ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក អះអាង​ពី​តម្រូវការ​ប្រឆាំង​ភេរវកម្ម​និង​ជំនួយ​មនុស្សធម៌​នៅ​អាហ្វហ្គានីស្ថាន


រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden និយាយ​អំពី​ការបញ្ចប់​សង្គ្រាម​នៅ​អាហ្វហ្គានីស្ថាន​ពី​សេតវិមាន កាលពី​ថ្ងៃ​ទី៣១ ខែសីហា ឆ្នាំ២០២១។
រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden និយាយ​អំពី​ការបញ្ចប់​សង្គ្រាម​នៅ​អាហ្វហ្គានីស្ថាន​ពី​សេតវិមាន កាលពី​ថ្ងៃ​ទី៣១ ខែសីហា ឆ្នាំ២០២១។

សេតវិមាន​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គារ​ថា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ជួប​ប្រជុំ​តាម​អនឡាញ​ជាមួយ​បណ្ដា​មេដឹកនាំ​នៃ​ក្រុម​ប្រទេស​ដែល​មាន​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក ដើម្បី​ជំរុញ​អាទិភាព​កំពូល​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន នៅ​ពេល​ដែល​ប្រទេស​នេះ ​កំពុង​ធ្លាក់​ចូល​ទៅ​ក្នុង​វិបត្តិ​មនុស្សធម៌​នៅ​ក្រោយ​ការ​ដក​កងទ័ព​របស់​អាមេរិក​ និង​ការ​ចូល​កាន់កាប់​របស់​ក្រុម​តាលីបង់ (Taliban)។

អ្នក​នាំ​ពាក្យ​សេតវិមាន​អ្នកស្រី Jen Psaki បាន​ពណ៌នា​ការ​ហៅ​ទូរស័ព្ទ​កាលពី​ថ្ងៃ​អង្គារ​របស់​លោក Biden ជាមួយ​បណ្ដា​មេដឹកនាំ​ក្រុម​ប្រទេស G-20 ថា​ ជា «ឱកាស​ស្ថាបនា​មួយ​ដើម្បី​ពិភាក្សា​អំពី​កិច្ច​ប្រឹងប្រែង​ប្រឆាំង​ភេរវកម្ម និង​កិច្ច​ប្រឹងប្រែង​ដើម្បី​ផ្តល់​ជំនួយ​មនុស្សធម៌​អន្តរជាតិ»។

កិច្ច​ប្រជុំ​បែប​នេះ​ គឺ​ជា​កិច្ច​ប្រជុំ​លើក​ដំបូង​បង្អស់​របស់​បណ្ដា​មេដឹកនាំ​នៅ​លើ​ពិភពលោក ចាប់​តាំងពី​សហរដ្ឋ​អាមេរិក​បាន​ដក​កងទ័ព​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​កាលពី​ចុង​ខែ​សីហា​មក។

ជាង​នេះ​ទៀត កាលពី​សប្តាហ៍​មុន មន្រ្តី​កំពូលៗ​របស់​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ដូហា ប្រទេស​កាតា សម្រាប់​ការ​ចរចា​ទល់​មុខ​គ្នា​ជា​លើក​ដំបូង​ជាមួយ​របប​តាលីបង់​ថ្មី។ មិន​មាន​ភាគី​ណា​មួយ​បញ្ជាក់​ថា ការ​ប្រជុំ​នេះ​សម្រេច​បាន​កិច្ច​ព្រមព្រៀង​ណា​មួយ​នោះ​ទេ ទោះបីជា​សហរដ្ឋ​អាមេរិក​នៅ​បន្ត​បដិសេធ​មិន​ទទួល​ស្គាល់​ជា​ផ្លូវការ​ថា​ក្រុម​តាលីបង់​ជា​រដ្ឋាភិបាល​ស្រប​ច្បាប់​នៅ​អាហ្វហ្គានីស្ថាន​ក៏ដោយ។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​បន្ទាប់ពី​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​អង្គារ សេតវិមាន​បាន​ឲ្យ​ដឹង​ថា សហរដ្ឋ​អាមេរិក «នៅតែ​ប្តេជ្ញា​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សហគមន៍​អន្តរជាតិ និង​ប្រើប្រាស់​មធ្យោបាយ​ការទូត មនុស្សធម៌ និង​សេដ្ឋកិច្ច ដើម្បី​ដោះស្រាយ​ស្ថានការណ៍​នៅ​អាហ្វហ្គានីស្ថាន​និង​គាំទ្រ​ប្រជាពលរដ្ឋ​អាហ្វហ្គានីស្ថាន»។

កាលពី​ថ្ងៃ​អង្គារ សហរដ្ឋ​អាមេរិក​ មិន​បាន​ប្រកាស​អំពី​ការ​ផ្តល់​មូលនិធិ​ថ្មី​ណា​មួយ​សម្រាប់​ប្រទេស​អាហ្វហ្គានីស្ថាន ឬ​ក៏​ផ្តល់​ព័ត៌មាន​លម្អិត​ជាក់លាក់​អំពី​របៀប​ដែល​ខ្លួន​នឹង​បំពេញ​តាម​ការ​ប្តេជ្ញាចិត្ត​ទាំង​នោះ​ឡើយ។ ប៉ុន្តែ​អ្នកស្រី Psaki បាន​សង្កត់​ធ្ងន់​ថា សហរដ្ឋ​អាមេរិក​គឺ​ជា​អ្នក​ផ្តល់​ជំនួយ​មនុស្សធម៌​ធំ​ជាងគេ​បង្អស់​តែមួយ​គត់​ដល់​ប្រទេស​អាហ្វហ្គានីស្ថាន ដោយ​បាន​ផ្តល់​ប្រាក់​ជាង ៣៣០ លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ​នេះ៕

XS
SM
MD
LG