ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មាន​ការ​ព្រមាន​ជា​សាកល​ជុំវិញ​ការកើន​ឡើង​ខ្លាំង​នៃ​ជំងឺ​កូវីដ១៩​ក្នុង​ប្រទេស​ចិន


រូបឯកសារ៖ អ្នកធ្វើដំណើរត្រៀមឡើងយន្តហោះនៅអាកាសយានដ្ឋានអន្តរជាតិចិន នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២២។
រូបឯកសារ៖ អ្នកធ្វើដំណើរត្រៀមឡើងយន្តហោះនៅអាកាសយានដ្ឋានអន្តរជាតិចិន នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២២។

សហរដ្ឋ​អាមេរិក​និង​ប្រទេស​ជាច្រើនផ្សេង​ទៀត​កំពុងដាក់​ការរឹត​បន្តឹងលើ​អ្នក​ដំណើរ​មក​ពី​ប្រទេស​ចិន បន្ទាប់ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ប្រកាសដកចេញនូវ​បម្រាមការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ ខណៈ​ពេល​ដែល​ករណី​ឆ្លង​នៃ​ជំងឺ​កូវីដ​ក្នុង​ប្រទេស​នេះ​កំពុង​មាន​ការហក់​ឡើង​ខ្ពស់​នោះ។ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន​ AFP។

មន្ទីរពេទ្យ​នានា​ក្នុង​ប្រទេស​ចិន​កំពុង​ពោរពេញ​ដោយ​អ្នកជំងឺ​ឆ្លង​កូវីដ១៩ បន្ទាប់​ពី​រដ្ឋាភិបាល​ចិន​បាន​ប្រកាស​លុបចោល​នូវ​វិធានការដ៏​តឹងរឹង​របស់​ខ្លួន​ ដែល​ធ្លាប់បាន​គ្រប់​គ្រងវីរុសជំងឺ​នេះ​មិន​ឱ្យ​មាន​ការ​ឆ្លង​រាលដាល​ខ្លាំង។ ក៏ប៉ុន្តែ​វិធានការ​នេះបាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​របស់ប្រទេស​នេះធ្លាក់​ចុះ​ និង​បណ្តាល​ឱ្យ​មាន​ការ​ប្រឆាំង​តវ៉ា​ពី​ពលរដ្ឋ​របស់​ខ្លួន​នោះ។

ចិនបាន​និយាយក្នុង​សប្តាហ៍​នេះ​ថា​ ខ្លួន​នឹងបញ្ចប់​ការ​ធ្វើ​ចត្តាឡីស័កដល់​អ្នក​ដំណើរ​មកពីក្រៅ​ប្រទេស​ទាំង​អស់​ ដែល​ការណ៍​នេះ​បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​ចិន​ជា​ច្រើន​មាន​ក្តី​សប្បាយ​រីករាយ​ជា​ខ្លាំង​ ហើយ​កំពុង​រួសរាន់​រៀបចំផែនការ​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស​ផង​ដែរ។

ជា​ការ​ឆ្លើយតប សហរដ្ឋអាមេរិក​និង​ប្រទេស​មួយ​ចំនួនទៀត​បាន​ប្រកាស​ថា​ ពួក​គេ​នឹង​តម្រូវឱ្យ​មាន​ការ​ធ្វើ​តេស្ត​កូវីដ​អវិជ្ជមាន​ជា​មុន​សិន ចំពោះ​អ្នក​ធ្វើ​ដំណើរ​ទាំង​អស់​មក​ពី​ប្រទេស​ចិន​ដីគោក។

មន្ត្រី​សុខាភិបាល​ជាន់ខ្ពស់​អាមេរិក​មួយរូប​ បានប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្នុង​កិច្ចប្រជុំ​តាម​ទូរសព្ទ​ថា៖ «ការកើន​ឡើង​យ៉ាង​ឆាប់រហ័ស​នូវ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ ក្នុង​ពេល​ថ្មីៗ​នេះក្នុង​ប្រទេស​ចិន​ ​អាច​បណ្តាល​ឱ្យ​មានវីរុសបំប្លែង​ថ្មីកើត​មាន​ឡើង​ផង​ដែរ»។


វិធានការ​របស់​សហរដ្ឋអាមេរិក​ត្រូវ​បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​ប្រទេស​អ៊ីតាលី ជប៉ុន​ ឥណ្ឌា​និង​ប្រទេស​ម៉ាឡេស៊ី បាន​ប្រកាស​ពី​វិធានការ​របស់​គេ​ផ្ទាល់​ ក្នុង​ការ​ទប់ស្កាត់​ការ​នាំ ចូល​វីរុស​កូរ៉ូណា​បំប្លែង​ខ្លួន​ថ្មី​មក​ពី​ប្រទេស​ចិន៕

XS
SM
MD
LG