ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភាគី​សង្គ្រាម​នៅ​ស៊ូដង់​សន្យា​គោរព​តាម​កិច្ច​ឈប់​បាញ់​គ្នា ៣ ថ្ងៃ


មនុស្សម្នា​ប្រមូលផ្តុំគ្នា​នៅ​ពេល​ដែល​ពួកគេ​រត់​គេច​ពី​ការប៉ះទង្គិច​គ្នា​រវាង​កង​កម្លាំង​ជំនួយ​រហ័ស និង​កងទ័ព​ក្នុង​ទីក្រុងខាទុំ ប្រទេស​ស៊ូដង់ កាលពី​ថ្ងៃ​ទី២៤ ខែមេសា ឆ្នាំ​២០២៣។
មនុស្សម្នា​ប្រមូលផ្តុំគ្នា​នៅ​ពេល​ដែល​ពួកគេ​រត់​គេច​ពី​ការប៉ះទង្គិច​គ្នា​រវាង​កង​កម្លាំង​ជំនួយ​រហ័ស និង​កងទ័ព​ក្នុង​ទីក្រុងខាទុំ ប្រទេស​ស៊ូដង់ កាលពី​ថ្ងៃ​ទី២៤ ខែមេសា ឆ្នាំ​២០២៣។

កិច្ច​ឈប់​បាញ់​គ្នា​រយៈពេល ​៣ ​ថ្ងៃ​រវាង​ភាគី​សង្គ្រាម​ទាំង​ពីរ​នៅ​ក្នុង​ប្រទេស​ស៊ូដង់​បាន​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​អង្គារ​នេះ ​បន្ទាប់ពី​អ្វី​ដែល​សហរដ្ឋ​អាមេរិក​បាន​ហៅ​ថា​ជា​«ការ​ចរចា​ដ៏​តឹងតែង»។

ទាំង​កង​កម្លាំង​យោធា​ស៊ូដង់ (SAF) និង​ទាំង​កង​កម្លាំង​ជំនួយ​រហ័ស (RSF) បាន​សន្យា​ជា​សាធារណៈ​ថា​នឹង​គោរព​តាម​ការ​ឈប់​ប្រយុទ្ធ​គ្នា​រយៈពេល ​៣ ​ថ្ងៃ​នេះ។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា៖ «ដើម្បី​គាំទ្រ​ឱ្យ​មាន​ការ​បញ្ចប់​ជា​រៀង​រហូត​នូវ​ការ​ប្រយុទ្ធ​គ្នា​នេះ ​សហរដ្ឋ​អាមេរិក​នឹង​សម្រប​សម្រួល​ជាមួយ​នឹង​ដៃគូ​នានា​នៅ​ក្នុង​តំបន់​និង​អន្តរជាតិ ​និង​ភាគី​ស៊ីវិល​ស៊ូដង់​ដែល​ពាក់ព័ន្ធ​ផ្សេងៗ ​ដើម្បី​ជួយ​បង្កើតគណៈកម្មាធិការ​មួយ​ក្នុង​គោល​បំណង​មើល​ការ​ខុស​ត្រូវ​លើ​ការ​ចរចា ​ការ​ធ្វើ​សេចក្ដី​សន្និដ្ឋាន ​និង​ការ​អនុវត្ត​ការ​បញ្ចប់​អរិភាព​ជា​អចិន្ត្រៃយ៍ ​និង​ការ​រៀបចំ​ផ្នែក​មនុស្សធម៌​នៅ​ក្នុង​ប្រទេស​ស៊ូដង់»។

លោក Blinken ​បាន​បន្ថែម​ថា ​សហរដ្ឋ​អាមេរិក​នឹង​ធ្វើការ​ជាមួយ​ដៃគូ​ស៊ូដង់​នានា​ដើម្បី​«ឆ្ពោះ​ទៅ​រក​គោល​បំណង​រួម​នៃ​ការ​ត្រឡប់​ទៅ​រក​រដ្ឋាភិបាល​ស៊ីវិល​ឡើង​វិញ​នៅ​ក្នុង​ប្រទេស​ស៊ូដង់»។

ចាប់​តាំងពី​ការ​ប្រយុទ្ធ​គ្នា​បាន​ចាប់ផ្ដើម​កាលពី​ថ្ងៃ​ទី ​១៥​ ខែ​មេសា​មក ​យ៉ាង​ហោច​ណាស់​មនុស្ស ៤២៧ ​នាក់​ត្រូវ​បាន​សម្លាប់ ​និង​ជាង ​៣.៧០០ ​នាក់​បាន​រង​របួស។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​នានា​របស់​អង្គការ​សហប្រជាជាតិ។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres ​កាលពី​ថ្ងៃ​ចន្ទ​បាន​អំពាវនាវ​ឱ្យ​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​«ដាក់​គំនាប​ឥទ្ធិពល​ជា​អតិបរមា​លើ​ភាគី​សង្គ្រាម​ដើម្បី​បញ្ចប់​អំពើ​ហិង្សា ​ស្ដារ​របៀប​រៀបរយ ​និង​ត្រឡប់​ទៅ​រក​មាគ៌ា​នៃ​អន្តរកាល​ប្រជាធិបតេយ្យ​ឡើង​វិញ»។

ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​គ្រោង​នឹង​រៀបចំ​កិច្ច​ប្រជុំ​មួយ​អំពី​វិបត្តិ​នៅ​ស៊ូដង់​នេះ​នៅ​ថ្ងៃ​អង្គារ​នេះ។

លោក Guterres ក៏​បាន​និយាយ​ផង​ដែរ​ថា អង្គការ​សហប្រជាជាតិ​នឹង​មិន​ចាក​ចោល​ស៊ូដង់​ទេ ​ប៉ុន្តែ​បាន​ជម្លៀស​បុគ្គលិក​របស់​ខ្លួន​ «រាប់​រយ​នាក់» ​ជា​បណ្ដោះ​អាសន្ន​ទៅ​ទីតាំង​ថ្មី​ទាំង​នៅ​ក្នុង ​និង​ក្រៅ​ប្រទេស៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP ទីភ្នាក់ងារ​សារព័ត៌មានAFP និង​ ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

អត្ថបទ​ទាក់ទង

XS
SM
MD
LG