មេធាវីរបស់លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀនបានអំពាវនាវឱ្យតុលាការដោះលែងកូនក្តីរបស់លោកដោយសារលោកមានបញ្ហាសុខភាពធ្ងន់ធ្ងរ ខណៈលោកត្រូវបាននិងកំពុងឃុំខ្លួនរង់ចាំសវនាការអស់រយៈពេលជាង ៧ ខែមកហើយ។
ការដាក់ពាក្យបណ្តឹងទៅតុលាការសុំដោះលែងលើកនេះ ធ្វើឡើងបន្ទាប់ពីតុលាការកំពូល កាលពីថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៣ បានប្រកាសបដិសេធបណ្តឹងសាទុក្ខរបស់មេធាវីការពារក្តីឱ្យលោក ថាច់ សេដ្ឋា ដោយតម្កល់សាលដីការបស់សភាស៊ើបសួរសាលាឧទ្ធរណ៍ទុកជាបានការ ទាក់ទងនឹងការស្នើសុំឱ្យតុលាការ «បដិសេធដីកាឃុំខ្លួន» ដែលសម្រេចដោយចៅក្រមសាលាដំបូងរាជធានីភ្នំពេញ។
លោក ជូង ជូងី មេធាវីការពារក្តី បានដាក់ពាក្យបណ្តឹងទៅតុលាការសុំដោះលែងលោក ថាច់ សេដ្ឋា នៅក្នុងសំណុំរឿងពីរករណី ដែលលោករងការចោទប្រកាន់។ នៅក្នុងលិខិតមួយច្បាប់ដែលដាក់ទៅប្រធានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍ លោក ជូង ជូងី បញ្ជាក់ថា រហូតមកដល់ពេលនេះ មិនទាន់មានសាលក្រមស្ថាពរណាមួយឡើយលើសំណុំរឿងនេះ។ ដូច្នេះលោក ថាច់ សេដ្ឋា នៅតែជនគ្មានទោសដដែល។
នៅក្នុងសំណុំរឿងទី ១ ពាក់ព័ន្ធនឹងការចោទប្រកាន់ចេញសែកអត់លុយ លោកមេធាវី ជូង ជូងី បញ្ជាក់ថា៖ «រហូតមកដល់ពេលនេះ ចៅក្រមស៊ើបសួរបានបញ្ចប់ការស៊ើបអង្កេតហើយ។ នីតិវិធីក្នុងរឿងក្តី គឺនៅសល់តែសវនាការវិនិច្ឆ័យសេចក្តីតែប៉ុណ្ណោះ។ ដូច្នេះមិនមានភាពចាំបាច់ត្រូវរក្សាលោក ថាច់ សេដ្ឋា ទុកជូនតុលាការចាត់ការតាមនីតិវិធីទៀតទេ»។
លោកមេធាវីបន្ថែមថា លោក ថាច់ សេដ្ឋា មិនបានបដិសេធ មិនបានគេចវេស មិនចូលខ្លួនមកតុលាការទេ ហើយផ្ទុយទៅវិញ លោកមិនដែលទទួលបានដីកាពីតុលាការម្តងណាឡើយ។
បើតាមមេធាវី លោក ថាច់ សេដ្ឋា មានបញ្ហាសុខភាពបេះដូង ដោយមានខ្លាញ់រុំបេះដូង លើសឈាម ឡើងជាតិស្ករ ឡើងជាតិអាស៊ីត ហើយលោកត្រូវការការព្យាបាលជាប្រចាំ។
លោកមេធាវីបញ្ជាក់ទៅតុលាការថាលោក ថាច់ សេដ្ឋា មានតួនាទីជាអនុប្រធានគណបក្សភ្លើងទៀន ដូច្នេះលោកមិនរត់ចោលគណបក្ស និងសកម្មជនឡើយ។ បន្ថែមពីនេះ លោកមានតួនាទីជាប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម ដូច្នេះលោកមិនរត់ចោលសហគមន៍ឡើយ។
ចំណែកក្នុងសំណុំរឿងមួយទៀត ពាក់ព័ន្ធនឹងបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងញុះញង់ឱ្យមានការរើសអើង លោកមេធាវីក៏សុំឱ្យកូនក្តីនៅក្រៅឃុំផងដែរ។
លោកបញ្ជាក់ថា សំណុំរឿងនេះ ចៅក្រមស៊ើបសួរបានបញ្ចប់ការស៊ើបអង្កេតហើយ នៅឡើយតែសវនាការវិនិច្ឆ័យសេចក្តីតែប៉ុណ្ណោះ។ ដូច្នេះមិនមានភាពចាំបាច់ត្រូវឃុំខ្លួនលោក ថាច់ សេដ្ឋា ឡើយ។
បើតាមមេធាវី សំណុំរឿងញុះញង់នេះ លោក ថាច់ សេដ្ឋា និយាយអំពីប្រវត្តិសាស្រ្តថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ ជាថ្ងៃ «យួនឈ្លានពាន» ការសង់ស្តូបមិត្តភាពកម្ពុជាវៀតណាម ធ្វើឱ្យ «បែកបាក់ជាតិ» និងនិយាយអំពីប្រវត្តិនៃការកកើតគណបក្សប្រជាជនកម្ពុជា។
កាលពីពាក់កណ្តាលខែមករា ឆ្នាំ ២០២៣ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ អ្នកស្រី ទិត ដាលីន បានចោទប្រកាន់លោក ថាច់ សេដ្ឋា ពីបទ «ញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និងបទ «ញុះញង់ឱ្យមានការរើសអើង» ពាក់ព័ន្ធនឹងការនិយាយអំពីនយោបាយ និងប្រវត្តិសាស្ត្រប្រទេសកម្ពុជាជាមួយពលករនៅប្រទេសកូរ៉េខាងត្បូង កាលពីដើមឆ្នាំ ២០២៣។ វីដេអូនៃការថ្លែងនោះត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គមយូធូប (Youtube) និងត្រូវបានយកមកធ្វើជាបន្ទុកនៃការចោទប្រកាន់។
វីអូអេមិនអាចសុំការអត្ថាធិប្បាយពីលោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ និង លោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បាននៅឡើយទេ។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា ថ្លែងថា ការចោទប្រកាន់ពីបទញុះញង់ទៅលើអ្នកណាម្នាក់ លុះត្រាតែអំពើនោះប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់អ្នកដទៃ ប៉ុន្តែមិនគួរចោទប្រកាន់សកម្មជននយោបាយ សកម្មជនសិទ្ធិមនុស្ស ដែលគ្រាន់តែបញ្ចេញមតិស្របតាមច្បាប់នោះទេ។
លោកបន្ថែមថា ការចោទសកម្មជនសង្គម សកម្មជននយោបាយ និងលោក ថាច់ សេដ្ឋា ពីបទញុះញង់ និងបទចោទផ្សេងទៀត បានបង្ហាញរូបភាពមិនល្អទាក់ទងនឹងការអនុវត្តលទ្ធិប្រជាធិបតេយ្យក្នុងប្រទេស ដែលត្រូវបានសហគមន៍អឺរ៉ុបនិងសហរដ្ឋអាមេរិកសម្លឹងមើលការអនុវត្តរបស់កម្ពុជាយ៉ាងយកចិត្តទុកដាក់។
ដូច្នេះលោកយល់ថា រដ្ឋាភិបាលកម្ពុជាដែលនឹងដឹកនាំដោយកូនប្រុសច្បងរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត គួរតែពិចារណាដោះស្រាយបញ្ហានេះឱ្យបានល្អប្រសើរ និងគួរតែដោះលែងអ្នកទោសនយោបាយ និងអ្នកទោសសង្គមឱ្យមានសេរីភាព ដើម្បីបង្ហាញថា កម្ពុជាពិតជាបានយកចិត្តទុកដាក់គោរពសិទ្ធិមនុស្ស និងអនុវត្តនូវលទ្ធិប្រជាធិបតេយ្យ។
លោកថ្លែងថា៖ «ការឃុំខ្លួនលោក ថាច់ សេដ្ឋា មិនមែនជារឿងមួយដែលល្អ ឬជារឿងមួយដែលចំណេញសម្រាប់កេរ្តិ៍ឈ្មោះរបស់រដ្ឋាភិបាលទេ។ អ៊ីចឹងខ្ញុំគិតថា នៅពេលរដ្ឋាភិបាលថ្មី កើតឡើងនេះ គួរណាស់តែរដ្ឋាភិបាលថ្មី ដែលកើតឡើង ហើយដឹកនាំដោយនាយករដ្ឋមន្ត្រីថ្មី ដែលអនាគតឆាប់ៗខាងមុខនេះ ខ្ញុំគិតថា រឿងនេះជារឿងល្អខ្លាំងណាស់សម្រាប់នាយករដ្ឋមន្ត្រីថ្មី ក្នុងការពិចារណាទៅលើករណីដែលមានការឃុំខ្លួនអ្នកនយោបាយ ក៏ដូចជាអ្នកធ្វើការងារសង្គម ពិសេសយើងហៅថាអ្នកទោសមនសិកាហ្នឹង»។
លោក ថាច់ សេដ្ឋា ត្រូវបានអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួននិងឃុំខ្លួន កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ ២០២៣ ក្នុងសំណុំរឿង «ចេញសែកអត់សាច់ប្រាក់»។ លោកត្រូវបានចៅក្រមស៊ើបសួរ អ្នកស្រី ទិត ដាលីន ចេញដីកាតម្រូវឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ «មិនបានបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន»៕
ភ្នំពេញ —