ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នគរបាលកម្ពុជាថាមិនមានការបង្ខាំងជនជាតិថៃនៅកាស៊ីណូក្រុងប៉ោយប៉ែតឡើយ


រូបដកស្រង់ពីគេហទំព័រ The Nation របស់​ប្រទេសថៃ បង្ហាញ​មន្ត្រីថៃ​សន្ទនា​ជាមួយ​ជនជាតិ​ថៃ​ដែល​បាន​រត់​គេច​ខ្លួន​ពី​កាស៊ីណូ​មួយ​នៅ​ប្រទេស​កម្ពុជា។ (Web Screenshot)
រូបដកស្រង់ពីគេហទំព័រ The Nation របស់​ប្រទេសថៃ បង្ហាញ​មន្ត្រីថៃ​សន្ទនា​ជាមួយ​ជនជាតិ​ថៃ​ដែល​បាន​រត់​គេច​ខ្លួន​ពី​កាស៊ីណូ​មួយ​នៅ​ប្រទេស​កម្ពុជា។ (Web Screenshot)

មន្រ្តី​ជាន់​ខ្ពស់​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយ​មានជ័យ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​បាន​បដិសេធ​ការ​អះអាង​របស់​អាជ្ញាធរ​ថៃ ​និង​សារព័ត៌មាន​ថៃ ​ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​ថា​ ជន​ជាតិ​ថៃ​ ៩​ នាក់​ បាន​រត់​គេច​ចេញ​ពី​កាស៊ីណូ​មួយ​នៅ​ក្រុង​ប៉ោយប៉ែត ​ដោយ​សារ​តែ​មាន​ការ​បង្ខាំង​និង​ចាប់​បង្ខំ​ពួកគេ​ឱ្យ​ឆបោក​ជនជាតិ​ថៃ។​

ក្នុង​បទ​សម្ភាសន៍​ជាមួយ​វីអូអេ ​ស្នងការ​នគរបាល​ខេត្ត​បន្ទាយ​មានជ័យ ​លោក ​សិទ្ធិ ឡោះ ​ថ្លែង​ថា​ ក្រោយ​ការ​ចុះ​ស្រាវ​ជ្រាវ​ នគរបាល​មិន​ទាន់​រក​ឃើញ ​ដូច​ការ​ចុះ​ផ្សាយ​ឬ​ការ​អះអាង​របស់​អាជ្ញាធរ​ថៃ​ឡើយ។​ ស្នងការ​នគរបាល​រូប​នេះ​លើក​ឡើង​ថា​ ជនជាតិ​ថៃ​ទាំង​នោះ​ឆ្លង​ដែន​ខុស​ច្បាប់​ ចូល​ប្រទេស​កម្ពុជា ​ព្រោះ​មិន​មាន​កំណត់​ត្រា​ចេញ​ចូល​នៅ​តាម​ច្រក​ព្រំ​ដែន​អន្តរ​ជាតិ​ណា​មួយ​ឡើយ។ ​លោក​បដិសេធ​ថា​ មិន​មាន​ការ​ដុត​កាស៊ីណូ ​ដូច​អ្វី​ដែល​ខាង​ជន​ជាតិ​ថៃ​លើក​ឡើង​ទេ ​ដោយ​ពួកគេ​គ្រាន់​តែ​ធ្វើ​ឱ្យ​មាន​ផ្សែង​តែ​ប៉ុណ្ណោះ។​

លោក​បញ្ជាក់​ថា៖​ «អាហ្នឹង​ជា​ចម្លើយ​របស់​គាត់​(ជនជាតិ​ថៃ)​ បើ​ខាង​ខ្ញុំ​នេះ​ យើង​រក​សញ្ញា​ណា​មិន​ទាន់​មាន​ដូច​អ្វី​ដែល​គាត់​ថា​ទេ។​ អាហ្នឹង​ជា​ព័ត៌មាន​ខាង​គាត់​ណា​ប្អូន។ ​អ៊ីចឹង​យើង​អាច​ស្រាវជ្រាវ​ព័ត៌មាន​ខាង​នេះ​(កម្ពុជា)។​ អ៊ីចឹង​លទ្ធផល​ខាង​នេះ​ដូច​ខ្ញុំ​បាន​ជម្រាប​ជូន​ប្អូន​អ៊ីចឹង!​ បឋម​មិន​ទាន់​មាន​ករណី​ដុត​ មាន​ករណី​អី​ដូច​គាត់​ថា​ទេ។ ​ដោយ​សារ​អី?​ ការ​ដែល​គាត់​មក​ហ្នឹង​ក៏​គាត់​មិន​បាន​ចូល​មក​ដោយ​ស្រប​ច្បាប់​ដែល​យើង​(មិន​អាច)​ធានា​បាន​នូវ​សុវត្ថិ​ភាព​ និង​សន្ដិសុខ​ជូន​គាត់​ទេ​ណា៎។​ ហើយ​គាត់​ចេញ​ទៅ​វិញ​ក៏​មិន​ស្រប​ច្បាប់​…​មិន​ដឹង​ថា​ចេញ​ផ្លូវ​ណា​ផង»។​

សារ​ព័ត៌មាន​ថៃ​បាន​ចុះ​ផ្សាយ​ថា​ ជនជាតិ​ថៃ​ ៩​ នាក់​បាន​រត់​ចេញ​ពី​កាស៊ីណូ​មួយ​ដែល​មាន​ទីតាំង​នៅ​ទីក្រុង​ប៉ោយប៉ែត​ ​ដើម្បី​គេច​ពី​ការ​បង្ខាំង​និង​ការ​បង្ខំ​ឱ្យ​ហៅ​ទូរស័ព្ទ​បោក​បញ្ឆោត​ជនជាតិ​ថៃ​ដូច​គ្នា។ ​នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារ​ព័ត៌មាន​ថៃ​ឈ្មោះ ​The Nation ​ដែល​បាន​ចេញ​ផ្សាយ​អត្ថបទ​មួយ​កាល​ពី​ថ្ងៃ​អង្គារ។​

ជនជាតិ​ថៃ​ ៩​ នាក់ ​ក្នុង​នោះ​មាន​ស្រ្តី​ម្នាក់​ បាន​ដុត​ភ្លើង​នៅ​កាស៊ីណូ​មួយ​ឈ្មោះ​ Puli​ ដើម្បី​គេច​ចេញ​ពី​អគារ​ដែល​គ្រប់​គ្រង​ដោយ​ក្រុម​ជើង​កាង។​ នេះ​បើ​តាម​អត្ថបទ​ដែល​បាន​ដក​ស្រង់​សម្តី​តម្រួត​ថៃ។

តម្រួត​ថៃ​បាន​ជួយ​ជនជាតិ​ថៃ​ទាំង​ ៩ ​នាក់​នោះ​នៅ​ក្បែរ​ច្រក​ព្រំដែន​ក្នុង​ខេត្ត​សាកែវ​ កាល​ពី​ថ្ងៃ​ចន្ទ ក្រោយ​ពួក​គេ​រត់​គេច​ចេញ​ពី​កាស៊ីណូ​បាន​សម្រេច។ ​ពួកគេ​ភាគ​ច្រើន​មាន​ស្នាម​របួស​ធ្ងន់​ធ្ងរ​នៅ​លើ​ដៃ ​ជើង​ និង​ខ្លួន​ ហើយ​ខ្លះ​មាន​ស្នាម​ជាំ​ពេញ​ខ្លួន។​

ទាក់ទង​នឹង​ការ​លើក​ឡើង​ថា​ មាន​ការ​ធ្វើ​បាប​ពី​ក្រុម​ជើង​កាង ​ លោក ​សិទ្ធិ ឡោះ ​ស្នងការ​នគរបាលខេត្ត​បន្ទាយ​មានជ័យ ​លើក​ឡើង​ថា​ វា​ជា​ការ​អះអាង​របស់​ភាគី​ថៃ​ ប៉ុន្តែ​លោក​ថា​ លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​របស់​អាជ្ញាធរ​ខ្មែរ​បែប​ណា​លោក​នឹង​ជម្រាប​តាម​ក្រោយ​ទៀត។ ​លោក​បញ្ជាក់​ថា​ កម្លាំង​នគរ​បាល​កំពុង​សាក​សួរ​ភាគី​ពាក់ព័ន្ធ​ប្រមាណ​ ១៧​ នាក់​ ដែល​ជា​គ្នា​របស់​ជន​ជាតិ​ថៃ ​ហើយ​កំពុង​បន្ដ​ស្រាវ​ជាវ​ពី​បញ្ហា​នេះ​បន្ថែម​ទៀត។​

បើ​តាម​សារ​ព័ត៌មាន​ថៃ ​ជនជាតិ​ថៃ​ទាំង​នោះ​ឱ្យដឹង​ថា​ ពួកគេ​បាន​លួច​ចូល​មក​កម្ពុជា​ បន្ទាប់​ពី​ត្រូវ​បាន​សន្យា​ថា​មាន​ការងារ​នៅ​កាស៊ីណូ​មួយ។ ​ប៉ុន្តែ​ការងារ​ទាំង​នោះ​ប្រែ​ជា​ធ្វើ​ការ​នៅ​កន្លែង​ប្រតិបត្តិ​ការ​ហៅ​ទូរស័ព្ទ​ចេញ​ពី​អគារ​ ដែល​នៅ​ទីនោះ​ក្រុម​ជើង​កាង​បាន​គំរាម​វាយ​និង​សម្លាប់​ជនជាតិ​ថៃ​ទាំង​នោះ​ ប្រសិន​បើ​ពួកគេ​មិន​ហៅ​ទូរស័ព្ទ​ ដើម្បី​បោក​បញ្ឆោត​ជន​ជាតិ​ថៃ​ក្នុង​ប្រទេស​ថៃ។ ​ពួកគេ​អះអាង​ថា​បាន​ឃើញ​ជន​រង​គ្រោះ​ថៃ​ត្រូវ​បាន​បាញ់​សម្លាប់​ដោយ​ក្រុម​ជើង​កាង​ផង​ដែរ។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ កែវ វ៉ាន់ថន​ អ្នក​នាំ​ពាក្យ​អគ្គ​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​បាន​នៅ​ឡើយ​ទេ។​

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ លោក ​អំ សំអាត​ ប្រាប់​វីអូអេ​ថា​ មាន​សេចក្តី​រាយ​ការណ៍​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​ការ​ជួញ​ដូរ​មនុស្ស​និង​ការ​បង្ខាំង​មនុស្ស​ទុក​នៅ​កម្ពុជា​ ដែល​លោក​ថា​ នេះ​បង្ក​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​កម្ពុជា ​ជាពិសេស​ដល់​វិស័យ​ទេស​ចរណ៍។​

លោក​ថ្លែង​ថា៖​ «ដូច្នេះ​កម្ពុជា​ត្រូវ​តែ​ពង្រឹង​បន្ថែម​នូវ​យន្តការ ​ដើម្បី​ធ្វើការ​ទប់​ស្កាត់​និង​ការ​បង្ក្រាប​ទៅ​លើ​ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ ការ​ចាប់​ជំរិត​ និង​បទ​ល្មើស​បច្ចេកវិទ្យា​ផ្សេងៗ​ទៀត ​ដែល​កើត​ឡើង​តាម​ប្រព័ន្ធ​ឌីជីថល​ ឬ​ក៏​អ៊ីនធឺណិត​ឱ្យ​មាន​លក្ខណៈ​ល្អ​ប្រសើរ និង​មាន​ទំនុក​ទុក​ចិត្ត​ឡើង​វិញ»។

បើ​តាម​លោក​ អំ សំអាត ​រាល់​ព័ត៌មាន​ដែល​ត្រូវ​បាន​ផ្សព្វ​ផ្សាយ ​អាជ្ញាធរ​កម្ពុជា​មិន​គួរ​បដិសេធ​ភ្លាមៗ​ឡើយ។ ​ប៉ុន្តែ​ត្រូវ​ធ្វើការ​ស៊ើប​អង្កេត​ជា​មុន។​

គួរ​បញ្ជាក់​ថា ​ក្នុង​អំឡុង​ពេល​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩​ ខ្លាំងក្លា​ ប្រទេស​កម្ពុជា​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​កន្លែង​បោក​បញ្ឆោត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ (Scam)​ ដោយ​ប្រើ​ប្រាស់​កម្លាំង​ពល​កម្ម​បរទេស​ធ្វើ​ការ​នៅ​តាម​អគារ​ខ្ពស់ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ រហូត​មាន​សេចក្តី​រាយ​ការណ៍​អំពី​ការ​បង្ខាំង​ទុក​ពួក​គេ​មិន​ឱ្យ​មាន​សេរី​ភាព ​ការ​ធ្វើ​ទារុណ​កម្ម ​និង​ការ​ជំរិត​ទារ​ប្រាក់​ជា​ដើម។ ​ឧក្រិដ្ឋ​ជន ​ដែល​ភាគ​ច្រើន​ជា​ជន​បរទេស ​បាន​ជួល​អគារ ​ឬ​ទីតាំង​ពី​អ្នក​ជំនួញ​ដែល​ជា​ជន​ជាតិ​ខ្មែរ​ដើម្បី​ប្រព្រឹត្ត​អំពើ​ទាំង​នោះ៕

XS
SM
MD
LG