ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈកម្មការ​បោះ​ឆ្នោត​ថៃ​សម្រេច​រៀបចំ​ការ​បោះឆ្នោត​ទោះ​បី​ជា​មាន​ការ​តវ៉ា


អ្នក​បើក​ម៉ូតូ​ម្នាក់​បើក​កាត់​ផ្លាក​យុទ្ធនាការ​របស់​គណបក្ស​ Pheu Thai ដែល​មាន​រូបថត​លោកស្រី Yingluck Shinawatra នៅ​កណ្តាល​ក្រុង​បាងកក កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤។
អ្នក​បើក​ម៉ូតូ​ម្នាក់​បើក​កាត់​ផ្លាក​យុទ្ធនាការ​របស់​គណបក្ស​ Pheu Thai ដែល​មាន​រូបថត​លោកស្រី Yingluck Shinawatra នៅ​កណ្តាល​ក្រុង​បាងកក កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤។
គណៈកម្មការបោះឆ្នោតនៃប្រទេស​ថៃ​ឲ្យ​ដឹង​ថា ខ្លួន​នឹង​រៀប​ចំ ដំណើរការ​បោះ​ឆ្នោតទូទាំង​ប្រទេស​នៅ​ថ្ងៃ​ទី ២ ខែ​កុម្ភៈ ខាង​មុខ​ ទោះ​បី​ជា​មាន​ការ​បារម្ភ​អំពីបញ្ហា​សន្តិសុខ​ ខណៈ​ដែល​ក្រុម​បាតុករ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ប្តេជ្ញា​បិទ​ក្រុង​បាងកក​ចាប់​ពី​ថ្ងៃ​ទី​១៣ ខែមករា​ក៏ដោយ។

គណៈកម្មការ​បោះឆ្នោត​បាន​រៀបចំ​ការ​ពិភាក្សា​ជាមួយ​នឹង​គណបក្ស​សំខាន់ៗ​ដែល​រួម​មាន​គណបក្ស​ ភឿថៃ (Pheu Thai) ដែល​កំពុង​កាន់​អំណាច​ និង​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ជា​គណបក្ស​ប្រឆាំង​ និង​ដែល​កំពុង​ធ្វើ​ពហិការ​ការ​បោះឆ្នោត។ គណៈកម្មការ​បោះឆ្នោត​បាន​ប្រកាស​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ការ​បោះឆ្នោត​នឹង​ត្រូវ​ដំណើរការ​ទៅ​មុខ​តាម​កាល​កំណត់។

ខណៈ​ក្រុម​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​ទប់ស្កាត់​ការ​ចុះឈ្មោះ​បេក្ខជន​ភាគច្រើន​នៅ​ខេត្ត​ភាគ​ខាង​ត្បូង​ ដែល​ជា​ទីតាំង​គាំទ្រ​ចម្បង​របស់​គណបក្ស​ប្រជាធិបតេយ្យ​ បេក្ខជន​៦៤២​នៅ​កន្លែង​ដទៃ​ទៀត​បាន​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត។

គណៈកម្មការ​បោះឆ្នោត​ឲ្យ​ដឹង​ថា បេក្ខជន​១២៣​ ដែល​មិន​បាន​ចុះឈ្មោះ​ពីព្រោះ​គេ​ត្រូវ​បាន​ទប់ស្កាត់​ដោយ​ក្រុម​តវ៉ា​ ត្រូវ​តែ​ធ្វើ​ញ្ញតិ្ត​ទៅ​តុលាការ​កំពូល​ដើម្បី​ចូលរួម​ការ​បោះឆ្នោត។

