ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​តាលីបង់​ព្រមាន​អាមេរិក​និង​សហភាព​អឺរ៉ុប​អំពី​ជន​ភៀសខ្លួន បើ​ការដាក់​ទណ្ឌកម្ម​​លើ​អាហ្វហ្គានីស្ថាន​នៅ​តែ​បន្ត​នោះ


រូបឯកសារ៖ ទង់ជាតិ​តាលីបង់​នៅ​ខាង​មុខ​ម៉ូតូ​មួយ​ក្នុងទីក្រុងកាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។ (AP)
រូបឯកសារ៖ ទង់ជាតិ​តាលីបង់​នៅ​ខាង​មុខ​ម៉ូតូ​មួយ​ក្នុងទីក្រុងកាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។ (AP)

រដ្ឋាភិបាល​ថ្មី​អាហ្វហ្គានីស្ថាន​ដែល​ដឹកនាំ​ដោយ​ពួក​តាលីបង់ បាន​ព្រមាន​បេសកជន​សហរដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប​ថា ការបន្ត​ប៉ុនប៉ង​ដើម្បី​ដាក់​សម្ពាធ​លើ​ពួកគេ​តាម​រយៈ​ការដាក់​ទណ្ឌកម្ម​នឹង​ធ្វើ​ឲ្យ​អន្តរាយ​ដល់​សន្តិសុខ​និង​អាច​បណ្តាល​ឲ្យ​មាន​រលក​នៃ​ជនភៀសខ្លួន​ ដោយសារ​បញ្ហាសេដ្ឋកិច្ច។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

រដ្ឋមន្ត្រី​ការបរទេស​ស្តីទី​អាហ្វហ្គានីស្ថាន​លោក Amir Khan Muttaqi បាន​ប្រាប់​ក្រុម​អ្នក​ការ ទូត​ប្រទេស​លោក​ខាង​លិច​នៅឯ​កិច្ច​ពិភាក្សា​ក្នុង​ទីក្រុង​ដូហា​ថា «ការធ្វើ​ឲ្យ​រដ្ឋាភិបាល​អាហ្វ ហ្គានីស្ថាន​ចុះខ្សោយ មិន​មែន​ជា​ផលប្រយោជន៍​គ្រប់​ភាគី​ទាំង​អស់នោះ​ទេ ពីព្រោះ​វា​មាន​ផល​ប៉ះពាល់​ជា​អវិជ្ជមានដោយ​ផ្ទាល់​ទៅលើ​ពិភពលោក​ទាំង​មូល​នៅ​ក្នុង​ផ្នែក​សន្តិសុខ​និង​ចំណាក​ស្រុក​ខាង​សេដ្ឋកិច្ច​ចេញពី​ប្រទេស​អាហ្វហ្គានីស្ថាន»។ នេះ​បើ​តាម​សេចក្តីថ្លែង ការណ៍​មួយ​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​យប់​ថ្ងៃ​អង្គារ។

ក្រុម​តាលីបង់ បាន​ផ្តួល​រំលំ​អតីត​រដ្ឋាភិបាល​អាហ្វហ្គានីស្ថានដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក​កាលពី​ខែ​សីហា​កន្លង​ទៅ​ បន្ទាប់ពី​សង្គ្រាមអស់​រយៈពេល​២ទសវត្សរ៍ ហើយ​បាន​ប្រកាស​ការគ្រប់គ្រងរដ្ឋ​តាម​បែប​អ៊ីស្លាម​នៅក្រោម​គោលនយោបាយដ៏​តឹងរ៉ឹង​តាម​ច្បាប់​សាសនា​នោះ។

ក៏​ប៉ុន្តែ​ការខំ​ប្រឹងប្រែង​ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​មាន​ស្ថិរភាព​ដែល​កំពុង​ប្រឈម​ការវាយ​ប្រហារ​ពី​អង្គការ​ភេរវកម្ម​រដ្ឋ​អ៊ីស្លាមKhorasanដែល​ជា​ក្រុម​ជ្រុល​និយម​ប្រកួត​ប្រជែង បាន​ធ្វើ​ឲ្យ​អន្ត រាយ​ដោយ​ការដាក់​ទណ្ឌកម្ម​ជាអន្តរជាតិ​ ដូចជា​ធនាគារ​កំពុង​អស់​សាច់​ប្រាក់​សុទ្ធ​និង​បុគ្គលិក​ស៊ីវិល​មិន​បាន​ទទួល​ប្រាក់​ខែ​ជា​ដើម​។

តាម​សេចក្តីថ្លែងការណ៍​មកពី​អ្នក​នាំពាក្យ​របស់​លោក លោក Muttaqi បាន​ប្រាប់​ជំនួប​នៅ​ក្នុង​ទីក្រុង​ដូហា​ថា«យើង​ជំរុញ​ឲ្យ​ប្រទេស​ទាំងអស់​នៅ​ទូទាំង​ពិភពលោក ​បញ្ចប់​ការដាក់​ទណ្ឌកម្ម​ដែល​មាន​ ហើយ​នឹង​អនុញ្ញាត​ឲ្យ​ធនាគារ​ប្រតិបត្តិការ​ធម្មតា ការធ្វើ​ដូច​នេះ អង្គការ​សប្បុរសធម៌ អង្គការ​ផ្សេងៗ​ទៀត​និង​រដ្ឋាភិបាល អាច​បើក​ប្រាក់​ខែ​ដល់​បុគ្គលិក​របស់​ពួកគេ​ ដោយ​ប្រាក់​បម្រុង​របស់​ខ្លួន​និង​ជំនួយ​ហិរញ្ញវត្ថុ​ពី​អន្តរជាតិ»។

ប្រទេស​នានា​នៅ​ក្នុង​ទ្វីបអឺរ៉ុប មាន​ការព្រួយ​កង្វល់​ថា ប្រសិនបើ​សេដ្ឋកិច្ច​អាហ្វហ្គានីស្ថាន​ដួល​រលំ​នោះ​ ជន​ចំណាកស្រុក​យ៉ាង​ច្រើន នឹង​ធ្វើ​ដំណើរ​ទៅកាន់​ទ្វីប​នេះ ​និង​ដាក់​សម្ពាធ​លើ​ប្រទេស​ជិត​ខាង​ដូចជា​ប្រទេស​ប៉ាគីស្ថាន​និង​អ៊ីរ៉ង់​ ហើយ​នៅ​ទីបំផុត​នៅ​តាម​បណ្តោយ​ព្រំដែន​អឺរ៉ុប៕

XS
SM
MD
LG