ប្រទេសនានាកំពុងប្រញាប់ប្រញាល់ជម្លៀសមន្ត្រីការទូតនិងពលរដ្ឋរបស់ខ្លួនពីទីក្រុងខាទុំ (Khartoum) ប្រទេសស៊ូដង់ នៅពេលដែលការប្រយុទ្ធគ្នារវាងគូសត្រូវពីរនៅក្នុងរដ្ឋធានីនៅបន្ត។
ប្រទេសកាណាដា អេហ្ស៊ីប បារាំង អាល្លឺម៉ង់ អ៊ីតាលី ស៊ុយអែត និងសហរដ្ឋអាមេរិកស្ថិតក្នុងចំណោមប្រទេសដែលប្រើយន្តហោះនិងក្បួនរថយន្តដើម្បីនាំជនបរទេសចេញពីប្រទេសស៊ូដង់។
រហូតមកដល់ពេលនេះ មានមនុស្សជាង ៤២០ នាក់ត្រូវបានសម្លាប់ហើយមនុស្សរាប់ពាន់នាក់ទៀតបានរងរបួស។
ជនជាតិស៊ូដង់កំពុងការពារខ្លួនឯងនៅចំពេលដែលមានការដាច់ចរន្តអគ្គិសនីនិងការដាច់សេវាអ៊ីនធឺណិត។
ពលរដ្ឋស៊ូដង់ខ្លះបានសម្រេចប្រថុយគ្រោះថ្នាក់ជិះរថយន្តនិងឡានក្រុងដើម្បីគេចចេញ។
ប្រធានទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) អ្នកស្រី Samantha Power បានប្រកាសកាលពីថ្ងៃអាទិត្យថា ខ្លួនបានបង្កើតក្រុមអ្នកជំនាញផ្នែកឆ្លើយតបនឹងគ្រោះមហន្តរាយសម្រាប់ប្រទេសស៊ូដង់។ អ្នកស្រី Power បាននិយាយថា ក្រុមអ្នកជំនាញនេះនឹងធ្វើប្រតិបត្តិការដំបូងចេញពីប្រទេសកេនយ៉ា។
អ្នកស្រីថ្លែងដូច្នេះថា៖ «សហរដ្ឋអាមេរិកកំពុងកៀរគរឱ្យមានការបង្កើនជំនួយដល់ប្រជាជនស៊ូដង់ដែលជាប់នៅក្នុងការប្រយុទ្ធរវាងក្រុមសត្រូវទាំងពីរ»។ អ្នកស្រីបានបញ្ជាក់ថា ក្រុមឆ្លើយតបជំនួយគ្រោះមហន្តរាយ (DART) នឹងធ្វើការជាមួយនឹង «សហគមន៍អន្តរជាតិនិងដៃគូអន្តរជាតិរបស់សហរដ្ឋអាមេរិកដើម្បីកំណត់តម្រូវការជាអាទិភាពនិងដើម្បីដឹកជញ្ជូនដោយសុវត្ថិភាពនូវជំនួយមនុស្សធម៌សង្គ្រោះជីវិតទៅកាន់អ្នកដែលត្រូវការជំនួយនេះខ្លាំងបំផុត»។
ការប្រយុទ្ធរវាងក្រុមសត្រូវទាំងពីរក៏បានផ្ទុះឡើងផងដែរនៅក្នុងតំបន់ Darfur៕