ការវាយប្រហារដោយគ្រាប់បែកផ្ទុកក្នុងរថយន្តដែលអះអាងដោយក្រុមតាលីបង់នៅជិតបរិវេណ ដែលត្រូវបានប្រើប្រាស់ដោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អាហ្វហ្គានីស្ថាននៅក្នុងរដ្ឋធានីរបស់ខេត្តហ្សាប៊ុល (Zabul) ភាគខាងត្បូងអាហ្វហ្គានីស្ថានបានធ្វើឲ្យមនុស្សយ៉ាងហោចណាស់ ១៥នាក់ស្លាប់ និងជាង៩០នាក់ទៀតរងរបួសនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
លោក Gul Islam Seyal អ្នកនាំពាក្យខេត្ត បាននិយាយថា ជនរងគ្រោះភាគច្រើនដែលរួមមានស្រ្តីនិងកូនក្មេងជាអ្នកជំងឺនៅឯមន្ទីរពេទ្យក្បែនេះ។
មន្រ្តីខេត្តនិយាយថា មន្ទីរពេទ្យហ្សាប៊ុល ដែលនៅជិតបរិវេណសន្តិសុខជាតិត្រូវបានបំផ្លាញស្ទើរតែទាំងស្រុងនៅក្នុងការវាយប្រហារ។
ជនស៊ីវិលបានប្រឈមអំពើហឹង្សាខ្លាំងបំផុតនៅប្រទេសអាហ្វហ្គានីស្ថាន ដោយមានអ្នកស្លាប់និងរបួសដែលបានកត់ត្រាដោយអង្គការសហប្រជាជាតិមានចំនួនខ្ពស់បំផុតកាលពីឆ្នាំទៅ។ ក្នុងអំឡុង៦ខែដំបូងនៃឆ្នាំ២០១៩នេះ បេសកកម្មជួយឧបត្ថម្ភរបស់អង្គការសហប្រជាជាតិក្នុងអាហ្វហ្គានីស្ថាន បានរាយការណ៍ពីជនស៊ីវិលចំនួន១,៣៦៦នាក់បានស្លាប់ និង២,៤៤៦នាក់បានរងរបួស។
ការវាយប្រហារបានកើតមានឡើង បន្ទាប់ពីការវាយប្រហារទ្រង់ទ្រាយធំផ្សេងទៀតដោយពួកតាលីបង់នៅសប្តាហ៍នេះ រួមមានការវាយប្រហារកាលពីថ្ងៃពុធទៅលើមជ្ឈ មណ្ឌលធ្វើអត្តសញ្ញាណជាតិនៅក្នុងទីក្រុង Jalalabad ភាគខាងកើតអាហ្វហ្គានីស្ថាន ហើយការវាយប្រហារ ២ទៀតកាលពីថ្ងៃអង្គារ ដែលបានសម្លាប់មនុស្សជិត ៥០នាក់៕