ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូលិស​ថៃ​​និង​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ប្រយុទ្ធ​គ្នា​នៅ​​បាងកក


នៅ​ក្នុង​ប្រទេស​ថៃ មាន​មនុស្ស​យ៉ាង​តិច​៤​នាក់​ត្រូវ​សម្លាប់​និង​រាប់​សិប​នាក់​រង​របួស​ខណៈ​ដែល​កង​កម្លាំង​សមត្ថកិច្ច​រដ្ឋាភិបាល​បាន​ចូល​បោស​សម្អាត​ទី​កន្លែង​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាលក្នុង​ទី​ក្រុង​បាងកក។ ការ​ប៉ះទង្គិច​នេះ​កើត​មានឡើង​ខណៈ​ដែល​គណៈកម្មការ​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ​ (NACC) ​បាន​អំពាវនាវ​ឲ្យ​លោក​ស្រី​នាយរដ្ឋមន្ត្រី​ យីងឡាក់ ស៊ីណាវ៉ាត្រា (Yingluck Shinawatra) ឆ្លើយ​សំណួរ​អំពី​តួនាទី​របស់​លោក​ស្រីនៅ​ក្នុង​គម្រោងដ៏​ចម្រូងចម្រាស់​គាំទ្រ​តម្លៃ​ស្រូវ។

ការ​ប៉ះ​ទង្គិច​នៅ​ពេល​ព្រលឹម​ក្នុង​ទី​ក្រុង​បាងកក​កើត​មាន​ឡើង​ខណៈ​ដែល​កម្លាំង​សមត្ថកិច្ច​បាន​ចូល​ទៅ​បោស​សម្អាត​កន្លែង​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​នានា​នៅ​ទូទាំង​ទី​ក្រុង​នេះ ហើយ​ដើម្បី​បើក​ការិយាល័យ​រដ្ឋឡើង​វិញដែល​ត្រូវ​បិទ​ជា​ច្រើ​ន​សប្តាហ៍​មក​ហើយ​ដោយ​សារ​មាន​បាតុកម្ម។

ក្រុម​ប៉ូលិស​បាន​ប្រើ​ប្រាស់​គ្រាប់​បែក​ផ្សែង គ្រាប់​កាំភ្លើង​ជ័រ និង​គ្រាប់​កាំភ្លើង​ពិត ដើម្បី​បំបែក​ក្រុម​បាតុករ​ប្រមាណ​២.០០០​នាក់ ដែល​កាន់កាប់​ទី​លាន​មួយ​នៅ​ជិត​ការិយាល័យ​ផ្លូវការ​របស់​លោកស្រី​នាយករដ្ឋមន្ត្រី​ Yingluck Shinawatra។ ភាគី​ទាំង​សង​ខាង​ត្រូវ​គេ​មើល​ឃើញ​ថា ​ទំនង​បាន​ប្រើ​កំាភ្លើង​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​តាម​ផ្លូវ​សារធារណៈ។

លោក Sunai Pasuk អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​មួយ​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស Human Rights Watch មាន​មូលដ្ឋាន​នៅ​ទី​ក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក និយាយ​ថា​ ការ​បាញ់​តទល់​គ្នា​នេះ​បញ្ជាក់​ថា មាន​ក្រុម​សកម្មប្រយុទ្ធធ្វើ​ការ​បង្កប់​ក្នុង​ចំណោម​ក្រុម​បាតុករ​ដែល​ប្រយុទ្ធ​នឹង​ក្រុម​ប៉ូលិស។

លោក Sunai Pasuk ពន្យល់​ថា៖ «ការ​ទប់ទល់​របស់​ក្រុម​បាតុករ​ហាក់​ដូច​មាន​មាន​ភាព​ខ្លាំងក្លា​ណាស់ ហើយ​នៅ​ពេល​ដែល​ក្រុម​ប៉ូលិស​ប្រើ​គ្រាប់​បែក​ផ្សែង​និង​គ្រាប់​កាំភ្លើង​ជ័រ​ មាន​បាតុករ​ខ្លះ​បានបាញ់​តប​វិញ​ដោយ​ប្រើ​គ្រាប់កាំភ្លើង​ពិត និង​អាវុធ​សម្រាប់​ធ្វើ​សង្គ្រាម​ដូច​ជា​កាំភ្លើង​បាញ់​គ្រាប់បែក M79 ដែល​បាន​បណ្តាល​ឲ្យ​ស្លាប់​ប៉ូលិស​ម្នាក់​និង​របួស​ជា​ច្រើន​នាក់ ហើយ​បាន​បណ្តាល​ឲ្យ​មាន​ការ​ប្រយុទ្ធ​គ្នា​តាម​ទី​ផ្លូវ​សាធារណៈ​រវាង​ភាគី​ទាំង​ពីរ។»

ក្រោយ​ការ​ប្រយុទ្ធ​គ្នា​ដោយ​កាំភ្លើង​ ក្រុម​ប៉ូលិស​បាន​ដក​ថយ​វិញ។ ប៉ុន្តែ​លោក Chalerm Yumbangrung មន្ត្រី​ទទួល​បន្ទុក​ប្រតិបត្តិការ​សន្តិសុខ​ដែល​ទទួល​អនុវត្ត​ក្រឹត្យ​ប្រកាស​អាសន្ន ហើយ​ដែល​លោក​ក៏​ជា​រដ្ឋមន្ត្រី​ក្រសួង​ការងារផង​នោះ ថ្លែង​ថា​ លោក​នឹងជំរុញ​បន្ត​ផែនការ​បោស​សម្អាត​ទី​តាំង​បាតុកម្ម​នានា។

បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​បាន​ចាប់​ផ្តើម​កាល​ពី​ពាក់​កណ្តាល​ខែ​មករា​ នៅ​ក្នុង​យុទ្ធនាការ​រៀបចំ​ដោយ​ក្រុមប្រឹក្សាប្រជាជន​សម្រាប់​កំណែ​ទម្រង់​តាម​បែប​លទ្ធិប្រជាធិបតេយ្យ (PDRC) ដែល​មាន​ទំនាក់ទំនង​ជាមួយ​គណបក្ស​ប្រជាធិបតេយ្យ ដែល​ជា​គណបក្ស​ប្រឆាំង ដើម្បី​បង្ខំ​ឲ្យ​លោកស្រី​យីងឡាក់លាលែង​ពី​តំណែង។

ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ រដ្ឋាភិបាល​ថៃ​បាន​សម្រេច​ចិត្ត​ឲ្យ​មាន​ការ​បោះឆ្នោត​មុន​ចប់​អាណត្តិ​ កាល​ពី​ថ្ងៃ​ទី​២​ខែ​កុម្ភៈ ដែល​ការ​បោះឆ្នោត​នេះ​ត្រូវ​រំខានខ្លះ​ដោយ​ក្រុម PDRC និង​បណ្តាល​ឲ្យមនុស្ស​រាប់​ពាន់​នាក់​មិន​អាច​បោះឆ្នោត​បាន។

ឥឡូវ​នេះ លោក​ស្រី​យីងឡាក់​កំពុង​ប្រឈម​នឹង​បញ្ហា​ថ្មីៗ​ទៀត​ទាក់ទង​នឹង​ការ​ចាត់ចែងរបស់​លោក​ស្រី​ចំពោះ​គម្រោង​ទិញ​ស្រូវមួយ​ ដែល​អ្នក​រិះគន់​ថា មាន​ជាប់​ទាក់ទង​នឹង​អំពើ​ពុករលួយ​និង​ការ​បាត់បង់​លុយ​រាប់​ពាន់​លាន​ដុល្លារ។

កាល​ពី​ថ្ងៃ​អង្គារ គណៈកម្មការ​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ​របស់​ថៃ ហៅ​កាត់​ថា NACC បាន​ចេញ​សេចក្តី​ប្រកាស​ក្រោយ​ពី​បាន​ធ្វើ​ការ​ស៊ីបអង្កេត ថា​នឹង​ដាក់ពាក្យចោទ​ប្រកាន់​ផ្លូវការចំពោះ​លោក​ស្រីយីងឡាក់។

លោក Chris Baker អ្នក​និពន្ធនិង​ជា​អ្នក​អត្ថាធិប្បាយ​មួយ​រូប​អំពី​នយោបាយ​ប្រទេស​ថៃ និយាយ​ថា ប្រព័ន្ធ​តុលាការ​ត្រូវ​គេ​រំពឹង​ថា​នឹង​ដើរ​តួនាទី​សំខាន់​មួយ​នៅ​ក្រុង​ការ​សម្រេច​ជោគវាសនា​របស់​លោកស្រី​នាយករដ្ឋមន្ត្រី។

លោក​ថ្លែង​ថា៖ «ចំណាត់ការ​របស់​តុលាការ​ ជា​ពិសេស​ក្នុង​ករណី​ប្រឆាំង​អំពើ​ពុករលួយ​ចំពោះ​លោកស្រី​យីងឡាក់ រឿង​នេះ​នៅ​តែ​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ហើយ​ទំនង​ក្លាយ​ជា​ផ្នែក​ដ៏​សំខាន់​នៃ​ដំណាក់កាល​ចុង​ក្រោយ។ វា​ទំនង​ណាស់​ថា​នឹង​មាន​រូបមន្ត​«ទុក​មុខ​ឲ្យ​គ្នា»​សម្រាប់​ភាគី​ទាំង​សង​ខាង គឺ​ថា​ថ្វី​បើ​លោក Suthep បាន​បរាជ័យ​ហើយ​ក្តី ក៏​លោកស្រី Yingluck ក៏​ត្រូវ​ដក​ថយ​ដែរ។ ហើយ​អ្វី​ដែល​លំបាក​នៅ​ពេល​នេះ​គឺ​ត្រូវ​រក​រូបមន្ត​មួយ​ដែល​មាន​លក្ខណៈ​ទុកមុខ​ដូច្នេះ​ព្រម​ទាំង​រូបមន្ត​ខាង​ផ្លូវ​ច្បាប់​ដើម្បី​អាច​ធ្វើ​ដូច្នេះ​បាន ជា​អ្វី​ដែល​ស្ថិត​ក្នុង​ក្របខណ្ឌ​រដ្ឋធម្មនុញ្ញ។»

គណៈកម្មការ​ប្រឆាំង​អំពើ​ពុករលួយ បាន​កោះហៅលោក​ស្រី​យីងឡាក់​ឲ្យ​ចូល​បង្ហាញ​ខ្លួន​នៅ​ថ្ងៃ​ទី​២៧​ខែ​កុម្ភៈ​ខាង​មុខ ដើម្បី​ទទួល​ដឹង​ឮ​អំពីបទ​ចោទ​ប្រកាន់។ ឯកសារ​ដែល​ត្រូវបញ្ជូន​ទៅ​តុលាការ​កំពូល​នឹង​តម្រូវ​ឲ្យលោក​ស្រី​នាយករដ្ឋមន្ត្រីដក​ខ្លួន​ចេញ​ពីភារកិច្ច​ការងារ​ជា​នាយរដ្ឋមន្ត្រី​ ប៉ុន្តែ​មិន​តម្រូវ​ឲ្យ​លោស្រី​លាលែង​ពី​តំណែង​ទេ ​រហូត​ដល់ពេលមាន​ចេញ​សាលក្រម​ចុងក្រោយ៕

ប្រែ​សម្រួល​ដោយ សឹង សុផាត

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG