អ្នកវិភាគមួយចំនួននិយាយថា ចិនបានដាក់ពង្រាយយន្តហោះចម្បាំងនៅក្នុងតំបន់ដែនសមុទ្រជិតៗរបស់ខ្លួនដើម្បីទប់ទល់នឹងសកម្មភាពយោធាអាមេរិកដែលកំពុងកើនឡើងនៅទ្វីបអាស៊ី។
យន្តហោះចម្បាំងចិនដែលផលិតក្នុងស្រុក Chengdu J-20 ត្រូវបានដាក់ពង្រាយនៅក្នុងដែនសមុទ្ររបស់ខ្លួននៅភាគខាងត្បូងសម្រាប់បេសកកម្មនៅតំបន់សមុទ្រចិនខាងត្បូងនិងខាងកើតនិងនៅជុំវិញកោះតៃវ៉ាន់។ នេះបើតាមការឲ្យដឹងរបស់ក្រុមអ្នកជំនាញនិងសេចក្តីរាយការណ៍ព័ត៌មាននានាពីទ្វីបអាស៊ី។
យន្តហោះចម្បាំងប្រភេទ J-20 បានចាប់ផ្តើមការហ្វឹកហ្វឺនជាប្រចាំនិងហោះយាមល្បាតនៅក្នុងតំបន់សមុទ្រ២។ នេះបើតាមការចេញផ្សាយរបស់របស់សារព័ត៌មាន Global Times ដែលគ្រប់គ្រងដោយរដ្ឋាភិបាលក្រុងប៉េកាំងនៅក្នុងគេហទំព័ររបស់ខ្លួនកាលពីថ្ងៃទី១៣ ខែមេសានេះ។ សេចក្តីរាយការណ៍នោះ បានដកស្រង់សម្តីលោក Ren Yukun ប្រធានក្រុមអធិការកិច្ច វិន័យនិងការគ្រប់គ្រងនៃក្រុមហ៊ុនឧស្សាហកម្មផលិតយន្តហោះក្នុងស្រុករបស់ចិន ដែលបានផលិតយន្តយោះចម្បាំង J-20 នេះ។
លោក Gregory Poling ជានាយកនៃគំនិតផ្តួចផ្តើមតម្លាភាពស្តីពីដែនសមុទ្រអាស៊ីនៃមជ្ឈមណ្ឌលយុទ្ធសាស្ត្រនិងការសិក្សាអន្តរជាតិដែលមានមូលដ្ឋានក្នុងរដ្ឋធានីវ៉ាស៊ីនតោន បានបញ្ជាក់ថា «ជាការសន្មតនេះជាការបង្ហាញនូវអ្វីដែលចិនអាចទប់ទល់ជាមួយអាមេរិកជុំវិញបញ្ហាកោះតៃវ៉ាន់ឬនៅតំបន់សមុទ្រចិនខាងកើត»។
រដ្ឋាភិបាលសហរដ្ឋអាមេរិកដែលបានប្រើនាវាចម្បាំងឆ្លងកាត់ជាញឹកញាប់នៅក្នុងតំបន់សមុទ្រដែលមានជម្លោះនៅអាស៊ីនោះ បានបញ្ជូននាវាផ្ទុកយន្តហោះ២គ្រឿងទៅកាន់សមុទ្រចិនខាងត្បូងកាលពីខែមករាកន្លងទៅ។
ប្រទេសសម្ព័ន្ធមិត្តអាមេរិកនៅតំបន់អាស៊ីប៉ាស៊ីហ្វិកដែលមានអូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង បានទិញយន្តហោះចម្បាំងប្រភេទF-35s របស់អាមេរិកហើយប្រទេសសិង្ហបុរីនិងថៃអាចទិញយន្តហោះចម្បាំងប្រភេទនេះដែរ។ នេះបើតាមសេចក្តីរាយការណ៍របស់វិទ្យុអាស៊ីសេរី។ក្រុមហ៊ុនការពារជាតិអាមេរិកLockheed Martin ជាអ្នកផលិតយន្តហោះចម្បាំងប្រភេទ F-35s ។
អ្នកវិភាគមួយចំនួនលើកឡើងថា ការធ្វើសកម្មភាពថ្មីៗរបស់សហរដ្ឋអាមេរិក បានជំរុញឲ្យចិនដាក់ពង្រាយការហោះហើរយន្តហោះចម្បាំងJ-20s របស់ខ្លួន។ មន្ត្រីចិន បានចាត់ទុករដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនដែលជាអតីតសត្រូវនៅក្នុងសង្គ្រាមត្រជាក់នោះ ជាគូប្រជែងដែលមានឥទ្ធិពលមួយដែលចង់រាំងខ្ទប់ការពង្រីកឥទ្ធិពលរបស់ចិននៅក្នុងតំបន់សមុទ្រជិតខាងរបស់ប្រទេសនេះ។
រដ្ឋាភិបាលសហរដ្ឋអាមេរិកនិយាយថា តំបន់សមុទ្រចិនខាងត្បូង ត្រូវតែស្ថិតនៅជាផ្លូវទឹកសម្រាប់នាវាចរណ៍អន្តរជាតិ៕