ប្រទេសហ្វីលីពីននៅថ្ងៃសុក្រនេះបានថ្កោលទោសឆ្មាំការពារដែនសមុទ្ររបស់ចិនចំពោះ«សកម្មភាពបង្ខំដោយមិនបានបង្កហេតុនិងប្រកបដោយគ្រោះថ្នាក់» រួមមានទាំងការប្រើប្រាស់កាណុងបាញ់ទឹកប្រឆាំងនឹងទូករបស់ខ្លួននៅក្នុងការប៉ុនប៉ងដើម្បីឆាឆៅបេសកកម្មផ្គត់ផ្គង់នៅក្នុងសមុទ្រចិនខាងត្បូង។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានReuters។
ហ្វីលីពីននិយាយថាសកម្មភាពរបស់ចិនមិនត្រឹមតែបង្កហានិភ័យដល់អាយុជីវិតប៉ុណ្ណោះទេ ប៉ុន្តែក៏«ចោទជាសំណួរនិងការមន្ទិលសង្ស័យយ៉ាងខ្លាំងពីភាពស្មោះត្រង់នៃការអំពាវនាវរបស់ចិនឱ្យមានការសន្ទនាដោយសន្តិវិធីដែរ»។
បេសកកម្មផ្គត់ផ្គង់សំភារៈឡើងវិញជាប្រចាំជួយដល់កងទ័ពរបស់ហ្វីលីពីនដែលបានបោះទីតាំងនៅក្នុងកប៉ាល់សង្គ្រាមដែលគឿងនៅខ្ពង់រាបក្រោមបាតសមុទ្រ Second Thomas Shoalជាជម្លោះក្តៅគគុកនៅក្នុងសមុទ្រចិនខាងត្បូងដែលរដ្ឋាភិបាលក្រុងម៉ានីលហៅAyungin ហើយត្រូវបានគេស្គាល់ថាជាថ្មប៉ប្រះទឹកRenai នៅក្នុងប្រទេសចិន។
ចិនទាមទារសមុទ្រចិនខាងត្បូងស្ទើរតែទាំងមូលដែលរួមមានតំបន់ខ្ពង់រាបក្រោមបាតសមុទ្រ Second Thomas Shoalហើយបានដាក់ពង្រាយនាវាច្រើនរយគ្រឿងដើម្បីយាមល្បាតនៅទីនោះ រួមទាំងអ្វីដែលរដ្ឋាភិបាលហ្វីលីពីនចាត់ទុកថាជា«កងជីវពលនាវាចរណ៍ចិន»ដែលហ្វីលីពីននិយាយថាមានទាក់ទិនទៅនឹងការប៉ុនប៉ងកាលពីពេលថ្មីៗនេះដើម្បីឆាឆៅបង្អាក់បេសកកម្មផ្គត់ផ្គង់សំភារៈរបស់ខ្លួនឡើងវិញ។
ឆ្មាំការពារដែនសមុទ្រចិនបាននិយាយនៅថ្ងៃសុក្រនេះថាកប៉ាល់ដឹកជញ្ជូនហ្វីលីពីនតូចៗ២គ្រឿងនិងនាវាឆ្មាំការពារដែនសមុទ្រ៣គ្រឿងបានចូលក្នុងផ្ទៃទឹកខ្លួនដោយគ្មានការអនុញ្ញាតពីរដ្ឋាភិបាលចិនហើយបានជំរុញឱ្យហ្វីលីពីនបញ្ឈប់ការរំលោភអធិបតេយ្យភាពរបស់រដ្ឋាភិបាលក្រុងប៉េកាំង៕