ភ្នំពេញ — អ្នកស្រី ចៅ រតនៈ អាយុ ៣៦ ឆ្នាំ បានសម្រេចចិត្តចូលរួមសកម្មភាពនយោបាយជាមួយគណក្សភ្លើងទៀន កាលពីខែកុម្ភៈ ឆ្នាំ ២០២២ ដោយសារអ្នកស្រីចង់ស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងចង់បម្រើប្រជាពលរដ្ឋ បន្ទាប់ពីអ្នកស្រីបានប្រទះឃើញបញ្ហាជាច្រើននៅក្នុងសហគមន៍មូលដ្ឋានរបស់អ្នកស្រី។ អ្នកស្រីបានជាប់ឆ្នោតក្លាយជាជំទប់ទី ២ តំណាងឱ្យគណបក្សភ្លើងទៀន ក្នុងភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សម្រាប់ការបោះឆ្នោតឃុំសង្កាត់ អាណត្តិទី ៥ កាលពីខែមិថុនា ឆ្នាំ ២០២២។
ខណៈកំពុងបម្រើការងារជាជំទប់ទី ២ តំណាងឱ្យគណបក្សភ្លើងទៀន បានប្រមាណជាជិតមួយឆ្នាំ អ្នកស្រី រតនៈ បានដឹងនៅពាក់កណ្តាលខែឧសភាថា គណបក្សភ្លើងទៀន ដែលត្រូវបានគេមើលឃើញថាអាចប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតថ្នាក់ជាតិនាខែកក្កដា ឆ្នាំ២០២៣នេះ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា (គ.ជ.ប) បដិសេធការចុះឈ្មោះ ក្រោមហេតុផលថា គណបក្សនេះមិនបានភ្ជាប់ប្រកាសដើម ស្តីពីការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានការបញ្ជាក់ពីភាពស្របច្បាប់។
ក្នុងសមាជគណបក្សភ្លើងទៀនកាលពីខែកុម្ភៈ អ្នកស្រី ចៅ រតនៈ ដូចគ្នានឹងសកម្មជន អ្នកគាំទ្រ និងថ្នាក់ដឹកនាំឃុំសង្កាត់របស់គណបក្សភ្លើងទៀនផ្សេងទៀតដែរ បានរំពឹងថា គណបក្សភ្លើងទៀននឹងអាចទទួលបានជ័យជម្នះពីការបោះឆ្នោតជាតិនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខ។
ក៏ប៉ុន្តែក្រោយគណបក្សភ្លើងទៀនមិនអាចចូលរួមការបោះឆ្នោតជាតិឆ្នាំនេះ សកម្មជននិងថ្នាក់ដឹកនាំបក្សនៅតាមមូលដ្ឋាន ដូចជាអ្នកស្រី ចៅ រតនៈ យល់ថា ការសម្រេចរបស់ គ.ជ.ប ជារឿងអយុត្តិធម៌ ដែលធ្វើឱ្យពួកគេហាក់បាត់បង់ក្តីសង្ឃឹមបន្តិចម្តងៗ ក្នុងការស្តារលទ្ធិប្រជាធិបតេយ្យដែលកាន់តែដុនដាបនៅកម្ពុជា។ បន្ថែមលើនេះ ពួកគេក៏ព្រួយបារម្ភអំពីការដាក់សម្ពាធនិងការរឹតត្បិតបន្ថែមទៀតលើការអនុវត្តការងាររបស់ពួកគេ នៅតាមឃុំសង្កាត់ ខណៈពួកគេនឹងគ្មានតំណាងបក្សនៅក្នុងរដ្ឋសភាជាតិ។
អ្នកស្រី ចៅ រតនៈ លើកឡើងថា៖ «យើងបានចូលរួមបោះឆ្នោតអង្កាល់ឃុំសង្កាត់ម្តងរួចមកហើយ អ៊ីចឹងយល់ថា ការចូលរួមរបសយើងក្នុងថ្ងៃទី ២៣ កក្កដានេះដូចជាអត់មានអីត្រូវជាបញ្ហា សម្រាប់ការចូលរួមទៀតទេ។ អ៊ីចឹងនៅពេលដែលឃើញទិដ្ឋភាពបែបនេះ [ការមិនអនុញ្ញាតឱ្យគណបក្សភ្លើងទៀនចុះបញ្ជី] ធ្វើឱ្យយល់ថា សង្គមយើងនេះ ភាពយុត្តិធម៌កាន់តែរួមតូចទៅៗ ដោយមិនទទួលបានភាពយុត្តិធម៌ និងតម្លាភាពជាមួយគណបក្សជំទាស់យើងចូលរួម»។
អ្នកស្រី ចៅ រតនៈ បានថ្លែងបន្ថែមថា ទន្ទឹមនឹងភាពអយុត្តិធម៌សម្រាប់គណបក្សភ្លើងទៀន អ្នកស្រីដែលជាថ្នាក់ដឹកនាំឃុំ ក៏ប្រឈមនឹងផលប៉ះពាល់ជាច្រើនផងដែរ នៅពេលដែលគ្មានតំណាងនៅថ្នាក់ជាតិ គឺរដ្ឋសភាជាតិ។
អ្នកស្រីថ្លែងថា៖ «នៅពេលដែលយើងជាកូនចៅនៅថ្នាក់ក្រោមជួបបញ្ហា យើងត្រូវការប្តឹងផ្តល់ទៅមេ ជូនដំណឹងទៅមេ ថ្នាក់លើ ដើម្បីនាំពាក្យនៅពេលដែលគាត់ប្រជុំ។ ដល់ពេលយើងអត់មានខាងថ្នាក់ជាតិចូលរួម សួរថាទុក្ខកង្វល់យើង ទុក្ខព្រួយយើងចង់ប្តឹងនេះ តើមានប្រសិទ្ធភាពដល់កម្រិតណា? គឺអត់មានទេ។ ជាក់ស្តែងដូចខ្ញុំរាល់ថ្ងៃ ខ្ញុំជាជំទប់ទី ២ ខ្ញុំមិនបានទទួលយកតួនាទីដែលចេញពីក្រសួងមហាផ្ទៃដើម្បីមកបម្រើប្រជាពលរដ្ឋទេ។ រាល់ការងារជាច្រើន គេមិនឱ្យយើងចូលរួម។ ហើយខ្ញុំអត់មានតវ៉ាអីបាន ក្រៅពីសម្ងំធ្វើធម្មតាៗ»។
ចំណែកលោក ណាក់ ណាច លេខាចលនាយុវជននិងជាជំទប់ទី ២ មកពីគណបក្សភ្លើងទៀន នៅឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ លើកឡើងថា លោកខកចិត្តយ៉ាងខ្លាំង នៅពេលដែល គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញសម្រេចមិនអនុញ្ញាតឱ្យគណបក្សភ្លើងទៀនចូលរួមឈរឈ្មោះដើម្បីប្រជែងក្នុងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ ២០២៣។ បុរសវ័យ ២៨ ឆ្នាំ ដែលមានអាជីពជាគ្រូបង្រៀនភាសាអង់គ្លេសនិងជាអ្នកជំនាញខាងវិស័យកសិកម្មរូបនេះ ថ្លែងបន្តថា អវត្តមានរបស់គណបក្សភ្លើងទៀន អាចនឹងធ្វើឱ្យថ្នាក់ដឹកនាំរបស់បក្សនៅតាមមូលដ្ឋាន ដូចជារូបលោក កាន់តែរងនូវការរើសអើង និងការមិនបែងចែកការងារទៅតាមតួនាទី ដែលមានចែងដោយក្រសួងមហាផ្ទៃ។
លោកថ្លែងថា៖ «ខ្ញុំមានការព្រួយបារម្ភខ្លាចតែមានការរើសអើងនៅក្នុងការងារ និងរងសម្ពាធពីការមិនផ្តល់តួនាទីពេញលេញដែលស្របតាមច្បាប់ក្នុងក្រសួងមហាផ្ទៃ។ ប្រសិនបើយើងមានតំណាងរាស្រ្តរបស់យើង ចេញពីគណបក្សភ្លើងទៀននៅក្នុងរដ្ឋសភា យើងអាចអន្តរាគមន៍បាន ដោយសារតែយើងមានតំណាងនៅក្នុងសភា។ បើសិនជាយើងអត់ទេ វាធ្វើឱ្យខ្ញុំមានអារម្មណ៍ថា រងារឯកាដែរ យើងមិនដឹងថា យើងអន្តរាគមន៍ទៅណា»។
ស្រដៀងគ្នានេះ លោក ខឹម មុនីកុសល ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនប្រចាំខេត្តប៉ៃលិន ប្រាប់វីអូអេថា ការសម្រេចមិនអនុញ្ញាតឱ្យគណបក្សភ្លើងទៀនចុះបញ្ជីឈរឈ្មោះបោះឆ្នោត ជាការរំលោភសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការជ្រើសរើសគណបក្សនយោបាយដែលពួកគេពេញចិត្ត ហើយផ្ទុយពីលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ លោកថា អវត្តមានរបស់គណបក្សភ្លើងទៀន នឹងធ្វើឱ្យគណបក្សកាន់អំណាចឈ្នះការបោះឆ្នោតនៅខែកក្កដាខាងមុខនេះ ដោយស្វ័យប្រវត្តិ។
លោកថ្លែងថា៖ «ការបោះឆ្នោតដែលគ្មានវត្តមានរបស់គណបក្សភ្លើងទៀន វាស្មើនឹងគ្មានការបោះឆ្នោត។ ហើយបើចំពោះទស្សនៈខ្ញុំផ្ទាល់វិញ សឹងថា មិនចាំបាច់រៀបចំការបោះឆ្នោតទេ ពីព្រោះវានាំតែចំណាយថវិកាជាតិហ្នឹងឥតប្រយោជន៍ គ្មានតម្លៃសោះតែម្តង។ ដូចេ្នះហើយគណបក្សកាន់អំណាចលោកមិនបាច់បោះឆ្នោតទេ លោកកាន់អំណាចបន្ត ៥ ឆ្នាំទៅមុខទៀតតែម្តងទៅ ហើយមិនបាច់យកថវិការរាប់លានដុល្លារហ្នឹង មកចំណាយឥតប្រយោជន៍ ដើម្បីរៀបចំការបោះឆ្នោតទេ។ វាគ្មានន័យ»។
ទាំងអ្នកស្រី ចៅ រតនៈ លោក ណាក់ ណាច និងលោក ខឹម មុនីកុសល សុទ្ធតែបានលើកឡើងថា ថ្នាក់ដឹកនាំគណបក្សភ្លើងទៀនបានប្រឹងប្រែងយ៉ាងខ្លាំងក្នុងស្វែងរកដំណោះស្រាយដើម្បីឱ្យគណបក្សភ្លើងទៀនអាចចូលរួមការបោះឆ្នោតបាន។ ពួកគេបានបន្ថែមដោយសង្ឃឹមថា ថ្នាក់ដឹកនាំគណបក្សភ្លើងទៀននឹងរៀបចំខ្លួនក្នុងការចូលរួមការបោះឆ្នោតអាណត្តិខាងមុខទៀត។
គណបក្សភ្លើងទៀនតែងបានអះអាងថា ខ្លួនបានព្យាយាមស្វែងរកដំណោះស្រាយដោយស្នើសុំសេចក្តីចម្លងដែលមានបញ្ជាក់នីត្យានុកូលកម្មនៃប្រកាសលេខ ១៩៣ ពីក្រសួងមហាផ្ទៃ ប៉ុន្តែមិនទទួលបានតាមការស្នើសុំ។
ប្រកាសលេខ ១៩៣ គឺជាលើសំណៅដើមរបស់គណបក្ស សម រង្ស៊ី ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ កាលពីឆ្នាំ ១៩៩៨ ហើយត្រូវបានប្តូរឈ្មោះជាផ្លូវការទៅជាគណបក្សភ្លើងទៀននៅឆ្នាំ ២០១៧។
អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គឹមសួរ ភិរិទ្ធ លើកឡើងថា គណបក្សភ្លើងទៀននៅតែមានឆន្ទៈ និងការតស៊ូសម្រាប់ការបោះឆ្នោតនៅពេលខាងមុខ ក៏ដូចជាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ ២០២៧។ លោកថា គណបក្សនឹងបន្តព្យាយាមសុំការបញ្ជាក់នីត្យានុកូលកម្មប្រកាសលេខ ១៩៣ ពីក្រសួងមហាផ្ទៃដើម្បីចូលរួមការបោះឆ្នោតនាអាណត្តិខាងមុខ។
លោកថ្លែងថា៖ «យើងនឹងទាមទារក្រសួងមហាផ្ទៃដែលជាស្ថាប័នទទួលខុសត្រូវលើគណបក្សនយោបាយហ្នឹង ត្រូវតែចេញធ្វើទុតិយតា ឬក៏ធ្វើនីត្យានុកូលកម្ម ឬក៏ចម្លងអា ១៩៣ ហ្នឹងឱ្យយើង។ ឬមួយក៏រកវិធីយ៉ាងណាប្រកាសទៅឱ្យ គ.ជ.ប ថាអាចប្រើប្រាស់ត្រឹមតែលិខិតបញ្ជាក់ ដូចដែលក្រសួងមហាផ្ទៃចេញឱ្យ ពីព្រោះអីយើងជាគណបក្សស្របច្បាប់រួចហើយ។ ហើយបើថា មិនចេញឱ្យទៀត មានន័យថា ប្រើលេសខែលនយោបាយហើយ»។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា បញ្ជាក់ថា គ.ជ.ប បានប្រកាសការចុះបញ្ជីគណបក្សនយោបាយដោយទុកពេលឱ្យគណបក្សនយោបាយនីមួយៗរយៈពេល ១៥ ថ្ងៃ ក្នុងការរៀបចំឯកសារសម្រាប់ការចុះបញ្ជី។ លោកថា នៅមុនការប្រកាសចុះបញ្ជីគណបក្សនយោបាយ គណបក្សភ្លើងទៀនបានដឹងថាបាត់ឯកសារ ប៉ុន្តែមិនរៀបចំទុកមុន។
លោកថ្លែងថា៖ «គណបក្សភ្លើងទៀន លោកដឹងថា លោកបាត់ អត់មានឯកសារនេះ ហើយលោកអត់ព្យាយាមធ្វើ អ៊ីចឹងរយៈកាលនេះ សូមជម្រាបថា អំឡុងពេលដែលខ្ញុំបានជម្រាបខាងលើ គឺអំឡុងពេលនៃការទទួល និងការដាក់ពាក្យស្នើសុំរបស់គណបក្សនយោបាយដើម្បីដាក់បញ្ជីប្រកួតប្រជែង និងដាក់បេក្ខជនឈរឈ្មោះ មិនមែនជាអំឡុងពេលដែលគណបក្សទើបតែត្រូវរត់ឯកសារ ជាទុតិយតា ឬក៏ជានីត្យានុកូលកម្មនោះទេ អ៊ីចឹងប្រសិនបើបាត់ ត្រូវរៀបចំខ្លួនពីចម្ងាយ»។
អ្នកនាំពាក្យ គ.ជ.ប រូបនេះថ្លែងបន្ថែមថា នៅឆ្នាំ ២០២៧ ខាងមុខ ប្រសិនបើគណបក្សភ្លើងទៀនមានឯកសារគ្រប់គ្រាន់ នោះគណបក្សនេះនឹងមានសិទ្ធិចុះបញ្ជីសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ បាន។
ក្រោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសបដិសេធមិនឱ្យគណបក្សភ្លើងទៀនចូលរួមការបោះឆ្នោត គេឃើញអង្គការ និងសហគមន៍ជាតិ និងអន្តរជាតិមួយចំនួន ដូចជាសហរដ្ឋអាមេរិក អូស្ត្រាលី និងសហភាពអឺរ៉ុបបានប្រតិកម្មដោយបានចាត់ទុកការបោះឆ្នោតនៅខែកក្កដាខាងមុខនេះថា នឹង «មិនសេរី និងយុត្តិធម៌» ហើយទាមទារឱ្យមានការពិនិត្យ និងពិចារណាឡើងវិញ ចំពោះការសម្រេចនោះ។
គណបក្សភ្លើងទៀន មានឈ្មោះដើមថា គណបក្សសម រង្ស៊ី។ កាលពីឆ្នាំ ២០១២ គណបក្សសម រង្ស៊ី បានច្របាច់បញ្ចូលគ្នាជាមួយគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា ហើយបង្កើតជាគណបក្សសង្គ្រោះជាតិ ដែលមានអ្នកគាំទ្រជាង ៤០ ភាគរយនៅទូទាំងប្រទេស សម្រាប់ការបោះឆ្នោតជាតិកាលពីឆ្នាំ ២០១៣។ ប៉ុន្តែគណបក្សសង្គ្រោះជាតិត្រូវបានតុលាការកំពូលរំលាយនៅខែវិច្ឆិកា ឆ្នាំ២០១៧ ដោយចោទថាបានឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។
អវត្តមានរបស់គណបក្សសង្គ្រោះជាតិក្នុងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ ២០១៨ បានធ្វើឱ្យគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឈ្នះបានអាសនៈរដ្ឋសភាទាំង ១២៥ ហើយបានដឹកនាំរដ្ឋាភិបាលដោយឯកបក្សរយៈពេល ៥ ឆ្នាំកន្លងមកនេះ។
ក្រោយគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ គណបក្សភ្លើងទៀនបានប្រមូលផ្តុំសមាជិក ហើយបានចូលរួមការបោះឆ្នោតឃុំសង្កាត់កាលពីខែមិថុនា ឆ្នាំ ២០២២ ដោយឈ្នះបានតំណែងមេឃុំចៅសង្កាត់ និងក្រុមប្រឹក្សាឃុំសង្កាត់ សរុបចំនួន ២.១៩៨។ ចំណែកគណបក្សប្រជាជនកម្ពុជាឈ្នះបានអាសនៈ ចំនួន ៩.៣៧៦។ គណបក្សភ្លើងទៀនទទួលបានតំណែងជាមេឃុំ ចំនួន ៤ ជំទប់ទី ១ ចំនួន ២៥ និងជំទប់ទី ២ ចំនួន ១.៣៦០។
ចាប់តាំងពីគណបក្សភ្លើងទៀនបានចូលរួមក្នុងការបោះឆ្នោតវិញ មន្ត្រីជាន់ខ្ពស់គណបក្សនេះបានរងការប្តឹងផ្តល់តាមផ្លូវច្បាប់ពីគណបក្សកាន់អំណាចជាបន្តបន្ទាប់។ កាលពីខែតុលា ឆ្នាំ ២០២៣ តុលាការបានសម្រេចឱ្យអនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ បង់សំណងជំងឺចិត្តឱ្យគណបក្សកាន់អំណាច ប្រមាណជា ៧៥ ម៉ឺនដុល្លារអាមេរិក ពាក់ព័ន្ធនឹងបទបរិហារកេរ្តិ៍ជាសាធារណៈ ទាក់ទិននឹងការអត្ថាធិប្បាយរបស់លោក អំពីភាពមិនប្រក្រតីនៃការបោះឆ្នោតឃុំសង្កាត់ កាលពីខែមិថុនា ឆ្នាំ ២០២២។
កាលពីពាក់កណ្តាលខែមករា ឆ្នាំ ២០២៣ សមត្ថកិច្ចបានចាប់ខ្លួនលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ពីបទល្មើសដែលកើតឡើងកាលពីចុងឆ្នាំ ២០១៩ ពាក់ព័ន្ធនឹងការចោទប្រកាន់ចេញសែកអត់លុយ។
ហើយកាលពីខែមករា ឆ្នាំ ២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឱ្យមេធាវីបក្សកាន់អំណាចពិនិត្យមើលសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន ដែលចោទថា គណបក្សកាន់អំណាចគាបសង្កត់គូប្រជែង។ លោក ហ៊ុន សែន អំពាវនាវឲ្យគណបក្សប្រឆាំងមួយនេះសុំទោស បើមិនចង់ប្រឈមនឹងចំណាត់ការតាមផ្លូវច្បាប់។
នៅខែឧសភា ឆ្នាំ ២០២៣ នេះ គណបក្សភ្លើងទៀនត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បដិសេធមិនឱ្យចុះឈ្មោះក្នុងបញ្ជី ហើយក្រុមប្រឹក្សាធម្មនុញ្ញក៏បានសម្រេចដូចគ្នានឹង គ.ជ.ប។ នាពេលនោះ លោក រ៉ុង ឈុន ដែលជាអនុប្រធានម្នាក់របស់គណបក្សភ្លើងទៀន បានប្រកាសថា លោកគ្រោងជួបជុំសមាជិកនិងអ្នកគាំទ្រប្រមាណមួយម៉ឺននាក់ នៅទីលានប្រជាធិបតេយ្យ ដើម្បីតស៊ូមតិទាមទារឱ្យស្ថាប័នពាក់ព័ន្ធអនុញ្ញាតឱ្យគណបក្សនេះបានចូលរួមការបោះឆ្នោតថ្នាក់ជាតិនាខែកក្កដាខាងមុខនេះ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានព្រមានចាប់ខ្លួនអ្នកដែលហ៊ានចេញមុខតវ៉ាក្នុងការប្រមូលផ្តុំជាមួយគណបក្សភ្លើងទៀន ប្រឆាំងនឹងសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងក្រុមប្រឹក្សាធម្មនុញ្ញ ដែលសម្រេចមិនឱ្យគណបក្សជំទាស់មួយនេះចូលរួមការបោះឆ្នោត ដែលនឹងធ្វើឡើងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។
ទោះបីជារងសម្ពាធជាបន្តបន្ទាប់ ខណៈអនាគតនៃការចូលរួមរបស់គណបក្សនៅក្នុងការបោះឆ្នោតនាពេលខាងមុខ នៅតែមានភាពស្រពេចស្រពិលយ៉ាងណាក្តី ក៏ សកម្មជននិងមន្ត្រីរបស់គណបក្សភ្លើងទៀន ដូចជាលោក ណាក់ ណាច លើកឡើងថា លោកនឹងនៅបន្តចូលរួមសកម្មភាពនយោបាយជាមួយគណបក្សភ្លើងទៀន រហូតដល់ដំណាក់កាលចុងក្រោយ។
លោកថ្លែងថា៖ «បើសិនជាគណបក្សភ្លើងទៀនត្រូវបានរំលាយដូចគណបក្សសង្គ្រោះជាតិ ខ្ញុំសម្រាកធ្វើជាពលរដ្ឋធម្មតា។ ហើយកន្លងមក ខ្ញុំធ្វើអី គឺខ្ញុំទៅធ្វើហ្នឹងវិញ។ ហើយបើនិយាយពីការបោះបង់ការតស៊ូដើម្បីស្តារលទ្ធិប្រជាធិបតេយ្យ ខ្ញុំមិនបោះបង់ទេ»៕