ចលនាយុវជនដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងប្រទេសថៃកំពុងភ្ជាប់បណ្តាញជាមួយនឹងក្រុមទាហានជើងចាស់ «អាវក្រហម» ដែលជាចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យ និងធ្វើការតស៊ូខ្លាំងបំផុតនៅក្នុងប្រទេសថៃ។ ការណ៍នេះធ្វើឱ្យមានការគំរាមកំហែងខ្លាំងបំផុត ដែលកើតចេញពីការតវ៉ាតាមដងផ្លូវ ប្រឆាំងនឹងការក្តោបក្តាប់អំណាចរបស់លោកនាយករដ្ឋមន្ត្រី Prayuth Chan-ocha ។
ប៉ុន្តែអ្នកជំនាញនិយាយថា ដរាបណាអតីតឧត្តមសេនីយ៍រូបនេះនៅតែរក្សាការគាំទ្រពីក្រុមដែលមានផលប្រយោជន៍ស្នូលក្នុងប្រទេសថៃដែលរួមមានរាជវង្ស យោធា និងអ្នកជំនួញធំៗ លោកទំនងជាមិនធ្លាក់ចេញពីតំណែងនោះទេ ទោះបីជាមានការជំរុញឱ្យដកលោកចេញពីតំណែងខ្លាំងប៉ុនណាក៏ដោយ។
ការតវ៉ាស្ទើរតែរាល់ថ្ងៃ ដែលបញ្ឆេះកំហឹងដោយការដោះស្រាយរបស់រដ្ឋាភិបាលចំពោះការរាតត្បាតជំងឺកូវីដ១៩ និងការធ្លាក់ចុះនៃសេដ្ឋកិច្ចដែលមិនធ្លាប់មានពីមុនមក កំពុងរីកកាន់តែធំឡើងៗ។ នៅពេលព្រលប់ ទីក្រុងបាងកកមានសុទ្ធតែឧស្ម័នបង្ហូរទឹកភ្នែក ខណៈមានការដុតភ្លើងដោយក្រុមអ្នកតវ៉ាដ៏អង់អាចប៉ះទង្គិចជាមួយនឹងប៉ូលិស។
អ្នកជំនាញព្រមានថា អំពើហិង្សាអាចធ្វើឱ្យយោធាចេញមកអន្តរាគមន៍ និងធ្វើឱ្យវិបត្តិនយោបាយនេះកាន់តែធ្លាក់ជ្រៅទៅទៀតនៅក្នុងប្រទេសដែលមានភាពមិនច្បាស់លាស់មួយនេះ។
មនុស្សរាប់ម៉ឺននាក់ចូលរួមក្នុងការហែក្បួនបាតុកម្មដោយប្រើរថយន្តហៅថា «car mob» នៅទូទាំងប្រទេស ដោយទាមទារឱ្យលោក Prayuth ចុះចេញពីតំណែង។ ក្បួនបាតុកម្មនេះជិះឆ្លងកាត់ទីក្រុងបាងកក និងតំបន់ជនបទនៅភាគខាងជើង និងភាគឦសាននៃប្រទេសថៃ ដែលជាទឹកដីរបស់ក្រុម «អាវក្រហម»។
អ្នកដឹកនាំនៅក្នុងទីក្រុងបាងកកគឺលោក Nattawut Saikuar អតីតវីរជនក្រុមអាវក្រហម ដែលបានយកអ្នកដើរតាមលោកពីមុនៗឱ្យធ្វើជាមេដឹកនាំនៃ «បណ្តាញបណ្តេញលោក Prayuth» ថ្មីមួយ រួមជាមួយនឹងអ្នកតវ៉ាវ័យក្មេងដែលគេហៅថា «ក្មេងជំនាន់ Gen Z» រាប់ពាន់នាក់ផ្សេងទៀត។
លោក Nattawut បានថ្លែងប្រាប់ VOA ក្នុងសម្តីដើមថា «នេះជាការរួមកម្លាំងគ្នារវាងមនុស្សពីរជំនាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងសត្រូវរួម»។
ចលនាអាវក្រហមបានចាប់ផ្តើមនៅក្នុងឆ្នាំ២០០៨ដោយសារការខឹងសម្បាចំពោះរដ្ឋាភិបាលដែលត្រូវបានតែងតាំងបន្ទាប់ពីមានរដ្ឋប្រហារទម្លាក់លោកនាយករដ្ឋមន្ត្រី Thaksin Shinawatra។
ប៉ុន្មានឆ្នាំក្រោយមក ការតវ៉ារបស់ពួកគេត្រូវបានបង្ក្រាបដោយការបង្ហូរឈាមរបស់យោធាដែលដឹកនាំដោយលោក Prayuth។
នៅក្នុងឆ្នាំ២០១៤ ក្នុងនាមជាអគ្គមេបញ្ជាការយោធា លោក Prayuth បានដឹកនាំធ្វើរដ្ឋប្រហារមួយទៀតដោយទម្លាក់រដ្ឋាភិបាលជាប់ឆ្នោត ដែលដឹកនាំដោយលោកស្រី Yingluck Shinawatra ដែលជាប្អូនរបស់លោក Thaksin។ ក្រុមអាវក្រហមត្រូវបង្ខំចិត្តដកថយ។
លោក Nattawut បានបន្ថែមក្នុងសម្តីដើមថា «មនុស្សវ័យក្មេងទាំងនេះកំពុងគ្រប់គ្រងស្ថានការណ៍»។
គំនិតនយោបាយថ្មី
ក្រុមយុវជនជំនាន់ Gen Z ក្នុងប្រទេសថៃដែលខឹងសម្បា តវ៉ានិងយកបណ្តាញសង្គមជាអាវុធនោះ បានប្រឆាំងនឹងរចនាសម្ព័ន្ធអំណាចទាំងបីសំខាន់ៗរបស់ថៃដែលមិនធ្លាប់មានពីមុនមក ដោយទាមទារឱ្យលោក Prayuth ចុះចេញពីតំណែង និងតាក់តែងរដ្ឋធម្មនុញ្ញថ្មីដើម្បីដកយោធាចេញពីនយោបាយជារៀងរហូត និងជាពិសេសធ្វើកំណែទម្រង់របបរាជានិយមដ៏មានអំណាច។
នៅពេលនាងកំពុងបាញ់ថ្នាំដោយសរសេរពាក្យថា «Prayuth ចុះចេញទៅ» នៅលើផ្លូវ យុវតី Pop វ័យ២៥ឆ្នាំម្នាក់ដែលចូលរួមការតវ៉ាបាននិយាយថា «និយាយឱ្យស្មោះត្រង់ទៅ មុនរដ្ឋប្រហាររបស់លោក Prayuth ខ្ញុំគ្រាន់តែជាក្មេងសិស្សសាលាធម្មតាម្នាក់ប៉ុណ្ណោះ»។
នាងបន្ថែមថា «ប៉ុន្តែនៅពេលវេលាដើរទៅមុខ អ្នកចាប់ផ្តើមដឹងថា នយោបាយប៉ះពាល់ដល់យើងគ្រប់គ្នា។ នោះហើយជាពេលដែលខ្ញុំចាប់ផ្តើមទៅតវ៉ានៅតាមដងផ្លូវ និងចូលរួមក្នុងចលនានេះដើម្បីទាមទារឱ្យរដ្ឋាភិបាលនេះចុះចេញ»។
អ្នកជំនាញនិយាយថា ក្រុមរាជានិយមថៃយល់ថា លោក Prayuth នៅតែជាផ្នែកដ៏សំខាន់មួយនៃរចនាសម្ព័ន្ធអំណាចដែលត្រូវបង្កើតដោយប្រុងប្រយ័ត្នដើម្បីកម្ចាត់មេដឹកនាំស៊ីវិលដែលមានប្រជាប្រិយភាពដូចជាគ្រួសារមហាសេដ្ឋីរបស់លោក Shinawatras ចេញពីអំណាច និងមិនអាចឱ្យរាជវង្សរងការរិះគន់ ហើយនិងក៏មិនឱ្យគ្រួសារមហាសេដ្ឋីគ្រប់គ្រងសេដ្ឋកិច្ចដែរ។
