ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ប្រទេស​ថៃ​ចាប់ផ្តើម​សវនាការ​លើ​វិវាទ​កសិករ​ខ្មែរ​និង​ក្រុមហ៊ុន​ស្ករស មិត្រ ផុល


រូបឯកសារ៖ បុរសម្នាក់កំពុងប្រមូលដើមអំពៅពីចម្ការរបស់លោក នៅខេត្តកណ្តាល កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩។
រូបឯកសារ៖ បុរសម្នាក់កំពុងប្រមូលដើមអំពៅពីចម្ការរបស់លោក នៅខេត្តកណ្តាល កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩។

កាល​ពី​ព្រឹក​ថ្ងៃពុធ​នេះ​ តុលាការទទួលបន្ទុកដោះស្រាយ​បណ្តឹងរដ្ឋប្បវេណីមួយនា​ទីក្រុង​បាងកក​បាន​ចាប់​ផ្តើម​សវនាការ​លើ​បណ្តឹង​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា ​ដែលមាន​វិវាទ​ជាមួយក្រុមហ៊ុន​ផលិត​ស្ករស មិត្រ​ ផុល (Mitr Phol) ដ៏ធំនៅ​ប្រទេស​ថៃ ​ដែល​មាន​ផល​ប្រយោជន៍​ជំនួញ​នៅ​ប្រទេស​កម្ពុជា​។

អ្នក​ភូមិ​ខ្មែរ​ចំនួន​ ៧១១​ គ្រួសារ​នៅ​ខេត្ត​ឧត្ដរមានជ័យ ​បាន​ប្តឹងក្រុមហ៊ុន​ស្ករស​ថៃ​ Mitr Phol​ នេះ​ កាល​ពី ឆ្នាំ​ ២០១៨​ ពាក់​ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី​ដ៏​ហិង្សា​មួយ ​ដែល​អូស​បន្លាយ​ពេល​អស់​ជាង ​១០ ​ឆ្នាំ ​ក្នុង​ប្រទេស​កម្ពុជា។​ សាលា​ឧទ្ធរណ៍​នៃ​ព្រះ​រាជាណាចក្រ​ថៃ ​បាន​សម្រេច​ទទួល​ស្គាល់ពាក្យ​បណ្តឹង​ពលរដ្ឋ​កម្ពុជា កាល​ពី​ខែ​កក្កដា ឆ្នាំ​ ២០២០ ពោលគឺ​ ២ឆ្នាំក្រោយ​នៃការ​ដាក់​ពាក្យបណ្តឹង​។

អ្នកស្រី ហួយ មៃ ​ដែល​ចូលរួម​ក្នុងសវនាការ​នៅព្រឹក​ថ្ងៃ​ពុធ​នេះ​ បាន​ឱ្យដឹង​ថា​ តុលាការ​បាន​តម្រូវ​ឱ្យ​ភាគី​វិវាទដាក់​ឯកសារ​បន្ថែម​ទៀត​សម្រាប់​គាំទ្រ​ដល់​ការ​ជំនុំ​ជម្រះក្តី​នាពេល​ខាង​មុខ។​

អ្នកស្រីប្រាប់​វីអូអេថា៖ «ឯកសារ​យើង​អត់​ទាន់​គ្រប់​ទាំង​ខាង​ភាគី​ក្រុមហ៊ុន​ទាំង​ខាង​ពួក​ខ្ញុំ​ជន​រង​គ្រោះ​[...]គេ​ថា​ចាំ​ឱ្យ​យើង​រក​ឯកសារ​គ្រប់​ទាំង​ខាង​នេះ​ខាង​នោះ​សិន​បាន​គេ​មើល​ឯកសារ​យើង»។

អ្នក​ស្រីបន្ថែមថា ​តុលាការ​ប្រទេស​ថៃ​ទុក​រយៈពេល​ឱ្យ​ភាគី​ទាំង​ពីរ​ត្រឡប់​ទៅ​រក​ឯកសារ​បន្ថែម ត្រឹម​ថ្ងៃទី ៩ ខែ​ឧសភា ​សម្រាប់​សវនាការ​លើក​ក្រោយ​។​

