ការប្រយុទ្ធគ្នានៅតាមដងផ្លូវនៃរដ្ឋធានីប្រទេសស៊ូដង់បានបន្តនៅថ្ងៃពុធនេះ ខណៈភាគីទាំងពីរដែលធ្វើសង្រ្គាមនៅប្រទេសនេះមិនអើពើនឹងបទឈប់បាញ់រយៈពេល ២៤ម៉ោង។
ការផ្ទុះដ៏ខ្លាំង និងស្នូរបាញ់កាំភ្លើងអាចមើលឃើញ និងឮនៅកណ្តាលរដ្ឋធានីខាទុំ (Khartoum) នៅជិតៗក្រសួងការពារជាតិ និងអាកាសយានដ្ឋានអន្តរជាតិរបស់រដ្ឋធានីនេះ ខណៈនៅតាមដងផ្លូវមានតែ ទាហាន គ្មានប្រជាពលរដ្ឋ។
ការប្រយុទ្ធគ្នាបានកើតឡើងពេញមួយយប់ថ្ងៃអង្គារ បើទោះបីនាយឧត្តមសេនីយ៍ Abdel Fattah al-Burhan មេបញ្ជាការកងកម្លាំងប្រដាប់អាវុធស៊ូដង់ និងនាយឧត្តមសេនីយ៍ Mohamed Hamdan Dagalo មេដឹកនាំកងកម្លាំងគាំទ្ររហ័សបានប្រកាសជាសាធារណៈកាលពីថ្ងៃអង្គារ ឱ្យមានបទឈប់បាញ់ដោយសារមានសម្ពាធពី សហរដ្ឋអាមេរិក អង្គការសហប្រជាជាតិ និងមេដឹកនាំអាហ្វ្រិក ឲ្យបញ្ចប់ការប្រយុទ្ធគ្នារយៈពេល ៤ ថ្ងៃ ។ ការប្រយុទ្ធគ្នានេះបានបង្ខំអ្នកក្រុង Khartoum ជាច្រើននាក់ឲ្យសំងំតែនៅក្នុងផ្ទះ។
ការសន្យាបទឈប់បាញ់នេះបានធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បាននិយាយតាមទូរស័ព្ទជាមួយលោក Burhan និងលោក Dagalo ដោយជំរុញឱ្យពួកគេបញ្ឈប់ការប្រយុទ្ធ ដើម្បីអនុញ្ញាតឱ្យការផ្តល់ជំនួយមនុស្សធម៌អាចធ្វើបាន។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា លោក Blinken បានជំរុញឱ្យលោក Burhan និងលោក Dagalo «ធ្វើឱ្យប្រាកដថា វត្តមានសហគមន៍អន្តរជាតិនៅទីក្រុងខាទុំ មានសុវត្ថិភាព» ហើយបានសង្កត់ធ្ងន់លើការទទួលខុសត្រូវរបស់ឧត្តមសេនីយ៍ទាំងពីរ «ដើម្បីធានាសុវត្ថិភាព និងសុខុមាលភាពជនស៊ីវិល បុគ្គលិកការទូត និងបុគ្គលិកមនុស្សធម៌»៕