ក្រោយការឃាត់ទុកកប៉ាល់នេសាទមួយគ្រឿងកាលពីថ្ងៃសុក្រសប្តាហ៍មុនក្នុងតំបន់ខ្លងយ៉ៃ (Khlong Yai) ជាប់នឹងព្រំដែនកម្ពុជា កម្មករនេសាទខ្មែរ ១០ នាក់ នៅបន្តជាប់ឃុំក្នុងពន្ធនាគារខេត្តត្រាតរបស់ប្រទេសថៃ ដោយសារគ្មានប្រាក់បង់ឲ្យបានស្ថិតនៅក្រៅឃុំ។ នេះបើតាមសេចក្តីរាយការណ៍របស់សហព័ន្ធដឹកជញ្ជូនអន្តរជាតិ (International Transport Workers' Federation) ដែលវីអូអេទទួលបាន។
ការឃាត់ទុកកប៉ាល់ដែលមាននាយកប៉ាល់ជាជនជាតិថៃ ហើយមានដោតទង់ជាតិប្រទេសថៃ បានកើតឡើងកាលពីថ្ងៃទី ២១និងទី ២២ ខែធ្នូកន្លងទៅ បន្ទាប់ពីកប៉ាល់នោះបានចូលនេសាទដោយខុសច្បាប់ នៅដែនទឹកកម្ពុជា។ អាជ្ញាធរថៃបានឃាត់ទុកកប៉ាល់នោះ នៅពេលអ្នកបញ្ជាកប៉ាល់មិនព្រមបើកចេញពីដែនទឹកកម្ពុជា។ នេះបើតាមលោក Jon Hartough អ្នកសម្របសម្រួលកិច្ចការតំបន់អាស៊ីអាគ្នេយ៍ទទួលបន្ទុកផ្នែកនេសាទនៃសហព័ន្ធដឹកជញ្ជូនអន្តរជាតិ។
លោក Jon Hartough ប្រាប់វីអូអេនៅថ្ងៃសុក្រថា ម្ចាស់កប៉ាល់ដែលជាជនជាតិថៃបានបង់ប្រាក់ឲ្យនាយកប៉ាល់ដែលជាជនជាតិថៃដូចគ្នាបានស្ថិតនៅក្រៅឃុំ ដោយតម្កល់ប្រាក់ចំនួន ៧០ ម៉ឺនបាត ខណៈកម្មករនេសាទខ្មែរទាំង ១០ នាក់ នោះត្រូវបានឃុំខ្លួន ហើយមិនត្រូវបានអនុញ្ញាតឲ្យជួបភាគីខាងក្រៅទេក្នុងរយៈពេល ១០ ថ្ងៃ។ មន្ត្រីពន្ធនាគារបានឲ្យដឹងថា ពួកគេខ្វះឯកសារនិងគ្មានលទ្ធភាពបង់ប្រាក់នៅក្រៅឃុំ ដែលម្នាក់ៗត្រូវបង់ប្រាក់ចំនួន ៥០ ម៉ឺនបាត។
លោក Jon Hartough ថ្លែងថា៖ «យើងមិនអាចចូលទៅនិយាយជាមួយពួកគេបានទេ។ ហើយម្ចាស់កប៉ាល់មិនទទួលខុសត្រូវ។ ចំណែកពន្ធនាគារនិយាយថា ពួកគេមិនអាចលែងកម្មករទាំងនោះបានទេ ព្រោះវាមានហានិភ័យខ្លះៗ ហើយដោយសារតែកម្មករទាំងនោះមិនមានឯកសារ។ ប៉ុន្តែលិខិតឆ្លងដែន និងកាតសម្គាល់ខ្លួនរបស់ពួកគេកំពុងស្ថិតក្នុងដៃរបស់ថៅកែ ដូច្នេះ វាជាស្ថានភាពអាក្រក់ណាស់សម្រាប់ពួកគេ»។
បើតាមលោក Jon កម្មករនេសាទកម្ពុជាមិនគួរទទួលកំហុសចំពោះការនេសាទខុសច្បាប់នោះទេ ព្រោះពួកគេមិនបានដឹងកន្លែងដែលត្រូវទៅនេសាទ ដោយពួកគេទទួលបានការបញ្ជាពីនាយកប៉ាល់ ហើយនាយកប៉ាល់ឬអ្នកបញ្ជាកប៉ាល់ទទួលបញ្ជាពីម្ចាស់កប៉ាល់។ ដូច្នេះ លោកថា កម្មករនេសាទមិនគួរត្រូវបានឃុំខ្លួនទេ ហើយម្ចាស់កប៉ាល់និងនាយកប៉ាល់ទៅវិញទេ ដែលជាអ្នកដែលគួរត្រូវបានចោទប្រកាន់នោះ។
សារអ៊ីមែលដែលលោកបានផ្ញើជូនសំឡេងសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍បានឲ្យដឹងថា កម្មករនេសាទទាំង ១០ នាក់ ត្រូវបានចោទប្រកាន់ចំពោះការរំលោភបំពានច្បាប់នេសាទថៃ។ ពួកគេអាចជាប់ពន្ធនាគាររយៈពេលលើសពីមួយឆ្នាំ បើត្រូវបានរកឃើញថាមានទោស។
