ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយថា សហរដ្ឋអាមេរិកមានបំណងចូលធ្វើអន្តរាគមន៍ការពារកោះតៃវ៉ាន់ ប្រសិនបើប្រទេសចិនចូលឈ្លានពានដែនកោះមួយនេះ។ នេះជាអត្ថាធិប្បាយថ្មីៗបំផុតមួយរបស់លោក Biden ទៅលើគោលនយោបាយយុទ្ធសាស្ត្រមិនច្បាស់លាស់មួយរបស់សហរដ្ឋអាមេរិក ដែលកើតមានជាយូរមកហើយ ជុំវិញបញ្ហានេះ។
នៅក្នុងសន្និសីទកាសែតមួយក្នុងទីក្រុងតូក្យូប្រទេសជប៉ុន លោក Biden ត្រូវបានគេសួរថា តើសហរដ្ឋអាមេរិក នឹងមានបំណងចូលរួមខាងផ្នែកយោធាដែរឬទេដើម្បីការពារកោះតៃវ៉ាន់នោះ ព្រោះរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនហាក់ដូចជានៅស្ទាក់ស្ទើរជុំវិញរឿងនេះ ក្រោយពេលដែលរុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែនរួចមក។
លោក Biden បានឆ្លើយតបនឹងសំណួរនេះថា«បាទ! នោះជាការតាំងចិត្តដែលយើងបានធ្វើរួចហើយ»។ លោកមិនបាននិយាយលម្អិតចំពោះអ្វីដែលជាការប៉ាន់ស្មានទុកជាមុនជុំវិញការការពាររបស់អាមេរិកទៅលើកោះតៃវ៉ាន់នោះឡើយ។
នេះជាការបង្ហាញជំហរចុងក្រោយមួយរបស់លោក Biden ដែលបានងាកចេញពីយុទ្ធសាស្ត្រមិនច្បាស់លាស់ក្នុងពេលកន្លងទៅដែលប្រធានាធិបតីអាមេរិកមុនៗបានប្រកាន់យកនៅពេលនិយាយពីការចូលឈ្លានពានរបស់ចិនទៅលើកោះតៃវ៉ាន់។
លោក Biden ក៏បានថ្លែងសារប្រហាក់ប្រហែលគ្នានេះផងដែរកាលពីខែតុលាឆ្នាំទៅ។ ទោះបីជាយ៉ាងនេះក្តីក៏មន្ត្រីសេតវិមានបានប្រញាប់ប្រញាល់ពន្យល់បកស្រាយនូវការលើកឡើងរបស់ Biden ក្នុងករណីទាំងពីរនេះ។ មន្ត្រីសេតវិមានមួយរូបបាននិយាយនៅល្ងាចថ្ងៃចន្ទនេះថា «អ្វីដែលលោកប្រធានាធិបតីអាមេរិកបានលើកឡើងគឺថា គោលនយោបាយរបស់យើងមិនផ្លាស់ប្តូរនោះឡើយ។ លោកប្រធានាធិបតីបានគូសបញ្ជាក់ឡើងវិញពីគោលនយោបាយចិនមួយនិងការតាំងចិត្តរបស់យើងទៅលើសន្តិភាពនិងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់»។
ចិនដែលជារដ្ឋផ្តាច់ការនិងដឹកនាំដោយគណបក្សតែមួយនោះបានចាត់ទុកកោះតៃវ៉ាន់ដែលមានលទ្ធិប្រជាធិបតេយ្យថា ជាខេត្តផ្តាច់ខ្លួនរបស់ចិន ហើយបានសន្យាជាយូរមកហើយថា នឹងយកតៃវ៉ាន់មកគ្រប់គ្រងវិញ បើទោះបីជាត្រូវប្រើកម្លាំងទ័ពក៏ដោយ។ ក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ រដ្ឋាភិបាលក្រុងប៉េកាំងបានបង្កើនការហោះហើរយន្តហោះចម្បាំងរបស់ខ្លួននៅក្បែរកោះតៃវ៉ាន់ជាញឹកញាប់។
នៅក្នុងទីក្រុងតូក្យូ លោក Biden បាននិយាយថា ចិន កំពុង«លេងជាមួយនឹងគ្រោះថ្នាក់» ប៉ុន្តែ លោកថា លោកមិនរំពឹងទុកទេថា ចិននឹងប្រើប្រាស់កម្លាំងទ័ពប៉ុនប៉ងទៅលើតៃវ៉ាន់នោះឡើយ ជាពិសេសនៅចំពោះមុខដែលពិភពលោក កំពុងរួបរួមគ្នា ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែននោះ។
ដោយឡែកនាយករដ្ឋមន្ត្រីប្រទេសជប៉ុនលោក Fumio Kishida ដែលបានចូលរួមក្នុងសន្និសីទជាមួយលោក Biden ផងដែរនោះ មិនបានផ្តល់ការឆ្លើយតបដោយត្រង់ដូចលោក Biden នោះឡើយ ថាតើជប៉ុននឹងចូលរួមអន្តរាគមន៍យោធាការពារកោះតៃវ៉ាន់ដែរឬទេនោះ។
នាយករដ្ឋមន្ត្រីជប៉ុនរូបនេះថ្លែងថា«ការប៉ុនប៉ងដោយឯកតោភាគីដើម្បីធ្វើការផ្លាស់ប្តូរស្ថាន ភាពដោយកម្លាំងទ័ពដូចជាក្នុងប្រទេសអ៊ុយក្រែននោះ នឹងមិនត្រូវបានអនុគ្រោះឡើយនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក»៕