ដំណើរ​កាត់​សេចក្តី​របស់​តុលាការ​ប្រទេស​ថៃ​លើ​ពាក្យ​បណ្តឹង​របស់​ពលរដ្ឋ​កម្ពុជា កើត​ឡើង​ក្រោយ​អង្គការ​ការពារ​សិទ្ធិមួយចំនួន​បាន​អំពាវនាវ​ជាបន្តបន្ទាប់​ឱ្យ​ក្រុមហ៊ុន មិត្រផុល​ (Mitr Phol) ចូល​ខ្លួន​ដោះស្រាយ​ជម្លោះ​ជាមួយ​តំណាង​សហគមន៍​ខ្មែរ​ដែល​រង​ផលប៉ះពាល់​ដោយ​សារ​គម្រោង​អភិវឌ្ឍន៍​ដំណាំ​អំពៅ​មួយ​ក្នុង​ខេត្ត​ឧត្តរមានជ័យ​ក្នុង​ប្រទេស​កម្ពុជា​។​

វីអូអេ​មិនទាន់​អាច​ទាក់​ទង​សុំ​ការ​អត្ថា​ធិប្បាយ​ភ្លាម​ៗ​ពី​តំណាង​ក្រុម​ហ៊ុន​ មិត្រផុល​ តាម​សារ​អ៊ីមែលបាន​ទេកាលថ្ងៃ​ពុធ​នេះ​។

អ្នក​ស្រី​ស រតនា​ម៉ា​នី​ផុន​ក្លា​ (Sor Rattanamanee Polkla) មេ​ធាវី​ថៃ​នៃ​មជ្ឍមណ្ឌល​ធន​ធាន​សហគមន៍​ (CRC) ប្រាប់​វីអូអេ​ថា​ ​ភាគី​ទាំង​ពីរ​បាន​បង្ហាញ​ឯក​សារ​របស់​ខ្លួន​ទៅ​កាន់​តុលា​ការ ហើយ​ឯក​សារ​មួយ​ចំនួន​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​ និង​រក្សា​ច្បាប់​ចម្លង​ឯក​សារ​ឱ្យភាគី​ទាំង​សង​ខាង​ដែល​ស្ថិត​ក្នុង​សំណុំ​រឿង​។

អ្នក​ស្រី​ថ្លែង​ជា​ភាសា​អង់​គ្លេស​ ហើយ​ត្រូវ​បានប្រែ​សម្រួល​ជាភាសាខ្មែរ​ថា​៖ ​«​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ថ្ងៃ​នេះ​យើង​មិន​អាច​សម្រេច​រឿង​នេះ​បាន​ទេ​ ព្រោះ​យើង​ត្រូវ​រៀប​ចំ​ឯក​សារ​ទាំង​អស់​ដែល​យើង​ទទួល​បាន​ពី​ភាគី​ទាំង​ពីរ​ ដើម្បី​មើល​ថា​តើ​មួយ​ណា​យើង​អាច​ទទួល​យក​បាន​ឬ​អត់»។

អ្នក​ស្រី​បន្ថែម​ថា​ តុលាការ​នឹង​បើក​សវនាកា​រ​ម្តង​ទៀត​នៅ​ថ្ងៃ​ទី​ ៩​ ខែ​ឧសភា​ខាង​មុខ​ ហើយ​តុលា​ការ​នឹង​សម្រេច​បញ្ចប់​ការ​ពិនិត្យ​ឯកសារ​ពាក់​ព័ន្ធ​នឹង​ភស្តុតាង ដើម្បី​បន្ត​នីតិវិធី​។ ​

គួរ​បញ្ជាក់​ថា​ ពលរដ្ឋ​ចំនួន ​៧១១ គ្រួសារ ​នៅ​ខេត្ត​ឧត្ដរ​មានជ័យអះអាង​ថា ​ដីធ្លី​របស់​ពួក​គេ​រង​ផល​ប៉ះពាល់​ពី​ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​អង្គរស៊ូហ្គឺ​ ដែល​ជា​ក្រុម​ហ៊ុ​នបុត្រ​សម្ព័ន្ធ​របស់​ក្រុម​ហ៊ុន មិត្រ​ ផុល​(Mitr Phol) ហើយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ ពួកគេ​ក៏បាន​ដាក់​ញត្តិទៅ​ក្រសួង​រៀបចំ​ដែន​ដី នគរូបនីយកម្ម​ និង​សំណង់ ដើម្បី​ស្នើ​សុំ​បណ្ណកម្ម​សិទ្ធិ​លើ​ដី​ដែល​ពួក​គេ​បាន​កាន់​កាប់​យូរ​ឆ្នាំមក​ហើយ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG