ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពួក​តាលីបង់​ប្រកាស​មិន​ចរចា​នៅ​អាហ្វហ្គានីស្ថាន​រហូត​ដល់​មាន​កិច្ច​ព្រមព្រៀង​ដក​ទ័ព​បរទេស


រូបឯកសារ៖ ប៉ូលិស​អាហ្វហ្គានីស្ថាន​ឈរ​នៅ​កន្លែង​មាន​ការ​វាយ​ប្រហារ​នៅ​ខេត្ត Parwan កាល​ពី​ខែ​តុលា ២០១៩។
រូបឯកសារ៖ ប៉ូលិស​អាហ្វហ្គានីស្ថាន​ឈរ​នៅ​កន្លែង​មាន​ការ​វាយ​ប្រហារ​នៅ​ខេត្ត Parwan កាល​ពី​ខែ​តុលា ២០១៩។

កាល​ពី​ថ្ងៃសុក្រ ពួក​តាលីបង់​បាន​ប្រកាស​មិន​ចូល​រួម​ការ​ចរចា​នៅ​អាហ្វហ្គានីស្ថានរហូត​ដល់​សហរដ្ឋ​អាមេរិក​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ជាមួយ​ក្រុម​បះបោរ​ស្តី​ពី​ការ​ដក​កងទ័ព​បរទេស​ចេញ​ពី​អាហ្វហ្គានីស្ថាន​ទាំង​ស្រុង។​

ប្រមុខ​អ្នក​ចរចា​សន្តិភាព​អាមេរិក​លោក​ Zalmay Khalilzad​ បាន​ផ្អាក​កិច្ច​ចរចា​សន្តិភាព​ជា​មួយ​អ្នក​សម្រប​សម្រួលរបស់​តាលីបង់​នៅ​ប្រទេស​កាតា​ កាល​ពី​មួយ​សប្តាហ៍​មុន​ដើម្បី​ទុក​ពេល​ឱ្យ​ពួក​គេ​ពិគ្រោះ​យោបល់​ជាមួយ​ថ្នាក់ដឹក​នាំ​របស់​ពួក​គេ​អំពី​ការ​កាត់​បន្ថយ​ការ​បះបោរ​ហិង្សា។ ​

ការផ្អាក​ជា​បណ្តោះ​អាសន្ន​នេះ​បាន​កើត​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពីក្រុម​តាលីបង់​បាន​វាយ​ប្រហារ​ទៅ​លើ​មូលដ្ឋាន​យោធា​ Bagram ​ដែល​ជា​មូលដ្ឋាន​ធំ​ជាង​គេគ្រប់​គ្រង​ដោយ​អាមេរិក​នៅ​ភាគ​ខាង​ជើង​នៃ​រដ្ឋធានី​កាប៊ុល។​

ទោះ​យ៉ាង​ណា​ ក្រុម​តាលីបង់​បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​សុក្រ​ថា​ ខ្លួន​មិន​មាន​ចេតនា​បញ្ឈប់​ភាព​ប្រទូស្តរាយ​ទេ​ លុះត្រា​ទទួល​បាន​កិច្ច​ព្រម​ព្រៀង​ជាមួយ​សហ​រដ្ឋ​អាមេរិក​ចែង​អំពី​ការ​ដក​កងទ័ព​បរទេស។ ​

ក្នុង​នាម​ក្រុម​អ្នក​ចរចា​តាលីបង់​ លោក​Suhail Shaheen​ ប្រកាស​ថា ការ​ចរចា​រវាង​អាហ្វហ្កានិស្ថាន​អាច​ធ្វើ​បាន​លុះត្រា​មាន​ការ​ចុះហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ជាមួយ​សហ​រដ្ឋ​អាមេរិក​អំពី​ការ​ដក​កង​ទ័ព​បរទេស។​ប៉ុន្តែ​កាល​ពី​ថ្ងៃ​សុក្រ ​មន្ត្រី​ការពារ​ជាតិ​អាមេរិក​កំពូល​មិន​បាន​បង្ហាញ​ថា​ ពួកគេ​បាន​រៀបចំ​ការ​អនុញ្ញាត​ឱ្យ​មាន​ការ​ដក​ទ័ព​ចេញ​ទាំង​ស្រុង​នោះ​ទេ។​

លោក ​Mark Esper ​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​អាមេរិក​ បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ក្រសួង​ការពារជាតិ​ថា៖ «យើង​មាន​បេសក​កម្ម​នៅ​អាហ្វហ្គានីស្ថាន​ដើម្បី​ធានា​ថា ​ទីនោះនឹង​មិន​ក្លាយ​ជា​ទីជម្រក​របស់​ភេរវករ​ទៀត។​ យើង​នឹង​រក្សា​វត្តមានរហូត​ដល់​យើង​ជឿ​ជាក់​ថា ​បេសក​កម្ម​នោះ​ចប់»។

លោក​ Khalilzad ​បាន​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​កាប៊ុល​កាល​ពីដើម​សប្តាហ៍​នេះ​ ហើយ​បាន​ពិភាក្សា​ជាមួយ​លោក ​Ashraf Ghani ​ប្រធានាធិបតី​អាហ្វហ្គានីស្ថាន​ ​អ្នក​នយោបាយក្រៅ​រដ្ឋាភិបាល ​និង​តំណាង​សង្គម​ស៊ីវិល៕

XS
SM
MD
LG