មន្រ្តីពាក់ព័ន្ធបានឲ្យដឹងថាខ្យល់កន្រ្ទាក់ខ្លាំងខុសពីធម្មតា ដែលកើតមានតាំងពីថ្ងៃពុធ បានបំផ្លាញផ្ទះរបស់ប្រជាពលរដ្ឋរាប់រយខ្នង និងទ្រព្យសម្បត្តិផ្សេងៗនៅទូទាំងប្រទេស។
សាធារណជនបានបង្ហោះរូបភាពតាមបណ្តាញសង្គមហ្វេសប៊ុក ដែលបង្ហាញនូវទិដ្ឋភាពក្នុងរាជធានីភ្នំពេញរងគ្រោះដោយសារខ្យល់កន្រ្តាក់កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ រួមមានការធ្វើដំណើរតាមសាឡាង ការបាក់ធ្លាក់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មតាមផ្លូវ ការបាក់ដើមឈើសង្កត់រថយន្ត និងរបើកដំបូលផ្ទះរបស់ប្រជាពលរដ្ឋមួយចំនួន។ បណ្តាខេត្តមួយចំនួន ក៏រងការខូចខាតផងដែរ។
លោក ឃុន សុខា អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រាប់ VOA នៅថ្ងៃសុក្រថា អាជា្ញធរថ្នាក់ជាតិកំពុងរង់ចាំរបាយការណ៍ពីថ្នាក់ខេត្ត ដើម្បីបូកសរុបអំពីផលប៉ះពាល់នៃខ្យល់កន្រ្តាក់ពីរថ្ងៃជាប់គ្នានេះ ប៉ុន្តែលោកថា ខ្យល់នេះបានបំផ្លាញផ្ទះរបស់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តមួយចំនួន។ លោកក៏មិនទាន់មានទិន្នន័យថា តើមានករណីស្លាប់មនុស្សឬយ៉ាងណានៅឡើយទេ។
លោកមានប្រសាសន៍ថា៖ «ខ្យល់កន្រ្តាក់ហ្នឹងមាន មិនមែនអត់ណា មានរាល់តែឆ្នាំហ្នឹង។ គ្រាន់តែថាកន្លែងខ្លះខ្លាំង កន្លែងខ្លះខ្សោយទៅ វាអត់ទៀង»។
ចំណែកលោក សេក សុខុម ប្រធានមន្ទីរព័ត៌មាននិងអ្នកនាំពាក្យខេត្តបន្ទាយមានជ័យ បានឲ្យដឹងថាខ្យល់កន្រ្តាក់ក្នុងខេត្តរបស់លោកកើតឡើងពីរថ្ងៃជាប់គ្នា គឺនៅថ្ងៃទី ៥ និងទី ៦ ខែឧសភា ដោយប៉ះពាល់ផ្ទះរបស់ប្រជាពលរដ្ឋជាង ២៣០ ខ្នង ទាំងកម្រិតធ្ងន់ធ្ងរនិងស្រាល។ លោកបន្តថា មិនមានករណីស្លាប់នោះទេ ដោយសារខ្យល់កន្រ្តាក់និងភ្លៀងនេះ។
បើតាមហ្វេសប៊ុករបស់ក្រសួងធនធានទឹកនិងឧតុនិយម ភ្លៀងធ្លាក់លាយខ្យល់កន្ត្រាក់នៅក្នុងខេត្តព្រះវិហារ ធ្វើឲ្យរបើកដំបូលផ្ទះរបស់ប្រជាពលរដ្ឋចំនួន ៧ ខ្នង នៅក្នុងភូមិកំពង់ស្រឡៅ ១ ឃុំកំពង់ស្រឡៅ ១ ស្រុកឆែប ខេត្តព្រះវិហារ។ ចំណែកក្នុងខេត្តព្រៃវែងវិញ ខ្យល់កន្រ្តាក់នេះក៏ប៉ះពាល់ផ្ទះរបស់ប្រជាពលរដ្ឋជាង ៤០ ខ្នងផងដែរ។
កាលពីថ្ងៃទី ៤ ខែឧសភា ក្រសួងធនធានទឹកបានឲ្យដឹងថា ជ្រលងនៃសម្ពាធទាបឥណ្ឌានិងខ្យល់មូសុងនិរតីរំកិលគ្របដណ្តប់បក់មកលើប្រទេសកម្ពុជា ទន្ទឹមនឹងរដូវវស្សាឆ្នាំ ២០២១ នឹងមកដល់ក្នុងពេលឆាប់ៗនេះ។ ក្រសួងក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ដែលអាចកើតមានជាពិសេសបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៕