ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កំពូល​សម្រេច​បន្ត​ឃុំ​ខ្លួន​លោក ថាច់ សេដ្ឋា ក្នុង​សំណុំ​រឿង​ចោទ​ប្រកាន់​ពី​បទ​«ញុះញង់»


លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន បង្ហាញខ្នោះដៃពីក្នុងឡាន នៅពេលលោកត្រូវបានដឹកចេញពីតុលាការកំពូលទៅពន្ធនាគារព្រៃស កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន បង្ហាញខ្នោះដៃពីក្នុងឡាន នៅពេលលោកត្រូវបានដឹកចេញពីតុលាការកំពូលទៅពន្ធនាគារព្រៃស កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

លោក ថាច់ សេដ្ឋា អនុប្រធាន​គណបក្ស​ភ្លើង​ទៀន មិន​ទទួល​បានការ​អនុញ្ញាត​ឱ្យ​ស្ថិត​នៅ​ក្រៅ​ឃុំ​តាម​ការ​ស្នើ​សុំ​ឡើយ ដោយ​ចៅ​ក្រម​តុលាការ​កំពូល កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ បាន​សម្រេច​តម្កល់​សាលដីកា​របស់​សាលា​ឧទ្ធរណ៍​ទុក​ជា​បាន​ការ​ ពាក់​ព័ន្ធ​នឹង​បទ​ចោទ​ប្រកាន់​«ញុះញង់»។

លោក ថាច់ សេដ្ឋា ត្រូវ​បាន​បញ្ជូន​ទៅឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស​វិញ ក្រោយ​ការ​ប្រកាស​សាល​ដីកា​របស់​តុលាការ​កំពូល។

កាល​ពីលើក​មុន ពាក់​ព័ន្ធ​នឹង​បទ​ចោទ​មួយ​ផ្សេង​ទៀត ជុំវិញ​រឿង​ចេញ​សែក​គ្មាន​សាច់​ប្រាក់ តុលាការ​កំពូល​ក៏​បាន​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក ថាច់ សេដ្ឋា ផង​ដែរ។

លោក​ ស៊ឹង បញ្ញាវុធ​ ចៅ​ក្រម​តុលាការ​កំពូល និង​ជា​ប្រធាន​ប្រឹក្សា​ជំនុំ​ជម្រះ ​កាល​ពី​ថ្ងៃ​ចន្ទ បានប្រកាស​បដិ​សេធ​បណ្តឹង​សាទុក្ខ​របស់​មេធាវី​ការពារ​ក្តី​ឱ្យ​លោក ថាច់ សេដ្ឋា ​និង​តម្កល់​សាល​ដីកា​របស់​សភា​ស៊ើប​សួរ​សាលា​ឧទ្ធរណ៍​ទុក​ជា​បាន​ការ​ដដែល។

នៅ​ក្នុង​សវនាការ​ គេ​ឃើញ​មាន​វត្ត​មាន​ លោក ថាច់ សេដ្ឋា ដែលស្ថិត​ក្នុង​សម្លៀក​បំពាក់​អ្នក​ជាប់​ឃុំ អាវដៃ​វែង ​និង​ខោជើង​វែង​ពណ៌​ទឹក​ក្រូច ​មាន​ពុក​ចង្កា​ស្កូវ​ស្រមូម។ គេ​ក៏​ឃើញ​មាន​វត្តមាន​របស់​លោក​ ជូង ជូងី មេធាវីការ​ពារក្តី និងសកម្មជន​គណបក្ស​ភ្លើង​ទៀន​មួយ​ចំនួន ​ដែល​បាន​មក​ស្តាប់​ការ​ប្រកាស​សាល​ដីកា​នេះ។

​កាល​ពី​ពាក់​កណ្តាល​ខែ​មករា ឆ្នាំ២០២៣ ​ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ លោក​ស្រី ​ទិត ​ដាលីន បាន​ចោទ​ប្រកាន់​លោក​ ថាច់ សេដ្ឋា ពី​បទ «ញុះ​ញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិ​សុខ​សង្គម» និង​បទ «ញុះ​ញង់​ឱ្យ​មាន​ការ​រើស​អើង» ពាក់​ព័ន្ធ​នឹង​ការនិ​យាយអំពី​នយោ​បាយ និង​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជាជាមួយ​ពលករ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង កាល​ពី​ដើម​ឆ្នាំ​ ២០២៣។ ​វីដេអូ​នៃ​ការ​ថ្លែង​នោះ​ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​យូធូប​ (Youtube)​ និង​ត្រូវ​បាន​យក​មក​ធ្វើ​ជា​បន្ទុក​នៃ​ការ​ចោទ​ប្រកាន់។

ទាក់​ទង​ករណី​នេះ កាល​ពី​ថ្ងៃទី ១២ ខែ​មិថុនា ឆ្នាំ​ ២០២៣​ តុលាការ​កំពូល​បាន​បើក​សវនាការ​ជំនុំ​ជម្រះ​លើ​បណ្តឹង​សាទុក្ខ​របស់​មេធាវីការ​ពារក្តី​លោក ថាច់ សេដ្ឋា ​ទាក់​ទង​នឹង​ការ​ស្នើសុំ​ឱ្យ​តុលាការ «បដិសេធ​ដីកា​ឃុំ​ខ្លួន» ដែល​ចេញ​ដោយ​ចៅ​ក្រម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ។ កាល​នោះ​ មេធាវី​ការពារ​ក្តី​ឱ្យ​លោក ថាច់ សេដ្ឋា គឺ​លោក ជូង ជូងឺ ស្នើ​ទៅ​ចៅ​ក្រម​តុលាការ​កំពូល​ពិចារណា​គោល​ការណ៍​សេរីភាព​ ត្រង់​មាត្រា​ ២០៣ នៃ​ក្រម​នីតិ​វិធី​ព្រហ្មទណ្ឌ​ ​និង​គួរ​អនុវត្ត​តាម​នីតិ​វិធី​នៃ​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​ត្រង់​មាត្រា​ ២២៣ ​នៃក្រម​នីតិ​វិធី​ព្រហ្ម​ទណ្ឌ ជា​ជាង​ការ​អនុវត្ត​ការ​ឃុំ​ខ្លួន​ក្នុង​ពន្ធនា​គារ ដែល​អាចប៉ះ​ពាល់​សេរី​ភាព​របស់​ជន​ត្រូវ​ចោទ។

​ក្រោយពេល​បញ្ចប់​ការ​ប្រកាស​សាល​ដីកា​នៅ​តុលាការ​កំពូល ភរិយារបស់​លោក ថាច់ សេដ្ឋា ​គឺ​អ្នកស្រី ថាច់ សុខបូរ៉ានី ថ្លែង​ថា ​ស្វាមី​របស់​អ្នក​ស្រី​ មិន​មាន​កំហុស​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ពី​បទ​ «ញុះញង់» នោះ​ទេ ព្រោះ​អ្នក​នយោបាយ​ត្រូវ​តែមាន​សិទ្ធិ​និយាយ​អំពី​ប្រវត្តិ​សាស្ត្រ​កម្ពុជា។

​អ្នកស្រី​រៀប​រាប់​ទាំង​ទឹក​ភ្នែក​ថា​៖ «ចំពោះ​ខ្ញុំ​ប្រពន្ធ​កូន ខ្ញុំសោក​ស្តាយ ដោយ​សារ​តុលាការ​ឃុំខ្លួន​គាត់​រហូត​ មិនឱ្យ​គាត់​នៅ​ក្រៅ​ឃុំព្យាបាល​ខ្លួន ដែល​គាត់​មាន​ជំងឺ​បេះដូង​ ខ្ញុំ​សោក​ស្តាយ​មែន​ទែន។ សូម​ឱ្យ​តុលាការ​ ឱ្យ​គាត់​នៅ​ក្រៅ​ឃុំ​មក​ គាត់​គ្មាន​ទោស​អ្វី​ទេ»។

ភរិយា​និង​កូន ​២ នាក់​របស់​លោក ថាច់ សេដ្ឋា មិន​ត្រូវបាន​អនុញ្ញាត​ដោយមន្ត្រី​ពន្ធនាគារឱ្យ​ជួប​លោក ថាច់ សេដ្ឋា ​នោះ​ទេ នៅ​ពេល​លោក​ត្រូវ​បាន​បញ្ជូន​មក​ស្តាប់​ការ​ប្រកាស​សាលដីកា​នៅ​តុលាការ​កំពូល កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ។

សកម្មជន​ម្នាក់​របស់​គណបក្ស​ភ្លើងទៀន និង​ជា​ប្រធាន​ស្ដីទី​ចលនា​យុវជន​ថ្នាក់​ជាតិ​គណ​បក្ស​ភ្លើង​ទៀន​ ​លោក ​ថន ចន្ថា ដែល​បាន​ចូលស្តាប់​សវនាការ យល់​ឃើញ​ថា ការ​ចោទ​ប្រកាន់​លោក ​ថាច់ សេដ្ឋា ​ពី​បទ​ «ញុះញង់» ដែល​ទាក់​ទង​ការ​និយាយអំពីប្រវត្តិ​សាស្ត្រ​បែប​នេះ គឺ​ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ និងសិទ្ធិ​សេរីភាព​ធ្វើ​នយោបាយ ​ដែល​ផ្ទុយ​ពី​រដ្ឋ​ធម្មនុញ្ញ។

លោក​ថ្លែង​ថា៖ «អ្នក​នយោ​បាយ​កំពូល​ម្នាក់​ដែល​ជា​អនុ​ប្រធាន​របស់​គណបក្ស​ហើយ​គាត់​តែង​តែពន្យល់​ប្រជាពលរដ្ឋ​ ហើយ​ពន្យល់​ទៅ​កាន់​យុវជន​ យុវនារី​ទូទៅ​ឱ្យ​យល់​ដឹង​អំពី​ប្រវត្តិ​សាស្ត្រ​ខ្មែរ​ ឱ្យ​យល់​ដឹង​អំពី​សិទ្ធិ​សេរីភាព​លទ្ធិ​ប្រជាធិបតេយ្យ​ ដែល​យើង​អាច​ធ្វើ ​ឬ​បញ្ចេញ​សកម្មភាព ឬក៏​ធ្វើ​សកម្មភាព​នយោបាយ​បាន​ទៅ​កាន់​សាធារណ​ជន​ក៏​ដូចជា​សកម្ម​ជន​ សកម្មនារី​របស់​ខ្លួន​ឯង ​ហើយ​បែរ​ជា​ចោទ​មាន​ទោស​ អា​នេះ​វា​ជា​ការ​រឹត​ត្បិត​សិទ្ធិ​សេរីភាព​នៅ​ក្នុង​ការ​បញ្ចេញមតិ ឬក៏​សិទ្ធិ​សេរីភាព​ធ្វើ​នយោបាយ​កាន់​តែ​ខ្លាំង​ទៅៗ»។

លោក​បន្ត​ថា​ បើ​សិនអ្នកនយោបាយ និង​សកម្មជន​សង្គម ដែល​ហ៊ាន​និយាយ​អំពី​បញ្ហា​សង្គម ​បែរ​ជា​ត្រូវ​បាន​ចោទ​ប្រកាន់​បែប​នេះ ​នោះ​លទ្ធិប្រជាធិបតេយ្យ​របស់​កម្ពុជានឹង​បន្ត​ធ្លាក់​ចុះ ហើយ​ប្រជា​ពលរដ្ឋខ្មែរ​នឹង​នៅ​ស្ងៀម ​លែង​ហ៊ាននិយាយ​អ្វីទាំង​អស់ ​ជាពិសេសបញ្ហា​សង្គម ដែល​ត្រូវ​ការ​កែ​លម្អ​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត ធ្លាប់​ប្រាប់​វីអូអេ​ថា​ នៅ​ពេល​បុគ្គល​ណា​ម្នាក់ មាន​លក្ខខណ្ឌ​គ្រប់​គ្រាន់​ស្រប​ទៅ​តាម​ផ្លូវ​ច្បាប់ គឺ​អាចមាន​សិទ្ធិ​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះ​អាសន្ន។ លោក​បន្ថែម​ថា​ ការ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​ គួរ​តែ​ជា​ជម្រើស​ចុង​ក្រោយ ដើម្បី​កុំ​ឱ្យ​ប៉ះ​ពាល់​សិទ្ធិ​សេរីភាព៕

XS
SM
MD
LG