តាលីបង់អាហ្វហ្គានីស្ថានកំពុងស្តីបន្ទោសអាមេរិកដែលខកខានមិនបានធ្វើការដោះដូរអ្នកទោសរបស់ខ្លួនរៀងខ្លួន ដោយថ្លែងថា ភាគីអាមេរិកមិនបានបង្ហាញខ្លួននៅទីតាំងដែលបានព្រមព្រៀងគ្នាមួយនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
Zabihullah Mujahid អ្នកនាំពាក្យឲ្យក្រុមបះបោរតាលីបង់បានប្រាប់ VOA នៅថ្ងៃសុក្រថា កិច្ចព្រមព្រៀងនោះត្រូវបានផ្អាកក្នុងពេលឥឡូវនេះ ហើយវាអាស្រ័យថាតើអាមេរិកនឹងពន្យល់យ៉ាងដូចម្តេចពីមូលហេតុដែលអាមេរិកមិនគោរពទៅតាមពាក្យសន្យា។
ការដោះដូរអ្នកទោសអាចនឹងធានានូវសេរីភាពចំណាប់ខ្មាំងពីររូបរួមមានលោក Kevin King ជនជាតិអាមេរិកាំង និងលោក Timothy John Weeks ជនជាតិអូស្ត្រាលី ដែលអ្នកទាំងពីរត្រូវបានពួកតាលីបង់ចាប់ខ្លួនតាំងពីខែសីហា ឆ្នាំ២០១៦។
ជាថ្នូរនឹងការដោះដូរគ្នានេះ គឺត្រូវដោះលែងសមាជិកជាន់ខ្ពស់របស់ក្រុមបះបោរដែលត្រូវបានចាប់ខ្លួនចំនួន៣នាក់ រួមបញ្ចូលទាំង Anas Haqqani ដែលមានទោសត្រូវប្រហារជីវិត និងត្រូវជាប្អូនប្រុសរបស់ Sirajuddin Haqqani អនុប្រធានប្រតិបត្តិការយោធារបស់ពួកតាលីបង់ផងដែរ។
Mujahid បានពន្យល់ជាភាសា Pashto តាមសារសំឡេងមួយមកកាន់ VOA ថា៖ «បើតាមកិច្ចព្រមព្រៀងជាមួយអាមេរិក អ្នកទោសរបស់យើងនឹងត្រូវបញ្ជូនខ្លួនទៅកាន់កន្លែងមានសុវត្ថិភាពដូចដែលបានព្រមព្រៀងគ្នាទាំងសងខាង ហើយដោះលែងឲ្យពួកគេមានសេរីភាពនៅទីនោះ។ បន្ទាប់មកយើងនឹងដោះលែងហើយប្រគល់ជនជាតិអាមេរិកាំងនោះទៅឲ្យពួកគេវិញ»។
មិនទាន់មានប្រតិកម្មភ្លាមៗណាពីអាមេរិកឆ្លើយតបទៅនឹងការអះអាងរបស់តាលីបង់នៅឡើយទេ៕