ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​បន្ត​ព្យួរ​កម្មវិធី​សុំ​កូន​ចិញ្ចឹម​រវាង​អាមេរិក​និង​កម្ពុជា នៅ​តែ​មិន​អាច​យល់​បាន​សម្រាប់​ឪពុកម្ដាយ​ចិញ្ចឹម


ការ​ចូល​រួម​ក្នុង​ការ​បោះ​ជំរំប្រចាំ​ឆ្នាំ ធ្វើ​ឲ្យកូន​ខ្មែរ​ដែល​គ្រួសារ​អាមេរិកាំង​យក​មកចិញ្ចឹម មាន​ភាព​ស្និទ្ធស្នាល​គ្នា​ដូច​បង​ប្ពូន​បង្កើត។ (ប៉ូច រាសី/VOA)
ការ​ចូល​រួម​ក្នុង​ការ​បោះ​ជំរំប្រចាំ​ឆ្នាំ ធ្វើ​ឲ្យកូន​ខ្មែរ​ដែល​គ្រួសារ​អាមេរិកាំង​យក​មកចិញ្ចឹម មាន​ភាព​ស្និទ្ធស្នាល​គ្នា​ដូច​បង​ប្ពូន​បង្កើត។ (ប៉ូច រាសី/VOA)

កម្មវិធី​សុំ​កូន​ចិញ្ចឹម​រវាង​អាមេរិក​និង​កម្ពុជា ត្រូវ​បាន​ព្យួរ​លែង​ដំណើរ​ការ​ចាប់តាំង​ពី​ឆ្នាំ​២០០១​មក។ រហូត​មក​ដល់​ពេល​នេះ ក្រុម​គ្រួសារ​អាមេរិកាំង ដែល​បាន​យក​កូន​ខ្មែរ​ទៅ​ចិញ្ចឹម​នៅ​សហរដ្ឋ​អាមេរិក បាន​ចោទ​ជា​សំណួរ​ថា​តើ​ហេតុអ្វី បាន​ជា​កម្មវិធី​នេះ នៅ​តែ​មិន​អាច​បន្ត​ឡើងវិញ​បាន នៅ​ពេល​ដែល​ឪពុកម្ដាយ​អាមេរិកាំង​ នៅ​តែ​ចង់​បាន​កូន​ខ្មែរ​ច្រើន​ទៀត​ទៅ​ចិញ្ចឹម​នោះ។

លោក Noriyasu Tani និង​ភរិយា​របស់​លោក មិន​អាច​មាន​កូនពី​កំណើត​ដោយ​ខ្លួន​ឯង​បាន​ទេ​ ដោយសារ​កត្តា​ជីវសាស្ត្រ ប៉ុន្តែ​ប្ដី​ប្រពន្ធ​មួយ​គូរ​នេះ មាន​កូន​ពីរ​នាក់​អស់​រយៈពេល​ប្រមាណ​២០​ឆ្នាំ​រួច​មក​ហើយ។

លោក Noriyasu Tani គឺ​ជា​ឪពុកចិញ្ចឹម​របស់​កូន​ខ្មែរ​ពីរ​នាក់។ (សាយមុន្នី/VOA)
លោក Noriyasu Tani គឺ​ជា​ឪពុកចិញ្ចឹម​របស់​កូន​ខ្មែរ​ពីរ​នាក់។ (សាយមុន្នី/VOA)

ផលិតករ​ទូរទស្សន៍​ដែល​មាន​ដើម​កំណើត​ជប៉ុន វ័យ​៥០​ឆ្នាំ​ប្លាយ​រូប​នេះ មាន​ប្រសាសន៍​ថា រូប​លោក និង​ភរិយា​ជា​ជនជាតិ​អាមេរិកាំង ពិត​ជា​មាន​ភ័ព្វសំណាង​ណាស់ ដែល​មាន​ក្រុម​គ្រួសារ​មួយ​នឹង​គេ​ដែរ ដោយ​សារ​តែ​មាន​កូន​ពីរ​នាក់ ដែល​ពួកគេ​បាន​យក​មក​ចិញ្ចឹម​ពី​ប្រទេស​កម្ពុជា។

«‍ដូច្នេះ ពេល​នៅ​ផ្ទះ ពួក​យើង ដូចជា​អង្គការ​សហប្រជាជាតិ​តូច​មួយ​អញ្ចឹង។ ក្រុម​គ្រួសារ​ គួរ​តែ​មាន​លក្ខណៈ​បែប​នេះ»។

ជា​រៀង​រាល់​ឆ្នាំ ក្នុង​រយៈពេល​១០​ឆ្នាំ​កន្លង​មកនេះ ក្រុម​គ្រួសារ​លោក Noriyasu បាន​មក​កម្សាន្ត​ជួបជុំគ្នា​ក្នុង​កម្មវិធី​បោះជំរំ​រដូវ​ក្ដៅ​មួយ​កាល​ពី​ខែ​កក្កដា នៅ​លើ​ជួរ​ភ្នំ​Snow Mountains នេះ ស្ថិត​ក្នុង​ទីក្រុងGranby ដ៏​ស្ងប់ស្ងាត់​មួយ ចម្ងាយ​តាម​រថយន្ត​ប្រមាណ​ជា​២ម៉ោង ពី​ទីក្រុងDenver នៃ​រដ្ឋ​Colorado។

ដូច​ឪពុកម្ដាយ​ចិញ្ចឹម​ប្រមាណ​៣០០​នាក់​ផ្សេង​ទៀត​ដែរ ក្រុម​គ្រួសារ​លោក Noriyasu មកពី​ទីក្រុង ​Venice​នៃ​រដ្ឋ​California នៅ​ឆ្នាំ​នេះ បាន​នាំ​កូន​ប្រុស​អាយុ​២០​ឆ្នាំ និង​កូន​ស្រី​វ័យ​១៩​ឆ្នាំ​របស់​ពួកគេ មក​ចូល​រួម​ក្នុង​កម្មវិធី​បោះ​ជំរំ​មរតក​ខ្មែរ​នេះ ដើម្បី​ឲ្យ​ពួកគេ អាច​មាន​ពេល​វេលា​ជួបជុំ​គ្នា ជាមួយ​កូន​ខ្មែរ​ដទៃ​ទៀត ដែល​មានឪពុកម្ដាយ​ចិញ្ចឹម​ជា​ពលរដ្ឋ​អាមេរិកាំង មក​ពី​រដ្ឋ​ផ្សេងៗ​ទៀត។

សំណាង រូប៊ីន ថានី គឺ​ជា​កូន​ចិញ្ចឹម​របស់​លោក Noriyasu-Tani។ (សាយមុន្នី/VOA)
សំណាង រូប៊ីន ថានី គឺ​ជា​កូន​ចិញ្ចឹម​របស់​លោក Noriyasu-Tani។ (សាយមុន្នី/VOA)

យុវជន​ សំណាង រូប៊ីន ថានី គឺ​ជា​កូន​ចិញ្ចឹម​របស់​លោក Noriyasu ដែល​បាន​មក​ចូល​រួម​កម្មវិធី​បោះជំរំ​នេះ​ជា​រៀងរាល់​ឆ្នាំ។

«‍ខ្ញុំ​ចូលចិត្ត​កម្មវិធី​នេះ​ខ្លាំង​ណាស់។ ខ្ញុំ​ស្គាល់​មិត្តភ័ក្ដិ​ជាច្រើន​នាក់​នៅ​ទី​នេះ។ ពេល​ខ្ញុំ​មក​ជា​លើក​ដំបូង​ កាល​ខ្ញុំ​នៅ​តូច ខ្ញុំ​មិនដឹង​ថា​មក​ទី​នេះ ដើម្បី​អ្វី​នោះ​ទេ។ ដំបូង​ខ្ញុំ​ស្គាល់​ពួកម៉ាក តែប៉ុន្មាន​នាក់​ទេ ប៉ុន្តែ​ ឥឡូវ ខ្ញុំ​មាន​មិត្តភ័ក្ដិ​ជាច្រើន​នៅ​ទី​នេះ»។

សំណាង មាន​បងស្រី​ម្នាក់​ ដែល​មិន​ជាប់​សាច់​ឈាម​ជាមួយ​គ្នា។ ពួកគេ​ទាំង​ពីរ​នាក់ ត្រូវ​បាន ក្រុម​គ្រួសារ​លោក Noriyasu យក​មក​ចិញ្ចឹម​ពី​ប្រទេស​កម្ពុជា​ដូចគ្នា តាំង​ពី​ពេល​ដែល​អ្នក​ទាំង​ពីរ នៅ​មាន​អាយុ​ប្រហែល​១​ឆ្នាំ​ប៉ុណ្ណោះ។

​សំណាង និយាយ​ថា ៖

«‍ខ្ញុំ​ពិត​ជា​មិន​ដឹង​ថា​តើ ខ្ញុំ​ពិត​ជា​មាន​សំណាង ដែល​បាន​មក​ទី​នេះ​ឬ​យ៉ាង​ណា​នោះ​ទេ។ ប្រសិន​បើ​មិន​មាន​គ្រួសារ​ចិញ្ចឹម​របស់​ខ្ញុំ​ទេ​ ខ្ញុំ​មិន​ដឹង​ថា​តើ​ជីវិត​របស់​ខ្ញុំ ទៅ​ជា​យ៉ាង​ណា​ទេ។ ដូច្នេះ ខ្ញុំ​មិន​ដឹង​ថា​ហេតុអ្វី​បាន​ជា​ខ្ញុំ​ មក​ដល់​ទី​នេះ​ ឬ​មាន​ថ្ងៃ​នេះ​ទេ។ អ្វី​ៗ​ប្រហែល​ជា​ត្រូវ​បាន​ចារ​មក​អញ្ចឹង​ហើយ​មើល​ទៅ»។

គន្ធា ផតធរ ក៏​គឺ​ជា​កូនចិញ្ចឹម​ម្នាក់​ដែរ​របស់​អ្នកស្រី Susan Borst។ (សាយមុន្នី/VOA)
គន្ធា ផតធរ ក៏​គឺ​ជា​កូនចិញ្ចឹម​ម្នាក់​ដែរ​របស់​អ្នកស្រី Susan Borst។ (សាយមុន្នី/VOA)

ដូច​សំណាង​ដែរ កញ្ញា Khuntia Porter ក៏​នៅ​តែ​មាន​ចម្ងល់​ដូចគ្នា​ថា​តើ​ជីវិត​របស់​នាង មិន​ដឹង​ជា​ក្លាយ​ទៅ​ជា​យ៉ាង​ណា​ទេ ប្រសិន​បើ​ រូប​នាង មិន​ត្រូវ​បាន​គេ​យក​មក​ចិញ្ចឹម​ទេ​នោះ។

«‍ប៉ុន្តែ ខ្ញុំ​ហាក់​ដូច​ជា​ដឹង​ចម្លើយ​រួច​ទៅ​ហើយ ពី​ព្រោះ​ ខ្ញុំ​គឺ​ជា​កូន​ម្នាក់​ក្នុង​ចំណោម​កូន​៧​នាក់​នៅ​ក្នុង​គ្រួសារ​កំណើត​របស់​ខ្ញុំ ហើយ​គ្រួសារ​ខ្ញុំ ក្រ​ណាស់។ ពួក​យើង​ រស់នៅ​ក្នុង​ភូមិ​មួយ​ ហើយ​យើង​រស់នៅ​ជា​មួយ​ជីដូនជីតា​របស់​យើង ប៉ុន្តែ ពួកគាត់ មិន​អាច​ផ្គត់ផ្គង់​ពួក​យើង​បាន​ទេ។ ដូច្នេះ ខ្ញុំ​ដឹង​ថា​ ជីវិត​របស់​ខ្ញុំ នឹង​យ៉ាប់យ៉ឺន​ជាង​នេះ​ឆ្ងាយ​ណាស់ បើ​គេ​មិន​យក​ខ្ញុំ​មក​ចិញ្ចឹម​ទេ​នោះ»។

គន្ធា បន្ថែម​ថា នាង​មាន​សំណាង​ណាស់ ដែល​ត្រូវ​គេ​យក​មក​ចិញ្ចឹម ជាមួយ​បងស្រី​បង្កើត​របស់នាង​ម្នាក់​ទៀត ហើយ​ពួកគេ​ទាំង​ពីរ​នាក់ បាន​រស់នៅ​ជាមួយ​គ្នា​ទៀត​ផង។

​ក្នុង​រយៈពេល​១៥​ឆ្នាំ​មក​នេះ កម្មវិធី​បោះជំរំ​មរតក​ខ្មែរ​ប្រចាំ​ឆ្នាំ​នេះ បាន​នាំ​ក្រុម​គ្រួសារ​អាមេរិកាំង​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​ដែល​បាន​យក​កូន​ខ្មែរ​មក​ចិញ្ចឹម​ដូចជា​សំណាង​និង​គន្ធា​ជាដើម ឲ្យ​មក​ជួបជុំគ្នា ដើម្បី​ឲ្យ​កូនៗ​របស់​ពួកគេ អាច​រៀន​សូត្រ​និង​ស្គាល់វប្បធម៌​នៃ​ប្រទេស​កំណើត​របស់​ពួកគេ ហើយ​និង​ចែក​រំលែក​បទពិសោធន៍​រវាង​គ្នា​ទៅវិញទៅមក​អំពី​អ្វី​ដែល​ពួកគេ​បាន​ឆ្លងកាត់​ក្នុង​ជីវិត​រស់នៅ​ជា​កូន​ចិញ្ចឹម​ក្នុង​រង្វង់​ក្រុម​គ្រួសារ​អាមេរិកាំង។

កូនខ្មែរ​ដែល​គ្រួសារ​អាមេរិក​យក​មក​ចិញ្ចឹម ស្តាប់​ការ​ពន្យល់​អំពីពិធីមង្គលការ​ខ្មែរ យ៉ាង​យក​ចិត្ត​ទុក​ដាក់ ក្នុង​កម្មវិធី​បោះ​ជំរំមរតកខ្មែរ​ប្រចាំ​ឆ្នាំ នៅ​រមណីយដ្ឋាន Snow Mountain Range រដ្ឋ​ Colorado កាល​ពី​ខែ​កក្កដា​ ឆ្នាំ​២០១៧។ (ប៉ូច រាសី/VOA)
កូនខ្មែរ​ដែល​គ្រួសារ​អាមេរិក​យក​មក​ចិញ្ចឹម ស្តាប់​ការ​ពន្យល់​អំពីពិធីមង្គលការ​ខ្មែរ យ៉ាង​យក​ចិត្ត​ទុក​ដាក់ ក្នុង​កម្មវិធី​បោះ​ជំរំមរតកខ្មែរ​ប្រចាំ​ឆ្នាំ នៅ​រមណីយដ្ឋាន Snow Mountain Range រដ្ឋ​ Colorado កាល​ពី​ខែ​កក្កដា​ ឆ្នាំ​២០១៧។ (ប៉ូច រាសី/VOA)

ប៉ុន្តែ នេះ​គឺ​កម្មវិធី​បោះជំរំ​ប្រចាំ​ឆ្នាំ​នេះ​លើក​ចុងក្រោយ​របស់​ពួកគេ ដោយ​សារ​កម្មវិធី​នេះ នឹង​លែង​មាន​តទៅ​ហើយ​ចាប់​ពី​ឆ្នាំ​ក្រោយ​ទៅ។ មូលហេតុ​គឺ​ដោយសារ​ក្មេងៗ​ភាគច្រើន បាន​ធំ​ដឹង​ក្ដី​អស់​ទៅ​ហើយ ហើយ​មិន​មាន​កូនចិញ្ចឹម​ជា​ជនជាតិ​ខ្មែរ​ថ្មីៗ​ទៀត​នោះ​ទេ ពីព្រោះ​តែ​ការ​ព្យួរ​កម្មវិធី​សុំ​កូន​ចិញ្ចឹម​រវាង​អាមេរិក​និង​កម្ពុជា ស្ថិត​នៅ​ជា​ធរមាន​នៅឡើយ​ ចាប់​តាំង​ពី​ឆ្នាំ​២០០១​មក។

ការ​រាំ​កំសាន្ត​ក្នុង​ពិធី​ជប់​លៀង​នៅ​ចុង​បញ្ចប់​នៃ​ជំរំ​មរតក​ខ្មែរ នៅ​រមណីយដ្ឋាន Snow Mountain Range រដ្ឋ​ Colorado កាល​ពី​ខែ​កក្កដា​ ឆ្នាំ​២០១៧។ (ប៉ូច រាសី/VOA)
ការ​រាំ​កំសាន្ត​ក្នុង​ពិធី​ជប់​លៀង​នៅ​ចុង​បញ្ចប់​នៃ​ជំរំ​មរតក​ខ្មែរ នៅ​រមណីយដ្ឋាន Snow Mountain Range រដ្ឋ​ Colorado កាល​ពី​ខែ​កក្កដា​ ឆ្នាំ​២០១៧។ (ប៉ូច រាសី/VOA)

អ្នក​នាង Jerri Israel គឺ​ជា​ម្ដាយ​ចិញ្ចឹម​របស់​កូន​ខ្មែរ​ពិការ​ម្នាក់ ដែល​ពេល​នេះ មាន​អាយុ​១៧​ឆ្នាំ​ហើយ។

អ្នក​នាង​ សង្ឃឹម​ថា រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​ នឹង​បន្ត​កម្មវិធី​សុំ​កូន​ខ្មែរ​ មក​ចិញ្ចឹម​នៅ​សហរដ្ឋ​អាមេរិក​នេះ​វិញ ដោយ​សារអ្នក​នាង​ថា​ការណ៍​នេះ​គឺជា​ជម្រើស​ឈ្នះ-ឈ្នះ​ទាំង​សង​ខាង។

អ្នក​នាង Jerri Israel មាន​ប្រសាសន៍​ថា៖

«‍គ្រួសារ​ខ្លះ មិន​មាន​លទ្ធភាព​ចិញ្ចឹម​និង​ផ្គត់ផ្គង់​កូន​របស់​ខ្លួន​ទេ ដូច្នេះ ហេតុអ្វី មិន​ព្រម​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​ យក​កូនក្មេង​ទាំង​នោះ​មក​ចិញ្ចឹម​ទៅ?»

សមាជិក​នៃ​ក្រុម​គ្រួសារ​ដែល​មាន​កូន​ចិញ្ចឹម​ផ្សេង​ទៀត​ ក៏​យល់ស្រប​ដូច្នេះ​ដែរ។

កញ្ញា Khuntia Porter ថ្លែង​ថា ៖

«‍ខ្ញុំ​មាន​ការ​សោកសង្រេង​ជា​ពន់ពេក។ នៅ​ពេល​អនាគត​ ខ្ញុំ​សង្ឃឹម​ថា នឹង​យក​កូន​ខ្មែរ​មក​ចិញ្ចឹម​ដែរ ពីព្រោះ​ខ្ញុំ​ស្រលាញ់​បទពិសោធន៍​ដែល​ខ្ញុំ​បាន​ឆ្លងកាត់​ផ្ទាល់​ក្នុង​នាម​ជា​កូន​ចិញ្ចឹម​ម្នាក់ ហើយ​ខ្ញុំ​ចង់​មាន​លទ្ធភាព​ផ្ដល់​ការ​ស្រលាញ់​នេះ ដល់​ក្មេង​ដទៃ​ដែរ»។

ដេវិន ផតធរ គឺ​ជា​កូនចិញ្ចឹម​ម្នាក់​របស់​អ្នកស្រី Susan Borst។ (សាយមុន្នី/VOA)
ដេវិន ផតធរ គឺ​ជា​កូនចិញ្ចឹម​ម្នាក់​របស់​អ្នកស្រី Susan Borst។ (សាយមុន្នី/VOA)

កញ្ញា Devin Porter ដែល​ត្រូវ​ជា​បងស្រី​បង្កើត​របស់​គន្ធា ហើយ​ដែល​ត្រូវ​ក្រុម​គ្រួសារ​អាមេរិកាំង ​យក​មក​ចិញ្ចឹម​ដែរ​នោះ ក៏​ថ្លែង​ដែរ​ថា៖

«‍គ្រួសារ​អាមេរិកាំង​ទាំង​នេះ ចង់​ជួយ​អ្នក​ដទៃ។ ហេតុអ្វី ក៏​យើង​រារាំង​គេ មិន​ឲ្យ​ធ្វើ​ដូច្នេះ? ខ្ញុំ​ស្រងាកចិត្ត​ខ្លាំង​មែនទែន។ ខ្ញុំ​សង្ឃឹម​ថា រដ្ឋាភិបាល និង​ពិនិត្យ​មើល​ឡើង​វិញ ហើយ​អាច​បើក​ការ​សុំ​កូន​ចិញ្ចឹម​នេះ​ឡើង​វិញ ពី​ព្រោះ ដូច​ប្អូនស្រី​ខ្ញុំ​និយាយ​អញ្ចឹង ខ្ញុំ​ក៏​ចង់​យក​កូន​ខ្មែរ មក​ចិញ្ចឹម និង​នាំ​សមាជិក​ក្រុម​គ្រួសារ​ខ្ញុំ​ថែម​ទៀត​ មក​អាមេរិក​ដែរ»។

ប្រទេស​កម្ពុជា បាន​ឆ្លងកាត់​សង្គ្រាម​ក្នុង​ស្រុក​រយៈពេល​ជិត​៣​ទសវត្សរ៍ ជាពិសេសក្នុង​របប​ខ្មែរក្រហម​នៅ​ចុង​អំឡុង​ទសវត្សរ៍​១៩៧០ ដែល​នៅ​ពេល​នោះ ពលរដ្ឋ​ប្រមាណ​១.៧​លាន​នាក់ បាន​ស្លាប់​បាត់បង់ជីវិត ដោយ​សារ​ការ​កាប់​សម្លាប់ ការ​បង្ខំ​ឲ្យ​ធ្វើការ​ហួសកម្លាំង​និង​ការ​បង្អត់​អាហារ​ជាដើម។ សោកនាដកម្ម​ដ៏​សែន​រន្ធត់​នេះ បាន​បន្សល់​ទុក​នូវ​ស្ត្រី​មេម៉ាយ និង​ក្មេង​កំព្រា​ជាច្រើន។

