ការប្រឈមមុខគ្នារវាងអ្នកទេសចរចិនដីគោកនិងបាតុករហុងកុងបានផ្ទុះឡើងនៅផ្សារទំនើបរបស់ហុងកុងជាច្រើនក្នុងខែនេះ ខណៈពេលដែលសកម្មជនលទ្ធិប្រជាធិបតេយ្យនិងក្រុមសិទ្ធិមនុស្សនិយាយថាការអំពាវនាវរបស់ពួកគេឲ្យមានតំណាងនៃការដឹកនាំមិនត្រូវបានយកចិត្តទុកដាក់ដោយអាជ្ញាធរនោះទេ។
កាលពីថ្ងៃអាទិត្យសបា្តហ៍មុន បាតុករបានប្រមូលផ្តុំគ្នានៅហាងទំនិញហុងកុងមួយដោយបានស្រែករិះគន់ដល់អ្នកទិញទំនិញជនជាតិចិនដីគោក ដែលបានធ្វើដំណើរឆ្លងកាត់ព្រំដែននៅពេលចាប់ផ្តើមថ្ងៃចូលឆ្នាំចិន។
អ្នកតវ៉ាស្រែកខ្លាំងៗថា «មនុស្សចង្រៃ ត្រឡប់ទៅកាន់ទឹកដីអ្នកឯងវិញទៅ» ហើយបានឡោមព័ទ្ធអ្នកទេសចរមួយចំនួននៅក្នុងហាងនោះនៅក្បែរ ស្រុក Sha Tin ដែលលាតសន្ធឹងពីខ្សែផ្លូវរថភ្លើងហុងកុងទៅទឹកដីចិនដីគោក។
Wai Hing Wong ស្ថិតនៅជាមួយក្រុម Faculty of Orchid Gardening ដែលជាក្រុមតវ៉ាមួយទាមទារឲ្យមានស្វ័យភាពនៃរដ្ឋទីក្រុងនេះ ឬក៏ទាមទារឲ្យហុងកុងមានស្វ័យភាពនៅក្រោមគោលការណ៍ «ប្រទេសមួយ ប្រព័ន្ធពីរ»។
«ខ្ញុំគិតថា មនុស្សម្នាកំពុងមានឥវិយាបថថ្មីមួយចំពោះរបៀបតវ៉ាបែបបុរាណដែលឥឡូវនេះពួកគេមានភាពក្លាហាននិងហ៊ានក្រោកឈរតវ៉ា។ ពីព្រោះអ្វីដែលយើងធ្វើអស់រយៈពេល២០ឬ៣០ឆ្នាំចុងក្រោយនេះ មនុស្សទាំងនោះមានអារម្មណ៍ថាវាគ្មានផ្លូវនោះទេ រដ្ឋាភិបាលនៅតែមិនស្តាប់ពួកយើង»។
ការប្រឈមមុខគ្នាកាលពីថ្ងៃអាទិត្យដែលមានបាតុកម្មស្រដៀងគ្នានេះកាលពីសបា្តហ៍មុន ជាកន្លែងមួយដែលបាតុករបានប្រមូលផ្តុំគ្នានៅហាងលក់ទំនិញក្នុងក្រុង Tuen Mun នៅក្បែរព្រំប្រទល់ហុងកុងជាមួយចិនដីគោក។ នៅទីនោះប៉ូលិសបានចាប់ខ្លួនមនុស្ស១២នាក់និងបានប្រើផ្សែងបង្ហូរទឹកភ្នែកដើម្បីបាញ់បំបែកក្រុមបាតុករ។ ប៉ូលិសម្នាក់ និងបាតុករមួយចំនួនត្រូវបានរងរបួស។
Joseph Cheng សាស្រ្តាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិម្នាក់នៅសាកលវិទ្យាល័យហុងកុងនិយាយថាការតវ៉ាទាំងនោះ គឺជាការបង្ហាញនូវកំហឹងទៅលើគោលនយោបាយរបស់រដ្ឋាភិបាលដែលបរាជ័យក្នុងការការពារពលរដ្ឋហុងកុង។
«វាឆ្លុះបញ្ចាំងពីភាពបែកបាក់និងភាពមិនចុះសម្រុងគ្នាដែលកាន់តែកើនឡើងរវាងសហគមន៍ក្នុងស្រុក និងអ្នកទេសចរមកពីចិនដីគោក។ ការខឹងសម្បារប្រឆាំងនឹងអាជ្ញាធរចិនក្នុងក្រុងប៉េកាំងនិងប្រឆាំងអ្នកទេសចរចិនដីគោកដែលមកលេងនៅហុងកុងបានកើនឡើង ហើយនៅកម្រិតមួយរឿងទាំងពីរនេះមានជាប់ពាក់ព័ន្ធគ្នាក្នុងន័យដែលថារដ្ឋាភិបាល និងក្រុមអភិជនមិនផ្តល់ដំណឹងដល់រដ្ឋាភិបាលក្រុងប៉េកាំងពីគំនិតប្រឆាំងចិននៅក្នុងសហគមន៍និងកំពុងតែស្វែងរកនូវដំណោះស្រាយសមរម្យមួយដើម្បីគ្រប់គ្រងចំនួនអ្នកទេសចរដែលមកលេងហុងកុង។ នៅពេលជាមួយគ្នានេះដែរ ពលរដ្ឋសាមញ្ញនៅក្នុងក្រុងហុងកុងចាត់ទុករដ្ឋាភិបាលក្រុងប៉េកាំងថាមានការគាបសង្កត់ខ្លាំងទៅៗ»។
កាលពីថ្ងៃពុធ អភិបាលក្រុងហុងកុងបង្ហាញគំនិតរបស់លោកចំពោះបាតុកម្មគាំទ្រលិទ្ធិប្រជាធិបតេយ្យកាលពីឆ្នាំទៅ ដោយបានជំរុញឲ្យពលរដ្ឋមានចរិតដូចសត្វពពែ ដែលជាសត្វនៅក្នុងឆ្នាំ២០១៥របស់ចិន។ នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយ លោក Cy Leung និយាយថា «នៅក្នុងឆ្នាំខាងមុខនេះ ខ្ញុំសង្ឃឹមថាពលរដ្ឋទាំងអស់នៅហុងកុងនឹងយកគំរូតាមតួអង្គពពែនិងរួបរួមគ្នាក្នុងន័យផ្លាស់ប្តូរដើម្បីអនាគតរបស់ហុងកុង»។
នៅក្នុងការប្រឈមមុខគ្នាដែលពាក់ព័ន្ធនឹងអ្នកទេសចរចិនដីគោកនាពេលថ្មីៗនេះ អ្នកតវ៉ាជាច្រើនបានបង្ហាញពីកំហឹងរបស់ខ្លួនទៅលើអ្នកជំនួញដែលពាក់ព័ន្ធក្នុងជំនួញមួយដែលគេហៅថា «ជំនួញស្របគ្នា»។ ពួកគេធ្វើដំណើរឆ្លងកាត់ព្រំដែនទៅទិញទំនិញដូចជាម្សៅទឹកដោះគោនិងឱសថដែលមានចំនួនច្រើនហើយមិនមានបង់ពន្ធ។ បន្ទាប់មក ពួកគេលក់ទំនិញក្នុងតម្លៃថោកៗនៅចិនដីគោក។
អ្នកតវ៉ាទាំងនោះនិយាយថាការធ្វើបែបនេះបានតម្លើងតម្លៃនៅក្នុងទីក្រុងហុងកុង ដោយធ្វើឲ្យប៉ះពាល់ដល់អ្នករស់នៅទីក្រុង។ មនុស្សជាច្រើនក៏បាននិយាយដែរថាអតិថិជនចិនដីគោកបានធ្វើឲ្យទំនិញឡើងថ្លៃ និងការជួលនានាក៏ឡើងថ្លៃដែរនៅក្នុងទីក្រុងហុងកុង ដែលនេះបានធ្វើឲ្យការរស់នៅកាន់តែលំបាកនៅក្នុងទីក្រុង។
ការប្រឈមមុខគ្នាបានកើតឡើងបន្ទាប់ពីបាតុកម្មគាំទ្រលិទ្ធិប្រជាធិបតេយ្យទាំងនេះ ដែលបានបិទផ្លូវរបស់ក្រុងហុងកុងជាច្រើនអស់រយៈពេលជិត៣ខែ ដោយអ្នកតវ៉ាចេះតែទាមទារឲ្យមានការបោះឆ្នោតដោយផ្ទាល់ចំពោះមេដឹកនាំក្រុង។
អ្នកតវ៉ាម្នាក់ឈ្មោះ Pa Sha បានចូលរួមក្នុងបាតុកម្មទាំងនោះ ហើយព្រួយបារម្ភថាការប្រឈមមុខគ្នាជាមួយអ្នកទេសចរចិនដីគោកនាពេលថ្មីៗកាន់តែច្រើនឡើងៗអាចនឹងឈានដល់ការប្រយុទ្ធគ្នាក្នុងលក្ខណៈទ្រង់ទ្រាយធំដើម្បីទាមទារសិទ្ធិក្នុងការបោះឆ្នោតនៅក្នុងទីក្រុង។
«សារពួកគេប្រើដែលរួមមានពាក្យរិះគន់ដែលប្រកាន់ជាតិសាសន៍ជាច្រើនកំពុងតែមានភាពចម្រូងចម្រាសយ៉ាងខ្លាំង ហើយសម្រាប់មនុស្សទាំងនេះ ការចាប់អារម្មណ៍របស់ពួកគេបានប្តូរពីការប្រយុទ្ធដើម្បីគោលនយោបាយល្អប្រសើរជាងមុន ដូចជានៅក្នុងរឿងផ្ទះសម្បែង និងគោលនយោបាយសេដ្ឋកិច្ចផ្សេងៗទៀត ទៅជាប្រឆាំងនឹងជនជាតិចិនដីគោក ជាពិសេសអ្នកធ្វើដំណើរចិនដីគោកដែលរួមមានទាំងបញ្ហារបស់អ្នកជំនួញដែលគេហៅថាអ្នកជំនួញស្របគ្នាផងដែរ»។
បាតុករមួយចំនួនបានអំពាវនាវឲ្យបញ្ចប់កម្មវិធីដែលអនុញាតិឲ្យពលរដ្ឋនៅក្រុង Shenzhen ដែលជាក្រុងភាគខាងត្បូងរបស់ចិន អាចមានទិដ្ឋាការចេញចូលច្រើនដង។ អ្នកតវ៉ាដែលទាមទារការបោះឆ្នោតដោយផ្ទាល់ចំពោះមេដឹកនាំហុងកុងសន្យាថានឹងបន្តមិនគោរពច្បាប់នៅរដូវផ្ការីកនេះតទៅទៀត៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