សារដដែលបញ្ជាក់ថា៖ «កប៉ាល់នោះឈ្មោះ N. Charoenphorn ហើយលោក Sutha Tiviso ជាម្ចាស់កប៉ាល់នោះ។ ខណៈកម្មករខ្មែរត្រូវបានចោទប្រកាន់ ម្ចាស់កប៉ាល់មិនរងនូវការចោទប្រកាន់ណាមួយទេ ដែលតាមច្បាប់ថៃគាត់ត្រូវទទួលខុសត្រូវ ហើយនាយកប៉ាល់ក៏ត្រូវទទួលខុសត្រូវដែរចំពោះការចរាចរណ៍កប៉ាល់»។
វីអូអេបានព្យាយាមសុំការអត្ថាធិប្បាយពីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ តែគ្មានការឆ្លើយតបតាមសារអ៊ីមែល។ អ្នកនាំពាក្យក្រសួងការបរទេសលោក ជុំ សុន្ទរី មិនទាន់ឆ្លើយតបនឹងសំណួរតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមនៅឡើយទេ។
ក្រោយព្រឹត្តិការណ៍ឃាត់ទុកទូកនេសាទថៃនៅខ្លងយ៉ៃកាលពីសប្តាហ៍មុន លោក Jon Hartough អ្នកសម្របសម្រួលកិច្ចការតំបន់អាស៊ីអាគ្នេយ៍ទទួលបន្ទុកផ្នែកនេសាទនៃសហព័ន្ធដឹកជញ្ជូនអន្តរជាតិ បានបញ្ជាក់ឲ្យដឹងទៀតថា លោក Sutha Tiviso ដែលជាម្ចាស់កប៉ាល់ដែលត្រូវបានឃាត់ដោយអាជ្ញាធរថៃនោះ មានកប៉ាល់ជាច្រើនគ្រឿងទៀតដែលកំពុងធ្វើប្រតិបត្តិការនៅក្រៅតំបន់ខ្លងយ៉ៃ និងមហាឆ័យ ហើយកប៉ាល់ទាំងនោះបានបំពានទិដ្ឋភាពច្បាប់នេសាទថៃជាច្រើន ដែលគួរត្រូវបានស៊ើបអង្កេត ឬត្រូវបញ្ឈប់មិនឲ្យធ្វើសកម្មភាព។ គាត់ក៏ជាអ្នកផ្គង់ផ្គង់ឲ្យយ៉ាងហោចណាស់ក្រុមហ៊ុនអាហារសមុទ្រអន្តរជាតិដ៏ធំមួយផងដែរ។
លោក ឌីថេ ហូយ៉ា មន្ត្រីកម្មវិធីនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) លើកឡើងថា ជាទូទៅបណ្តាការងារ «គ្រោះថ្នាក់បំផុត» ដែលពលរដ្ឋខ្មែរទៅធ្វើនៅក្រៅប្រទេស គឺការងារចុះទូក។ លោកអះអាងថា ការងារនេះមិនបានអនុវត្តច្បាប់ស្តីពីការងារឲ្យបានត្រឹមត្រូវឡើយ ដែលអាចឈានដល់ការឆបោក ការរំលោភសិទ្ធិ និងការមិនបើកប្រាក់ឈ្នួលឲ្យជាដើម។
លោកថ្លែងថា៖ «យើងធ្វើការលើវិស័យនេះ យើងមិនលើកទឹកចិត្តឲ្យពលរដ្ឋខ្មែរយើងទៅចំណាកស្រុកទៅធ្វើការតាមទូកទេ ព្រោះវាគ្រោះថ្នាក់គ្រប់យ៉ា ងគ្រោះថ្នាក់ទាំងសុខភាព គ្រោះថ្នាក់ទាំងអាយុជីវិត និងការទទួលរងការជួញដូរកម្លាំងពលកម្ម បញ្ចេញកម្លាំងពលកម្មខ្លាំងមែនទែន។ អ៊ីចឹងមិនលើកទឹកចិត្តឲ្យពលរដ្ឋខ្មែរយើងចំណាកស្រុកទៅធ្វើការតាមផ្នែកទូកនេសាទទេ»។
លោក ឌីថេ ហូយ៉ា បន្ថែមថា រដ្ឋាភិបាលត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋឲ្យបានយល់ដឹងអំពីប្រភេទការងារទាំងឡាយណា ដែលត្រូវចៀសវាងកុំធ្វើ នៅពេលចំណាកស្រុកទៅក្រៅប្រទេស។
គួររំឭកថា កាលពីឆ្នាំ ២០១៦ វិស័យនេសាទថៃបានរង្គោះរង្គើ នៅពេលដែលការស៊ើបអង្កេតមួយដោយទីភ្នាក់ងារព័ត៌មាន Associated Press ដែលទទួលបានពានរង្វាន់ Pulitzer បានរកឃើញពីបញ្ហាទាសភាព និងការរំលោភបំពានពលកម្មលើជនចំណាកស្រុកដែលមាននៅក្នុងវិស័យអាហារសមុទ្រថៃ ដែលជាវិស័យធំបំផុតលំដាប់ទី ៧ នៅក្នុងពិភពលោក ហើយដែលផ្គត់ផ្គង់ត្រីធូណា បង្កង និងចំណីអាហារសម្រាប់សត្វចិញ្ចឹមទៅកាន់ផ្សារទំនើបនៅទូទាំងពិភពលោក៕
វេទិកាបញ្ចេញមតិ