អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា បានប្តឹងសាទុក្ខទៅតុលាការកំពូល ដើម្បីបដិសេធដីកាឃុំខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ និងទាមទារឱ្យលោកមានសេរីភាពឡើងវិញក្នុងសំណុំរឿងថ្មីមួយ ពាក់ព័ន្ធនឹងអំពើ «ញុះញង់»។ នេះបើតាមមេធាវីការពារក្តីឱ្យអនុប្រធានគណបក្សជំទាស់រូបនោះ។
លោក ថាច់ សេដ្ឋា ត្រូវបានអាជ្ញាធរចាប់ខ្លួន និងឃុំខ្លួនក្នុងពន្ធនាគារព្រៃស កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ចំពោះបទល្មើស ដែលកើតឡើងកាលពីចុងឆ្នាំ២០១៩ ពាក់ព័ន្ធនឹងការចោទប្រកាន់ចេញសែកស្អុយ។ លោកក៏ត្រូវបានព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សេង ហៀង ចោទប្រកាន់ពីបទ «ញុះញង់» កាលពីខែមករា ឆ្នាំ២០២៣ ជុំវិញការសំណេះសំណាលរបស់លោកជាមួយពលករខ្មែរធ្វើការនៅប្រទេសកូរ៉េ។
មេធាវីការពារក្តីឱ្យលោក ថាច់ សេដ្ឋា គឺលោក ជូង ជូងី ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ តុលាការកំពូលនឹងបើកសវនាការជំនុំជម្រះបណ្តឹងសាទុក្ខរបស់លោក ថាច់ សេដ្ឋា ដែលទាមទារឱ្យបដិសេធដីកាឃុំខ្លួន និងដោះលែងឱ្យលោកមានសេរីភាព។
លោកថ្លែងថា៖ «ថ្ងៃទី១២ខែមិថុនា ម៉ោង៨ព្រឹកនៅតុលាការកំពូល បើកសវនាការជំនុំជម្រះ និងបណ្តឹងសាទុក្ខ អំពីករណីចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនគាត់។ អ៊ីចឹងគាត់មិនសុខចិត្តនឹងការឃុំខ្លួន គាត់បានប្រគល់សិទ្ធិឱ្យមេធាវី ដើម្បីប្តឹងឧទ្ធរណ៍ ហើយប្តឹងសាទុក្ខទៅតុលាការកំពូលទៀត។ បំណងទាមទារឱ្យបដិសេធដីកាឃុំខ្លួន ដោះលែងឱ្យមានសេរីភាពវិញ»។
មេធាវីរូបនេះ បានឱ្យដឹងទៀតថា កូនក្តីរបស់លោកជាអ្នកនយោបាយ ដូច្នេះគួរណាស់តែមានសិទ្ធិសេរីភាពពេញលេញ ក្នុងការនិយាយអំពីរឿងនយោបាយ និងប្រវត្តិ សាស្ត្រ ដោយមិនគួរមានការចោទប្រកាន់ពីបទ «ញុះញង់»នោះទេ។
អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ដែលកំពុងជាប់ពន្ធនាគារ ជិតប្រាំមួយខែ បានការពារខ្លួនថា លោកមិនមានចេតនាញុះញង់អ្វីនោះទេ និងថាការជួបសំណេះសំណាលជាមួយពលករខ្មែរនៅប្រទេសកូរ៉េ អំពីនយោបាយ ប្រវត្តិសាស្រ្ដប្រទេសកម្ពុជា គឺត្រូវបានធានាដោយច្បាប់។ នេះបើតាមសារណាការពាររបស់លោក ថាច់ សេដ្ឋា ចុះថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ដែលបានប្ដឹងសាទុក្ខទៅតុលាការកំពូល។
លោក ចាត់ទុកថា ការសំអាងរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោកស្រី ទិត ដាលីន ដែលសម្រេចបន្ដឃុំខ្លួនរូបលោក ដើម្បីបញ្ចប់បទល្មើស និងបង្ការបទល្មើសកុំឱ្យកើតមានជាថ្មីទៀតនោះ គឺជារឿងមិនត្រឹមត្រូវ។
លោក ថាច់ សេដ្ឋា បញ្ជាក់ក្នុងសារណាថា ក្នុងករណីដែលតុលាការដោះលែងគាត់ឱ្យនៅក្រៅឃុំ លោកនឹងគោរពតាមគ្រប់លក្ខខណ្ឌដែលតុលាការតម្រូវ។ លោកបន្ថែម លោក នឹងមិនរត់ចោលគណបក្សភ្លើងទៀន សកម្មជន ប្រជាពលរដ្ឋរាប់លាននាក់ និងសហគមន៍ខ្មែរកម្ពុជាក្រោមឡើយ ព្រោះលោកជាអនុប្រធានគណបក្សភ្លើងទៀន និងជាប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម។
អនុប្រធានគណបក្សជំទាស់រូបនោះ បកស្រាយបន្ថែមថា ការស្នើសុំដោះលែងឱ្យនៅក្រៅឃុំនេះ គឺដោយសារបញ្ហាសុខភាព ដូចជា ខ្លាញ់រុំបេះដូង លើសឈាម ឡើងជាតិស្ករ ឡើងជាតិអាស៊ីដ ដែលត្រូវការព្យាបាលជាប្រចាំ។
លោក ថាច់ សេដ្ឋា លើកឡើងក្នុងសារណានោះថា៖ «ខ្ញុំបាទ បានជួបជាមួយពលករខ្មែរនៅប្រទេសកូរ៉េ សំណេះសំណាងអំពីនយោបាយ ប្រវត្តិសាស្ត្រកម្ពុជា។ ខ្ញុំមិនបានញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម មិនបានញុះញង់ឱ្យមានការរើសអើង ដូចការចោទប្រកាន់របស់តំណាងអយ្យការទេ»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យរបស់តុលាការរាជធានីភ្នំពេញ លោក អ៊ី រិន្ទ តាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមបាននៅឡើយទេ នៅថ្ងៃព្រហស្បតិ៍នេះ។
វីអូអេក៏មិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យតុលាការកំពូលអ្នកស្រី ម៉ៅ ធីតា បានដែរ គិតត្រឹមរសៀលថ្ងៃព្រហស្បតិ៍ដដែលនេះ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូលោក អំ សំអាត ប្រាប់វីអូអេថា នៅពេលបុគ្គលណាម្នាក់ មានលក្ខខណ្ឌគ្រប់គ្រាន់ស្របទៅតាមផ្លូវច្បាប់គឺអាចមានសិទ្ធិស្នើសុំនៅក្រៅឃុំជាបណ្ដោះអាសន្ន។ លោកបន្ថែមថាការឃុំខ្លួន បណ្ដោះអាសន្ន គួរតែជាជម្រើសចុងក្រោយ ដើម្បីកុំឱ្យប៉ះពាល់សិទ្ធិសេរីភាព។
លោកថ្លែងថា៖ «ការសុំនៅក្រៅឃុំបណ្ដោះអាសន្នមិនថាបទមជ្ឈិម ឬបទឧក្រិដ្ឋទេគឺមានសិទ្ធិគ្រប់គ្រាន់។ ប៉ុន្ដែបើជាបទមជ្ឈិម ជាបទមួយកម្រិតមជ្ឈិមដែរ អាហ្នឹងជាគោលការណ៍ជម្រើសនៅក្រៅឃុំបណ្ដោះអាសន្នជាជាងការឃុំខ្លួនបណ្ដោះអាសន្ន ព្រោះការឃុំខ្លួនបណ្ដោះអាសន្ន ជាជម្រើសចុងក្រោយ ដែលកំណត់តឹងរ៉ឹង ដែលតម្រូវឱ្យឃុំខ្លួន។ ប៉ុន្តែបើសិនជា មិនអ៊ីចឹងទេ គឺជម្រើសនៅក្រៅឃុំបណ្ដោះអាសន្នគឺសេរីភាព»។
គួរបញ្ជាក់ថាកាលពីដើមខែឧសភា ឆ្នាំ២០២៣ លោក ថាច់ សេដ្ឋា ដែលកំពុងជាប់ពន្ធនាគារ បានព្យាយាមប្តឹងទាស់នឹងការចោទប្រកាន់លើលោកទាក់ទងរឿង «ចេញសែកអត់សាច់ប្រាក់» ទៅឱ្យក្រុមហ៊ុនរិនឆាយផនស៊ប ដែលជាកន្លែងបញ្ចាំ និងស្នើសុំតុលាការកំពូលអនុញ្ញាតឱ្យលោកបានស្ថិតនៅក្រៅឃុំ ដើម្បីព្យាបាលជំងឺបេះដូង ដោយធានាតម្កល់ប្រាក់ជាង ៣ម៉ឺនដុល្លារអាមេរិក ឬច្រើនជាងនេះ ប៉ុន្តែចៅក្រមតុលាការកំពូល បានបដិសេធសំណើរបស់លោក ហើយបន្តឃុំខ្លួនលោក រហូតមក ដល់បច្ចុប្បន្ននេះ៕
មេធាវី៖ លោក ថាច់ សេដ្ឋា ប្តឹងសាទុក្ខទៅតុលាការកំពូល បដិសេធដីកាឃុំខ្លួន និងទាមទារឱ្យបានស្ថិតនៅក្រៅឃុំ
ភ្នំពេញ —