កងកម្លាំងជាគូបដិបក្ខដែលប្រយុទ្ធគ្នាតាមផ្លូវថ្នល់ក្នុងរដ្ឋធានីនៃប្រទេសស៊ូដង់បានប្រកាសការឈប់បាញ់គ្នាថ្មីមួយមានរយៈពេល២៤ម៉ោងកាលពីថ្ងៃពុធ មួយថ្ងៃក្រោយការប៉ុនប៉ងធ្វើដូច្នេះមិនបានជោគជ័យកាលពីថ្ងៃអង្គារ។
កងយោធពលស៊ូដង់និងកងកម្លាំងគាំទ្ររហ័សហៅ RSF បានប្រកាសដាច់ពីគ្នាថាពួកគេនឹងឈប់ប្រយុទ្ធគ្នាជាបណ្តោះអាសន្នដោយចាប់ផ្តើមពីម៉ោង៦ល្ងាចតាមម៉ោងមូលដ្ឋាន។
មានរបាយការណ៍ថា មានការប្រយុទ្ធគ្នាយូរៗម្តងនៅក្រោយបទឈប់បាញ់គ្នាចូលជាធរមាន។
នៅរដ្ឋធានីវ៉ាស៊ីនតោន អ្នកនាំពាក្យសេតវិមានលោកស្រី Karine Jean-Pierre បាន
អំពាវនាវដល់ភាគីទាំងពីរឱ្យគោរពតាមការឈប់បាញ់គ្នានេះ ដោយ«បញ្ឈប់អំពើហិង្សានិងវិលត្រឡប់ទៅកាន់ការចរចាគ្នាវិញ»។ លោកស្រីបាននិយាយថា នាយឧត្តមសេនីយ៍ជាន់ខ្ពស់ពីរនាក់ដែលកងកម្លាំងពួកគេបានធ្វើរដ្ឋធានីឱ្យក្លាយទៅជាតំបន់សង្គ្រាមកាលពីប្រាំថ្ងៃកន្លងទៅនេះ «ជាអ្នកទទួលខុសត្រូវក្នុងការការពារក្រុមជនស៊ីវិល និងពួកជនមិនមែនជាអ្នកប្រយុទ្ធ»។
គេរាយការណ៍ថា មានការប្រយុទ្ធគ្នាខ្លាំងកាលពីព្រឹកថ្ងៃពុធនៅជុំវិញទីបញ្ជាការធំនៃកងយោធាក្នុងក្រុង Khartoum ដោយមានកងយន្តហោះប្រតិកម្មយោធាវាយប្រហារតាមអាកាសលើកងកម្លាំង RSF ដែលប៉ុនប៉ងត្រួតត្រាបញ្ជាការដ្ឋាននោះ។
ផ្លូវថ្នល់ក្នុងរដ្ឋធានីមានតែពួកអ្នកប្រយុទ្ធនិងមនុស្សដែលប៉ុនប៉ងរត់គេចចេញពីទីក្រុងនេះ ខ្លះដោយថ្មើរជើង និងខ្លះជិះយានយន្ត។ អ្នកក្រុងភាគច្រើនឋិតក្នុងផ្ទះដើម្បីចៀសវាងពីការប្រយុទ្ធគ្នា ដោយទ្រាំទ្រនឹងការដាច់ភ្លើង និងការខ្វះស្បៀងអាហារ។
ទីភ្នាក់ងារសុខភាពអ.ស.ប.បាននិយាយថា ការប្រយុទ្ធគ្នាបានបណ្តាលឱ្យមនុស្សជិត៣០០នាក់ស្លាប់ក្នុងពេលប្រាំថ្ងៃមុននេះ តែចំនួនមនុស្សស្លាប់ទំនងជាច្រើនជាងនេះ ពីព្រោះសាកសពមនុស្សច្រើននាក់បានបន្សល់ទុកតាមផ្លូវថ្នល់ ពីព្រោះមិនអាចយកចេញបានដោយសារមានការប្រយុទ្ធគ្នា៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP, AFP និង Reuters។