រដ្ឋាភិបាលសហរដ្ឋអាមេរិកប្រហែលជាដាក់វិធានការថ្មីក្នុងការបង្ការជំងឺកូវីដ១៩ លើអ្នកធ្វើដំណើរមកពីប្រទេសចិន ដែលចូលមកកាន់សហរដ្ឋអាមេរិក ទាក់ទិននឹងក្ដីបារម្ភអំពី «កង្វះទិន្នន័យដែលមានតម្លាភាព» ដែលចេញមកពីរដ្ឋាភិបាលចិន។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters ដែលយោងលើការបញ្ជាក់របស់មន្ត្រីសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ។
វិធានការនេះធ្វើឡើងបន្ទាប់ពីប្រទេសជប៉ុន ឥណ្ឌា និងម៉ាឡេស៊ី បានប្រកាសអំពីការបង្កើនវិធានការលើអ្នកធ្វើដំណើរមកពីប្រទេសចិន នៅក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដោយលើកឡើងអំពីការកើនឡើងនូវអត្រាឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសចិន។
ប្រទេសជប៉ុនបានបញ្ជាក់ថា ខ្លួននឹងតម្រូវឱ្យអ្នកធ្វើដំណើរមកពីប្រទេសចិនបង្ហាញតេស្ដអវិជ្ជមានចំពោះជំងឺកូវីដ១៩ នៅពេលធ្វើដំណើរមកដល់។ ចំណែកឯប្រទេសម៉ាឡេស៊ីវិញបានដាក់វិធានការតាមដានដិតដល់បន្ថែមទៀត។
មន្ត្រីសហរដ្ឋអាមេរិកបានបញ្ជាក់ដូច្នេះថា៖ «មានក្ដីបារម្ភកើនឡើងនៅក្នុងសហគមន៍អន្តរជាតិទាក់ទិននឹងករណីកើនឡើងជាបន្តនៃអត្រាឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសចិន និងកង្វះទិន្នន័យប្រកបដោយតម្លាភាព ដែលក្នុងនោះរួមមានទាំងទិន្នន័យនៃដំណើរការកំណត់ការកកើតវីរុស (genomic sequence) ផងដែរ ដែលប្រទេសចិនកំពុងរាយការណ៍»។
មន្ទីរពេទ្យនិងកន្លែងរៀបចំពិធីបុណ្យសពខ្លះនៅក្នុងប្រទេសចិនមានសភាពច្រើនលើសលុបហួសសមត្ថភាព ស្របពេលដែលវីរុសជំងឺកូវីដ១៩ បានឆ្លងរាលដាលភាគច្រើនដោយគ្មានការត្រួតពិនិត្យនៅទូទាំងប្រទេសចិនដែលមានប្រជាជនសរុបចំនួន ១.៤០០ លាននាក់។
ទោះជាយ៉ាងនេះក្ដី ស្ថិតិផ្លូវការបានបង្ហាញថា មានករណីស្លាប់ដោយសារជំងឺកូវីដ១៩ តែមួយករណីប៉ុណ្ណោះនៅក្នុងរយៈពេល ៧ ថ្ងៃគិតត្រឹមថ្ងៃចន្ទកន្លងទៅនេះ ដែលនេះបណ្ដាលឱ្យមានការសង្ស័យក្នុងចំណោមអ្នកជំនាញផ្នែកសុខាភិបាលនិងពលរដ្ឋអំពីទិន្នន័យរបស់រដ្ឋាភិបាលចិននេះ។ តួលេខនេះមិនស៊ីមេទ្រីគ្នាជាមួយនឹងបទពិសោធន៍របស់ប្រទេសផ្សេងៗទៀត ដែលមានប្រជាជនតិចជាងប្រទេសចិនច្រើន បន្ទាប់ពីប្រទេសទាំងនោះបានបើកប្រទេសឡើងវិញ។
រដ្ឋាភិបាលចិនបានបញ្ជាក់កាលពីថ្ងៃចន្ទថា ខ្លួននឹងឈប់តម្រូវឱ្យអ្នកធ្វើដំណើរចូលមកប្រទេសចិនធ្វើចត្តាឡីស័កដែលនឹងចាប់ផ្ដើមពីថ្ងៃទី ៨ ខែមករាខាងមុខនេះតទៅ ដែលនេះគឺជាជំហានដ៏ធំមួយឆ្ពោះទៅការបន្ធូរបន្ថយការត្រួតពិនិត្យនៅតាមព្រំដែនរបស់ខ្លួន ដែលភាគច្រើនត្រូវបានបិទតាំងពីឆ្នាំ ២០២០ មក៕