មហាសេដ្ឋីថៃដែលគាំទ្រលទ្ធិប្រជាធិបតេយ្យលោក Thanathorn Jungroongruangkit កាលពីល្ងាចថ្ងៃពុធ បានការពារការចោទសួររបស់លោកចំពោះក្រុមហ៊ុនវ៉ាក់សំាងដែលជាកម្មសិទ្ធិរបស់ព្រះមហាក្សត្រ បន្ទាប់ពីលោកត្រូវបានគេចោទប្រកាន់ក្នុងថ្ងៃនោះជាច្រើនករណីពីបទប្រមាថព្រះមហាក្សត្រ។
កាលពីព្រឹកថ្ងៃពុធ រដ្ឋាភិបាលថៃបានចោទប្រកាន់ជាច្រើនករណីថា លោក Thanathron បានរំលោភច្បាប់បរិហារកេរ្តិ៍រាជវង្ស តាមរយ:ការរិះគន់យុទ្ធសាស្ត្រចែកចាយវ៉ាក់សំាងរបស់ប្រទសថៃ នៅវីដេអូផ្សាយផ្ទាល់តាម Facebook។
ការចោទប្រកាន់ទំាងនេះកើតឡើង នៅពេលដែលថ្នាក់ដឹកនាំថៃព្យាយាមបង្ក្រាបការរិះគន់យ៉ាងខ្លាំងមកលើព្រះមហាក្សត្រ និងច្បាប់ហាមប្រមាថព្រះមហាក្សត្រ (lèse-majesté law)។
ការចោទលោក Thanathorn គ្រាន់តែជាករណីចុងក្រោយនៃករណីជាច្រើនដែលកើតឡើងក្នុងរយ:ពេលប៉ុន្មានសប្ដាហ៍នេះ ដោយអ្នករាជានិយមព្យាយាមបំបែកចលនាប្រឆាំងរដ្ឋាភិបាល ដែលធ្វើឲ្យមានការរិះគន់ជាសាធារណ:មិនធ្លាប់មានពីមុនមក នៅក្នុងព្រះរាជាណាចក្រនេះអំពីទ្រព្យសម្បត្តិនិងឥទ្ធិពលក្នុងឆាកនយោបាយរបស់ព្រះមហាក្សត្រ។ ពួកគេអំពាវនាវឲ្យដាក់ព្រះបរមរាជរំាងក្រោមរដ្ឋធម្មនុញ្ញ។
តុលាការថៃទើបបានកាត់ទោសអ្នកស្រី Anchan Preelert ដែលជាអតីតមន្ត្រីរាជការម្នាក់ឲ្យជាប់ពន្ធនាគារជាង ៤៣ឆ្នាំ ពីបទចែករំលែកឯកសារសំឡេងមួយដែលប្រមាថព្រះមហាក្សត្រ។
នេះជាទោសជាប់ពន្ធនាគារយូរឆ្នាំបំផុតដែលត្រូវកាត់ក្រោមច្បាប់ហាមប្រមាថព្រះមហាក្សត្រ (lèse-majesté law) ដែលធ្លាប់មានហើយវាត្រូវបានគេមើលឃើញថាជាការព្រមានដល់ក្រុមអ្នកតវ៉ាវ័យក្មេង ដែលភាគច្រើនបានចេញមកតវ៉ាតាមផ្លូវចាប់តំាងពីឆ្នាំមុន ដើម្បីឲ្យបញ្ឈប់ការវាយប្រហារដ៏អង់អាចរបស់ពួកគេមកលើព្រះមហាក្សត្រ។
លោក Thanathorn ត្រូវហាមប្រាមមិនឲ្យធ្វើនយោបាយដោយតុលាការថៃ ហើយគណបក្សអនាគតថ្មី ឬ Future Forward របស់លោកបានបំបែក គឺមិនដល់មួយឆ្នំាផងបន្ទាប់បក្សដ៏ថ្មីស្រឡាងមួយនេះទទួលបានសន្លឹកឆ្នោត ៦លានសំឡេង ដែលភាគច្រើនបានពីអ្នកបោះឆ្នោតវ័យក្មេង នៅក្នុងការបោះឆ្នោតឆ្នាំ ២០១៩៕