ពលរដ្ឋនៅក្នុងប្រទេសចិនមានប្រតិកម្មប្រកបដោយក្តីសប្បាយរីករាយ ហើយបានស្ទុះ ស្ទាទៅកក់សំបុត្រយន្តហោះសម្រាប់ជើងហោះហើរបរទេសនៅថ្ងៃអង្គារនេះ បន្ទាប់ពីរដ្ឋាភិបាលក្រុងប៉េកាំងបាននិយាយថា ខ្លួននឹងបោះបង់ចោលការតម្រូវឱ្យធ្វើចត្តាឡីស័កជំងឺកូវីដសម្រាប់អ្នកមកដល់ពីបរទេស ដែលនេះបានបញ្ចប់ការនៅដាច់ពីគេរបស់ប្រទេសចិន ជិត ៣ ឆ្នាំមកនេះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
នៅក្នុងចំណាត់ការភ្លាមៗមួយកាលពីយប់ថ្ងៃចន្ទ ចិនបាននិយាយថា ចាប់ពីថ្ងៃទី ៨ ខែមករាខាងមុខនេះ អ្នកធ្វើដំណើរមកពីក្រៅប្រទេសនឹងលែងតម្រូវឱ្យធ្វើចត្តាឡីស័កនៅពេលមកដល់ នៅក្នុងការបន្ធូរបន្ថយវិធានការគ្រប់គ្រងជំងឺកូវីដ១៩ ដ៏តឹងរ៉ឹងដែលបានធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចនិងបណ្តាលឱ្យមានការតវ៉ាប្រឆាំងនៅទូទាំងប្រទេស។
ករណីឆ្លងបានកើនឡើងទូទាំងប្រទេសនៅពេលដែលសរសរស្តំដ៏សំខាន់នៃគោលនយោបាយរាំងខ្ទប់ជំងឺកូវីដ១៩ បានត្រូវទម្លាក់ចោល ដោយពួកអាជ្ញាធរបានទទួលស្គាល់ថា ការផ្ទុះឡើងថ្មីនូវជំងឺកូវីដ១៩ មិនអាចគេតាមដានបាន ហើយលែងរាប់បានចំនួនសរុបទាំងអស់។
ទោះជាយ៉ាងណាក៏ដោយ ពួកអ្នកប្រើប្រាស់បណ្តាញព័ត៌មានសង្គមចិនបានមានប្រតិកម្មប្រកបដោយការសប្បាយរីករាយដល់ការបញ្ចប់ការរឹតត្បិតដែលបានបិទផ្នែកភាគច្រើននៅក្នុងប្រទេសពីពិភពខាងក្រៅចាប់តាំងពីខែមីនា ឆ្នាំ ២០២០ មក។
ការអត្ថាធិប្បាយដ៏ប្រជាប្រិយមួយនៅលើបណ្តាញសង្គម Weibo បាននិយាយថា៖ «ការបិទខ្ទប់បានចប់ហើយ រដូវស្លឹកឈើលាស់នឹងមកដល់»។
អ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់ទៀតបានសរសេរថា៖ «ខ្ញុំប្រុងប្រៀបសម្រាប់ការធ្វើដំណើរទៅបរទេស»។
អ្នកទី ៣ ម្នាក់ទៀតសរសេរថា៖ «ខ្ញុំសង្ឃឹមថា តម្លៃសំបុត្រយន្តហោះមិនឡើងថ្លៃទៀតទេ»។
ការស្វែងរកជើងយន្តហោះទៅបរទេសតាមអនឡាញបានកើនឡើងដោយសារព័ត៌មាននេះ ដោយគេហទំព័រសម្រាប់ការធ្វើដំណើរ Tongcheng មានការស្វែងរកកើនឡើងចំនួន ៨៥០ ភាគរយនិងការកើនឡើងចំនួន ១០ ដងនៅក្នុងការស្វែងរកព័ត៌មានអំពីទិដ្ឋាការ។ នេះបើតាមសេចក្តីរាយការណ៍របស់បណ្តាញព័ត៌មានរដ្ឋ៕