ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរថៃអំពាវនាវដល់ពលរដ្ឋខ្លួនប្រុងប្រយ័ត្នអំពីការបោកប្រាស់ការងារនៅកម្ពុជា


រូបឯកសារ៖ រូបថតដែលចែកចាយដោយប៉ូលិសថៃកាលពីថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២២ បង្ហាញមេបញ្ជាការប៉ូលិសថៃនិយាយជាមួយជនរងគ្រោះដែលត្រូវបានសង្គ្រោះពីភ្នំពេញនៃប្រទេសកម្ពុជា ដែលពាក់ព័ន្ធនឹងករណីបង្ខាំងឲ្យធ្វើការ។ (Thai Police/ Handout via REUTERS)
រូបឯកសារ៖ រូបថតដែលចែកចាយដោយប៉ូលិសថៃកាលពីថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២២ បង្ហាញមេបញ្ជាការប៉ូលិសថៃនិយាយជាមួយជនរងគ្រោះដែលត្រូវបានសង្គ្រោះពីភ្នំពេញនៃប្រទេសកម្ពុជា ដែលពាក់ព័ន្ធនឹងករណីបង្ខាំងឲ្យធ្វើការ។ (Thai Police/ Handout via REUTERS)

ស្ថានទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា​បាន​អំពាវ​នាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្លួន​មាន​ការប្រុង​ប្រយ័ត្ន​នៅ​ក្នុង​ការ​មក​ធ្វើ​ការ​នៅ​ប្រទេស​កម្ពុជា ខណៈ​មាន​ជន​រងគ្រោះ​ជា​ជន​ជាតិ​ថៃ​ជា​ច្រើន​ត្រូវ​បាន​បង្ខំ​ឱ្យ​ធ្វើការ​នៅ​កន្លែង​ជើង​កាង​ប្រើប្រាស់​ទូរស័ព្ទ​ដើម្បី​បោក​បញ្ឆោត​ ឬ​ហៅ​ថា​Call-centre gangs។ ​នេះ​បើ​តាម​សារ​ដែល​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​ថៃ​កាល​ពី​ពេល​ថ្មីៗ​នេះ។​

ស្ថានទូត​ថៃ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា៖ ​«ប្រជាជន​ថៃ​ដែល​ចង់​មក​ធ្វើការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​គួរ​តែ​ពិនិត្យ​មើល​ព័ត៌មាន​ឱ្យ​បាន​ច្បាស់​លាស់​អំពី​ក្រុមហ៊ុន​ដែល​ពួកគេ​នឹង​ដាក់​ពាក្យ​ធ្វើការ»។​

ស្ថានទូត​ថៃ​បន្ថែម​ថា ប្រសិន​បើ​ពលរដ្ឋ​ថៃ​ត្រូវ​បាន​និយោជក​រត់​ពន្ធ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា ​ពួកគេ​ច្បាស់​ជា​ត្រូវ​បង្ខំ​ឱ្យ​ធ្វើការ​ឱ្យ​ក្រុម​ជើងកាង​ខុស​ច្បាប់។​ បើ​តាម​ស្ថានទូត​ថៃ​ដើម្បី​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ ប្រជាជន​ថៃ​គួរ​តែ​ចាក​ចេញ​ពី​ប្រទេស​ថៃ​ ហើយ​ចូល​ទៅ​ក្នុង​ប្រទេស​គោលដៅ​ដោយ​ស្រប​ច្បាប់​ ហើយ​បន្ទាប់​មក​ស្វែង​រក​បណ្ណ​ការងារ​ពី​ប្រទេស​ម្ចាស់​ផ្ទះ។​

កាល​ពី​ចុង​ខែ​ធ្នូ ​ឆ្នាំ​ ២០២៣​ សារ​ព័ត៌មាន​ថៃ​ ឈ្មោះ ​The Nation ​បាន​ចេញ​ផ្សាយ​អត្ថបទ​មួយ​ថា​ ជនជាតិ​ថៃ​ ៩ ​នាក់ ​បាន​រត់​ចេញ​ពី​កាស៊ីណូ​នៅ​ទីក្រុង​ប៉ោយប៉ែត ​ដើម្បី​គេច​ពី​ការ​បង្ខាំង​និង​ការ​បង្ខំ​ឱ្យ​ហៅ​ទូរស័ព្ទ​បោក​បញ្ឆោត​ជនជាតិ​ថៃ​ដូច​គ្នា។​ ជនជាតិ​ថៃ ​៩​ នាក់ ​ក្នុង​នោះ​មាន​ស្រ្តី​ម្នាក់​ បាន​ដុត​ភ្លើង​នៅ​កាស៊ីណូ​មួយ​ឈ្មោះ​ Puli​ ដើម្បី​គេច​ចេញ​ពី​អគារ​ដែល​គ្រប់​គ្រង​ដោយ​ក្រុម​ជើងកាង។ ​តម្រួត​ថៃ​បាន​ជួយ​ជនជាតិ​ថៃ​ទាំង​ ៩ ​នាក់​នោះ​នៅ​ក្បែរ​ច្រក​ព្រំដែន​ក្នុង​ខេត្ត​សាកែវ ​ក្រោយ​ពួក​គេ​រត់​គេច​ចេញ​ពី​កាស៊ីណូ។ ​ពួក​គេ​ភាគ​ច្រើន​មាន​ស្នាម​របួស​ធ្ងន់​ធ្ងរ​នៅ​លើ​ដៃ ​ជើង​ និង​ខ្លួន​ ហើយ​ខ្លះ​មាន​ស្នាម​ជាំ​ពេញ​ខ្លួន។ ​នេះ​បើ​តាម​អត្ថបទ​ដែល​បាន​ដក​ស្រង់​សម្តី​តម្រួត​ថៃ។​

ប៉ុន្តែ​អាជ្ញាធរ​កម្ពុជា​បាន​បដិសេធ​ថា​ មិន​មាន​ការ​បង្ខំ​មនុស្ស​ឱ្យ​ធ្វើការ​ដើម្បី​បោក​បញ្ឆោត​ជនជាតិ​ថៃ ​និង​បង្ខាំង​មនុស្ស​ទុក ​ដូច​ការ​ចុះ​ផ្សាយ​របស់​សារ​ព័ត៌មាន​ថៃ​ឡើយ។ ​នគរបាល​កម្ពុជា​បញ្ជាក់​ថា​ ជន​ជាតិ​ថៃ​មាន​របួស​ស្នាម​លើ​ខ្លួន​ ប្រហែល​ដោយ​សារតែ​ពួកគេ​ឡើង​របង​កាស៊ីណូ​ដែល​មាន​បន្លា ​មិន​មែន​ជា​ការ​វាយ​ដំឡើយ។​

អ្នកស្រី ​ជូ ប៊ុនអេង​ អនុ​ប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស ​ ប្រាប់​វីអូអេ​ថា​ ការ​ចេញ​សេចក្តី​ថ្លែង​ការណ៍​របស់​ស្ថានទូត​ថៃ​ជា​សិទ្ធិ​របស់​គេ​ និង​ថា​ អាជ្ញាធរ​កម្ពុជា​តែង​ចុះ​ពិនិត្យ​មើល ​និង​បង្រ្កាប ​នៅ​ពេល​មាន​សេចក្តី​រាយ​ការណ៍ ​ឬ​ក៏​ពាក្យ​បណ្តឹង។​

អ្នកស្រី​ថ្លែង​ថា៖​ «វា​ជា​ការ​ល្អ​ បើ​សិន​ជា​ពលរដ្ឋ​ថៃ​ គាត់​មិន​ចូល​មក​ធ្វើការ​នៅ​កម្ពុជា​ ពីព្រោះ​ថា​ បច្ចុបន្ន​នេះ ​បទ​ល្មើស​ដែល​កើត​មាន​នៅ​កម្ពុជា ​យើង​មិន​ដែល​បណ្តោយ​ឱ្យ​វា​នៅ​កើត​មាន​បន្ត​ទៀត​ទេ ​ឱ្យតែ​មាន​សេចក្តី​រាយ​ការណ៍​ឬ​ក៏​ឱ្យ​តែ​មាន​បណ្តឹង​ណា​មួយ​មក​ដល់​ យើង​តែង​តែ​ធ្វើ​ប្រតិបត្តិ​ការ»។​

បើ​តាម​មន្ត្រី​ជាន់​ខ្ពស់​រូប​នេះ​ រាល់​ករណី​ទាំង​អស់​មិន​មែន​សុទ្ធ​តែ​ជា​ជន​រងគ្រោះ​នោះ​ទេ ​និង​ថា​ ករណី​ខ្លះ​ជា​ការ​បំភាន់​ភ្នែក​ដើម្បី​បង្ខូច​កេរ្តិ៍​ឈ្មោះ​របស់​ប្រទេស​កម្ពុជា។​

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ លោក ​អំ សំអាត​ ប្រាប់​វីអូអេ​ថា​ មាន​សេចក្តី​រាយ​ការណ៍​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​ការ​ជួញ​ដូរ​មនុស្ស​និង​ការ​បង្ខាំង​មនុស្ស​ទុក​នៅ​កម្ពុជា​ ដែល​លោក​ថា​ នេះ​បង្ក​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​កម្ពុជា ​ជាពិសេស​ដល់​វិស័យ​ទេស​ចរណ៍។​

លោក​ថ្លែង​ថា៖​ «ដូច្នេះ​កម្ពុជា​ត្រូវ​តែ​ពង្រឹង​បន្ថែម​នូវ​យន្តការ​ដើម្បី​ធ្វើ​ការ​ទប់​ស្កាត់​និង​ការ​បង្ក្រាប​ទៅ​លើ​ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ ការ​ចាប់​ជំរិត​ និង​បទ​ល្មើស​បច្ចេកវិទ្យា​ផ្សេងៗ​ទៀត ​ដែល​កើត​ឡើង​តាម​ប្រព័ន្ធ​ឌីជីថល​ ឬ​ក៏​អ៊ីនធឺណិត​ដើម្បី​ឱ្យ​មាន​លក្ខណៈ​ល្អ​ប្រសើរ ​និង​មាន​ទំនុក​ទុក​ចិត្ត​ឡើង​វិញ»។

បើ​តាម​លោក​ អំ សំអាត ​រាល់​ព័ត៌មាន​ដែល​ត្រូវ​បាន​ផ្សព្វ​ផ្សាយ ​អាជ្ញាធរ​កម្ពុជា​មិន​គួរ​បដិសេធ​ភ្លាមៗ​ឡើយ ​ប៉ុន្តែ​ត្រូវ​ធ្វើការ​ស៊ើប​អង្កេត​ជា​មុន។​

ក្នុង​អំឡុង​ពេល​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩​ ខ្លាំង​ក្លា​ ប្រទេស​កម្ពុជា​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​កន្លែង​បោក​បញ្ឆោត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ (Scam)​ ដោយ​ប្រើ​ប្រាស់​កម្លាំង​ពល​កម្ម​បរទេស​ រហូត​មាន​សេចក្តី​រាយ​ការណ៍​អំពី​ការ​បង្ខាំង​ទុក​ពួក​គេ​មិន​ឱ្យ​មាន​សេរី​ភាព ​ការ​ធ្វើ​ទារុណ​កម្ម ​និង​ការ​ជំរិត​ទារ​ប្រាក់​ជា​ដើម។ ​ឧក្រិដ្ឋ​ជន​ដែល​ភាគ​ច្រើន​ជា​ជន​បរទេស ​បាន​ជួល​អគារ ​ឬ​ទីតាំង​ពី​អ្នក​ជំនួញ​ដែល​ជា​ជន​ជាតិ​ខ្មែរ​ដើម្បី​ប្រព្រឹត្ត​អំពើ​ទាំង​នោះ៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG