ប្រធានាធិបតីអន្តរកាលនៃប្រទេសស៊ីរីលោក Ahmed al-Sharaa បាននិយាយថារដ្ឋាភិបាលរបស់លោកមានគោលបំណងស្តារការទាក់ទងជាមួយសហរដ្ឋអាមេរិកឡើងវិញក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ក៏ប៉ុន្តែ មិនទាន់មានការទាក់ទងជាមួយរដ្ឋបាលរបស់លោក Trump នៅឡើយទេ។ នេះបើតាមកិច្ចសម្ភាសន៍ជាមួយទស្សនាវដ្តី The Economist ហើយត្រូវបានរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Sharaa ដែលត្រូវបានគេប្រកាសជាប្រមុខរដ្ឋស្តីទីនៃប្រទេសស៊ីរីកាលពីសប្តាហ៍មុន ក៏បានកត់សម្គាល់ដែរថា កងទ័ពសហរដ្ឋអាមេរិកបានស្ថិតនៅក្នុងប្រទេសស៊ីរីដោយមិនមានការយល់ព្រមពីរដ្ឋាភិបាល។ លោកបានបន្ថែមទៀតថា វត្តមានបែបនេះត្រូវតែមានការយល់ព្រមជាមួយរដ្ឋស៊ីរី។ លោកបានពណ៌នាថា ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនៅតែធ្វើឡើងលើប្រទេសស៊ីរីដែលជា«ហានិភ័យយ៉ាងធ្ងន់ធ្ងរបំផុត»ដល់ប្រទេសនេះ។
លោក Sharaa បាននិយាយនៅក្នុងកិច្ចសម្ភាសន៍ដែលបានចេញផ្សាយកាលពីយប់ថ្ងៃចន្ទថា៖ «ខ្ញុំជឿថា លោកប្រធានាធិបតី Donald Trump ស្វះស្វែងរកសន្តិភាពនៅក្នុងតំបន់ ហើយវាជាអាទិភាពកំពូលដើម្បីលើកចោលការដាក់ទណ្ឌកម្ម។ សហរដ្ឋអាមេរិកមិនមានផលប្រយោជន៍នៅក្នុងការរក្សាការឈឺចាប់របស់ប្រជាពលរដ្ឋស៊ីរីទេ»។
លោក Sharaa បានដឹកនាំក្រុមប្រដាប់អាវុធអ៊ិស្លាម Hayat Tahrir al-Shamឬ (HTS) ដែលជាអតីតក្រុម al – Qaida នៅក្នុងការវាយប្រហារដូចភ្នែកបន្ទោលដែលបានផ្តួលរំលំអតីតប្រធានាធិបតី President Bashar al-Assad កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំមុន។
ប្រទេសស៊ីរីបានស្ថិតនៅក្រោមការដាក់ទណ្ឌកម្មយ៉ាងខ្លាំងអស់ជាច្រើនឆ្នាំដែលធ្វើឡើងដោយសហរដ្ឋអាមេរិកនិងមហាអំណាចលោកខាងលិចផ្សេងទៀតដើម្បីធ្វើឱ្យលោក Assad ឯកាចំពោះការបង្ក្រាបដ៏ព្រៃផ្សៃរបស់លោកនិងដើម្បីបង្កើតការដាក់សម្ពាធសម្រាប់ដំណោះស្រាយនយោបាយមួយបន្ទាប់ពីសង្គ្រាមស៊ីវិលអស់ជាង១ទសវត្សរ៍៕
វេទិកាបញ្ចេញមតិ