ពលរដ្ឋដែលរងគ្រោះពីការរំលោភសិទ្ធិដីធ្លីនៅខេត្តឧត្តរមានជ័យសង្ឃឹមថាតុលាការប្រទេសថៃនឹងផ្តល់យុត្តិធម៌ឱ្យពួកគាត់ ក្រោយមានវិវាទជាមួយក្រុមហ៊ុនផលិតស្ករសថៃ មិត្រ ផុល(Mitr Phol)ជាង១០ឆ្នាំមកហើយ។
កាលពីថ្ងៃពុធសប្តាហ៍មុន តំណាងពលរដ្ឋចំនួន៣នាក់បានចូលរួមសវនាកានៅតុលាការថៃនាទីក្រុងបាងកក ដែលចាប់ផ្តើមពិនិត្យឯកសារពាក់ព័ន្ធនឹងភស្តុតាង មុនបន្តនីតិវិធីជំនុំជម្រះលើពាក្យបណ្តឹងរបស់ពលដ្ឋខ្មែរដែលបានប្តឹងក្រុមហ៊ុន មិត្រផុលតាំងពីឆ្នាំ២០១៨។
តំណាងពលរដ្ឋរងគ្រោះក្នុងសហគមន៍ឃុំកូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យលោកម៉ា អ៊ុកជឿន ប្រាប់វីអូអេថា លោកនិងពលរដ្ឋទាំង ៧១១ គ្រួសារសង្ឃឹមថាតុលាការថៃនឹងរកភាពត្រឹមត្រូវក្នុងវិវាទនេះ ព្រោះអ្វីដែលពលរដ្ឋរងគ្រោះត្រូវការគឺភាពយុត្តិធម៌សម្រាប់ពួកគេ។
បុរសវ័យ ៥៩ឆ្នាំ រូបនេះថ្លែងថា៖ «ក្នុងនាមជាតំណាងសហគមន៍មួយរូបដែរ ខ្ញុំគិតថាអ្វីមួយដែលសហគមន៍យើងខ្ញុំទាមទារនូវភាពយុត្តិធម៌នេះ តុលាការថៃគាត់នឹងវិនិច្ឆ័យ និងពិនិត្យមើលអ្វីមួយដែលប្រជាពលរដ្ឋពួកខ្ញុំទាមទារ ហើយអ្វីមួយដែល[ស្របតាម]ច្បាប់អន្តរជាតិ។ នេះខ្ញុំយល់ឃើញចឹង»។
លោកយល់ឃើញថាប្រទេសថៃប្រកាន់នូវលទ្ធិប្រជាធិបតេយ្យ ដូច្នេះលោកជឿថាតុលាការថៃនឹងផ្តល់ភាពយុត្តិធម៌ដល់ប្រជាពលរដ្ឋខ្មែរដែលមានវិវាទជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន មិត្រ ផុល។
ក្រុមហ៊ុនមិត្រ ផុល ដែលជាក្រុមហ៊ុនផលិតស្ករស និងចំណីអាហារផ្សេងទៀតដ៏ធំមួយនៅប្រទេសថៃមានផលប្រយោជន៍ជំនួញនៅក្នុងក្រុមហ៊ុនអង្គរស៊ូហ្គឺ ដែលធ្លាប់មានគម្រោងដាំដុះដំណាំអំពៅនៅខេត្តឧត្តរមានជ័យ និងបានផ្តល់ផ្ទៃដីដំណាំនេះទៅកាន់រដ្ឋាភិបាលខ្មែរវិញ កាលពីឆ្នាំ ២០១៥។
ក្រុមហ៊ុនអង្គរស៊ូហ្គឺ ត្រូវបានប្រជាពលរដ្ឋចោទប្រកាន់ថា បានបង្កការរំលោភបំពានសិទ្ធិដីធ្លី នៅពេលចាប់ផ្តើមអនុវត្តគម្រោងដែលត្រូវបានបញ្ឈប់វិញកាលពីឆ្នាំ២០១៥។ ប៉ុន្តែទំនាស់របស់ក្រុមហ៊ុននេះ និងពលរដ្ឋមិនត្រូវបានដោះស្រាយទេ។ ការតវ៉ារបស់ពលរដ្ឋក៏បានកើតឡើងជាបន្តបន្ទាប់ រហូតត្រូវដាក់ពាក្យជាសមូហភាពនៅតុលាការថៃ ដោយសារតុលាការកម្ពុជាមិនទទួលចាត់ការបណ្តឹងសមូហភាពនេះទេ។ នេះបើតាមអ្នកឃ្លាំមើលវិវាទរវាងពលរដ្ឋនៅឧត្តរមានជ័យ និងក្រុមហ៊ុនមិត្រផុល។
លោកហួយ ឈួយ ពលរដ្ឋរងគ្រោះម្នាក់ទៀតនៅក្នុងវិវាទជាមួយក្រុមហ៊ុនមិត្រ ផុល ប្រាប់វីអូអេថា អ្វីដែលលោក និងពលរដ្ឋឯទៀតត្រូវការខ្លាំងបំផុតគឺភាពយុត្តិធម៌ និងសំណងជំងឺចិត្តពីក្រុមហ៊ុន។
លោកបន្ថែមថា តុលាការថៃបានទុកពេលឱ្យភាគីពលរដ្ឋសម្រាប់ស្វែងរកឯកសារបន្ថែមដើម្បីគាំទ្រពាក្យបណ្តឹងជំទាស់នឹងក្រុមហ៊ុន។ លោកមានសុទិដ្ឋិនិយមថាប្រព័ន្ធយុត្តិធម៌ថៃនឹងស្វែងរកយុត្តិធម៌ដោយមិនលម្អៀងនៅពេលជម្រះរឿងក្តីនេះ។
លោកថ្លែងថា៖ «ពួកខ្ញុំទាំងអស់គ្នាគឺបានសហការ និយាយពិភាក្សាគ្នាច្រើនដែរថា មានការសង្ឃឹមជាច្រើនទៅលើតុលាការថៃ ពីព្រោះតុលាការថៃគឺជាតុលាការមួយដែលយុត្តិធម៌របស់គេតាមការសង្កេតមើលយូរអង្វែងណាស់មកហើយ»។
ស្រដៀងគ្នានេះដែរ អ្នកស្រី ហួយ ម៉ៃ តំណាងពលរដ្ឋម្នាក់ទៀតដែលបានចូលរួមសវនាការកាលពីសប្តាហ៍មុនប្រាប់វីអូអេថា អ្នកស្រីមានការរំពឹងខ្ពស់ទៅលើតុលាការថៃថាអាចរកយុត្តិធម៌ និងសំណងពីក្រុមហ៊ុនផលិតស្ករស មិត្រ ផុល (Mitr Phol) ជូនពលរដ្ឋដែលបានតវ៉ាអស់រយៈពេលជាច្រើនឆ្នាំ។
អ្នកស្រីថ្លែងថា៖ «ខ្ញុំរំពឹងច្រើនដែរ ព្រោះតុលាការថៃគាត់គោរពតាមច្បាប់រដ្ឋធម្មនុញ្ញ បើសិនថាគាត់ខុសអាចរកការខុសត្រូវឱ្យយើងបាន ខ្ញុំសង្ឃឹមច្រើនដែរ ការរំពឹងទុករបស់ខ្ញុំ»។
អ្នកស្រីស រតនាម៉ានីផុនក្លា (Sor Rattanamanee Polkla)មេធាវីថៃនៃមជ្ឍមណ្ឌលធនធានសហគមន៍ (CRC) បានប្រាប់វីអូអេកាលពីសប្តាហ៍មុនថាសវនាកានឹងចាប់ផ្តើមជាថ្មីនៅថ្ងៃទី ៥ ខែឧសភា ខាងមុខ។
បើតាមមេធាវីរូបនេះ តុលាការត្រូវការឯកសារភស្តុតាងបន្ថែមពីភាគីមានវិវាទទាំងសងខាងដើម្បីបន្តនីតិវីធីជនុំជម្រះក្តី។
វីអូអេព្យាយាមសុំការអត្ថាធិប្បាយពីតំណាងក្រុមហ៊ុន មិត្រផុល តាមសារអ៊ីមែល តែក្រុមហ៊ុនមិនឆ្លើយតបគិតត្រឹមពេលបញ្ចប់សេចក្តីរាយការណ៍នៅថ្ងៃពុធនេះ។
ជម្លោះដីធ្លី និងពលរដ្ឋចំនួន ៧១១ គ្រួសារ នៅខេត្តឧត្ដរមានជ័យដែលផ្តើមចេញពីការអភិវឌ្ឍរបស់ក្រុមហ៊ុនអង្គរស៊ូហ្គឺ មានរយៈពេល ១៤ឆ្នាំ មកហើយ។ ពលរដ្ឋទាំងនេះធ្លាប់បានទៅដាក់ញត្តិទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីស្នើសុំបណ្ណកម្មសិទ្ធិលើដីដែលក្រុមហ៊ុនបានកាន់កាប់តែគ្មានដំណោះស្រាយ ទើបពួកគេងាកទៅប្តឹងនៅតុលាការថៃដើម្បីស្វែងរកយុត្តិធម៌៕
វេទិកាបញ្ចេញមតិ