លោក ប្រាស៊ែង ម៉ុងគុនស៊ីរី (Prasaeng Mongkonsiri) ទីប្រឹក្សា​នៃ​គណបក្ស​កម្លាំង​ប្រជាធិបតេយ្យ ដែលជា​គណបក្ស​មួយ​ក្នុង​ចំណោម​គណបក្ស​ចំនួន​៥០​ដែល​ចុះ​ឈ្មោះ​បោះឆ្នោត​ មាន​ប្រសាសន៍​ថា គណៈកម្មការ​បោះឆ្នោត​សម្រេច​ត្រឹមត្រូវ​ក្នុង​ការ​បន្ត​រៀបចំ​ឲ្យ​មាន​ការ​បោះឆ្នោត។ ក្រោយ​ពី​មាន​ព្រឹត្តិការណ៍​នយោបាយ​ដ៏​ចលាចល​ក្នុង​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ លោក ប្រាស៊ែង មាន​ប្រសាសន៍​ថា គណបក្ស​កាន់​អំណាច​ ភឿថៃ អាច​ត្រូវ​បាន​បង្ខំ​ឲ្យ​ចូលរួម​បង្កើត​រដ្ឋាភិបាល​ចម្រុះ។

«មធ្យោបាយ​ដ៏​ល្អ​បំផុត​គឺ​បន្ត​ឲ្យ​មាន​ការ​បោះឆ្នោត។ យើង​គួរ​តែធ្វើ​ដំណើរ​តាម​រយៈការ​បោះឆ្នោត និង​មិន​បារម្ភអំពី​លទ្ធផល​នៃ​ការ​បោះឆ្នោត។ គណបក្ស​ Pheu Thai ប្រហែល​មិន​មែន​ជា​អ្នក​នាំមុខ​ទេ។ ប្រហែល​គណបក្ស​ធំ​មធ្យម​ជា​អ្នក​នាំមុខ​នៅ​ក្នុង​ការ​បោះឆ្នោត​នេះ»។

ក្រុម​អ្នក​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​បាន​ទាមទារ​ឲ្យ​មាន​ការ​ពន្យារ​ការ​បោះឆ្នោត​ ហើយ​ទាម​ទារ​ឲ្យ​នាយករដ្ឋមន្ត្រី​ យីងឡាក់ ស៊ីណាវ៉ាត្រ (Yingluck Shinawatra) ចុះចេញពី​តំណែង​ដើម្បី​ឲ្យ​ក្រុមប្រឹក្សា​ឯករាជ្យ​ថ្មីធ្វើ​ការ​កែទម្រង់​នយោបាយ។ លោក​ស្រី​ យីងឡាក់ មិន​ព្រម​ចុះ​ចេញ​ពី​តំណែង​ទេ​ ប៉ុន្តែ​បាន​ថ្លែង​ថា ក្រុមប្រឹក្សា​កំណែ​ទម្រង់​អាច​ត្រូវ​បាន​បង្កើត​ក្រោយ​ការ​បោះឆ្នោត​ខែ​កុម្ភៈ។

ចលនា​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ដែលត្រូវ​បាន​ដឹក​នាំ​ដោយ​អតីត​សមាជិក​សភា​ ស៊ូថេព ថាងស៊ុបាន (Suthep Thangsuban) និយាយ​ថា ខ្លួន​មាន​គម្រោង​បិទ​តំបន់​សំខាន់ៗ​នៃ​រាជធានី​បាងកក​ចាប់​ពី​ថ្ងៃ​ទី​១៣ ខែ​មករា ដើម្បី​បង្ខំ​រដ្ឋាភិបាល​ឲ្យ​លាលែង​ពី​តំណែង។

ប៉ុន្តែ​ក្រុម​អ្នក​គាំទ្រ​រដ្ឋាភិបាល​ ដែលដឹកនាំ​ដោយ​រណសិរ្ស​ប្រជាធិបតេយ្យ​ ​ប្រឆាំងនឹង​ភាព​ផ្តាច់ការ​ ដែល​ត្រូ​វបាន​ស្គាល់​ថា​ ក្រុម​អាវ​ក្រហម​ឲ្យ​ដឹង​ថា គេ​នឹង​រៀបចំ​បាតុកម្ម​ប្រឆាំង​តប​វិញ​ ដែល​នាំ​ឲ្យ​មាន​ការ​បារម្ភ​អំពី​ការ​ប៉ះ​ទង្គិច៕

ប្រែសម្រួល​ដោយ អ៊ឹម សុធារិទ្ធ
XS
SM
MD
LG