សារព័ត៌មានថៃបានចុះផ្សាយថា ជនជាតិថៃ ៩ នាក់បានរត់ចេញពីកាស៊ីណូមួយដែលមានទីតាំងនៅទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីគេចពីការបង្ខាំងនិងការបង្ខំឲ្យហៅទូរសព្ទបោកបញ្ឆោតជនជាតិថៃដូចគ្នា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃឈ្មោះ The Nation ដែលបានចេញផ្សាយអត្ថបទមួយកាលពីថ្ងៃអង្គារ។
ជនជាតិថៃ ៩ នាក់ ក្នុងនោះមានស្រ្តីម្នាក់ បានដុតភ្លើងនៅកាស៊ីណូមួយឈ្មោះ Puli ក្នុងក្រុងប៉ោយប៉ែត ដើម្បីគេចពីចេញពីអគារដែលគ្រប់គ្រងដោយក្រុមជើងកាង។ នេះបើតាមអត្ថបទដែលបានដកស្រង់សម្តីតម្រួតថៃ។
តម្រួតថៃបានជួយជនជាតិថៃទាំង ៩ នាក់នោះនៅក្បែរច្រកព្រំដែនក្នុងខេត្តសាកែវ កាលពីថ្ងៃចន្ទ ក្រោយពួកគេរត់គេចចេញពីកាស៊ីណូបានសម្រេច។ ពួកគេភាគច្រើនមានស្នាមរបួសធ្ងន់ធ្ងរនៅលើដៃ ជើង និងខ្លួន ហើយខ្លះមានស្នាមជាំពេញខ្លួន។
បើតាមសារព័ត៌មានថៃ ជនជាតិថៃទាំងនោះឲ្យដឹងថា ពួកគេបានលួចចូលមកកម្ពុជា បន្ទាប់ពីត្រូវបានសន្យាថា មានការងារនៅកាស៊ីណូមួយ។ ប៉ុន្តែការងារទាំងនោះប្រែជាធ្វើការនៅកន្លែងប្រតិបត្តិការហៅទូរស័ព្ទចេញពីអគារ ដែលនៅទីនោះក្រុមជើងកាងបានគំរាមវាយនិងសម្លាប់ជនជាតិថៃទាំងនោះ ប្រសិនបើពួកគេមិនហៅទូរស័ព្ទ ដើម្បីបោកបញ្ឆោតជនជាតិថៃក្នុងប្រទេសថៃ។ ពួកគេអះអាងថាបានឃើញជនរងគ្រោះថៃ ត្រូវបានបាញ់សម្លាប់ដោយក្រុមជើងកាងផងដែរ។
បើជនរងគ្រោះទាំងនោះដែលប្រាប់សារព័ត៌មាន The Nation ជនជាតិថៃប្រមាណ ២០០ នាក់ ត្រូវបានឃុំឃាំងនៅក្នុងអគារកាស៊ីណូនោះ។ តម្រួតថៃបានរាយការណ៍ព័ត៌មាននេះមកអាជ្ញាធរកម្ពុជា ដើម្បីចុះស្រាវជ្រាវ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក ឯក សៅសារឿន អធិការនគរបាលក្រុងប៉ោយប៉ែត និងលោក សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បាននៅឡើយទេ៕