មេដឹកនាំប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនទាំង២០ឬហៅថា G-20 បានចូលរួមកាលពីថ្ងៃអង្គារនៅក្នុងសន្និសីទកំពូលតាមប្រព័ន្ធអនឡាញ ដែលផ្តោតទៅលើការឆ្លើយតបវិបត្តិមនុស្សធម៌ដែលរីកកាន់តែធំឡើងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដោយសហភាពអឺរ៉ុប បានចាប់ផ្តើមដំណើការនៃកិច្ចប្រជុំនោះ ដោយបានប្រកាសកញ្ចប់ជំនួយដែលមានទឹកប្រាក់ចំនួន១ពាន់២រយលានដុល្លារ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi ស្ថិតនៅក្នុងចំណោមមេដឹកនាំដែលបានចូលរួមសន្និសីទកំពូលអនឡាញដែលរៀបចំឡើងដោយប្រទេសអ៊ីតាលី បើទោះបីជាប្រធានាធិបតីចិនលោក Xi Jinping និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានបញ្ជូនអ្នកតំណាងចូលរួមក្នុងសន្និសីទកំពូលនេះក្តី។
នៅពេលដែលការពិភាក្សាបានចាប់ផ្តើមឡើង ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានប្រកាសនូវកញ្ចប់ជំនួយដើម្បីជួយ «បញ្ចៀសការដួលរលំផ្នែកមនុស្សធម៌និងសេដ្ឋកិច្ចសង្គមដ៏សំខាន់»នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
សេចក្តីថ្លែងការណ៍មួយ បានបញ្ជាក់ថា ថវិកាជំនួយនេះ គឹបន្ថែមទៅលើថវិកាចំនួន២៥០លានអឺរ៉ូទៅ៣០០លានអឺរ៉ូ ដែលបានប្រកាសកាលពីពេលមុនដោយសហភាពអឺរ៉ុប សម្រាប់តម្រូវការជំនួយមនុស្សធម៌ក្នុងគ្រាបន្ទាន់ ហើយថវិកានៅសល់នឹងបានទៅប្រទេសជិតខាងរបស់អាហ្វហ្គានីស្ថាន ដើម្បីទទួលយកពលរដ្ឋអាហ្វហ្គានីស្ថានដែលរត់គេចចេញពីក្រុមតាលីបង់។
សេចក្តីថ្លែងការណ៍នោះបានបន្ថែមទៀតថា ថវិការបស់សហភាពអឺរ៉ុបជា «ការជួយឧបត្ថម្ភដោយផ្ទាល់» ដល់ប្រជាពលរដ្ឋអាហ្វហ្គានីស្ថានហើយនឹងត្រូវធ្វើឡើងតាមរយៈអង្គការអន្តរជាតិដែលកំពុងធ្វើការនៅក្នុងប្រទេសនោះ មិនមែនតាមរយៈរដ្ឋាភិបាលអន្តរកាលរបស់ក្រុមតាលីបង់ដែលសហភាពអឺរ៉ុប មិនទទួលស្គាល់នោះឡើយ។
ក្រោយពីជំនួបរបស់ប្រទេសដែលមានឧស្សាហកម្មជឿនលឿនទាំង៧ហៅថា G-7 ស្តីពីអាហ្វហ្គានីស្ថានបន្ទាប់ពីការកាន់កាប់អំណាចដោយក្រុមតាលីបង់មក នាយករដ្ឋមន្ត្រីអ៊ីតាលីលោក Mario Draghi បានជំរុញឲ្យមានការពិភាក្សាកាន់តែទំលំទូលាយឡើងដែលទាក់ទិននឹងប្រទេសមហាអំណាចផ្សេងៗទៀត៕