កូនខ្មែរ​ដែល​គ្រួសារ​អាមេរិក​យក​មក​ចិញ្ចឹម សប្បាយ​រីករាយ​ក្នុងការ​ប្រណាំង​ទូក នៅ​ក្រោម​កំដៅ​ព្រះ​អាទិត្យ និង​អាកាសធាតុ​ល្អ​ឥតខ្ចោះ។ (ប៉ូច រាសី/VOA)
កូនខ្មែរ​ដែល​គ្រួសារ​អាមេរិក​យក​មក​ចិញ្ចឹម សប្បាយ​រីករាយ​ក្នុងការ​ប្រណាំង​ទូក នៅ​ក្រោម​កំដៅ​ព្រះ​អាទិត្យ និង​អាកាសធាតុ​ល្អ​ឥតខ្ចោះ។ (ប៉ូច រាសី/VOA)

យោង​តាម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា កុមារ​កំព្រា​ជិត​៤០០០​នាក់ ត្រូវ​បាន​សុំ​យក​ទៅ​ចិញ្ចឹម​នៅ​បរទេស ពិសេស​នៅ​សហរដ្ឋ​អាមេរិក បារាំង អង់គ្លេស​និង​ប្រទេស​អ៊ីតាលី នៅ​ចន្លោះ​ឆ្នាំ​១៩៨៧ ដល់​២០០៩។

ចាប់​ពី​ឆ្នាំ​២០០៩​មក ប្រទេស​កម្ពុជា បាន​សម្រេច​ចិត្ត​ព្យួរ​កម្មវិធី​សុំ​កូន​ចិញ្ចឹម​ឆ្លង​ប្រទេស​ ដោយ​អះអាង​ថា ការ​សុំ​កូន​ចិញ្ចឹម​ខ្លះ មិន​បាន​ធ្វើ​ឡើង​តាម​គោលការណ៍​មនុស្ស​ធម៌​នោះ​ទេ តែ​បែរ​ជា​ត្រូវ​បាន​ប្រើ​ប្រាស់ ក្នុង​គោលដៅ​កេងប្រវ័ញ្ច​ឬ​ជួញដូរ​ទៅ​វិញ។

មន្ត្រី​សហរដ្ឋ​អាមេរិក និយាយ​ថា ទោះបីជា​កម្ពុជា បាន​ពង្រឹង​ប្រព័ន្ធ​ថែទាំ​សុខុមាលភាព​កុមារ​របស់​ខ្លួន និង​ធ្វើ​ឲ្យ​ប្រសើរ​នូវ​ដំណើរ​ការ​សុំ​កូន​ចិញ្ចឹម​ឆ្លង​ប្រទេស​របស់​ខ្លួន​ក៏​ដោយ ក៏​ប្រទេស​នេះ នៅ​មិន​ទាន់​មានការ​អនុវត្ត​ឲ្យ​បាន​ពេញលេញ​តាម​ដំណើរការ​នៃ​សន្ធិសញ្ញា​សុំ​កូន​ចិញ្ចឹម​ក្រុង​ឡាអេ (Hague Adoption Convention )​នៅ​ឡើយ​ទេ។

មាន​កុមារ​ចំនួន​២៣៥៥​នាក់​ពី​ប្រទេស​កម្ពុជា ត្រូវ​បាន​ក្រុម​គ្រួសារ​អាមេរិកាំង​ សុំ​យក​មក​ចិញ្ចឹម​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៩​មក។ ប៉ុន្តែ នៅ​ឆ្នាំ​២០០១ សហរដ្ឋ​អាមេរិក បាន​ផ្អាក​ការ​សុំ​កូន​ចិញ្ចឹម​ពី​ប្រទេស​កម្ពុជា ក្រោយ​ពី​មាន​របាយការណ៍​អំពី​ការ​ជួញដូរ​កូន​ក្មេង​នៅ​តាម​មណ្ឌល​កុមារ​កំព្រា​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា។

កុមារ​ដែល​គេ​សុំ​យក​ទៅ​ចិញ្ចឹម​មួយ​ចំនួន ត្រូវ​បាន​គេ​ជឿ​ថា មិនមែន​ជា​ក្មេង​កំព្រា​ពិត​ប្រាកដ​ទេ ដោយ​សារ​ពួកគេ​ នៅ​មាន​ឪពុកម្ដាយ ឬ​ក្រុម​គ្រួសារ​នៅ​មាន​ជីវិត​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ឡើយ។

កូន​ខ្មែរ​ដែលគ្រួសារ​អាមេរិកាំង​យក​មក​ចិញ្ចឹម កំពុង​ប្រណាំង​ទូក ដែល​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​បោះជំរំ​រដូវ​ក្តៅ នៅ​រមណីយដ្ឋាន Snow Mountain Range ​រដ្ឋ Colorado កាល​ពី​ខែ​កក្កដា ​ឆ្នាំ​២០១៧។ (ប៉ូច រាសី/VOA)
កូន​ខ្មែរ​ដែលគ្រួសារ​អាមេរិកាំង​យក​មក​ចិញ្ចឹម កំពុង​ប្រណាំង​ទូក ដែល​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​បោះជំរំ​រដូវ​ក្តៅ នៅ​រមណីយដ្ឋាន Snow Mountain Range ​រដ្ឋ Colorado កាល​ពី​ខែ​កក្កដា ​ឆ្នាំ​២០១៧។ (ប៉ូច រាសី/VOA)

