បន្ទាប់ពីស៊ើបអង្កេត មន្រ្តីជាន់ខ្ពស់នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃសុក្រនេះ បានអះអាងថា ករណីជនជាតិថៃ ៩ នាក់ រត់ចេញពីកាស៊ីណូនៅក្រុងប៉ោយប៉ែត ដោយសារតែមានជម្លោះជាមួយថៅកែជនជាតិចិនពីរនាក់។
ក្នុងបទសម្ភាសន៍ជាមួយវីអូអេ លោក សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបដិសេធថា មិនមានការបង្ខំមនុស្សឱ្យធ្វើការ ដើម្បីបោកបញ្ឆោតជនជាតិថៃ និងបង្ខាំងមនុស្សទុក ដូចការចុះផ្សាយរបស់សារព័ត៌មានថៃឡើយ។ លោកបន្ថែមថា ជនជាតិថៃមានរបួសស្នាមលើខ្លួន ប្រហែលដោយសារតែពួកគេឡើងរបងកាស៊ីណូដែលមានបន្លា មិនមែនជាការវាយដំឡើយ។
លោកបញ្ជាក់ថា៖ «តែដោយឡែកជុំវិញរឿងដែលប្អូនសួរហ្នឹងគឺគាត់អត់មានការធ្វើទារុណកម្មឬក៏បង្ខាំង ឬក៏យកទៅធ្វើអីដូចជាការចុះផ្សាយនោះទេ»។
លោកស្នងការបញ្ជាក់ថា ជនជាតិថៃទាំងនោះចូលមកកម្ពុជាដោយខុសច្បាប់ ដោយសារតែមិនមានការកត់ត្រានៅច្រកអន្តរជាតិឡើយ។
វីអូអេបានទាក់ទងទៅលោក កែវ វ៉ាន់ថន អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ប៉ុន្តែលោកថា មិនដឹងអំពីរឿងនេះទេ។
សារព័ត៌មានថៃ ឈ្មោះ The Nation បានចេញផ្សាយអត្ថបទមួយកាលពីថ្ងៃអង្គារ ថា ជនជាតិថៃ ៩ នាក់បានរត់ចេញពីកាស៊ីណូនៅទីក្រុងប៉ោយប៉ែតដើម្បីគេចពីការបង្ខាំងនិងការបង្ខំឱ្យហៅទូរស័ព្ទបោកបញ្ឆោតជនជាតិថៃដូចគ្នា។ ជនជាតិថៃ៩ នាក់ ក្នុងនោះមានស្រ្តីម្នាក់ បានដុតភ្លើងនៅកាស៊ីណូមួយឈ្មោះ Puli ដើម្បីគេចចេញពីអគារដែលគ្រប់គ្រងដោយក្រុមជើងកាង។
តម្រួតថៃបានជួយជនជាតិថៃទាំង ៩ នាក់នោះនៅក្បែរច្រកព្រំដែនក្នុងខេត្តសាកែវ កាលពីថ្ងៃចន្ទ ក្រោយពួកគេរត់គេចចេញពីកាស៊ីណូ។ ពួកគេភាគច្រើនមានស្នាមរបួសធ្ងន់ធ្ងរនៅលើដៃ ជើង និងខ្លួន ហើយខ្លះមានស្នាមជាំពេញខ្លួន។ នេះបើតាមអត្ថបទដែលបានដកស្រង់សម្តីតម្រួតថៃ។
គួរបញ្ជាក់ថា ក្នុងអំឡុងពេលមានការរាតត្បាតជំងឺកូវីដ១៩ ខ្លាំងក្លា ប្រទេសកម្ពុជាត្រូវបានប្រើប្រាស់ជាកន្លែងបោកបញ្ឆោតតាមប្រព័ន្ធអ៊ីនធឺណិត (Scam) ដោយប្រើប្រាស់កម្លាំងពលកម្មបរទេស រហូតមានសេចក្តីរាយការណ៍អំពីការបង្ខាំងទុកពួកគេមិនឱ្យមានសេរីភាព ការធ្វើទារុណកម្ម និងការជំរិតទារប្រាក់ជាដើម។ ឧក្រិដ្ឋជន ដែលភាគច្រើនជាជនបរទេស បានជួលអគារ ឬទីតាំងពីអ្នកជំនួញដែលជាជនជាតិខ្មែរដើម្បីប្រព្រឹត្តអំពើទាំងនោះ៕