ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​សភា​គាំទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យ​ដើរ​ចេញ​ពី​រដ្ឋសភា​ក្រុង​ហុង​កុង


សមាជិកសភាគាំទ្រលទ្ធិប្រជាធិបតេយ្យកាន់ឆ័ត្រព័ណ៌លឿងដែលជានិម្មិត្តរូបនៃចលនាការកាន់កាប់(Occupy Central) បានដើរចេញក្នុងពេលកិច្ចប្រជុំសភា ជាសញ្ញានៃការធ្វើពហិការមិនចូលរួមជាមួយរដ្ឋាភិបាល នៅទីក្រុងហុងកុងកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០១៥។ កាលពីថ្ងៃពុធ រដ្ឋាភិបាលក្រុងហុងកុងគ្រោងនឹងចាប់ផ្តើមការប្រឹក្សាជុំទីពីរអំពីកំណែទម្រង់នយោបាយ។
សមាជិកសភាគាំទ្រលទ្ធិប្រជាធិបតេយ្យកាន់ឆ័ត្រព័ណ៌លឿងដែលជានិម្មិត្តរូបនៃចលនាការកាន់កាប់(Occupy Central) បានដើរចេញក្នុងពេលកិច្ចប្រជុំសភា ជាសញ្ញានៃការធ្វើពហិការមិនចូលរួមជាមួយរដ្ឋាភិបាល នៅទីក្រុងហុងកុងកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០១៥។ កាលពីថ្ងៃពុធ រដ្ឋាភិបាលក្រុងហុងកុងគ្រោងនឹងចាប់ផ្តើមការប្រឹក្សាជុំទីពីរអំពីកំណែទម្រង់នយោបាយ។

សមាជិក​សភា​គាំទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យក្នុង​ទីក្រុង​ហុងកុង ​បាន​លើក​ឆ័ត្រ​ពណ៌​លឿង ​ជានិមិត្ត​រូបនៃ​ចលនា​កាន់​កាប់ (Occupy) ​ដែន​ដី​នោះ ​ហើយ​បាន​ដើរ​ចេញ​ពី​សម័យ​ប្រជុំ​របស់​សភាកាល​ពី​ថ្ងៃ​ពុធ​នៅ​ពេល​ដែល​លោកស្រី​ Carrie Lam ប្រធាន​រដ្ឋ​បាល​ទីក្រុង​ហុងកុង​បាន​និយាយ​ថា ​រដ្ឋាភិបាល​បាន​ប្រកាន់​ខ្ជាប់​ទៅ​នឹង​សំណើ​ដើម្បី​ពិនិត្យ​មើល​បេ្ខជន​ជាមុន​សម្រាប់​ការ​បោះ​ឆ្នោត​ក្រុង​ហុងកុង​នៅ​ឆ្នាំ​២០១៧។

ការ​ដើ​ចេញ​កាល​ពី​ថ្ងៃ​ពុធ ​បាន​ផ្តល់​សញ្ញា​គាំទ្រ​ការ​តវ៉ា​ប្រឆាំង​ដែល​បាន​ធ្វើ​ឲ្យ​ជាប់​គាំង​ទី​ក្រុង​ចាប់​តាំង​ពី​ចុង​ឆ្នាំ​មុន​មក ​ក្រោយ​ពី​ផែនការ​នោះ​ត្រូវបាន​ស្នើឡើង។ ​ផែនការ​នោះ ​គឺតម្រូវ​ឲ្យ​អ្នក​ក្លាយ​ជា​បេក្ខជន​មាន​ការ​ពិនិត្យ​ជាមុន​ដោយ​គណៈ​កម្មាធិការ​មួយ​ដែល​ពួក​ប្រឆាំង​និយាយ​ថា ​មាន​ការ​លម្អៀង​ទៅ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង។

