កងយោធានៃក្រុមកម្លាំងគាំទ្ររហ័សស៊ូដង់ ឬ RSF បាននិយាយនៅថ្ងៃសុក្រនេះថា ខ្លួនបានយល់ព្រមទៅលើបទឈប់បាញ់គ្នាមួយ ដែលមានរយៈពេល៧២ម៉ោង ដែលនឹងចាប់ផ្តើមនៅម៉ោង៦ព្រឹកតទៅ ដែលជាកិច្ចព្រមព្រៀងមួយ យ៉ាងហោចណាស់ក៏ធ្វើឱ្យមានការផ្អាកជាបណ្តោះអាសន្ននូវការវាយប្រយុទ្ធគ្នាអស់ពេលជាច្រើនថ្ងៃមកហើយ ដែលបណ្តាលឱ្យមនុស្សជាច្រើនរយនាក់ បានស្លាប់នៅក្នុងប្រទេសអាហ្វ្រិកមួយនេះ។
កងកម្លាំង RSF បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «បទឈប់បាញ់នេះកើតឡើងដំណាលគ្នានឹងពិធីបុណ្យស្រាយបួស Eid al-Fitr របស់សាសនាឥស្លាម ដើម្បីបើកច្រករបៀងមនុស្សធម៌ ក្នុងការជម្លៀសពលរដ្ឋ និងផ្តល់ឱកាសឱ្យពួកគេដើម្បីជួបជុំគ្រួសារនៅក្នុងឱកាសនេះ»។
ថ្ងៃឈប់សម្រាកនៃពិធីបុណ្យ Eid នេះ ជាការកត់សម្គាល់នៃការបញ្ចប់រដូវតមអាហារនៃពិធីបុណ្យរ៉ាម៉ាឌនរបស់សាសនាឥស្លាម។ បើទោះបីជាយ៉ាងនេះក្តីគេនៅមិនទាន់ឃើញមានសញ្ញាណាមួយ ពីក្រុមម្ខាងទៀតនៃភាគីជម្លោះ គឺកងកម្លាំងស៊ូដង់អំពីចេតនាថាខ្លួនថានឹងយល់ព្រមអនុវត្តលើកិច្ចព្រមព្រៀងឈប់បាញ់នេះដែរឬទេ។
កាលពីថ្ងៃព្រហស្បតិ៍ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឱ្យបញ្ឈប់ការប្រយុទ្ធគ្នាជាបន្ទាន់មួយ និងបានស្នើសុំឱ្យមានបទឈប់បាញ់រយៈពេល៣ថ្ងៃ ដើម្បីប្រារព្ធពិធីបុណ្យបញ្ចប់រដូវបួសតមអាហាររបស់សាសនាឥស្លាមរ៉ាម៉ាឌន ដើម្បីអាចឱ្យពលរដ្ឋស៊ីវិលដែលកំពុងជាប់គាំងក្នុងការប្រយុទ្ធគ្នានេះ អាចទទួលបានសុវត្ថិភាពនិងជំនួយឧបត្ថម្ភ។
លោក Guterres បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅស្នាក់ការធំរបស់អង្គការសហប្រជាជាតិក្នុងបុរី New York ថា «នេះជាជំហានដំបូង ក្នុងការផ្តល់ពេលវេលាសម្រាកពីការប្រយុទ្ធគ្នា និងបើកផ្លូវឆ្ពោះទៅរកបទឈប់បាញ់ជាអចិន្ត្រៃយ៍មួយ»។
លោក Guterres បានធ្វើការតាមទូរស័ព្ទដើម្បីកុំឱ្យមានភាពតានតឹង ចាប់តាំងពីអំពើហិង្សាបានផ្ទុះឡើងកាលពីថ្ងៃសៅរ៍កន្លងទៅ រវាងគូប្រជែងទាំងពីរក្រុម ដែលធ្លាប់តែជាសម្ព័ន្ធមិត្តនឹងគ្នានោះ គឺនាយឧត្ដមសេនីយ៍យោធា Abdel Fattah al-Burhan នៃកងកម្លាំងស៊ូដង់ និងនាយឧត្ដមសេនីយ៍ Mohamed Hamdan Dagalo មេបញ្ជាការនៃកងកម្លាងគាំទ្ររហ័ស RSF។
ប្រធានអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មនុស្សជាង៣៣០នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រយុទ្ធគ្នានេះ ហើយមនុស្សប្រមាណ៣.២០០នាក់ផ្សេងទៀត ទទួលរងរបួស៕