ប្រទេសប៉ាគីស្ថាននិយាយថាពួកប្រតិភូស.រ.អា.និងតាលីបង់ដែលបំពេញទស្សនកិច្ចនឹងធ្វើការប្រជុំទ្វេភាគីដោយផ្ទាល់ដើម្បីពិភាក្សាគ្នាអំពីការធ្វើកិច្ចចរចាសន្តិភាពជាថ្មីដែលមានគោលដៅបញ្ចប់សង្គ្រាមជិតពីរទសវត្សរ៍នៅក្នុងប្រទេសអាហ្វហ្គានីស្ថាននៅជិតខាងនេះ។
នៅពេលធ្វើសេចក្តីប្រកាសនេះប្រាប់ពួកអ្នកកាសែត លោករដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន Shah Mehmood Qureshi បាននិយាយថារដ្ឋាភិបាលក្រុង អ៊ីស្លាម៉ាបាដមានសុទិដ្ឋិនិយមថាការសន្ទនាគ្នារវាងស.រ.អា.និងពួកតាលីបង់នឹងមានធ្វើជាថ្មីឡើងវិញ។
ក៏ប៉ុន្តែលោកប្រធានាធិបតីស.រ.អា. Donald Trump ហាក់ដូចជាមិនទាន់សម្រេចចិត្ត។
នៅពេលឆ្លើយនឹងសំណួររបស់VOAអំពីថាតើលោកនឹងធ្វើឱ្យមានកិច្ចចរចាជាថ្មីជាមួយតាលីបង់ឬទេ លោក Trump បាននិយាយកាលពីព្រឹកថ្ងៃព្រហស្បតិ៍ថា«យើងមានបញ្ហាមួយពិតប្រាកដ»។ លោកបាននិយាយបន្ថែមថា«យើងបានវាយប្រហារខ្លាំងណាស់លើតាលីបង់។ ក្រុមនេះមិនទាន់រើបរួចពី ការសម្លាប់មនុស្ស១២នាក់ ហើយជនម្នាក់ក្នុងបណ្តាពួកជនត្រូវសម្លាប់ទាំងនេះជាទាហានអាមេរិកាំងដ៏អស្ចារ្យម្នាក់មកពី Puerto Rico។ ពួកវាមិនទាន់រើបឡើងវិញទេ ហើយពួកវាប្រហែលនឹងមិនរើបឡើងវិញជាដាច់ខាត»។
លោក Trump បាននិយាយយោងដល់ពលបាល Ellis A. Barreto Ortiz ដែលបានស្លាប់ដោយសារបំផ្ទុះគ្រាប់បែកអត្តឃាតក្នុងឡានមួយគ្រឿងក្នុងក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថានដែលពួកតាលីបង់បានអះអាងទាមទារការទទួលខុសត្រូវនៅពេលមានកិច្ចចរចាសន្តិភាពកាលពីខែកញ្ញា។
លោក Qureshi បានសម្តែងសុទិដ្ឋនិយមនៅក្រោយធ្វើការចរចាជាផ្លូវការជាមួយគណៈប្រតិភូកម្រិតខ្ពស់មួយនៃពួកបះបោរតាលីបង់ដែលបានទៅដល់រដ្ឋធានីនៃប្រទេសប៉ាគីស្ថានមួយថ្ងៃមុននោះ។
លោក Qureshi បានកត់សម្គាល់ថាការសន្ទនាគ្នារវាងស.រ.អា.និងពួកតាលីបង់ហៀបតែសម្រេចកិច្ចព្រមព្រៀងសន្តិភាពមួយនៅក្នុងការប្រជុំគ្នា៩លើកនៅមុនដំណើរការនោះបានរលុំកាលពីជិតមួយខែមុននេះ៕