នៅក្នុងក្រុងហុងកុង ភាពតានតឹងនយោបាយនៅបន្តកើតមានជាហូរហែ ខណៈដែលតំណាងរាស្រ្តដែលគាំទ្រប្រជាធិបតេយ្យប្តេជ្ញាបោះឆ្នោតវេតូ (Veto) ប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាលក្រុងប៉េកាំងសម្រាប់កំណែទម្រង់ការបោះឆ្នោតនៅក្នុងទីក្រុងនេះ។
សកម្មជនប្រជាធិបតេយ្យនិយាយថា ពួកគេនឹងព្យាយាមឲ្យមានការគាំទ្រនយោបាយសម្រាប់ក្រុងហុងកុងនៅប៉ុន្មានសប្តាហ៍ទៀត ដើម្បីធ្វើការអប់រំពលរដ្ឋ និងបង្កើតការគាំទ្រសម្រាប់ការបោះឆ្នោតជ្រើសរើសមេដឹកនាំដោយផ្ទាល់របស់ក្រុងនេះ។
កាលពីឆ្នាំទៅ សកម្មជនដែលគាំទ្រលទ្ធិប្រជាធិបតេយ្យបានបិទផ្នែកមួយចំនួននៃទីក្រុងអស់រយៈពេលជាច្រើនខែដោយសារអ្វីដែលគេហៅថា «បដិវត្តន៍ឆ័ត្រ» (Umbrella Revolution)។ អ្នកតវ៉ាបានប្រឆាំងទៅនឹងផែនការដែលកំណត់ដោយរដ្ឋាភិបាលក្រុងប៉េកាំង ដែលផែនការនេះមិនស្របតាមបំណងរបស់ពួកគេនៅក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំក្រុងដោយផ្ទាល់។
នៅដើមឆ្នាំនេះ រដ្ឋាភិបាលក្រុងហុងកុងបានបង្ហាញពីផែនការសម្រាប់កំណែទម្រង់ការបោះឆ្នោតដែលស្ទើរតែដូចគ្នាបេះដាក់នឹងផែនការដែលលើកឡើងដោយរដ្ឋាភិបាលក្រុងប៉េកាំង។ ផែនការនេះអនុញ្ញាតិ្តឲ្យមានការបោះឆ្នោតសម្រាប់មេដឹកនាំក្រុងនេះ ប៉ុន្តែពីបេក្ខជនដែលជ្រើសរើសដោយគណៈកម្មាការមួយដែលត្រូវបានជ្រោមជ្រែងពីអ្នកដែលស្មោះស្ម័គ្រនឹងរដ្ឋាភិបាលកណ្តាលរបស់ចិន។
Emily Lau ប្រធានគណបក្សប្រជាធិបតេយ្យហុងកុង (Hong Kong's Democracy Party) និយាយថា លោកស្រី និងតំណាងរាស្រ្តដែលគាំទ្រលទ្ធិប្រជាធិបតេយ្យដទៃទៀតនឹងមិនអនុញ្ញាតិ្តឲ្យកំណែទម្រង់នេះចូរជាធរមាននោះទេ។
«ខ្ញុំគិតថាសំណើរបស់រដ្ឋាភិបាលក្រុងហុងកុងមិនល្អគ្រប់គ្រាន់នោះទេ។ វាមិនបំពេញតម្រូវការមូលដ្ឋានសំខាន់ៗនៃការបោះឆ្នោតប្រជាធិបតេយ្យពិតប្រាកដ។ ដូច្នេះ យើងនឹងបោះឆ្នោតប្រឆាំងនឹងសំណើនេះ។ ខ្ញុំគិតថាអ្នកតាក់តែងច្បាប់ដែលគាំទ្រលទ្ធិប្រជាធិបតេយ្យជាច្រើននៅក្នុងក្រុមប្រឹក្សាច្បាប់នឹងបោះឆ្នោតប្រឆាំងនឹងសំណើនេះ»។
បន្ទាប់ពីរដ្ឋាភិបាលក្រុងហុងកុងបង្ហាញពីផែនការកំណែទម្រង់របស់ខ្លួន ក្រុមអ្នកតាក់តែងច្បាប់ដែលគាំទ្រលទ្ធិប្រជាធិបតេយ្យបានដើរចេញពីអគារសភារបស់ក្រុង ដោយភាគច្រើនបានពាក់អាវយឺតពណ៌ខ្មៅ និងសញ្ញាខ្វែងពណ៌លឿងនៅក្នុងការតវ៉ានឹងសំណើរបស់រដ្ឋាភិបាល។
គេត្រូវការអ្នកតាក់តែងច្បាប់ចំនួន២ភាគ៣ដើម្បីត្រូវអនុម័តផែនការនេះ ហើយខណៈដែលផែនការនេះស្ថិតនៅតែមិនអាចចូលជាធរមានបាន រដ្ឋាភិបាលក្រុងប៉េកាំង និងហុងកុងត្រូវតែបញ្ចុះបញ្ចូលអ្នកតាក់តែងច្បាប់៤នាក់ឲ្យផ្លាស់ប្តូរគំនិតរបស់ពួកគេឲ្យគាំទ្រកំណែទម្រង់ការបោះឆ្នោតឲ្យទៅជាច្បាប់។
ដោយនិយាយទៅកាន់អ្នកសារព័ត៌មាន ចហ្វាយក្រុងហុងកុង C.Y. Leung បានចុះផ្សាយការព្រមានដល់ប្រជាពលរដ្ឋក្នុងទីក្រុង។
លោកបាននិយាយថា «ការផ្តួចផ្តើមដំណើរការកំណែទម្រង់នយោបាយមិនមែនជាការងាយស្រួលទេ។ ប្រសិនបើសំណើនេះត្រូវបានគេបដិសេធ វានឹងត្រូវចំណាយពេលច្រើនឆ្នាំទៀតទើបអាចមានឱកាសម្តងទៀត»។
ប៉ុន្តែប្រជាពលរដ្ឋហុងកុងជាច្រើន ជាពិសេសយុវជន និយាយថា ប្រសិនបើផែនការកំណែទម្រង់នឹងត្រូវចូលជាធរមាន វានឹងជាការវិលថយក្រោយមួយសម្រាប់ចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យ។
«ខ្ញុំគិតថាទិដ្ឋភាពដ៏ល្អបំផុត គឺផែនការនោះនឹងត្រូវបានគេបដិសេធ ដើម្បីបង្ហាញថាមនុស្សនៅក្រុងហុងកុងនឹងមិនត្រូវគេបោកបញ្ឆោតដោយសំណើក្លែងក្លាយ និងកំណែទម្រង់ក្លែងក្លាយ»។
ចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យបានបែកបាក់ចាប់តាំងពីការតវ៉ាទាំងនេះបានទាក់ទាញបាតុកររាប់រយពាន់នាក់ឲ្យមកធ្វើបាតុកម្មនៅតាមផ្លូវកាលពីឆ្នាំមុន។ និស្សិតជាច្រើនបានជ្រើសរើសចាកចេញពីសហព័ន្ធនិស្សិតហុងកុង (Hong Kong's Federation of Students) ដែលជាអ្នករៀបចំមួយក្នុងចំណោមអ្នករៀបចំសំខាន់ៗ ដែលបានរៀបចំបាតុកម្មទាំងនេះ ដោយសារតែមានការមិនចុះសម្រុងគ្នាអំពីទិសដៅនៃចលនានេះ។ និស្សិតមួយចំនួននិយាយថា ពួកគេពេញចិត្តសកម្មភាពដែលមានភាពខ្លាំងក្លាជាងនេះ ហើយបានរៀបចំការធ្វើបាតុកម្មនៅតាមព្រំប្រទល់ហុងកុងជាមួយនឹងចិនដីគោក ដោយហ៊ុំព័ទ្ធអ្នកទេសចរ និងអ្នកដើរទិញឥវ៉ាន់ចិនដីគោក និងមានការស្រែកដោយប្រើពាក្យដែលប្រកាន់ពូជសាសន៍ និងគម្រាមកំហែង។
ប៉ុន្តែទោះបីជា ចលនានិស្សិតសម្រាប់ប្រជាធិបតេយ្យអាចនឹងបំបែកដោយសារយុទ្ធសាស្រ្តរបស់ខ្លួនក៏ដោយ បើមើលជារួមចលនានេះហាក់ដូចជាទទួលបានការគាំទ្រច្រើនក្នុងចំណោមពលរដ្ឋហុងកុង។
នៅក្នុងការស្ទាបស្ទង់មតិទៅលើពលរដ្ឋក្រុងហុងកុងតិចជាងពាក់កណ្តាលនិយាយថា ពួកគេគាំទ្រផែនការរបស់រដ្ឋាភិបាលសម្រាប់កំណែទម្រង់នៅក្នុងទីក្រុងនេះ។ សំណើនោះមានប្រជាប្រិយភាពតិចតួចបំផុតក្នុងចំណោមយុវជនដែលមានការអប់រំខ្ពស់នៅហុងកុង។ ៥៥ភាគរយនៃអ្នកដែលត្រូវបានស្ទង់មតិជាមួយចំណេះដឹងអប់រំថ្នាក់សាកលវិទ្យាល័យ ឬខ្ពស់ជាងនេះបានប្រឆាំងនឹងសំណើនោះ ខណៈដែល៦៣ភាគរយនៃអ្នកដែលមានអាយុពី១៨ឆ្នាំទៅ២៩ឆ្នាំក៏បានប្រឆាំងនឹងសំណើនោះផងដែរ។
ទោះបីជាគ្មានការតវ៉ាទ្រង់ទ្រាយធំណាមួយប្រឆាំងនឹងសំណើនោះត្រូវបានគ្រោងទុកក៏ដោយ លោក Joseph Cheung សាស្រា្តចារ្យនៅសាកលវិទ្យាល័យ City University of Hong Kong និយាយថា ការតវ៉ាអាចនឹងចាប់ផ្តើមម្តងទៀត ប្រសិនបើអ្នកតាក់តែងច្បាប់ដែលគាំទ្រលទ្ធិប្រជាធិបតេយ្យផ្លាស់ប្តូរជំហរ ហើយសំណើកំណែទម្រង់បានចូលជាធរមាន។
«ប្រសិនបើអ្នកតាក់តែងច្បាប់មួយចំនួនទទួលរងសម្ពាធឲ្យផ្លាស់ប្តូរជំហររបស់ពួកគេ ហើយឲ្យគាំទ្រសេចក្តីព្រាងកំណែទម្រង់នយោបាយ គេរំពឹងថានឹងមានការតវ៉ាទ្រង់ទ្រាយធំដែលត្រូវបានផ្តួចផ្តើមឡើងដោយក្រុមនិស្សិតជាទូទៅ»។
កាលពីសបា្តហ៍មុន ការបាតុកម្មតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យទ្រង់ទ្រាយតូចមួយនៅក្នុងតំបន់ក្បែរក្រុងហុងកុងដែលមានឈ្មោះថា Mong Kok បានបណ្តាលឲ្យមានការចាប់ខ្លួនបាតុករ៨នាក់។ ខ្សែវីដេអូនៅក្នុងទូរទស្សន៍បានបង្ហាញពីការដែលប៉ូលិលបានប្រើប្រាស់ផ្សែងបង្ហូរទឹកភ្នែក និងដំបងដើម្បីបំបែកក្រុមបាតុករជាច្រើននាក់ដែលព្យាយាមបិទចរាចរណ៍៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