ប៉ុន្តែ ពលរដ្ឋ​ពលរដ្ឋ​អាមេរិកាំង​ ដែល​ចង់បាន​កូន​ចិញ្ចឹម​ពី​ប្រទេស​កម្ពុជា​ដូចជា​អ្នកនាង Jerri Israel និយាយ​ថា ការណ៍​នេះ មិន​មែន​ជា​រឿង​អ្វី​ខុស​ទាស់​នោះ​ទេ។

«‍ទោះ​បី​ជា​ក្មេង​ទាំង​នេះ មិនមែន​ជា​កូនកំព្រា​ពិតប្រាកដ​ក៏​ដោយ ប៉ុន្តែ គ្រួសារ​របស់​ពួកគេ ក្រីក្រ​ណាស់ ដូច្នេះ តើ​វា​ខុស​ទាល់​ស្អី​ទៅ ក្នុង​ការ​ផ្ដល់​ឲ្យ​ក្មេង​នេះ​នូវ​ជីវិត​មួយ​ដែល​ល្អ​ប្រសើរ​ជាង​នេះ? ខ្ញុំ​មិន​ចង់​និយាយ​ថា ជីវិត​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា មិន​ស្រស់បំព្រង​នោះ​ទេ ប៉ុន្តែ​វា​មាន​លក្ខណៈ​លំបាកលំបិន​នៅ​ទី​នោះ។​ ជីវភាព​រស់នៅ​ មាន​ការ​លំបាក ព្រោះ​ខ្ញុំ​ធ្លាប់​ទៅ​ដល់​ទី​នោះ​ផ្ទាល់»។

អ្នកនាង Jerri Israel បន្ថែម​ថា៖

«‍នៅ​មាន​ក្មេង​ជាច្រើន​ទៀត ដែល​ត្រូវ​ការ​ការ​ថ្នាក់ថ្នម»។

ការ​បារម្ភ​មួយ​ទៀត​អំពី​ការ​សុំ​កូន​ចិញ្ចឹម​នេះ គឺ​ថា​ក្មេង​ខ្លះ ត្រូវ​គេ​យក​ទៅ​ធ្វើ​បាប​នៅ​ក្នុង​ប្រទេស​ដែល​យក​ពួកគេ​ទៅ​ចិញ្ចឹម​នោះ។

លោក សុង អៀរ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង ​រស់នៅ​ក្នុង​រដ្ឋ​កូឡូរ៉ាដូ ដែល​ធ្វើ​ជា​អ្នក​ស្ម័គ្រចិត្ត​ក្នុង​កម្មវិធី​បោះជំរំ​មរតក​ខ្មែរ។ (សាយមុន្នី/VOA)
លោក សុង អៀរ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង ​រស់នៅ​ក្នុង​រដ្ឋ​កូឡូរ៉ាដូ ដែល​ធ្វើ​ជា​អ្នក​ស្ម័គ្រចិត្ត​ក្នុង​កម្មវិធី​បោះជំរំ​មរតក​ខ្មែរ។ (សាយមុន្នី/VOA)

ប៉ុន្តែ លោក សុង អៀរ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង ដែល​បាន​មក​រស់នៅ​ក្នុង​រដ្ឋ​ខូឡូរ៉ាដូ​អស់​ជាច្រើន​ឆ្នាំ​មក​ហើយ​នេះ មិន​ជឿ​បែប​នេះ​ទេ។ ជា​អ្នក​ស្ម័គ្រចិត្ត​ម្នាក់ ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​បោះជំរំ​មរតក​ខ្មែរ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​នោះ លោក សុង អៀរ ​ថ្លែង​ថា​ លោក​ មិន​ដែល​ឃើញ​ឪពុកម្ដាយ​អាមេរិកាំង ធ្វើ​បាប​កូន​ចិញ្ចឹម​របស់​ពួកគេ​ទេ។

«‍អូហ៍ អាគាំង គេ​យក​កូន​ខ្មែរ​មក គេ​ថែ​ទាំ គេ​ស្រលាញ់​កូន​គេ​ណាស់​បង។ គេ​មិន​មែន​យក​មក​ធ្វើ​បាប​ទេ អត់​ទេ។ ខ្ញុំ​អត់​ឃើញ​អញ្ចឹង​ទេ ព្រោះ​ខ្ញុំ​មក​នេះ​ ជាង​១០​ឆ្នាំ​ហើយ ខ្ញុំ​ឃើញ​ពួកគេ គេ​ថែទាំ​កូន​គេ​ណាស់ កូន​ចិញ្ចឹម​ក៏​ដោយ។ ខ្លះ​គេ​មាន​កូន​សាសន៍​របស់​គេ​ហើយ​ហ្នឹង គេ​នៅ​យក​កូន​ចិញ្ចឹម​មក​រាប់គ្នា​ដូច​បងប្អូន​អញ្ចឹង ទោះ​ស្បែក​ខុសគ្នា​ក៏​ដោយ ក៏​គេ​ចាត់​ទុក​ដូច​បងប្អូន​ដែរ»។

អ្នកស្រី Susan Borst (ស្តាំ) គឺ​ជា​ម្តាយ​ចិញ្ចឹម​របស់​គន្ធា និង​ដេវិន ផតធរ។ (សាយមុន្នី/VOA)
អ្នកស្រី Susan Borst (ស្តាំ) គឺ​ជា​ម្តាយ​ចិញ្ចឹម​របស់​គន្ធា និង​ដេវិន ផតធរ។ (សាយមុន្នី/VOA)

អ្នកស្រី Susan Borst ម្ដាយ​ចិញ្ចឹម​របស់ Khuntia Porter និងDevin Porter មាន​ប្រសាសន៍​ថា៖

