ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​កោះ​តៃវ៉ាន់​ស្នើ​ផ្តល់​ជំនួយ​ដល់​ចិនដីគោក​ជុំវិញ​ការផ្ទុះឡើង​នៃ​​ជំងឺ​កូវីដ១៩


រូបឯកសារ៖ ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី Tsai Ing-wen ថ្លែង​សុន្ទរកថា​នៅ​មូលដ្ឋាន​យោធា​នៅ​ទីក្រុង Tainan ភាគខាងត្បូង​កោះតៃវ៉ាន់​កាលពី​ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០។
រូបឯកសារ៖ ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី Tsai Ing-wen ថ្លែង​សុន្ទរកថា​នៅ​មូលដ្ឋាន​យោធា​នៅ​ទីក្រុង Tainan ភាគខាងត្បូង​កោះតៃវ៉ាន់​កាលពី​ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០។

ប្រធានាធិបតី​កោះ​តៃវ៉ាន់​លោក​ស្រី Tsai Ing-wen បាន​បង្ហាញ​នូវ​កាយវិការ​ទន់​ភ្លន់ទៅ​លើ​រដ្ឋាភិបាល​ក្រុងប៉េកាំង​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ដោយ​សន្យាថា​នឹង​ផ្តល់​ជំនួយដល់ចិន​ដីគោក ប្រសិនបើ​ចាំបាច់​ ​ស្រប​ពេល​ដែល​ជំងឺ​រាតត្បាតកូវីដ១៩នៅចិន​ដី​គោក​កំពុង​ហក់ឡើង​ខ្ពស់ខ្លាំង ​បន្ទាប់​ពី​ចិន​បាន​ប្រកាសលុបចោលវិធានការ​រឹត​បន្តឹង​ភា្លម​របស់​ខ្លួន​នោះ។ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ក្នុង​សុន្ទរកថា​នៃ​ឱកាស​ចូលឆ្នាំ​សាកល លោក​ស្រី Tsai បាន​គូស​បញ្ជាក់​ថា ​«ប្រសិន​បើ​មានសេចក្តី​ត្រូវ​ការ​ចាំបាច់​នោះ យើង​មានឆន្ទៈក្នុង​ការផ្តល់​នូវ​ជំនួយ​ចាំបាច់​នានា​ ដោយ​ឈរ​លើ​មូលដ្ឋានមនុស្សធម៌»។

លោក​ស្រី​បន្ថែម​ទៀត​ថា ​លោក​ស្រី​សង្ឃឹម​ថា ជំនួយ​របស់​តៃវ៉ាន់​អាច​ជួយពលរដ្ឋ​ចិន​ជា​ច្រើនឱ្យ​រួច​ផុត​ពី​ជំងឺ​រាតត្បាត មាន​សុខភាព​ល្អ​ និងរស់​នៅ​ដោយ​សុវត្ថិភាព​ក្នុងឆ្នាំ​ថ្មី​នេះ»។

ប្រទេស​ចិន​កំពុង​ប្រឈមនឹង​ការផ្ទុះ​រាលដាល​ករណី​ឆ្លង​នៃ​ជំងឺ​កូវីដ​១៩ បន្ទាប់ពី​ខ្លួន​បាន​លុប​ចោល​នូវ​គោលនយោបាយ​គ្មាន​ជំងឺកូវីដ១៩របស់​ខ្លួនកាល​ពី​ខែ​មុន ​គឺ៣ឆ្នាំបន្ទាប់ពី​វីរុស​កូរ៉ូណា​បាន​កើត​ឡើងជា​ដំបូង​នៅ​ក្នុងទីក្រុង Wuhan ប្រទេស​ចិន។

មន្ទីរពេទ្យ​នានានៅ​ក្នុង​ប្រទេស​ចិន​ កំពុង​មាន​អ្នក​ជំងឺ​ណែនពេញ​ត្រៀបត្រា​ដែល​ភាគ​ច្រើន​ជាមនុស្ស​ចាស់​ ហើយកន្លែង​បូជាសព​គ្មាន​ពេល​ទំនេរ​ឡើយ​ ស្រប​ពេល​ដែល​ឱសថ​ស្ថាន​នានាអស់​ថ្នាំជំងឺ​គ្រុនក្តៅនោះ។

នៅ​ក្នុង​សុន្ទរកថា​ឆ្នាំ​ថ្មីដែល​ផ្សាយ​ផ្ទាល់តាម​ទូរទស្សន៍​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅនេះ​ ​ប្រធានាធិបតី​ចិន​លោក Xi Jinping និយាយ​ថា​ «ពន្លឺ​នៃ​ក្តី​សង្ឃឹមកំពុង​ស្ថិត​នៅ​ពី​មុខ​យើង» ខណៈ​ដែល​ការគ្រប់គ្រង​និង​ការពារជំងឺ​រាតត្បាត​កូវីដ១៩បាន​ឈានចូល​ក្នុង​ដំណាក់​កាល​ថ្មី​មួយ។

លោក Xi ក៏​បាន​ថ្លែងនៅ​ក្នុង​សុន្ទរកថា​ដាច់​ដោយ​ឡែក​មួយ​ទៀត​កាល​ពី​ថ្ងៃសុក្រ​ថា​ រដ្ឋាភិបាល​ក្រុង​ប៉េកាំងនឹង​ប្រយុទ្ធដោយគ្មាន​ងាករេឡើយ​ ចំពោះ​ការប៉ុនប៉ងរ​បស់​ក្រុម​ដែល​ចង់​បំបែក​ទឹកដី​ដើម្បី​ស្វែងរកឯករាជ្យ​ភាព​សម្រាប់​កោះ​តៃវ៉ាន់​និង​ការធ្វើ​អន្តរាគមន៍ពី​កម្លាំង​ខាង​ក្រៅ​ជុំវិញ​រឿង​នេះ»។

ទំនាក់​ទំនង​រវាង​ចិន​ដីគោក​និង​កោះ​តៃវ៉ាន់​បានធ្លាក់​ចុះ​ជា​ខ្លាំង​ ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំងបាន​ព្យាយាម​បង្កើន​សកម្មភាព​យោធា​ដាក់​សម្ពាធសេដ្ឋកិច្ច​និង​ការទូត​ទៅ​លើ​កោះ​តៃវ៉ាន់​ដែល​គ្រប់គ្រង​ដោយ​ខ្លួន​ឯង​ហើយ​ដែល​ត្រូវ​បាន​ចិន​ដីគោកអះអាង​ថា​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​ខ្លួន​នោះ។

ប្រធានាធិបតី​តៃវ៉ាន់លោក​ស្រី Tsai បាន​និយាយ​នៅ​ថ្ងៃ​អាទិត្យ​ថា​ សកម្មភាព​យោធា​របស់​ចិន​ដីគោក​នៅ​ជុំវិញ​កោះ​តៃវ៉ាន់​ ​គឺជា​រឿង​មិន​ល្អ​ និងធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ។

លោក​ស្រី​និយាយ​ថា «សង្គ្រាម​មិនដែល​ជា​ជម្រើស​ល្អ​នោះ​ឡើយ​ក្នុង​ការ​ដោះស្រាយ​បញ្ហានានានោះ។ មាន​តែ​ការសន្ទនា កិច្ចសហប្រតិបត្តិការ ​និងគោលបំណង​រួម​នៃ​ការ​លើក​កម្ពស់សន្តិភាព​តំបន់​និង​ការអភិវឌ្ឍ​តែ​ប៉ុណ្ណោះ​ដែលអាច​ធ្វើ​ឱ្យប្រជា​ពលរដ្ឋមាន​សុវត្ថិភាព ​និងសេចក្តីសុខ»៕

XS
SM
MD
LG