយាយ​ថាធ្វើ​ឡើង​ដើម្បី​បញ្ចប់​ការ​បែក​បាក់​នយោបាយ​ដើម្បី​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ និង​ដើម្បី​ស្ដារ​កំណើន​សេដ្ឋកិច្ច។

យ៉ាង​ណា​ក៏​ដោយ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ក្រុម​បាតុករ​ដែល​ជំទាស់​បាន​ប៉ះ​ទង្គិច​គ្នា​នៅ​លើ​ដង​ផ្លូវ ហើយ​ប៉ូលិស​បាន​កោះ​ហៅ​ក្រុម​បាតុករ​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ក្មេងៗ​ដែល​មាន​អាយុ​ទើប​តែ​១៥​ឆ្នាំ​មក​ទៅ​សួរ​នាំ នៅ​ស្រប​ពេល​ដែល​គ្មាន​សញ្ញា​ណា​មួយ​ថា នឹង​មានការ​សម្រុះ​សម្រួល​ពី​ស្ថាប័ន​រាជានិយម។ ផ្ទុយ​ទៅវិញ ស្ថាប័ន​រាជា​និយម​កំពុង​គំរាម​ថា​នឹង​ប្រើ​ច្បាប់​កាន់​តែ​ធ្ងន់​ធ្ងរ​ជាង​មុន ជា​ពិសេស​ចំពោះការ​រិះ​គន់​របប​រាជានិយម។

ចលនា​គាំទ្រ​ប្រជាធិបតេយ្យ​ចង់​ឲ្យ​អតីត​មេបញ្ជាការ​យោធា​ដែល​បាន​ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រី​ជាប់​ឆ្នោត​ គឺ​លោក​ ​ប្រាយុទ្ធ ចាន់​អូចា និង​រដ្ឋាភិបាល​របស់​លោក ចុះ​ចេញ​ពី​តំណែង។ ពួក​គេ​ចង់​ឲ្យ​មានរដ្ឋធម្មនុញ្ញ​ថ្មី​មួយ​ទៅ​ជំនួស​រដ្ឋ​ធម្មនុញ្ញ​បច្ចុប្បន្ន​ដែល​តាក់​តែង​ឡើង​ដោយ​យោធា និង​ចង់​ឲ្យ​មាន​ការ​ធ្វើ​កំណែ​ទម្រង់​សំខាន់ៗ​ទៅ​លើ​របប​រាជានិយម​ដែលធ្លាប់​តែ​មិន​អាច​រិះគន់​បាន។

ច្រក​ចេញ

បន្ទាប់​ពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​ ដែល​បាតុកម្ម​ទាំង​នេះ​ពឹង​អាស្រ័យ​លើ​ការ​និពន្ធ​តិះដៀល និង​ការ​ចំអក​ដល់​ឧត្តមសេនីយ៍​វ័យ​ចំណាស់​មាន​ចរិត​អាក្រក់ ក៏​ដូច​ជា​ការ​ចំអក​ដល់​អ្នក​រាជានិយម​ដែល​សប្បាយ​រីក​រាយ​ក្នុង​ការ​ប្រមូល​ផ្ដុំ​គ្នា​នៅ​រដ្ឋ​សភា ក្រុម​ចលនា​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​កំពុង​តែ​រង្កៀស​ចិត្ត​កាន់​តែ​ខ្លាំង​ទៅ​នឹង​គំនិត​រឹងត្អឹង​របស់​រដ្ឋា​ភិបាល។

ការ​ប៉ះ​ទង្គិច​ជាមួយ​ក្រុម​ពាក់​អាវ​លឿង​ដែល​គាំទ្រ​ព្រះ​មហាក្សត្រ​ កាល​ពី​សប្ដាហ៍​មុន បាន​បណ្ដាល​ឲ្យ​មាន​ការ​រង​របួស​ជា​លើក​ដំបូង​ដោយ​ការ​បាញ់​កាំ​ភ្លើង​នៅ​ក្នុង​ប្រទេស​មួយ​ដែល​សម្បូរ​ទៅ​ដោយ​កាំភ្លើង និង​មាន​ប្រវត្តិ​នយោបាយ​ដ៏​ប្រល័យ​នៅ​លើ​ដង​ផ្លូវ។ នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​កាល​ពី​សប្ដាហ៍​មុន ប៉ូលិស​បាន​ប្រើ​ឡាន​បាញ់​ទឹក​ និង​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក បាញ់​ទៅ​លើ​ពួក​បាតុករ​ដែល​ការពារ​ខ្លួន​ដោយ​ពោង​ទា​កៅស៊ូ​ធំៗ។