«‍មាន​ឪពុកម្ដាយ​ជាច្រើន​ទៀត ដូច​គ្រួសារ​របស់​យើង​ដែរ។ ពួក​យើង​គឺ​ជា​ក្រុម​គ្រួសារ​ខ្មែរ​អាមេរិកាំង។ ខ្ញុំ​មិន​មែន​ជា​ជន​ស្បែក​សរ ដែល​មាន​កូន​ខ្មែរ​នោះ​ទេ ​គឺ​ពួក​យើង ​ជា​ក្រុម​គ្រួសារ​ខ្មែរ​អាមេរិកាំង»។

អ្នកស្រី ផល សូដានី អ្នក​ស្ម័គ្រចិត្ត​មក​ពី​រដ្ឋ​កូឡូរ៉ាដូ​ដែរ។(សាយមុន្នី/VOA)
អ្នកស្រី ផល សូដានី អ្នក​ស្ម័គ្រចិត្ត​មក​ពី​រដ្ឋ​កូឡូរ៉ាដូ​ដែរ។(សាយមុន្នី/VOA)

អ្នក​ស្រី ផល សូដានី អ្នក​ស្ម័គ្រចិត្ត​ខ្មែរ​អាមេរិកាំង​ម្នាក់​ទៀត​ក្នុង​កម្មវិធី​បោះជំរំ​មរតក​ខ្មែរ​នេះ បាន​ប្រសាសន៍​ថា៖

«‍ខ្ញុំ​ដឹង​ថា​ជនជាតិ​អាមេរិកាំង​នៅ​ប្រទេស​នេះ គាត់​ចង់​បាន​កូន​ខ្មែរ​យើង​ច្រើន​ណាស់​យក​មក​ចិញ្ចឹម ប៉ុន្តែ​ពួក​យើង​ទាំង​អស់​គ្នា​ ត្រូវ​ការ​បើកចំហ​ឲ្យ​ដឹង​ចិត្តទាំង​អស់​គ្នា ថា​តើ​យើង​យក​កូន​គេ​មក​ចិញ្ចឹម​ដោយ​ពិត​ប្រាកដ​ ដោយ​ស្មោះត្រង់ ហើយ​អ្នក​នៅ​ខាង​នោះ ខ្ញុំ​ជឿ​ថា គាត់​ក៏​សប្បាយ​ចិត្ត​ក្នុង​កា​បន្ត​ការ​បើក​ទ្វារ​ឲ្យ​យក​កូន​មក​ចិញ្ចឹម​ទៀត​ដែរ»។

អ្នកស្រី Kimberly Lanegran គឺ​ជា​ម្ដាយ​ចិញ្ចឹម​របស់​Clair។ (សាយមុន្នី/VOA)
អ្នកស្រី Kimberly Lanegran គឺ​ជា​ម្ដាយ​ចិញ្ចឹម​របស់​Clair។ (សាយមុន្នី/VOA)

អ្នកស្រី Kimberly Lanegran គឺ​ជា​សាស្ត្រាចារ្យ​ជំនួយ​ម្នាក់​នៅ​មហាវិទ្យាល័យCoe College នៃ​រដ្ឋ Iowa ។ អ្នក​ស្រី ក៏​មាន​កូន​ចិញ្ចឹម​ពីរ​នាក់​ដែរ គឺ​ម្នាក់​មក​ពី​ប្រទេស​ចិន និង​ម្នាក់​ទៀត​មក​ពី​ប្រទេស​កម្ពុជា។

«‍រឿង​នេះ ស្មុគស្មាញ​ខ្លាំង​ណាស់។ រដ្ឋាភិបាល​កម្ពុជា និង​ប្រជាជន​កម្ពុជា ចង់​បាន​ការ​បញ្ជាក់​ឲ្យ​ប្រាកដ​ថា កូន​របស់​ពួកគេ ពិត​ជា​ទទួល​បាន​ការ​ថែទាំ​ពិត​ប្រាកដ ដូច្នេះ ពួកគេ ចង់​ធ្វើ​ឲ្យ​ប្រាកដ​ថា ឪពុកម្ដាយ​អាមេរិកាំង នឹង​ថែទាំ​កូន​ខ្មែរ​ទាំង​នេះ។ ចំណែក​រដ្ឋាភិបាល​អាមេរិក និង​ពលរដ្ឋ​អាមេរិក​វិញ យើង​មិន​ចង់​យក​កូនចិញ្ចឹម​ដែល​គេ​លួច​ពី​ក្រុម​គ្រួសារ​ដែល​ចង់​ចិញ្ចឹម​ក្មេង​នោះ​ទេ ដូច្នេះ នេះ​ជា​រឿង​មួយ​ដែល​មិន​ដាច់ស្រេច​ឡើយ»។

អ្នក​ស្រី​ Kimberly Lanegran ដែល​បាន​នាំ​កូន​ចិញ្ចឹម​ទាំង​ពីរ​មក​ចូលរួម​កម្មវិធី​បោះជំរំ​មរតក​ខ្មែរ​លើក​ចុងក្រោយ​នេះ​ដែរ បន្ថែម​ថា៖

«‍ប៉ុន្តែ​ ខ្ញុំ​គិត​ថា​គួរ​តែ​មាន​ច្បាប់​អន្តរជាតិ​ដែល​ច្បាស់លាស់​និង​ប្រយ័ត្ន​ប្រយែង​ជាង​នេះ ក្នុង​ការ​កំណត់​ការ​សុំ​កូន​ចិញ្ចឹម​ជា​លក្ខណៈ​អន្តរជាតិ»។

អ្នកស្រី Pam Sweetser គឺ​ជា​នាយក​ប្រតិបត្តិ​នៃ​កម្មវិធី​បោះជំរំ​សម្រាប់​ក្រុមគ្រួសារ​ដែល​មាន​កូនចិញ្ចឹម​មក​ពី​ប្រទេស​ផ្សេងៗ រួម​ទាំង​កម្ពុជា​ផង​នោះ ថ្លែង​ថា វា​គួរ​ឲ្យ​សោកស្ដាយ​ណាស់ ដែល​កម្មវិធី​បោះជំរំ​មរតក​ខ្មែរ​ នឹង​លែង​មាន​តទៅទៀត​ចាប់​ពី​ឆ្នាំ​ក្រោយ​នេះ​ទៅ​ ដោយសារ​តែ​មិន​មាន​កូន​ចិញ្ចឹម​ខ្មែរ​ថ្មីៗ​មក​ទៀត​នេះ។

«‍វា​គួរ​ឲ្យ​សោកសៅ​ណាស់ ប៉ុន្តែ ខ្ញុំ​គិត​ថា​ក្មេងៗ​ ដែល​បាន​មក​ទី​នេះ​ហើយ ខ្ញុំ​សប្បាយ​ចិត្ត​ ដែល​មាន​កន្លែង​មួយ​នេះ សម្រាប់​ពួកគេ»។

កញ្ញា Khuntia Porter ​និយាយ​ថា នាង​សង្ឃឹម​ថា នៅ​ថ្ងៃ​ណាមួយ នាង​នឹង​មានឱកាស​អាច​យក​កូន​ខ្មែរ​ណា​ម្នាក់​ មក​ចិញ្ចឹម​នៅ​អាមេរិក​នេះ ដូចជា​រូប​នាង​បាន​ឆ្លងកាត់​ដោយ​ខ្លួន​ឯង​ផ្ទាល់​ដែរ។

«‍ប្រសិន​បើ​មានឱកាស ខ្ញុំ​ស្រលាញ់​គំនិត​មួយ​ថា យើង​អាច​សុំ​កូន​ចិញ្ចឹម ហើយ​ជួយ​ក្មេង​នោះ​ ដូច​ដែល​ខ្ញុំ​មាន​បទពិសោធន៍​ខ្លួន​ឯង​ស្រាប់»។

យ៉ាង​ណា​ក៏​ដោយ ផលិតករ​ទូរទស្សន៍​ដែល​ជា​ជនជាតិ​ជប៉ុន​ គឺ​លោក​Noriyasu Tani ដែលមាន​ភរិយា​ជា​ជនជាតិ​អាមេរិកាំង​និង​កូនចិញ្ចឹម​ពីរ​នាក់ ជា​ជនជាតិ​ខ្មែរ​នោះ មានប្រសាសន៍​ថា លោក​សង្ឃឹម​ថា​ នឹង​មាន​ការ​បន្ត​កម្មវិធី​សុំ​កូន​ចិញ្ចឹម​ពី​កម្ពុជា​មក​អាមេរិក​ឡើង​វិញ​នៅ​ពេល​ណា​មួយ​មិន​ខាន។

លោក​ Noriyasu Tani ថ្លែង​ថា៖

«‍ការ​សុំ​កូន​ចិញ្ចឹម គឺ​ដូចជា​ស្ថានភាព​ឈ្នះ-ឈ្នះ​ទាំង​សងខាង។ អ្នកដឹង​ទេ? ក្មេងៗ ត្រូវ​ការ​ពំនឹង ហើយ​ឪពុកម្ដាយ​ដូច​ជា​ពួក​យើង​នេះ ត្រូវ​ការ​កូន ដើម្បី​បង្កើត​គ្រួសារ​ដូច​គេ​ដែរ»។

មុន​នឹង​បែប​គ្នា កូនកំព្រា​ខ្មែរ​ដែល​គ្រួសារ​អាមេរិកាំង​យក​មក​ចិញ្ចឹម សំណេះ​សំណាល​គ្នាលេង នៅ​ជុំ​វិញ​ភ្នក់​ភ្លើង នៅ​រមណីយដ្ឋាន Snow Mountain Range រដ្ឋ​ Colorado កាល​ពី​ខែ​កក្កដា​ ឆ្នាំ​២០១៧។ (ប៉ូច រាសី/VOA)
មុន​នឹង​បែប​គ្នា កូនកំព្រា​ខ្មែរ​ដែល​គ្រួសារ​អាមេរិកាំង​យក​មក​ចិញ្ចឹម សំណេះ​សំណាល​គ្នាលេង នៅ​ជុំ​វិញ​ភ្នក់​ភ្លើង នៅ​រមណីយដ្ឋាន Snow Mountain Range រដ្ឋ​ Colorado កាល​ពី​ខែ​កក្កដា​ ឆ្នាំ​២០១៧។ (ប៉ូច រាសី/VOA)

វា​អាច​ជា​ស្ថានភាព​ឈ្នះ-ឈ្នះ​ទាំង​សង​ខាង​សម្រាប់​លោកNoriyasu Tani ប៉ុន្តែ គ្មាន​នរណា​ដឹង​ទេ​ថា​តើ​សហរដ្ឋ​អាមេរិក​និង​កម្ពុជា នឹង​អាច​ឈាន​ដល់​ការ​ព្រមព្រៀង​គ្នា ដើម្បី​បើក​កម្មវិធី​សុំ​កូន​ចិញ្ចឹម​រវាង​សហរដ្ឋ​អាមេរិក​និង​កម្ពុជា​នេះ​ឡើង​វិញ​ដែរ​ឬ​អត់។​បើ​យោង​តាម​ក្រសួង​ការបរទេស​អាមេរិក មន្ត្រី នៃ​ប្រទេស​ទាំង​ពីរ កំពុង​បន្ត​ចរចា​គ្នា​លើ​បញ្ហា​នេះ​នៅ​ឡើយ៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG