អ្នកស្រី ហាច ស៊ីណា និងគ្រួសារជាអ្នកស្រុកឯកភ្នំនៃខេត្តបាត់ដំបង។ គ្រួសារអ្នកស្រីត្រៀមប្រមូលផលស្រូវលើផ្ទៃដីប្រមាណ៨ហិកតា កាលពី១០ថ្ងៃមុន។ ប៉ុន្តែ នៅពេលគោយន្តដែលអ្នកស្រីជួលច្រូតកាត់ ត្រូវបានគេអូសមកដល់ក្នុងភូមិ ទឹកជំនន់ក៏បានមកដល់ភូមិដូចគ្នា។
អ្នកស្រី ហាច ស៊ីណា វ័យ៣៨ឆ្នាំ ប្រាប់វីអូអេថា៖ «ឥឡូវស្រូវខ្ញុំលិច១០ថ្ងៃហើយ។ ប្រហែលជាវារលួយគ្រាប់ខ្លះហើយ រលួយចុងកួរខ្លះ។ហើយ ប្រហែលវាអត់បានស្រូវបណ្តោយ។ [...] បើស្រូវខូចសុទ្ធ ដែលអត់បានច្រូត៦(ហិកតា)។ បើស្រូវតែកំពុងលិចទឹក យើងមិនដឹងខូច ឬមិនខូច….ពីរហិកតា លិចបាត់ហើយអាហ្នឹង»។
បរិមាណទឹកភ្លៀងច្រើនលើសលប់ និងលំហូរទឹកពីផ្នែកខាងលើពីប្រទេសថៃ បានធ្វើឲ្យផ្នែកជាច្រើន ជាពិសេសបណ្តាខេត្តពាយ័ព្យនៃប្រទេសកម្ពុជា រងការលិចលង់ដែលប៉ះពាល់គ្រួសាររបស់អ្នកស្រី និងមនុស្សជាង១០ម៉ឺនគ្រួសារទៀតនៅទូទាំងប្រទេសនៅក្នុងរាជធានីខេត្តចំនួន១៩ ស្មើនឹង៩១ក្រុងស្រុកខណ្ឌ។ នេះបើយោងតាមរបាយការណ៍ដែលចេញដោយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
ដំណាំស្រូវទូទាំងប្រទេសនៅលើផ្ទៃដីយ៉ាងហោចណាស់ ២១ម៉ឺនហិកតា ត្រូវបានលិច។ នេះ បើយោងតាមរបាយការណ៍ដដែល។ វាលស្រែនៅខេត្តបាត់ដំបង ដែលជាជង្រុកស្រូវដ៏សំខាន់មួយរបស់កម្ពុជា ត្រូវបានលិចលង់ និងរងការប៉ះពាល់ជាមួយនឹងផ្ទៃដីប្រមាណជាង១២ម៉ឺនហិកតា។ នេះ បើយោងតាមអ្នកនាំពាក្យខេត្តបាត់ដំបង។
លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្ តនិងជាអ្នកនាំពាក្យខេត្តបាត់ដំបង ប្រាប់វីអូអេនៅថ្ងៃអង្គារថា លោកមិនច្បាស់ថា ទឹកជំនន់នេះនឹងបន្តរហូតដល់ពេលណានោះទេ ហើយការវាយតម្លៃទៅលើការខូចខាតដំណាំស្រូវ និងដំណាំផ្សេងៗទៀតនៅមិនទាន់អាចធ្វើបាន ដោយសារទឹកនៅលិចនៅឡើយ។
លោកមានប្រសាសន៍ថា៖ «ឥឡូវអាកាសធាតុវាអាប់អួររហូតអីចេះ ទាយអត់ត្រូវទេ។ ឧទាហរណ៍ខេត្តបាត់ដំបងជន់ ហើយកន្លែងខ្លះវាឡើងវិញកន្លងមកនេះដូចថា នៅម្តុំអម្ពិលប្រាំដើមស្រុកបវេលនៅបួអីហ្នឹងស្រកមួយសាហើយឡើងមួយសាទៀត ដោយសារអាកាសធាតុយើងខាងលើ។ ខាងលើវាមានភ្លៀងទៅ វាឡើងវិញ។អាហ្នឹងពិបាកអ៊ីចឹង។ បើយើងឲ្យថា ប៉ុន្មានថ្ងៃស្រកអស់ វាទាយអត់ត្រូវដោយសារយើងត្រូវចាំមើលការប្រែប្រួលស្ថានភាពនៃឧតុនិយម»។
ដូចបណ្តាខេត្តនានាទៀតដែរមន្ត្រីខេត្តរបស់លោក បានចាត់វិធានការនានា ដើម្បីរំដោះទឹកចេញពីភូមិទៅបឹងទន្លេសាប ដោយការចោះផ្លូវបង្ហូរទឹក និងបើកប្រឡាយ។
លោកមានប្រសាសន៍ថា នៅក្នុងខេត្តរបស់លោកប្រជាពលរដ្ឋធ្វើស្រែរហូតទៅដល់បីដងក្នុងមួយឆ្នាំ។ លោកបញ្ជាក់ថា៖ «អ្នកខ្លះច្រូតហើយធ្វើទៀត។ អាធ្វើទៀតហ្នឹងចូលទឹកមកដល់បណ្តោយ»។
អភិបាលរងខេត្តរូបនេះឲ្យដឹងទៀតថា ឥឡូវនេះវាឆាប់ពេកក្នុងការប៉ាន់ស្មានក្នុងការវាយតម្លៃពីការខូចខាតដំណាំស្រូវ និងដំណាំផ្សេងទៀត។
លោកមានប្រសាសន៍ថា៖ «និយាយទៅការទស្សន៍ទាយទុកមុន ខ្ញុំមិនហ៊ានទស្សន៍ទាយថា ម៉េចទេ ប៉ុន្តែចាំមើលស្ថានភាព ដល់ពេលហ្នឹងបានយើងអាចវាយតម្លៃបាន»។
កាលពីពីរឆ្នាំមុន អ្នកស្រី ហាច ស៊ីណាជាកសិករ និងស្វាមី ដែលរស់នៅក្នុងភូមិព្រែកឆ្តោរ ឃុំពាមឯក ស្រុកឯកភ្នំខេត្តបាត់ដំបង បានសម្រេចចិត្តចាប់ផ្តើមជួលដីស្រែគេ៨ហិកតា តម្លៃជាង៨០០ដុល្លារ ក្នុងរយៈពេលមួយឆ្នាំ ដែលអ្នកទាំងពីរ អាចធ្វើស្រែបានពីររដូវ។
អ្នកស្រី ហាច ស៊ីណាបានប្រើដើមទុនសរុបប្រមាណ៤ពាន់ដុល្លារ ដែលអ្នកស្រីខ្ចីពីបងប្អូន និងម្តាយក្មេកសម្រាប់ធ្វើស្រូវវស្សា។ ប្រាក់កម្ចីទាំងនេះអ្នកស្រីចំណាយទៅលើពូជ ជីរ និងការចំណាយផ្សេងៗទៀត។ ដីស្រែដែលនៅចម្ងាយជាងពីរគីឡូម៉ែត្រពីផ្ទះត្រូវទឹកជំនន់លិចកម្ពស់ប្រមាណមួយម៉ែត្រពីដី។
អ្នកស្រីប្រាប់VOAថា៖ «ឆ្នាំនេះអាកាសធាតុវាប្រែប្រួល។ យើងព្រោះម្តងហើយវាអត់ដុះ។ យើងព្រោះម្តងទៀត ហើយយើងសុទ្ធតែជួលគេ…ខាតច្រើន»។ អ្នកស្រីបន្ថែមថា ឆ្នាំមុន អ្នកស្រី និងគ្រួសារអាចប្រមូលផលបានជិត៣០តោនពីដីស្រែ៨ហិកតានេះ។
ខេត្តបន្ទាយមានជ័យមានផ្ទៃដីស្រែលិចទឹកទំហំធំបំផុតបន្ទាប់ពីខេត្តបាត់ដំបងដោយមានផ្ទៃដីស្រែលិចទឹក ជិតប្រាំម៉ឺនហិកតា។ ហើយ ខេត្តនេះមានចំនួនប្រជាពលរដ្ឋបាត់បង់ជីវិតដោយសារទឹកជំនន់ចំនួន១៨នាក់ច្រើនជាងគេបង្អស់ក្នុងចំណោមអ្នកបាត់បង់ជីវិត៣៤នាក់នៅទូទាំងប្រទេស គិតត្រឹមថ្ងៃពុធទី២១ ខែតុលា។
លោក សួន ឌុល គឺជាកសិករនៃខេត្តបន្ទាយមានជ័យស្រុកថ្មពួក។ លោកដាំស្រូវ និងដំឡូងដើម្បីយកប្រាក់មកផ្គត់ផ្គង់ជីវភាពគ្រួសារនៅក្នុងឃុំគោករមៀតភូមិគោករមៀត។ កាលពីឆ្នាំមុន អាកាសធាតុក្តៅហួតហែង និងរាំងខ្លាំងដូច្នេះលោកទទួលបានផលតិចជាងពាក់កណ្តាលនៃផលស្រូវដែលលោកគួរតែទទួលបានពីផលដំណាំសរុប។
ឆ្នាំនេះលោកថា មានភ្លៀងដែលជាការល្អប៉ុន្តែភ្លៀងឥតឈប់ឈរ និងទឹកដែលហូរមកពីប្រទេសថៃ បានបង្កើតជាទឹកជំនន់ដែលមានកម្ពស់ពីមួយម៉ែត្រទៅមួយម៉ែត្រកន្លះហើយកំពុងគំរាមកំហែងជីវភាព និងដំណាំរបស់លោក។
«ស្រូវខ្ញុំទាំងអស់វា១០ហិកតាជាង។នៅសល់តែ៣ហិកតាទេ។លិច៥ហិកតាហើយ»។លោកបន្ថែមថា៖«ដំឡូង៣ហិកតាដកបានពីររ៉ៃ។ ក្រៅពីនោះ លិចទាំងអស់»។
កសិកររូបនេះមិនសង្ឃឹមថា នឹងបានផលខ្លះពីដំណាំរបស់លោកនោះទេ។
លោកថា៖ «វាមិនអាចបានមកវិញទេលិចច្រើនថ្ងៃហើយនោះ»។ លោកបារម្ភថាលោកនឹងមិនមានប្រាក់ដើម្បីទិញពូជយកមកព្រោះធ្វើស្រែនៅឆ្នាំក្រោយទេ ដោយសារការបាត់បង់ប្រាក់ចំណូលមួយផ្នែកធំពីស្រែលិចទឹកនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើដំណើរទៅសួរសុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅខេត្តបន្ទាយមានជ័យ និងចែកអំណោយដល់ពួកគេ។ នៅចំពោះមុខប្រជាពលរដ្ឋ និងមន្ត្រីមួយចំនួននៅក្នុងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ លោកហ៊ុន សែនមានប្រសាសន៍នៅថ្ងៃពុធនេះថា៖
«ថ្ងៃនេះខ្ញុំបាននាំមកសម្រាប់បងប្អូននៅទីនេះ៥០០០គ្រួសារ ដែលក្នុងនោះគ្រួសារនីមួយៗទទួលបានអង្ករ២៥គីឡូ មីមួយកេសតូច ទឹកសុទ្ធមួយកេស ទឹកត្រីមួយយួរទឹកស៊ីអ៊ីវមួយយួរ ត្រីខមួយយួរ មុងមួយ ក្រមាមួយ ភួយមួយ សារ៉ុងមួយ កន្ទេលមួយហើយថវិកាប្រាំលាន [អា៎] ប្រាំម៉ឺនរៀលក្នុងមួយគ្រួសារ។ នេះគ្រាន់តែជាជំនួយម្តងម្កាលនោះទេ មិនអាចដោះសា្រយយូរអង្វែងបានទេ»។
លោក យ៉ង សាំងកុមារ អ្នកជំនាញកសិកម្ម និងជាអតីតប្រធានអង្គការសេដាក ហើយបច្ចុប្បន្នជាប្រធានគណកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានប្រាប់វីអូអេថា ការលិចលង់នេះ មិនប៉ះពាល់ដល់ការផ្គត់ផ្គង់ក្នុងស្រុកនោះទេ ប្រសិនបើមិនមានតម្រូវការទិញស្រូវអង្ករពីប្រទសជិតខាង ដូចជាវៀតណាម និងថៃជាដើម។
«ប៉ុន្តែចំពោះអ្នកដែលរងការបាត់បង់ស្រូវស្រែគាត់ប៉ះពាល់ខ្លាំង តែបើទាក់ទងនឹងសន្តិសុខស្បៀង និងតម្លៃស្រូវអង្ករទាំងមូល ដូចជាមិនសូវអីទេ។ បើសិនណានៅរដូវទឹកស្រកហ្នឹង អាចមានការដាំដុះបានផលច្រើន វាអាចជួយបំពេញការបាត់បង់នៅរដូវវស្សា»។
លោកបន្ថែមថា៖ «អ៊ីចឹងដើម្បីជួយសម្រួល ទី១ចំពោះអ្នកនៅជិតក្បែរប្រភពទឹក អាចធ្វើស្រែ(ប្រាំង) បានទៀត… ជួយ….គ្រាន់ ជួយឧបត្ថម្ភអីៗថែម ដូចជាគ្រាប់ពូជ ជាជី រជាប្រេង អីដែលគាត់អាចធ្វើបាននៅរដូវបន្ទាប់»។
សម្រាប់អ្នកដែលមិននៅក្បែរប្រភពទឹក លោក យ៉ង សាំងកុមារ លើកឡើងថាអាជ្ញាធរជំនាញគួរគិតគូរពីរបៀបជួយពលរដ្ឋតាមវិធីផ្សេងៗ។
លោកមានប្រសាសន៍ថា៖ «អាចថា ចិញ្ចឹមសត្វ ឬធ្វើដំណាំដាំដុះផ្សេងដែលប្រើទឹកតិច។ [...] អ្វីដែលសំខាន់មួយទៀត គឺការសងបំណុល សងធនាគារ សងស្ថាប័នមីក្រូហិរញ្ញវត្ថុអីហ្នឹង ក៏គួរជួយមានការសម្រួលដែរ។ រដ្ឋាភិបាលតាមមូលដ្ឋាន ក៏ដូចជាមន្រ្តីជំនាញកសិកម្មធ្វើការជាមួយក្រុមគោលដៅឲ្យបានច្បាស់លាស់។ [...] តែបញ្ហា គឺថា តើមានមន្ត្រីទាំងអស់ហ្នឹង ទៅធ្វើការអ៊ីចឹងបានអត់?»
លោកបន្ថែមថា៖ «ប្រសិនបើយើងមិនព្រមឆ្លុះបញ្ចាំងពីបទពិសោធន៍ និងមិនទទួលស្គាល់កំហុសនូវការខ្វះខាតមួយចំនួន និងខ្វះវិធានការជាក់លាក់ ដើម្បីការពារកសិករ និងលើកស្ទួយវិស័យកសិកម្ម …ខែប្រាំងមានទឹកគ្រប់គ្រាន់ដាំដុះ ខែវស្សាកុំឲ្យលិចលង់ទៅណា៎។ ស្រុកខ្មែរយើងទឹកអំណោយផល តែការគ្រប់គ្រងទឹកនៅជាបញ្ហា និងចេះតែខ្វះខាត»។
នៅក្នុងខេត្តបាត់ដំបង អ្នកស្រី ហាចស៊ីណា មិនបានរក្សាទុកស្រូវសម្រាប់គ្រួសារអ្នកស្រីនោះទេ ដោយសារអ្នកស្រីគិតថា អ្នកស្រី នឹងប្រមូលផលនៅខែនេះ។
«ស្រូវនឹងឡើងថ្លៃ ព្រោះរាល់ថ្ងៃ បងទិញអង្ករគេហូប។ ទោះបងអ្នកធ្វើស្រែមែន តែបងគិតថា បងនឹងបានច្រូតហើយ នៅចន្លោះពេលកន្លះខែអីទៀត។ បងអត់បានត្រៀមទេ។ ហើយស្រូវយើងឥឡូវអត់បានច្រូតទេ។ អត់មានស្រូវទេ។ បងគិតថា នៅឆ្នាំក្រោយ ដោយសារថា លិចលង់មិនតែតំបន់យើងទេ វាចង់ទូទាំងខេត្ត ដែលស្រូវលិចលង់អស់ អ៊ីចឹងប្រហែលជាចន្លោះពេលហ្នឹង ស្រូវអាចនឹងឡើងថ្លៃ»។
អ្នកស្រីថា នៅឆ្នាំក្រោយនេះអ្នកស្រី នឹងមិនអាចធ្វើស្រែទឹកសម្រក ឬស្រែប្រាំងបានទេ ដោយសារទឹក អាចនឹងស្រកមិនទាន់។ នេះមានន័យថា អ្នកស្រីនឹងខកខានធ្វើស្រែថែមមួយរដូវទៀត៕