ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ្រាប់បែក​សម្លាប់​មនុស្ស​យ៉ាង​តិច​៥​នាក់ នៅ​ក្រៅ​វិហារ​អ៊ីស្លាម​ក្នុង​ទីក្រុង​កាប៊ុល


អ្នកប្រយុទ្ធតាលីបង់ ដើរ​នៅ​ច្រកចូល​វិហារ​អ៊ីស្លាម Eid Gah បន្ទាប់ពី​ការផ្ទុះ​នៅ​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន កាលពី​ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១។
អ្នកប្រយុទ្ធតាលីបង់ ដើរ​នៅ​ច្រកចូល​វិហារ​អ៊ីស្លាម Eid Gah បន្ទាប់ពី​ការផ្ទុះ​នៅ​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន កាលពី​ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១។

អ្នកនាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​តាលីបង់​ លោក​ Qari Saeed Khosti ​បាន​ឲ្យ​ដឹង​ថា​ ការ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​នៅ​ខាង​ក្រៅ​វិហារ​អ៊ីស្លាម​សំខាន់​មួយ​នៅ​ទីក្រុង​កាប៊ុល ​បានសម្លាប់​ជន​ស៊ីវិល​អាហ្វហ្គានីស្ថាន​៥​នាក់​ និង​របួស​យ៉ាងហោច​ណាស់​៤​នាក់​ទៀត។​

នេះ​ជា​ការ​វាយ​ប្រហារ​លើក​ដំបូង​នៅ​ក្នុង​រដ្ឋធានី​នេះ​ ចាប់​តាំង​ពី​ចុង​ខែ​សីហា​នៅ​ពេល​ក្រុម​រដ្ឋអ៊ីស្លាម​ខេត្ត​ Khorasan ​ម្នាក់​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​សម្លាប់​មនុស្ស​ប្រហែល​២០០​នាក់ ​រួម​ទាំង​យោធា​អាមេរិក​ចំនួន​១៣​នាក់​នៅ​ជិត​អាកាស​យានដ្ឋាន​ក្រុង​កាប៊ុល។​

មិនមាន​ការ​ប្រកាស​ទទួល​ខុសត្រូវភ្លាមៗ​ចំពោះ​ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃអាទិត្យ​លើ​វិហារ​ Eid Gah Mosque​ នៅ​កណ្តាល​ទីក្រុង​នោះ​ទេ​ ​ហើយ​ទំនង​ជា​កំណត់​វាយប្រហារ​លើ​ការ​ជួបជុំ​ធ្វើ​អធិស្ឋាន​ពិសេស​មួយ​សម្រាប់​ម្តាយ​អ្នកនាំ​ពាក្យ​តាលីបង់​លោក​ Zabihullah Mujahid ​ដែល​បាន​ទទួល​មរណភាពថ្មីៗ​នេះ។​

អ្នក​នាំ​ពាក្យ​តាលីបង់​នៅ​ប្រទេស​កាតា​ លោក ​Suhail Shaheen ​បាន​និយាយ​ថា ​លោក​ Mujahid ​និង​សហការី​ផ្សេង​ទៀត​មាន​សុវត្ថិភាព​ ពី​ព្រោះ​ការ​ផ្ទុះ​នេះ​នៅ​ឆ្ងាយ​ពី​ពួកគេ។​

លោក​ Hamidullah ​សមាជិក​ម្នាក់​របស់​ពួក​តាលីបង់​បាន​និយាយ​ថា​ គាត់​ស្ថិត​នៅ​ចម្ងាយ​ ៣ ​ម៉ែត្រ​ពី​អ្នក​បំផ្ទុះគ្រាប់​បែក​អត្តឃាត​នៅ​ក្នុង​វិហារ​អ៊ីស្លាម។​

នៅខាង​ក្រៅ​មន្ទីរ​ពេទ្យ​សង្គ្រោះ​បន្ទាន់​ទីក្រុង​កាប៊ុល​ដែល​ជនរងគ្រោះ​ខ្លះ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​ ​ លោក​បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា៖ ​«ខ្ញុំ​ប៉ើង​ដោយ​ដោយ​សារ​កម្លាំង​ផ្ទុះ»។​

ពួករដ្ឋអ៊ីស្លាម​ខេត្ត​ Khorasan ​ដែល​ជា​សម្ព័ន្ធ​របស់​ក្រុម​រដ្ឋអ៊ីស្លាម​ជ្រុល​និយម​នៅ​អាហ្វហ្គានីស្ថាន​ បាន​ប្រកាស​ទទួល​ខុសត្រូវ​ការ​វាយ​ប្រហារ​ជា​បន្ត​បន្ទាប់​នៅ​ខេត្ត ​Nangarhar ​និង​ Kunar​ ភាគ​ខាង​កើត​ប្រទេស​កាល​ពី​សប្តាហ៍​មុន​ ដោយ​បាន​សម្លាប់​ជន​ស៊ីវិល ​និង​យុទ្ធជន​តាលីបង់​រាប់​សិប​នាក់។​

លោក ​Bilal Karimi ​អ្នក​នាំពាក្យ​តាលីបង់​បាន​និយាយ​ថា ​ជន​សង្ស័យ​ ៣​ នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ ហើយ​គ្មាន​យុទ្ធជន​តាលីបង់​ណា​ម្នាក់​រង​គ្រោះថ្នាក់​ឡើយ។​

កង​កម្លាំង​រដ្ឋាភិបាល​តាលីបង់​បាន​បំផ្លាញទីតាំង​ពួក​រដ្ឋ​អ៊ីស្លាម​នៅ​ភាគ​ខាងជើង​ទីក្រុង​កាប៊ុល​កាលពី​ល្ងាច​ថ្ងៃ​អាទិត្យ​ បន្ទាប់ពី​ការ​បំផ្ទុះ​នេះ។​ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន ​Reuters។​

មិនមាន​ការ​បញ្ជាក់​ថា​ តើ​ប្រតិបត្តិការ​នេះ​ ជាប់ទាក់​ទង​ដោយ​ផ្ទាល់​ជាមួយការ​ផ្ទុះ​កាលពី​ថ្ងៃ​អាទិត្យ​ដែល​ហាក់​ដូចជា​ការ​វាយ​ប្រហារ​ធ្ងន់ធ្ងរ​បំផុត​នៅ​ក្នុង​រដ្ឋធានី​អាហ្វហ្គានីស្ថាន​ចាប់តាំង​ពីការ​ដកទ័ព​អាមេរិក​នៅចុង​ខែ​សីហា។​

លោក ​Zabihullah Mujahid ​បាន​និយាយ​ថា​ អង្គភាព​ពិសេស​របស់​តាលីបង់​ បាន​ធ្វើ​ប្រតិបត្តិការ​ប្រឆាំង​នឹង​ក្រុម​រដ្ឋអ៊ីស្លាម​ នៅ​សង្កាត់ទី ​១៧ ​ក្រុង​កាប៊ុល​នៅភាគ​ខាងជើង។​

លោក​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​តាម Twitter​ ​នៅព្រឹក​ថ្ងៃចន្ទ​នេះ​ថា​ មូលដ្ឋាន​របស់​រដ្ឋ​អ៊ីស្លាម​ត្រូវ​បាន​បំផ្លាញ​ទាំងស្រុង​ ហើយ​សមាជិក​ទាំងអស់​ នៅ​ក្នុង​នោះ​ត្រូវ​បាន​សម្លាប់​ ដោយសារ​តែការ​វាយ​ប្រហារ​ច្បាស់លាស់​ និង​ជោគជ័យ​នេះ។ ​ ​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​បាន​រាយ​ការណ៍​ពីការ​ប៉ះទង្គិច​គ្នា​យ៉ាង​ខ្លាំង​នៅក្នុង​តំបន់នោះ​ ហើយ​ពួកគេ​បាន​ ឮស្នូរផ្ទុះ​និង​ស្នូរ​កាំភ្លើង​នៅ​ពេល​យប់៕​

លោក Ayaz Gul រួម​ចំណែក​ក្នុង​សេចក្តី​រាយការណ៍​នេះ ដែល​រួម​មានព័ត៌មាន​ពី​ទីភ្នាក់ងារ​ព័ត៌មាន The Associated Press និង ​Reuters។

អត្ថបទ​ទាក់ទង

XS
SM
MD
LG