លោក​ Alan Leong ​សមាជិក​សភា​គាំទ្រ​លទ្ធិ​ប្រ​ជាធិបតេយ្យ​របស់​គណបក្ស Civic ​បាន​និយាយ​ទៅ​កាន់​ពួក​អ្នក​យក​ព័ត៌មានបន្ទាប់​ពី​ការ​តវ៉ា​ប្រឆាំង​នោះ។​លោក​និយាយ​ថា៖ ​«យើង​ចង់​ឃើញរដ្ឋាភិបាល​ទីក្រុង​ហុងកុង​បង្ហាញ​ផែនការ​តឹង​រ៉ឹង​មួយ​ដល់​សេចក្តី​ព្រាង​ច្បាប់​ហើយ​នឹង​អនុញ្ញាត​ឲ្យ​យើង​បោះ​ឆ្នោត​វ៉េតូ។ ​ការ​ធ្វើ​ដូច្នេះ ​រដ្ឋាភិបាល​កណ្តាល​ក្នុង​ទីក្រុង​ប៉េកាំង​អាច​មាន​ពេល​វេលា​ច្រើន​ថែម​ទៀត ​ប្រសិនបើខ្លូន​នឹងចាប់​ផ្តើម​ឡើង​វិញ​នូវ​កំណែ​ទម្រង់ខាង​នយោបាយ​ដែល​មាន​៥​ជំហាន​នោះ»។

លោកស្រី​ប្រធាន​រដ្ឋ​បាល​ Lam ​បាន​និយាយ​ថា​ ការ​តាក់​តែង​រដ្ឋ​ធម្មនុញ្ញ ​ត្រូវ​តែ​ធ្វើ​ឡើងផ្អែក​លើ​ផែនការ​ដែល​គាំ​ទ្រ​ដោយ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង។​ ក៏ប៉ុន្តែ ​លោកស្រី​រក្សា​សេចក្តី​សង្ឃឹម​ថា ​នឹង​បញ្ចុះ​បញ្ចូល​ពួក​ប្រឆាំង​ឲ្យ​គាំទ្រកំណែ​ទម្រង់​នេះ។

លោក​ស្រី​និយាយ​ថា៖ «​ថ្វីបើ​គម្រោង​ច្បាប់​ត្រូវ​បាន​ដាក់​ចេញ​ដោយ​គណៈ​កម្មាធិការ​អចិន្រ្តៃយ៍​សមាជ​របស់​ប្រជាជន​នោះ​ក៏ដោយ ​យើង​ជឿ​ជាក់​យ៉ាង​ពិត​ប្រាកដ​ថា ​យើង​នៅ​តែ​មាន​ឱកាស​ធ្វើ​ការ​រៀបចំ​ការ​បោះឆ្នោត​ដែល​មាន​ភាព​សេរី ​បើក​ចំហរ​ តម្លាភាព​និង​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង»។

ពលរដ្ឋ​ទី​ក្រុង​ហុង​កុង​ម្នាក់អាយុ​៧០​ឆ្នាំ ​ដែលបានផ្តល់​តែ​នាម​ត្រកូល​ថា​លោក​ឈ្មោះ​ Wong គឺ​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ប្រហែល​១០០​នាក់ដែល​កំពុង​កាន់​កាប់ចិញ្ចើម​ផ្លូវ​សម្រាប់​មនុស្សដើរនៅជិត​ទី​ស្នាក់​ការ​រដ្ឋាភិបាល​របស់​ទីក្រុង​ហុងកុង។ ​លោក​ប្រាប់​ VOA​ ថា ​លោក​បាន​ស្ថិត​នៅ​ទី​នេះ​ដើម្បី​ជំរុញ​ឲ្យ​សមាជិក​សភា​បដិសេធ​ផែនការ​បោះ​ឆ្នោត​របស់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង។

លោក​និយាយ​ថា៖​ «ខ្ញុំ​បាន​ប្រាប់​ពលរដ្ឋ​ថា ​ផែនការ​កំណែ​ទម្រង់​នយោបាយ​នេះ មិន​អាច​ទទួល​យក​បាន​ទេ ​ហើយ​ខ្ញុំ​ប្រាប់​ទៅ​សមាជិក​សភា​ជាទី​គោរព​របស់​យើង​ចំនួន​៧០​នាក់​ថា ​ពួកគេ​គួរ​ប្រើ​មនសិការ​របស់​ខ្លួន​ហើយ​បោះឆ្នោត​វ៉េតូ​ប្រឆាំង​ផែនការ​កំណែ​ទម្រង់​នេះ»៕

XS
SM
MD
LG