លោក Kanokrat Lertchoosakul អ្នកវិទ្យាសាស្ត្រនយោបាយបានប្រាប់ VOA ថា «លោក Prayuth ឥឡូវនេះមិនត្រឹមតែការពារតំណែងរបស់លោកនោះទេ ប៉ុន្តែក៏ការពារផលប្រយោជន៍របស់ក្រុមដែលទទួលផលពីសកម្មភាពប៉ុន្មានឆ្នាំមុនដែរ»។
នេះមានន័យថា លោក Prayuth ទំនងជាមិនចុះចាញ់នោះទេ មិនថាមានអ្វីកើតឡើងនៅតាមដងផ្លូវនោះទេ ទោះបីជាមានការរាតត្បាតជំងឺកូវីដ១៩ដែលសម្លាប់មនុស្សជាច្រើនជារៀងរាល់ថ្ងៃ អត្រាចាក់វ៉ាក់សាំងទាប និងការព្យាករណ៍ពីការធ្លាក់ចុះនៃសេដ្ឋកិច្ចក្តី»។
លោក Nidhi Eoseewong អ្នកប្រវត្តិសាស្ត្រដ៏ល្បីមួយរូបបាននិយាយក្នុងពេលមានបាតុកម្ម car mob ថា «ក្រុមឥស្សរជនត្រូវរក្សាលោក (Prayuth)ឱ្យកាន់តំណែងនេះ»។
លោក Nidhi Eoseewong ថ្លែងក្នុងសម្តីដើមថា «លោក Prayuth ដឹងច្បាស់ណាស់ថា វាមិនមែនជាបញ្ហាថាតើលោកចុះពីតំណែងឬអត់ទេ។ វាអាស្រ័យលើក្រុមមានអំណាចនៅពីក្រោយលោកដែលនឹងសម្រេចចិត្ត»។
ដោយមិនមានការខ្លាចរអា អ្នកតវ៉ាវ័យក្មេងបានទាមទារឱ្យលោកចុះចេញពីតំណែងជាងមួយឆ្នាំមកហើយ។
ពួកគេក៏ចូលរួមនៅលើកម្មវិធីទូរសព្ទដែលមានឈ្មោះថា Clubhouse ដែលការពិភាក្សាដែលរៀបចំដោយលោក Thaksin វ័យ៧២ឆ្នាំ ពីកន្លែងដែលលោកភៀសខ្លួននៅបរទេស ទោះបីជាពួកគេភាគច្រើននៅក្មេងពេកមិនចាំមហាសេដ្ឋីរូបនេះក្តី»។
ការអំពាវនាវរបស់លោកដល់យុវជនបានធ្វើឱ្យមានការមកតវ៉ាជាថ្មីម្តងទៀត ជាពិសេសនៅពេលសេដ្ឋកិច្ចដាំក្បាលចុះក្រោមកាន់តែខ្លាំង ហើយរដ្ឋាភិបាលមិនមានសាច់ប្រាក់ និងគំនិតអ្វីថ្មី។
លោក Kanokrat បានព្រមានថា ប៉ុន្តែមិនដូចអ្នកស្មោះស្ម័គ្រពីមុនៗទេ យុវជនជំនាន់ «Gen Z» មាន «គំនិតនយោបាយថ្មី» ដោយលោកបានពន្យល់ថា ពួកគេនឹងមិនគាំទ្រមេដឹកនាំដែលលេងល្បែងចាស់ដែលខាតបង់ដល់ការទាមទាររបស់ពួកគេនោះទេ។
លោកKanokrat ថ្លែងក្នុងសម្តីដើមថា «ប្រសិនបើយើងមិនស្តាប់ និងប្រែក្លាយពួកគេទៅជាធនធានមនុស្សដ៏មានសក្តានុពលសម្រាប់អនាគតទេនោះ យើងកំពុងប្រែក្លាយពួកគេទៅជាសត្រូវរបស់រដ្ឋ»៕