ពោង​ទា​កៅស៊ូ​បាន​ក្លាយ​ជា​និមិត្តរូប​ចុង​ក្រោយ​នៃ​ចលនា​បាតុកម្ម​ដែល​ចម្លង​តៗ​គ្នា​ឥត​ស្រាកស្រាន្ត ​ហើយ​រូបទា​នេះ​ត្រូវ​បាន​គេ​ប្រើ​ជា​តង្កៀប​សក់​និង​បន្តោង​សោ​កាល​ពី​ថ្ងៃ​សៅរ៍។

ក្រុម​បាតុករ​គ្រោង​នឹង​ធ្វើ​ការ​ប្រមូល​ផ្ដុំ​គ្នា​នៅ​ថ្ងៃ​ពុធ​នេះ ​នៅ​ឯ​ការិយាល័យ​គ្រប់គ្រង​ព្រះរាជ្យទ្រព្យ ដែល​ជា​ការិយាល័យ​ទទួល​បន្ទុកគ្រប់​គ្រង​ទ្រព្យ​សម្បត្តិ​មាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​របស់​ព្រះ​មហា​ក្សត្រ​ Maha Vajiralongkorn ដែល​ជា​មហាក្សត្រ​មាន​ទ្រព្យ​ច្រើន​ជាង​គេ​នៅ​លើ​ពិភព​លោក។

កាល​ពី​ថ្ងៃ​សុក្រសប្តាហ៍​មុន អតីត​មេបញ្ជាការ​យោធា លោក ប្រាយុទ្ធ ដែល​ជា​គោលដៅ​នៃ​ការ​និយាយ​ចំអករបស់​ពួក​បាតុករ​ បាន​ចេញ​ការ​ព្រមាន​មួយ​ថា ការ​អនុវត្ត​ច្បាប់​នឹង​ត្រូវ​ធ្វើ​ឡើង​ ដែល​ក្នុង​នោះ​មាន​រួម​ទាំង​ច្បាប់​ស្ដីពី​កា​រប្រមាថ​ព្រះ​មហាក្សត្រដ៏​តឹងរឹង​ផង​ ដែល​ច្បាប់​នេះ​អនុញ្ញាត​ឲ្យ​មាន​ការ​ចាប់​ដាក់​ពន្ធនាគារ​រហូត​ដល់​ទៅ​១៥ឆ្នាំ ចំពោះ​ការ​បង្ខូច​កេរ្តិ៍​ឈ្មោះ ឬ​ការ​ប្រមាថ​សមាជិក​រាជ្យវង្ស។

លោក​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា៖

«វា​មិន​ត្រឹម​ត្រូវ​ទេ​ ខ្ញុំ​មិន​អាច​អត់អោន​រឿង​បែប​នេះ​បាន​ទេ»។

លោក​បាន​ចោទ​ប្រកាន់​ក្រុម​អ្នក​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ថា«កំពុង​បង្ក​ភាព​វឹកវរ និង​រំលោភ​លើ​ស្ថាប័ន​រាជានិយម»។

ប៉ុន្តែ ចលនា​តវ៉ា​បាន​បំបែក​របាំង​ប្រពៃណី​តាម​រយៈ​ការ​រិះ​គន់​ដោយ​បើក​ចំហ​ទៅ​លើ​របប​រាជានិយម​ចំពោះ​ការ​ចំណាយ​ប្រាក់​ពន្ធ​របស់​ពលរដ្ឋ​ថៃ​ដ៏​ខ្ជះខ្ជា ខណៈ​ពេល​ដែល​មាន​ការ​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​តួនាទី​របស់​កង​ទ័ព​នៅ​ក្នុង​កិច្ចការ​នយោបាយ។

ក្រុម​បាតុករ​បង្ហាញ​ការ​ភ័យ​ខ្លាច​តិច​តួច​ប៉ុណ្ណោះ​នៅ​លើ​ដង​ផ្លូវ​កាល​ពី​ថ្ងៃ​សៅរ៍ ។

សិស្សវិទ្យាល័យ​អាយុ​ ១៥​ម្នាក់​ឈ្មោះ​Amy បាន​ចោទ​ជា​សំណួរ​ថា៖

«តើ​មាន​អ្វី​ដែល​យើង​ត្រូវ​ខ្លាច​ទៅ? រដ្ឋាភិបាល​បាន​បំផ្លាញ​អនាគត​របស់​យើង​រួច​ទៅ​ហើយ»។

ព្រះ​មហាក្សត្រ​ Vajiralongkorn បាន​រង​សម្ពាធ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ចាប់​តាំង​ពី​ព្រះ​អង្គ​ឡើង​គ្រង​រាជ្យ​សម្បត្តិ​នៅ​ឆ្នាំ ២០១៦។ ព្រះ​អង្គ​បាន​យាង​ត្រឡប់​ពី​ព្រះ​រាជ្យ​ដំណាក់​ដែល​ព្រះ​អង្គ​សព្វ​ព្រះទ័យនៅ​ប្រទេស​អាល្លឺម៉ង់ ​ដើម្បី​មក​ធ្វើ​យុទ្ធនាការ​ឃោសនា​នៅ​ទី​សាធារណៈ​ដែល​មិនធ្លាប់​មាន​ពី​មុន​មក ដោយ​ព្រះ​អង្គ​បាន​បង្ហាញ​នូវ​ទិដ្ឋភាព​ស្លូត​បូត​នៃ​ររបប​រាជា​និយម ដែល​ក្រុម​បាតុករ​និយាយ​ថា មិន​អាច​ប៉ះ​បាន​ ហើយ​មិន​ខ្វល់ខ្វាយ​ពី​អ្នក​ដទៃ ដោយ​ព្រះ​អង្គ​យាង​ចេញ​ក្រៅ​ស្ទើរ​រាល់​ថ្ងៃ ជាមួយ​នឹង​អ្នក​គាំ​ទ្រ។

ទោះ​យ៉ាង​នេះ​ក្តី ក្រុម​អ្នក​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​បាន​ចោទ​ថា​ ព្រះ​អង្គ​បាន​ប្រើ​ប្រាស់​វិធីសាស្ត្រ​គាំទ្រ​តែ​ម្ខាង​សម្រាប់​ប្រជានុរាស្ត្រ​របស់​ព្រះ​អង្គ។

ពួក​គេ​បាន​អំពានាវ​ដល់​ព្រះ​អង្គ​ឲ្យ​គោរព​រដ្ឋ​ធម្មនុញ្ញ បើក​ចំហ​កំណត់ត្រា​ព្រះ​បរមរាជ្យវាំង​ឲ្យ​មាន​ការ​ត្រួត​ពិនិត្យ និង​លុប​ចោល​ច្បាប់​ប្រមាថ​អង្គ​ព្រះ​មហាក្សត្រ ព្រម​ទាំង​បញ្ចប់​ស្ថាប័ន​ដែល​ដឹក​នាំ​ដោយ​ឧត្តមសេនីយ៍​យោធា និង​បក្ស​ពួក​អ្នក​ជំនួញ ដែល​ក្រុម​អ្នក​តវ៉ា​និយាយ​ថា​បាន​ប្រែក្លាយ​ប្រទេស​ថៃ​ឲ្យ​ទៅ​ជា​សង្គម​មួយ​ដែល​អ្នក​ឈ្នះ​ក្ដោប​ក្ដាប់​យក​អ្វីៗ​ទាំង​អស់។

ខណៈ​ពេល​ដែល​អ្នក​តវ៉ា​ និង​រដ្ឋាភិបាល​ហាក់​ដូច​ជា​មិន​ទាន់​ត្រៀម​ខ្លួន​ក្នុង​ការ​ចុះ​ញម​រៀងៗ​ខ្លួន អ្នក​ជំនាញ​ខ្លះ​បារម្ភ​ថា ស្ថានភាព​អាច​នឹង​ប្រែ​ក្លាយ​ជា​អំពើ​ហិង្សា​មិន​យូរ​មិន​ឆាប់។ អំពើ​ហិង្សា​នយោបាយ​នៅ​លើ​ដង​ផ្លូវ​ក្នុង​ទីក្រុង​បាងកក​បាន​បន្សល់​ទុក​អ្នកស្លាប់​ជា​ច្រើន​នាក់​រួចម​ក​ហើយ​ក្នុង​រយៈ​ពេល​១៥​ឆ្នាំ​ចុង​ក្រោយ​នេះ។

លោក Matt Wheeler អ្នក​វិភាគ​ជាន់​ខ្ពស់​ខាងតំបន់​អាស៊ីអាគ្នេយ៍​នៃ​អង្គការ International Crisis Group បាន​ថ្លែង​ថា៖

«ព្រឹត្តិការណ៍​ទាំង​នេះ​ហាក់​ដូច​ជា​កំពុង​នាំ​ទៅ​ដល់​ការ​ប្រឈម​មុខ​ដាក់គ្នា»។

លោក​បន្ត​ថា រដ្ឋាភិបាល​ប្រហែល​ជា​កំពុង​រង​សម្ពាធ​ពី​ក្រុម​អ្នក​បោះ​ឆ្នោត​ដែល​គាំទ្រ​របប​រាជានិយម​សំខាន់ៗ ដែល​ទាម​ទារ​ឲ្យ​មាន​វិធានការ​ម៉ឺងមាត់​ក្នុង​ការ​បញ្ចប់​ការ​រិះ​គន់​លើ​របប​រាជា​និយម ដែល​មាន​សភាព​កាន់​តែ​ខ្លាំង​ឡើងៗ។

លោក​ថ្លែង​បន្ត​ដូច្នេះ​ថា៖

«ប៉ុន្តែ​វា​ពិបាក​នឹង​ឃើញ​មាន​វិធានការ​ដែល​ពួក​គេ​អាច​ប្រើបាន ដើម្បីអាច​បំបាត់​ការ​រិះ​គន់​ដែល​កំពុង​កើន​ឡើង​ផង និង​អាច​បញ្ចៀសផល​អាក្រក់​ត្រឡប់​មក​វិញ​ផង»។

មនុស្ស​ជា​ច្រើន​មើល​ឃើញ​ ការ​បើក​សវនាការ​ដោយ​តុលាការ​ធម្មនុញ្ញ​ប្រឆាំង​នឹង​លោក ប្រាយុទ្ធ ចាន់អូចា នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ ខាង​មុខ​នេះ​ ថា​ជា​វិធី​មួយ​ក្នុង​ការ​រក្សា​មុខ​មាត់​ដើម្បី​ឲ្យ​ស្ថាប័ន​មួយ​នេះ​អាច​ដក​នាយករដ្ឋ​មន្ត្រី​ដែល​មិន​ពេញ​និយម​តាម​ផ្លូវ​ច្បាប់ ជា​ជាង​ធ្វើ​ឡើង​តាម​ការ​ទាម​ទារ​របស់​អ្នក​តវ៉ា​នៅ​តាម​ដង​ផ្លូវ។ សវនាការ​លើ​លោកប្រាយុទ្ធ ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​បំពាន​បន្តិចបន្តួច​ដោយ​សារ​តែ​លោក​បាន​ស្នាក់​នៅ​ក្នុង​និវេសនដ្ឋាន​យោធា បន្ទាប់​ពី​លោក​បាន​ចូល​និវត្ត​ពី​ស្ថាប័ន​យោធា​ហើយ​នោះ។

លោក Khemthong Tonsakulrungruang អ្នក​ជំនាញ​ច្បាប់​រដ្ឋធម្មនុញ្ញ​នៅ​សាកលវិទ្យាល័យ​ Chulalongkorn បាន​ថ្លែង​ថា៖

«ការណ៍​នេះ​អាច​ត្រូវ​គេ​មើល​ឃើញ​ថា​ជា​កាយ​វិកាសម្របសម្រួល​មួយ។ ប៉ុន្តែ ថា​តើ​វា​អាច​បំបាត់​ចលនា​នៅ​លើ​ដង​ផ្លូវ​បាន​ឬ​យ៉ាង​ណា​នោះ វា​ជា​រឿង​មួយ​ទៀត»។

ក្រុម​អ្នក​តវ៉ា​បាន​អំពាវនាវ​ឲ្យ​មាន​កា​រប្រមូល​ផ្ដុំ​គ្នា​តវ៉ា​រយៈ​ពេល​៧​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ពុធ​នេះ រហូត​ដល់​ថ្ងៃ​ទី​២ ខែ​ធ្នូ»៕

XS
SM
MD
LG